ដោយ ព្រាប ចាន់ម៉ារ៉ា
ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ នៅប្រទេសកម្ពុជាមានខេត្តមួយឈ្មោះហៅថា «ក្រចេះ» ហើយដែលមានទន្លេធំហូរកាត់។ ក្នុងប្រវត្តិសាស្ត្រពីមុនមក ជាពិសេសមុនសម័យអង្គរទៅទៀត ខ្មែរមកសាងសង់ប្រាសាទជាទីបូជានៅច្រើនកន្លែងណាស់តាមដងទន្លេនោះ មានន័យថា ខេត្តក្រចេះក៏សម្បូណ៌ទៅដោយបុរាណដ្ឋានដែរ។ តែបើយើងចេញឆ្ងាយពីជ្រលងទន្លេទៅ ចំនួនប្រជាជនមកទល់ពេលមុននេះបន្តិច ពុំមានច្រើនណែនណាន់តាន់តាប់ឡើយ គឺមានជារង្វើលៗ។ ដែលសម្បូណ៌ខ្លាំងនោះ គឺព្រៃទៅវិញទេ ហើយដើមឈើធំៗជាឈើប្រណីតក៏ដុះច្រើននៅតំបន់ខាងនោះ។
ដោយសារមិនដឹង ហើយចេះតែខំរកសេចក្តីពន្យល់ អ្នកខ្លះថាឈ្មោះ «ក្រចេះ» នេះមាន ន័យថាដូច្នេះ ឬដូច្នោះទៅ ស្ទើរតែថាយកមកនិយាយកំប្លែងលេងឥតបានការផង។ តាមពិត អ្នកស្រុកសព្វថ្ងៃកម្រមានអ្នកនឹងដឹងថា ក្រចេះជាអ្វីដែរ។ យូរៗម្តងយើងអាចប្រទះមនុស្សចាស់ខ្លះដែលនៅចាំថា ក្រចេះជាដើមឈើ ក្នុងប្រភេទឈើក្រអូប។ តែមកទល់ពេលនេះខ្ញុំពុំទាន់ជួបប្រទះនរណាម្នាក់ដែលធ្លាប់បានឃើញដើមនោះឡើយ។ ប្រការរបៀបនេះអាចយកមកនិយាយសម្រាប់ដើមមួយចំនួនតូចទៀតដែរ មានដើមស្លាកេតុជាដើម។ ស្លាកេតុនេះ ពីមុនមកល្បីល្បាញណាស់ដែរ ដូច្នោះហើយបានជាមានជាប់នៅតាមឈ្មោះវត្តអារាមជាច្រើនកន្លែង។ តែបើសួរថា ដើមស្លាកេតុនោះរូបរាងយ៉ាងដូចម្តេច ប្រហែលជាពុំងាយមាននរណាឆ្លើយបានឡើយ។
សំណាងល្អ យើងអាចតាមដានដឹងថា ក្រចេះជាដើមឈើតាមរយៈអក្សរសាស្ត្រ ហើយមិនតែប៉ុណ្ណោះ គេមានស្រង់ពាក្យនេះដាក់ក្នុងវចនានុក្រមខ្មែរ-បារាំងចាស់ៗដែរ ៖
- នៅសិលាចារឹកជាកាព្យដ៏វែងមួយនៅប្រាសាទអង្គរវត្ត (លេខ K. 32 ឬ IMA. 38) ដែល តែងដោយលោក ជ័យនន្ទ នៅគ.ស.១៧០២, ក្នុងល្បះទី១៥២ មាននិយាយថា ៖
- បើនិយាយពីរឿងហង្សយន្ត ដែលតែងរវាងស.វ.១៨-១៩វិញ ត្រង់កន្លែងមួយនោះមាននិយាយថា
- រីឯសាស្ត្រទាវឯករបស់លោក នូ កន (ស.វ.ទី២០) ត្រង់កន្លែងមួយនោះក៏មានល្បះដូច្នេះ ៖
- នៅឆ្នាំ១៩០២ បព្វជិតបារាំងម្នាក់ឈ្មោះ Guesdon មានបោះពុម្ពកូនសៀវភៅអំពីរាជស័ព្ទ ដើម្បីពន្យល់សេចក្តីជាខ្មែរសាមញ្ញ ព្រមទាំងប្រែជាភាសាបារាំងទៀតផង។ នៅត្រង់ពាក្យថា «ព្រះសុគន្ធ» ដែលជារាជស័ព្ទ គាត់ពន្យល់ជាសាមញ្ញថា ម្សៅក្រចេះ ហើយដាក់ជាបារាំងថា Poudre de krochês parfumée (បើគិតពីពាក្យបារាំងមកវិញគឺ «ម្សៅក្រចេះក្រអូប»)។
- បើមើលវចនានុក្រមខ្មែរ-បារាំង របស់លោក Tandard ដែលចេញផ្សាយនៅឆ្នាំ១៩១០
ក្រចែស ~ ក្រចែះ ពន្យល់ជាភាសាបារាំងថា Arbre don’t le cœur écrasé donne une poudre odorante. Matière odoriférante ប្រែថា «ដើមឈើដែលមានខ្លឹម សម្រាប់កិនជាម្សៅក្រអូប, គ្រឿងក្រអូប»។ គាត់បន្ថែមទៀតថា ជា «ឈ្មោះខេត្តមួយនៃប្រទេសកម្ពុជា» (Nom d’une province du cambodge) ។
ដូច្នេះ យោងតាមពាក្យនិងបរិបទពាក្យដែលប្រទះឃើញនៅឯកសារផ្សេងគ្នា ហើយសរសេរនៅសម័យកាលខុសគ្នាទៀតនោះ យើងឃើញច្បាស់ឥតសង្ស័យទៀតឡើយថា ក្រចេះជាដើមឈើដែលគេយកខ្លឹមមកធ្វើជាគន្ធពិដោរ ជាម្សៅផង ជាប្រេងផង។ កុំភ្លេចថា ពាក្យខ្មែរដែលសរុបហៅគ្រឿងតែងខ្លួនពីមុនមកគឺ «ប្រេងម្សៅ»។