ដោយ ព្រាប ចាន់ម៉ារ៉ា
ស៊ងជារបស់ម៉្យាងកាច់ពីស្លឹកចេកស្រស់ រាងដូចជាកញ្ចប់ស្រួចនៅខាងគូថ ហើយមានមាត់ច្រហធំ ព្រមទាំងមានស្រទាប់ៗអាចហូតចេញបាន។ គេប្រើស៊ងសម្រាប់ដាក់ម្លូ, ស្លា, បារី, ថ្នាំជក់ជាដើម (រូបលេខ១-២) ដើម្បីប្រគេនព្រះសង្ឃ។ គេច្រើនធ្វើស៊ងមួយដាក់របស់មួយមុខ គឺម្លូ, ស្លា, ថ្នាំ, បារីជាដើមនោះឯង (រូបលេខ៣) ហើយទើបគេយកទៅផ្គុំគ្នាស៊កចូលទៅក្នុងស៊ងធំមួយ (រូបលេខ៤-៥)។ ជួនកាលគេមានដោតទៀននិងធូបមួយបាច់នៅក្នុងស៊ងនោះផង (រូបលេខ៦)។ តាមទម្លាប់អ្នកស្រុកខ្លះគេធ្វើស៊ងរបៀបនេះប្រគេនព្រះសង្ឃក្នុងពេលមានពិធីបុណ្យផ្សេងៗ ទោះជានៅតាមផ្ទះក្តី ឬនៅតាមវត្តអារាមនានាក្តី។ ជួនកាលយើងប្រទះឃើញស៊ងដូចគ្នានេះដែរ តែគេមិនកាច់ធ្វើពីស្លឹកចេកស្រស់ទេ គឺគេឱ្យជាងទងធ្វើអំពីលោហៈទៅវិញ មានស្ពាន់ ឬប្រាក់ជាដើម (រូបលេខ៧)។ ស៊ងរបៀបនេះច្រើនតែប្រើប្រាស់ក្នុងគ្រួសារផ្ទាល់ខ្លួន។
ដោយសារក្នុងស៊ងមានដង្វាយដូច្នេះហើយ ទើបបានជាមានពាក្យគេនិយាយថា “ម៉ាម៉ាយកតែស៊ង!”។ បើអនុវត្តពាក្យនេះទៅលើព្រះសង្ឃងាយយល់ទេ គឺសំដៅថាព្រះសង្ឃអង្គនោះសូត្រម៉ាម៉ាឱ្យតែផុតពីមាត់ ដោយពុំរំពឹងគិតទៅន័យនៃធម៌នោះ ឬដោយពុំផ្ចង់ស្មារតីទៅលើបុណ្យដែលគេខំធ្វើនោះឡើយ មានន័យថាគ្រាន់តែសូត្រឱ្យផុតពីមាត់ ដើម្បីបានទ័យទានដែលគេប្រគេននៅក្នុងស៊ងនោះ។ ចំពោះគ្រហស្ថវិញក៏គ្មានអ្វីពិបាកយល់ដែរ គឺធ្វើអ្វីមួយឱ្យផុតតែពីដៃ ដោយសារអារម្មណ៍ដោតទៅលើលាភសក្ការៈអ្វីមួយផ្សេងទៀត។ ដូច្នេះពាក្យថា “ស៊ង” ទីបញ្ចប់ទៅពុំគ្រាន់តែសំដៅទៅលើស៊ងជាស្រោមប៉ុណ្ណោះទេ តែគឺសំដៅទៅលើវត្ថុផ្សេងៗដែលនៅក្នុងនោះផង។