ដោយ គង់ វីរៈ និង ព្រាប ចាន់ម៉ារ៉ា
អក្សរសាស្ត្រខ្មែរមានច្រើនបែបច្រើនយ៉ាងណាស់ ក្នុងនោះសាស្ត្រាល្បែង និងសាស្ត្រាច្បាប់ ផ្សេងៗ គេស្គាល់ជាទូទៅ ដោយសារពីមុនមកក្មេងតែងរៀនទន្ទេញមាត់នៅតាមវត្ត ហើយក្រោយមកគេបញ្ចូលខ្លះៗមកក្នុងកម្មវិធីសិក្សាសាលារដ្ឋ។ បើពោលតែសាស្ត្រាច្បាប់មួយមុខ គឺអ្នកគ្រូ ពៅ សាវរស បានយកមកសិក្សាម៉ត់ចត់ជាទីបំផុត។ ច្បាប់ដែលចាស់ហើយដែលគេយល់ថាសំខាបំផុតនោះគាត់បានវិគាគ និងផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី Bulletin de l’Ecole Français d’Extrarême-Orient ច្រើនលេខតៗគ្នា។ ក្រៅអំពីនោះច្បាប់មួយចំនួនច្រើនទៀតដែលមនុស្សទូទៅពុំសូវស្គាល់ គាត់បានយកមកផ្សព្វផ្សាយាសៀវភៅពីរក្បាលក្រោមចំណងជើងថា កម្រងច្បាប់ ដោយមានមជ្ឈមណ្ឌល Cedoreck បោះពុម្ភផ្សាយនាឆ្នាំ១៩៨៨។ ក៏ប៉ុន្តែសាស្ត្រាច្បាប់មិនមែនមានតែប៉ុណ្ណេះទេ ត្បិតមានសាស្ត្រាខ្លះគេពុំស្គាល់ជាទូទៅ ដោយសារពុំមានការផ្សព្វផ្សាយ ឬក៏ស្ថិតនៅតាមវត្តអារាមណាមួយដែលនៅទីឆ្ងាយ ដូចមានឧទាហរណ៍ ក្នុងជំពូកទី៦ លេខរៀងទី១១ ដែលលោកស៊ីយ៉ុន សុភារិទ្ធ ស្រង់យក“សាស្ត្រាក្មេង” មកបង្ហាញស្រាប់។ ទន្ទឹមនឹងនេះ ក៏មានសាស្ត្រាខ្លះ គេយកទៅលើកបន្ថែមបន្ថយ ដោយរក្សាឈ្មោះដើម ឬអាចមានឈ្មោះផ្សេងគ្នា។ សាស្ត្រាដែលយើងខ្ញុំស្រង់យកមកចុះនៅខាងក្រោមនេះ គឺដូចករណីខាងក្រោយនេះឯង។ សាស្ត្រានេះមានឈ្មោះថា “កាមរាគា”។ បើគិតថាពីខ្លឹមសារនៃសាស្ត្រា គឺពុំមានអ្វីថ្មីឡើយ ត្បិតមានសាស្ត្រាមួយទៀតមានឈ្មោះថា “មហាបដ្ឋាន” ដែលអ្នកគ្រូ ពៅ សាវរស បានធ្វើការសិក្សានិងចុះផ្សាយក្នុងកម្រងច្បាប់ដូចពោលខាងលើរួចមកហើយ។ យើងសង្កេតឃើញថាសាស្ត្រាកាមរាគានេះ ខុសពីសាស្ត្រា មហាបដ្ឋាននៅល្បះទី១, ២ និង ៣ ខាងដើម និងលើសមួយល្បះ គឺនៅល្បះទី៧៥។
គោលបំណងក្នុងការយកមកបង្ហាញនៅទីនេះ មាន៣ចំណុច ៖ ទី១ គឺដូចដែលយើងពោលខាងលើស្រាប់, ទី២ ដោយយើងសង្កេតឃើញថាសាស្ត្រានេះពុំសូវមានគេស្គាល់ជាទូទៅ ប៉ុន្មានទេ ស្របពេលដែលបច្ចេកវិទ្យាផ្សព្វផ្សាយតាមបណ្តាញអេឡិចត្រូនិកសព្វថ្ងៃទូលំទូលាយផង យើងក៏យកឱកាសនេះ ដើម្បីផ្សព្វផ្សាយដល់លោកអ្នកឲ្យស្គាល់សាស្ត្រាច្បាប់ផ្សេងៗទៀតបានប្រសើរឡើង។ ទី៣ យើងចង់បង្ហាញពី ប្រភេទអក្សរសាស្ត្រដែលមានឥទ្ធិពលខ្លាំងពីព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថាច្បាប់ដើមគឺជាកាព្យដែលសរសេរតាមលំនាំអក្ខរាវិរុទ្ធជាន់ចាស់។ យើងខ្ញុំចម្លងឡើងវិញដោយធ្វើការសម្រួលតាមលំនាំអក្ខរាវិរុទ្ធសព្វថ្ងៃ ឲ្យត្រូវតាមវចនានុក្រមដែលបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ តែបើពាក្យណាមួយយើងពុំស្គាល់ ហើយផ្ទៀងផ្ទាត់ពុំឃើញ យើងរក្សាតាមលំនាំដើមដដែល។