ដោយ ព្រាប ចាន់ម៉ារ៉ា និង គង់ វីរៈ
ជ្រៃជារុក្ខជាតិមានប្រភេទផ្សេងៗគ្នាច្រើនយ៉ាងណាស់ នៅក្នុងអម្បូររុក្ខជាតិហៅថា Ficus ដូចជាជ្រៃក្រឹម, ជ្រៃលៀប, ជ្រៃត្រាង, ជ្រៃពោធិ៍, ជ្រៃវល្លិ៘ ជាធម្មតាជ្រៃមានផ្លែល្អិតៗ ហើយសត្វស្លាបតូចៗតែងចូលចិត្តមកចឹកស៊ីផ្លែជ្រៃទុំណាស់ (ដូចមានទំនុកក្នុងបទចម្រៀងមួយដែលយើងស្គាល់ជាទូទៅ) ឬជួនកាលចាបពាំហើយទៅចឹកស៊ីនៅទីផ្សេងៗ ពិសេសលើមែកឈើនានាជាដើម។ គ្រាប់ជ្រៃជ្រុះ ឬចាបជុះធ្លាក់ទើរនៅនឹងមែកឈើផ្សេងៗនោះ តែងដុះជាពន្លកចាក់ឫស ហើយលូតលាស់ធំបន្តិចម្តងៗ ដូចឃើញនៅរូបលេខ១។ កូនរុក្ខជាតិដែលដុះល្អិតល្អោចអាស្រ័យនៅនឹងដើមឈើធំៗដូច្នេះ បើមើលតែមួយភ្លែត គឺពុំធ្វើឲ្យយើងចាប់អារម្មណ៍អ្វីឡើយ។ តែលុះយូរច្រើនថ្ងៃខែទៅ កូនជ្រៃនោះនឹងលូតលាស់បន្តិចម្តងៗរហូតដល់ធំមិនខាន (រូបលេខ២) ហើយចាក់ឬសច្រើនស្អេកស្កះឱបរឹតជាប់ និងលូតខ្ពស់ឡើងៗដូចក្នុងរូបលេខ៣-៤។ រូបដែលយើងឃើញទាំងអម្បាលម៉ានមកនេះ សុទ្ធតែជាដើមត្នោតដែលមានពពួកជ្រៃមកដុះតោងជាប់នៅនឹងខ្លួន។ ជាទូទៅត្នោតមានអាយុវែងរាប់សិបឆ្នាំ ឬដល់រយឆ្នាំផង ប៉ុន្តែកាលណាមានជ្រៃមកដុះរុំរឹតយ៉ាងដូច្នេះ មិនយូរប៉ុន្មានទេ ត្នោតនោះនឹងត្រូវស្លាប់អសារបង់ពុំខានឡើយ ដូចយើងឃើញក្នុងរូបលេខ៥ជាឧទាហរណ៍ស្រាប់។ នៅរូបលេខ៦ យើងឃើញស្លឹកជ្រៃច្រើនស្អេកស្កះ តែបើមើលឲ្យមែនទែនទៅទើបឃើញមានស្លឹកត្រសេកមួយៗនៅលាយលំដែរ។ តាមពិត ដំបូងឡើយ នេះគឺជាដើមត្រសេក តែឥឡូវជ្រៃមកដុះស្រោបជិតពីខាងក្រៅ សូម្បីតែគល់ក៏មើលស្ទើរមិនយល់ផង ត្បិតឫសជ្រៃរួតរឹតចាក់កណ្តាញ់ពេញទាំងដើមទៅហើយ (រូបលេខ៧)។ មិនយូរទៅមុខទៀតទេ ត្រសេកនោះនឹងវិនាសបាត់បង់ នៅសល់តែដើមជ្រៃដែលមកពាត់ពីក្រៅតែប៉ុណ្ណោះ។ រូបលេខ៨ គឺជាដើមតាត្រាវ ដែលងាប់បាត់ទៅហើយ នៅសល់តែខ្លឹមខាងក្នុងខ្លះៗ រុំស្រោបពីខាងក្រៅដោយដើមជ្រៃ។ តាត្រាវជាឈើជាប់រឹងមាំណាស់ ក៏ប៉ុន្តែនៅមិនអាចធន់ទ្រាំនឹងជ្រៃនោះបានឡើយ។
កុំថាឡើយតែរុក្ខជាតិដូចគ្នា ដែលជ្រៃអាចទៅបៀតបៀនរហូតវិនាសសូន្យ ដូចឃើញពីខាងលើមកនេះ សូម្បីតែប្រាសាទថ្មរឹងមាំក៏ជ្រៃអាចរឹតរួតឲ្យទ្រុឌទ្រោមបាន ហើយនឹងអន្តរាយនៅថ្ងៃណាមួយពុំលែងដែរ (រូបលេខ៩-១០)។
ខាងលើនេះគឺជារឿងរ៉ាវក្នុងធម្មជាតិសុទ្ធសាធ ពុំមានអ្វីទៅកំណត់ថាធ្វើបែបនេះខុស ធ្វើបែបនោះត្រូវ ឬគួរធ្វើយ៉ាងនេះ មិនគួរធ្វើយ៉ាងនោះឡើយ។ រីឯមនុស្សរស់ក្នុងសង្គមវិញមិនដូចធម្មជាតិទាំងស្រុងទេ យើងតែងឲ្យតម្លៃទៅលើ សណ្តាប់ធ្នាប់ និងសីសធម៌។ មនុស្សត្រូវចេះដឹងខុសដឹងត្រូវ ពឹងពាក់ស្នាក់អាស្រ័យគ្នាទៅវិញទៅមក ហើយត្រូវដឹងថាអ្វីជាគុណ អ្វីជាទោសផង។ តែក្នុងនោះក៏មានមនុស្សខ្លះមិនប្រាកបដោយធម៌ដែរ។ ដូច្នោះហើយចាស់លោកតែងលើកជាតំបូន្មានផ្សេងៗ ក្រោមរូបភាពហៅថា “ឧបមា” (សូមអានអត្ថបទ លេខ៦.១៥) ដើម្បីក្រើនរំលឹកដល់មនុស្សម្នាផងទាំងពួង។ ជួនកាលការប្រៀនប្រដៅនោះពុំប្រាប់ត្រង់ៗទេ គឺធ្វើការប្រៀបធៀបទៅនឹងធម្មជាតិផ្សេងៗតាមរបៀបវោហាសាស្ត្រ ដូចក្នុងច្បាប់កូនចៅ ត្រង់ល្បះទី២១៖ មួយនីក្រមច្បាច់ លោកពុំឲ្យត្រាប់ អំពើពុតជ្រៃ កាលណាដួចដុះ ចាក់ចុះអាស្រ័យ ត្រង់ស្ថានណានៃ អ្នកដើមអន្តរាយ” ។