ដោយ អាំង ជូលាន
«លាញ» ជាពាក្យឫសមួយ ដែលសព្វថ្ងៃនេះកម្រប្រទះឃើញទៀត។ ពាក្យនេះមានន័យថា «ខូចខាត», «ខ្ទេចខ្ទី», «រលាយ»។ល។ ពាក្យកម្លាយតពីនោះមកគឺ «ផ្លាញ» ហើយតមួយជាន់មកទៀត គឺ «បំផ្លាញ»(ធ្វើឲ្យខូចខ្ទេចខ្ទី)។ សព្វថ្ងៃមនុស្សភាគច្រើនស្គាល់តែពាក្យក្រោយគេនេះឯង។តែពាក្យ «លាញ» ក៏ពុំទាន់បាត់ឈឹងពីការប្រើប្រាស់ទាំងស្រុងដែរ ដូចមាន «បទពិចារណា» ដែលគេបិទនៅកុដិព្រះសង្ឃមួយកន្លែង ហើយដែលមានបង្ហាញនៅរូបលេខ១ ត្រង់បន្ទាត់ទី៣។
រូបលេខ១
បទពិចារណាទាំងមូលនេះ បើសរុបមកគឺថា វក់នឹងអ្វីមួយហើយ ភ្លេចគិតរឿងវែងឆ្ងាយដែលមានជម្រៅជាងនោះ។ កំណាត់ឃ្លាទី១ នៅបន្ទាត់ទី៣នោះ និយាយថា «ស្រវឹងនឹងលោក ភ្លេចលាញ»។«លោក» នៅត្រង់នេះសំដៅទៅអ្វីដែលជារឿងសើៗ សប្បាយធម្មតា ដូចពាក្យបារាំងសេសថា mondanité ឬពាក្យអង់គ្លេស៍ថា mundanity ។ ដូច្នេះកំណាត់ឃ្លានោះប្រែថា «ឈ្លក់នឹងការសប្បាយភ្លេចអន្តរាយនៅពេលក្រោយ»។
ពីមុនមកពាក្យ «លាញ» ច្បាស់ជាប្រើទូទៅ មិនដូចសព្វថ្ងៃនេះទេ។ នៅប្រាសាទអង្គរវត្តមានសិលាចារឹកមួយចារនៅស.វ.ទី១៧ និយាយពីការប្រោសខ្ញុំម្នាក់ ដែលធ្វើឡើងក្នុងឱកាសបុណ្យសព្វមួយ។ អ្នកគ្រូ ពៅ សាវរស បានសិក្សាសិលាចារឹកនេះល្អិតល្អន់ ផ្សព្វផ្សាយនៅឆ្នាំ១៩៧២រួចហើយ។ រឿងនោះគឺថាស្រីម្នាក់ឈ្មោះនាងព្រះយស បានទុកបណ្តាំថា ពេលគាត់ស្លាប់ទៅសូមឲ្យគេប្រោស «អាគង់» ដែលជាខ្ញុំបម្រើគាត់ ឲ្យជាអ្នកជានៅពេលធ្វើបុណ្យសព្វរបស់គាត់។ ខ្ញុំស្រង់យកឃ្លាខាងចុងបង្អស់មកបង្ហាញនៅទីនេះ ដើម្បីពន្យល់ពាក្យ «លាញ» ផង និងដើម្បីបង្ហាញពាក្យផ្ដាសាមួយផងព្រោះនាងព្រះយសនោះបារម្ភថា ក្រោយពីគាត់ស្លាប់ទៅក្រែងមាននរណាមកយកអាគង់ ដែលប្រោសឲ្យរួចជាអ្នកជាហើយ ទៅប្រើជាខ្ញុំទៀត (រូបលេខ២)។ ពាក្យចារឹកចុងក្រោយនេះ បើដាក់ជាអក្សរពុម្ពងាយអានគឺ ៖
[...] មូយនិ្យ សោត ថ ប្អេហ នន្និង ទិងហេម និក អំពិ្យ អាគង លេយ ឲ្យ វា លាញ តូចស្វាយគេរ័ហ ឲ្យវា លាញ តូចរ័ន្ទះគេប័ញ សោតហោង៕៚
រូបលេខ៧
បើដាក់ជាអក្ខរាវិរុទ្ធសព្វថ្ងៃគឺ ៖
[...] មួយនីសោត ថាបើនរណា នឹងដង្ហើមនឹកអំពីអាគង់ឡើយ ឲ្យវា លាញ ដូចស្វាយគេរះ ឲ្យវា លាញ ដូចរន្ទះគេបាញ់ សោតហោង៕៚និយាយសម្រួលបន្តិចតាមសព្វថ្ងៃគឺ ៖ «មួយវិញទៀត បើនរណាម្នាក់ហ៊ាននឹកដើមអាគង់ក្នុងបំណងយកទៅប្រើជាខ្ញុំ] សូមឲ្យវាអន្តរាយដូចស្វាយគេរះ ដូចរន្ទះគេបាញ់»។