“កង់ត្រាច កង់ធ្នង់”

 ដោយ អុឹម សុខរិទ្ធី

 

ចំណងជើងនេះគឺជាពាក្យស្លោកមួយដែលយើងធ្លាប់ឮគ្រប់គ្នា មិនអាចគិតថាគ្មានអ្នកពុំដែលឮឡើយ។ តែបើគិតជាការបកស្រាយវិញ គឺអ្នកខ្លះមិនយល់ថាពាក្យចាស់នេះចង់និយាយអំពីអ្វី ឯអ្នកខ្លះទៀតយកមកបកស្រាយបាន តែបកស្រាយនោះអាចឃ្លាងឃ្លាតគ្នាពីមួយទៅមួយ។

យើងដឹងហើយថា រទេះគោឬរទេះក្របីអាចចាត់ទុកថាជាទ្រព្យមួយនៃគ្រួសារកសិករខ្មែរ។ អាស្រ័យហេតុនេះ គេតែងធ្វើរទេះដោយមានការផ្ចិតផ្ចង់ខ្លាំងណាស់ ដោយគិតធ្វើម្តេចឲ្យបានមាំជាប់យូរអង្វែងផង ព្រមទាំងឲ្យមានសោភ័ណភាពស្រស់បំព្រងផង។ នៅទីនេះខ្ញុំពុំរៀបរាប់ពីប្រភេទរទេះ ឬឈ្មោះផ្នែកផ្សេងៗដែលជាគ្រឿងបង្គុំច្រើនសង្ធឹកសន្ធាប់នោះទេ ត្បិតគោលបំណងគឺគ្រាន់តែពន្យល់ស្លោកខាងលើ។ ដោយសារទេះជាវត្ថុមានតម្លៃដូច្នេះហើយ ទើបគេតែងរកឈើដែលនៅក្នុងប្រភេទប្រណិតមកប្រើ ដូចជាក្រញូង, គគីរ, កកោះ៘ បើកាំនិងកង់វិញគេច្រើននិយមឈើធ្នង់ ដោយសារជាប់មាំល្អ ធន់នឹងទម្ងន់ធ្ងន់ពេលរទេះមានចលនាទៅមុខ។ តាមស្មានមើលទៅ បើយករទេះទាំងអស់នៅស្រុកខ្មែរមកពិនិត្យ ប្រហែលជាធ្នង់មានភាគរយច្រើនជាងគេ បើគិតពីកង់និងកាំ។ តែយ៉ាងណាក៏ប្រភេទឈើដែលយកមកប្រើអាស្រ័យទៅតាមបរិស្ថាននីមួយៗដែរ។ សូមជ្រាបថា ខ្នងកង់រទេះនីមួយៗតែងតែផ្គុំឡើងដោយឈើ កោងច្រើនកំណាត់ (ជាទូទៅតែងឃើញមាន៦ ដូចក្នុងរូបនេះស្រាប់)។ចំពោះឈើដែលយក មកប្រើវិញ បើពុំមានធ្នង់ទេ ហើយបើគេរកឈើប្រណិតដទៃមកជំនួសពុំបាន គឺគេអាចយក ឈើត្រាច ដែលជាឈើប្រភេទធម្មតាមកប្រើ។ បើធ្នង់មានខ្លះដែរ តែពុំគ្រប់គ្រាន់ គេអាចលាយធ្នង់និងត្រាចប្រើ មានន័យថាកំណាត់ឈើដែលយកមកផ្គុំធ្វើខ្នងកង់តែមួយនោះគឺខ្លះជាត្រាច ខ្លះជាធ្នង់។ ត្រង់នេះហើយដែលមានពាក្យស្លោកថា “កង់ត្រាចកង់ធ្នង់ វិលវង់ដូចតែគ្នា”។ តែបើពាក្យវែងដូច្នេះយើងពុំសូវដែលឮញឹកញាប់ទេ ដែលឧស្សាហ៍ឮនោះ គឺពាក្យកាត់ឲ្យខ្លីមកថា “កង់ត្រាចកង់ធ្នង់”។ រីឯន័យនោះ គឺពុំមែនគេនិយាយត្រង់ៗឡើយ គឺគេសំដៅទៅដំណើរជីវិតមនុស្ស ដែលតែងពើបប្រទះនឹងព្រឹត្តិការណ៍ផ្សេងៗ ជួនជាទីត្រកាលរីករាយ រហូតដល់ភ្លើតភ្លើនផងក៏មាន ជួនកាលទៀតល្វីងជូរចត់ គួរឲ្យអស់សង្ឃឹមក៏មាន។ ម៉្យាងទៀតរសជាតិគ្រប់បែបយ៉ាងនៃជីវិតនោះ ពុំដែលមានតែល្អទាំងអស់ ឬអាក្រក់ទាំងអស់ឡើយ គឺជួនភ្លៀង ជួនរាំងដូចធាតុអាកាសដូច្នោះដែរ។ និយាយម៉្យាងទៀត អាចពោលថាទុក្ខជាគូនឹងសុខ។ ពេលដែលផ្នែកឈើធ្នង់ប៉ះដី ផ្នែកត្រាចនៅផុតពីដី តែគង់តែវិលទៅដល់ដីក្រោយនេះមកភ្លាម។ ក្នុងពេលតែមួយនោះ ផ្នែកធ្នង់ដែលទើបតែវិលចុះដល់ដី អម្បាញ់មិញ ក៏វិលហួសទៅលើវិញម្តង។

ក្នុងគំនិតដដែលនេះហើយ ដែលច្បាប់កូនចៅមាននិយាយថា “កើតជាមនុស្សនេះ  ដូចកង់រទេះ  វិលត្រូវគ្រប់គ្នា  មានកាលត្រូវគេ  ល្ហែឯអាត្មា  ហេតុនេះលោកថា  ប្រើត្រាប់ពុតកង់”។