ដោយ អាំង ជូលាន
សេចក្តីខ្លីនៅខាងក្រោមនេះ ពុំមែនជាប្រធានបទអ្វីធំធេងទេ គឺគ្រាន់តែជាការកត់សម្គាល់ លើពាក្យនានា ដែលឃើញមានគេប្រើសម្រាប់និយាយអំពីការដែលមនុស្ស ឬបាតុភូតអ្វីមួយធ្វើឲ្យដើមឈើបក់រលំ។
ជាទូទៅ បើកុំនិយាយពីការប្រើគ្រឿងចក្រ ឬគ្រឿងយន្ត យើងផ្តួលរំលំដើមឈើធំៗដោយប្រើឧបករណ៍មានដឹង ពូថៅ ឬរណាដៃជាដើម។ ឯពាក្យដែលប្រើជាទូទៅសព្វថ្ងៃគឺ «កាប់ ឈើ»។ ដោយសារប្រើជាទូទៅដូច្នេះហើយបានជាគេយកពាក្យ «កាប់» នេះមកប្រើជាផ្លូវការ។ រូបលេខ១ បង្ហាញពីស្លាកផ្លូវការ ចេញដោយក្រសួងបរិស្ថាន ហាមប្រាម មិនឲ្យបំផ្លាញព្រៃ ៖ យើងឃើញថា ក្នុងនោះគេប្រើពាក្យថា «ហាមកាប់...»។ ក្នុងព្រៃដដែលជាមួយគ្នានោះមានស្លាកមួយបែបទៀត ដែលប្រហែលជាពុំមែនផ្សព្វផ្សាយដោយក្រសួងបរិស្ថានទេ ព្រោះគ្មានសញ្ញាអ្វីទាំងអស់ មានន័យថា ប្រហែលជាចេញពីភ្នាក់ងារអ្វីតូចជាងក្រសួង ហើយដែលប្រើប្រាស់សម្តីអ្នកស្រុកធម្មតានៅទីនោះ (រូបលេខ២)៖ យើងឃើញថា គេពុំប្រើពាក្យ «កាប់» ទេ តែគឺ «កាត់»។ អ្នកដែលពុំសូវធ្លាប់ត្រចៀកដូចខ្ញុំជាដើមនេះ អាចនឹងយល់ថា ប្រើពាក្យ «កាត់» នេះឆ្គង។ ប៉ុន្តែគួរយើងពិនិត្យទៅបុរាណកាលម្តង ដោយយកសិលាចារឹកនៅប្រាសាទអង្គរវត្តជាឧទាហរណ៍។ យើងដឹងហើយថា ផ្ទាំងចម្លាក់មួយយ៉ាងវែងនៅអង្គរវត្ត បង្ហាញពីស្ថាននរកចំនួន៣២។ ស្ថាននីមួយៗសុទ្ធតែមានឈ្មោះផ្ទាល់ខ្លួន។ មានស្ថានមួយនោះឈ្មោះហៅថា តាលវ្ឬក្សវន បើប្រែសម្រួលគឺ “ព្រៃត្នោត”។ អ្នកដែលធ្លាក់មកសោយទុក្ខនៅទីនេះ គឺ អ្នក៑ ត កត៑ ឈេ ត វ្វំ គប្បិ កត៑ // កត៑ ឈេ ត ទេវស្ថាន // ល្មក៑ ទេវស្ថាន មានន័យថា «អ្នកកាត់ឈើ ដែលពុំគប្បីកាត់, កាត់ឈើនៅតាមប្រាសាទ, អ្នកធ្វើឲ្យកខ្វក់ក្នុងបរិវេណប្រាសាទ (មានបន្ទោបង់ជាដើម)»។ យើងឃើញថា គេពុំប្រើពាក្យ «កាប់» ទេ គឺប្រើពាក្យថា «កាត់»។
បើមើលទៅសិលាចារឹកនៅប្រាសាទភិមានអាកាសវិញ ឃើញថាគេប្រើពាក្យមួយផ្សេងទៅទៀត ពោលគឺពាក្យថា «កាច់» គ្រាន់តែនៅទីនោះពុំនិយាយអំពីមនុស្សទេ តែនិយាយពីខ្យល់ដែលបក់មក ធ្វើឲ្យឈើបក់រលំ។ សិលាចារឹកនោះនិយាយពីពោធិមិ៍យួដើម ដែលគេដាំទុកជាទីសក្ការៈ ហើយដែលគេបន់ស្រន់សូមឲ្យនៅគង់វង្ស កុំឲ្យខូចខាតទៅអនាគត។ រូបលេខ៣ ជាសម្រង់ឃ្លាត្រង់ចំណុចនេះ។
យកមកដាក់ជាអក្សរសព្វថ្ងៃគឺ ៖ យកមកដាក់ជាអក្សរសព្វថ្ងៃគឺ ៖ [..........]កំបិ រន្ទះ បញ៑ កម្រតេង៑អញ៑ កំបិ ត្រូវ៑ តិង កំបិ វ្រះវាយុ កច៑ កំបិ វ្រះវ្លេង តុត៑ កំបិ កម្រតេងៃផ្ទករោំ បំបត៑ កំបិ តម្រ្យ ក្រោធ បិ វ្រច៑ [..........]
សមួ្រលសេចក្តីមកថា «[..........] កុំបីរន្ទះបាញ់លោកម្ចាស់ (“លោកម្ចាស់” នៅទីនេះគឺដើមពោធិ៍នោះឯង), កុំបីត្រូវដឹង (គឺកុំឲ្យមានគេយកដឹងមកកាប់), កុំបីព្រះពាយផ្តួលរំលំ (ត្រង់នេះហើយដែលគេប្រើពាក្យ “កាច់”), កុំបីភ្លើងឆេះ, កុំបីព្រះរាជាយកចេញ, កុំបីដំរីក្រោធ ហើយព្រេច [..........]»។