ដោយ ព្រាប ចាន់ម៉ារ៉ា
ជាតិសាសន៍ខ្មែរនេះមានឈ្មោះសម្រាប់ហៅមនុស្សផ្សេង ហៅប្រទេសរបស់ខ្លួនផ្សេង។ សិលាចារឹកជាភាសាសំស្ក្រឹតនៅប្រាសាទបក្សីចាំក្រុង (K. 2៖6, ស.វ.ទី១០) មានឲ្យកាលប្រវត្តិក្សត្រដែលគ្រងរាជ្យតៗគ្នាតាំងពីសម័យមុនអង្គរមកទល់ពេលនោះ ដោយឥតមានឃ្លាងឃ្លាតពីការពិតឡើយ ដ្បិតយើងអាចយកទៅប្រៀបធៀបផ្គុំផ្គូជាមួយសិលាចារឹកដទៃទៀត ជាភាសាខ្មែរក្តី ជាសំស្ក្រឹតក្តី ចារក្នុងសម័យកាលផ្សេងៗពីគ្នាផង។ តែលក្ខណៈពិសេសមួយនៃសិលាចារឹកប្រាសាទបក្សីចាំក្រុងនៅត្រង់ថា មុននឹងឲ្យប្រវត្តិសាស្ត្រពិតប្រាកដនោះ អ្នកនិពន្ធប្រឌិតដើមប្រវត្តិសាស្ត្ររបៀបជាទេវកថាសុទ្ធ ដូចជាជាតិសាសន៍ដទៃខ្លះ មានជប៉ុនជាដើមដែរ។ ផ្នែកប្រឌិតនោះនិយាយថា ដើមឡើយមានតាបសឫសីមួយអង្គមាននាមថា ឝ្រីកម្វុ។ ពាក្យ ឝ្រី មិនមែនឈ្មោះពិតប្រកដទេ គឺគេតែងតែយកមកដាក់នៅមុខឈ្មោះមនុស្ស, ឈ្មោះទេព ឬឈ្មោះទីកន្លែងជាដើម បញ្ជាក់ថាល្អ ថ្កុំថ្កើង ដូច្នេះឈ្មោះប្រាកដនោះគឺ កម្វុ (រូបលេខ១ ដើមបន្ទាត់ទី៥)។ តាបសឫសីនោះគ្មានតពូជពង្សពីណាឡើយ គឺកើតឡើងដោយឯកឯង (ពាក្យសំស្ក្រឹតថា ស្វាយម្ភុ, រូបលេខ១ ដើមបន្ទាប់ទី១) ហើយដោយសារទៅភប់ប្រសព្វនឹងធីតាសួគ៌ឈ្មោះថា មេរា (រូបលេខ១ ដើមបន្ទាត់ទី៣) ទៅ ទើបបានកកើតជាកូនចៅផៅសន្តាន រីកធំទៅៗរៀងមក។ កូនចៅនោះហៅថា កម្វុ- ជ មានន័យថា «ដែលកើតមកពីកម្វុ, ពូជពង្សកម្វុ...»។ មិនត្រឹមតែសម្គាល់លើមនុស្សទេ ពាក្យ កម្វុជ នេះសំដៅលើប្រទេសរបស់ជនជាតិនោះទាំងមូលផង។ នៅរូបលេខ២ (IMA 2, អង្គរវត្ត) យើងឃើញថានៅស.វ.ទី១៦ ហើយ គេនៅសរសេរថា កម្វុជ ដដែល។ តែសិលាចារឹកមួយនៅភ្នំបាខែង ដែលចារនៅស.វ.ទី១៦ដូចគ្នាបង្ហាញថា «វ» ចាប់ផ្តើមក្លាយមកជា «ព» ហើយ ទើបបានជាឃើញគេសរសេរថា កម្ពុជ (ត្រង់នោះគេហៅប្រទេសនេះថា ស្ថានកម្ពុជ ដូចឃើញនៅរូបលេខ៣)។
ពាក្យ កម្វុជ ~ កម្ពុជ នេះឲ្យកំណើតជាពាក្យសមាសច្រើនបែបដែរ ដូចជានៅចុងស.វ. ទី៩មានពាក្យថា កម្វុជាក្ឞរ («កម្ពុជាក្សរ» គឺមកពី «កម្វុ» + «អក្សរ», សូមអាននៅជំពូក៤ លេខរៀងទី៣៥) ដែលមានន័យដើមថា «អក្សរអ្នកកម្ពុជ» (រូបលេខ៤)។ នៅសិលាចារឹក លេខ K. 91 ដែលចារនៅស.វ.ទី១១មានពាក្យថា ឝ្រីកម្វុជកេ្ឞត្រ (ស្រីកម្វុជក្សេត្រ) ជាឈ្មោភូះមិស្រុកមួយ បើប្រែមកថា «ទេពនៃអ្នកកម្វុជ» (រូបលេខ៥)។ រូបលេខ៦ ជាសម្រង់សិលាចារឹក IMA 3 នៅអង្គរវត្ត ដែលចារនៅស.វ.ទី១៦។ នៅចុងបន្ទាត់ទី១ និងដើមបន្ទាត់ទី២ យើងឃើញពាក្យថា កម្ពុជេសូរ គឺ «កម្ពុជ + ឥសូរ» ដែលមាននយ័ថា «ម្ចាស់លើកម្ពុជ» (សំដៅលើព្រះបាទសត្ថា ដែលជាព្រះរាជាជំនាន់នោះ)។ មកដល់ស.វ.ទី២០ ហើយក៏ពាក្យ កម្ពុជ នៅតែប្រើ ដូចជាឈ្មោះទស្សនាវដ្តី កម្ពុជសុរិយា ជាដើម ដូចបង្ហាញនៅរូបលេខ៧ស្រាប់។
តែ ស្របជាមួយពាក្យ កម្វុជ នេះ តាំងពីសម័យបុរាណមកក៏គេប្រើពាក្យថា កម្វុជទេឝ (កម្វុជទេស) ដែរ ដើម្បីហៅប្រទេសនេះដូចគ្នា។ របៀបហៅខាងក្រោយនេះសម្បូណ៌ណាស់ មិនថាសិលាចារឹកសំស្ក្រឹត ឬខ្មែរឡើយ។ ទីនេះខ្ញុំសូមបង្ហាញតែពាក្យដែលឃើញច្រើនកន្លែងក្នុងសិលាចារឹកស្តុកកក់ធំ ដែលចារនៅស.វ.ទី១១ (រូបលេខ៨)។ ពាក្យនេះក៏ប្រើរៀងមកយូរអង្វែងដែរ ដូចឃើញមាននៅ IMA 3 ដែលពោលខាងលើ គ្រាន់តែ «វ» ក្លាយមកជា «ព» តាមធម្មតា (រូបលេខ៩)។ ជួនកាលទៀតពាក្យ «ទេស» (សព្វថ្ងៃទាល់តែថា «ប្រទេស» ទើបយល់) នេះ គេយកពាក្យ «រាស្ត្រ» ឬ «រដ្ឋ» ដែលមានន័យដូចគ្នាមកជំនួស ដូចឃើញមាននៅសិលាចារឹកប្រាសាទព្រះធាតុខ្វាវ, K. 177 (រូបលេខ១០) ប្រហែលចារនៅស.វ.ទី១៥ (តាមលោកតា Gœdès ស្មាន) ដែលដាក់ថា កម្វុជរាស្ធ្រ (បើសរសេរឲ្យត្រឹមត្រូវគឺ «កម្វុជរាស្ត្រ») ឬមកដល់ស.វ.ទី២០ហើយ ដែលគេសរសេរថា កម្ពុជរដ្ឋ (រូប លេខ១១)។
មកដល់ត្រង់នេះ អ្នកខ្លះអាចឆ្ងល់ថា ម្តេចបានជាសព្វថ្ងៃយើងទាំងអស់គ្នានិយាយរត់មាត់ថា កម្ពុជា ពោលគឺមានស្រះ « ា » នៅខាងចុង។ នេះមកពីមានពាក្យថា កម្ពុជាធិបតី ពោលគឺ កម្ពុជ + អធិបតី ដែលប្រហែលជាគេនិយមប្រើនៅស.វ.ទី១៩ ឬមុននោះបន្តិចទៅទៀតក៏មិនដឹង (រូបលេខ១២ និងលេខ១៣ ដែលកាត់មួយភាគខាងក្រោមមកពង្រីក)។ សូមជ្រាបថា ពាក្យសមាសក្នុងសំស្ក្រឹត ឬបាលី តែកាលណាពាក្យទីមួយចប់ទៅដោយស្រះ «អ» ឬស្រះ « ា » ហើយពាក្យទីពីរផ្តើមទៅដោយ «អ» ឬ «អា» សន្ធិ ពោលគឺព្យាង្គពីរដែលរលាយមកតែមួយនោះ ត្រូវទៅជាស្រះ « ា » ជានិច្ច។ ឧទាហរណ៍ «ព្រះរាជ + អាណាចក្រ» រួមមកជា «ព្រះរាជាណាចក្រ» ដូច្នេះ កម្ពុជ + អធិបតី ទៅជា កម្ពុជាធិបតី។ គឺនៅពេលកាត់យកពាក្យដើមមកវិញទេ ដែលកាត់ច្រឡំ ពោលគឺមិនយក «អធិបតី» បែរជាទៅយកតែ «ធិបតី» ចេញ ទើបបានជានៅសល់ស្រះ « ា » ជាប់នឹង «ជ» ខាងចុង។ ចំណុចនេះអាចពន្យល់បានវែងឆ្ងាយក្បោះក្បាយ ដោយសារភាសាខ្មែរមានលក្ខណៈពិសេសផ្សេងៗ តែខ្ញុំចៀសរាងនិយាយវែងអន្លាយ ក៏សូមសង្ខេបតែត្រឹមនេះចុះ។ ដែលខ្ញុំសូមបញ្ជាក់យ៉ាងទទូចនៅទីនេះគឺថា យើងប្រើពាក្យ «កម្ពុជា» រត់មាត់ច្រើនជំនាន់មនុស្សទៅហើយ គ្មានហេតុផលអ្វីនឹងទៅកែប្រែឡើងវិញទាល់តែសោះ ដ្បិតនិយាយមកទាំងប៉ុន្មាននេះគ្រាន់តែកុំឲ្យអ្នកអានឆ្ងល់ថា ហេតុអ្វីពីមុនមក កម្ពុជ ហើយឥឡូវនេះ កម្ពុជា តែប៉ុណ្ណោះ។
ឥឡូវនិយាយពីមនុស្សម្តង។ ពាក្យដែលថា «ខ្មែរ» សព្វថ្ងៃនេះ បើនិយាយពីសិលាចារឹកវិញ គឺមានឃើញតាំងពីស.វ.ទី៧។ កាលនោះសរសេរ ក្មេរ៑ ដូចមានឧទាហរណ៍នៅរូបលេខ១៤ ដែលជាសិលាចារឹកលេខ K. 11 មកពីវត្តពោធិវង្សលើ, ខេត្តតាកែវ (សាច់ថ្មនៅត្រង់ពាក្យនេះ ខូចខាតច្រើនកន្លែង ធ្វើឲ្យក្រដាសផ្តិតដើមមើលពុំច្បាស់ ហើយដើម្បីឲ្យអ្នកអានងាយមើល ខ្ញុំយកមកសម្អិតសម្អាងក្នុងកុំព្យូទ័រតាមលំនាំដែលមានស្រាប់)។ ឯសិលាចារឹកមួយទៀតមកពីទួលប្រាសាទ, ភូមិមេលប់, ឃុំស្នាយពល, ស្រុកពារាំង, ខេត្តព្រៃវែង ចារនៅរវាងស.វ.ទី៧ដែរ គឺ k. 1247 ដែលមានពាក្យថា ក្មេរ៑ ច្បាស់ល្អ (រូបលេខ១៥)។ មកដល់សម័យអង្គរទើបសរសេរជាទូទៅថា «ខ្មេរ» ដូចឃើញឧទាហរណ៍នៅរូបលេខ១៦ ដែលបង្ហាញពាក្យក្នុងសិលាចារឹកបន្ទាយឆ្មារ (ចុងស.វ.ទី១២) ថា អ្នក៑ខ្មេរ៑។ ការដែល «ក» ក្លាយទៅជា «ខ» ជាការធម្មតា ដ្បិតបើនិយាយតាមភាសាសាស្ត្រ «ខ» គ្រាន់តែជា «ក» ដែលមានខ្យល់ប៉ុណ្នោះ ឧទាហរណ៍ ទ្វារធំនៅរបងវត្តគេសរសេរថា «ក្លោងទ្វារ» ឬ «ខ្លោងទ្វារ» (សព្វថ្ងៃគេនិយមយករបៀបសរសេរទីពីរនេះ)។
ឯពាក្យសំដៅប្រទេស ដូចជា កម្វុជ ~ កម្ពុជ ដែលពោលពីខាងលើ គេអាចយកពាក្យ ខ្មេរ៑ មកជំនួស ដោយគ្រាន់តែយកពាក្យអ្វីមួយទៀតមកដាក់ពីខាងមុខ។ ឧទាហរណ៍ យើងឃើញពាក្យ ស្រុក៑ខ្មេរ នៅសិលាចារឹកលេខ K.1158 ដូចបង្ហាញនៅរូបលេខ១៧ (សូមអាននៅជំពូកទី៤ លេខរៀងទី២៣) ឬពាក្យ នគរខ៉្មែរ ចារនៅអង្គរវត្តនាចុងស.វ.ទី១៩ (រូបលេខ១៨)។
យ៉ាងណាក៏ដោយ មិនដែលមានការរើសអើងក្នុងការប្រើពាក្យពេចន៍ថា កម្ពុជា ឬ ខ្មែរ ឡើយ។ សិលាចារឹក K.1158 អម្បាញ់មិញនេះ ជាតឹកតាងយ៉ាងជាក់ស្តែងបំផុត ដ្បិតគេមានប្រើពាក្យទាំងពីរនោះ។ នៅរូបលេខ១៩ ត្រង់កណ្តាលបន្ទាត់ទីមួយយើងឃើញមានពាក្យ កម្វុជេ ដែលប្រើតាមវិភត្តិភាសាសំស្ក្រឹត មកពីពាក្យថា កម្វុជ ឯនៅកណ្តាលបន្ទាត់ទីបួន គេប្រើពាក្យ ស្រុក៑ខេ្មរ ដែលមានរូបពង្រីកនៅលេខ១៧មុននេះ។
ជាសរុបសេចក្តីមក គឺប្រទេសកម្ពុជានេះឃើញមានឈ្មោះក្នុងសិលាចារឹកតាំងពីស.វ. ទី៩ហូរហែមក ពោលគឺ កម្វុជ > កម្ពុជ > កម្ពុជា ឯពាក្យថា ស្រុក៑ខេ្មរ (ស្រុកខ្មែរ) ឃើញមានតាំងពីស.វ.ទី១១ ចំណែកពាក្យថា នគរខ៉្មែរ (នគរខ្មែរ) បើនិយាយតែពីសិលាចារឹកមួយមុខ ឃើញមាននៅស.វ.ទី១៩។ រីឯមនុស្សខ្មែរវិញ ឃើញមានក្នុងសិលាចារឹកតាំងពីស.វ.ទី៧រៀងមក គឺ ក្មេរ >. ខ្មេរ . > ខ្មែរ។ ពោលនេះសំដៅតែទៅលើសិលាចារឹក ដែលនៅសេសសល់មកដល់យើងសព្វថ្ងៃប៉ុណ្ណោះ រីឯកំណើតពាក្យទាំងនេះ ពុំដឹងថាចាប់មានតាំងពីជំនាន់ណាមុននោះទៅទៀតឡើយ។