អ្នកម្តាយ

ដោយ អាំង ជូលាន

ពាក្យកាព្យខ្លីដែលមានតែ១៥ល្បះដូចខ្ញុំនឹងបង្ហាញខាងក្រោមនេះពុំមានអ្វីប្លែកណាស់ណាទេ ព្រោះគ្រាន់តែជាពាក្យកូនដែលថ្លែងសម្តែងការដឹងគុណចំពោះឪពុកម្តាយជាធម្មតា ដូចមាននៅក្នុងកាព្យផ្សេងៗទៀតជាច្រើនដែរ។ បំណងរបស់ខ្ញុំគឺចង់ឆ្លៀតយកពាក្យពេចន៍ខ្លីនេះមកពិចារណាថា ការដែលមនុស្សនឹកទៅដល់ «អ្នកមានគុណ» នោះ តើនឹកទៅនរណាជាពិសេស។

កាព្យដែលខ្ញុំបានឃើញសរសេរអក្សរដៃនេះពុំឃើញមានចំណងជើងទេ ដូច្នេះហើយបានជាខ្ញុំយក «ក្នៀប» មកដាក់នៅសងខាងចំណងជើងថា «អ្នកម្តាយ» ដែលខ្ញុំបង្កើតឡើងដោយខ្លួនឯង។ ហេតុផលមានដូចតទៅ ៖
- គេសម្តៅទៅអ្នកមានគុណទាំងពីរដោយប្រើពាក្យ «មាតាបិតា» នៅល្បះទី២, ៥ និង៧។
- ឯពាក្យថា «មាតា» មានប្រទះពីរដងនៅល្បះទី៣ និងម្តងនៅល្បះទី១០។
- នៅល្បះទី១០ដដែលនេះមានពាក្យថា «អ្នកម្តាយ» ទៀតផង។
- មិនតែប៉ុណ្ណោះនៅល្បះទី៤មានពាក្យថា «ព្រះមេ» ។
- ក្រៅអំពីនេះ នៅក្នុងកាព្យទាំងមូលមាពាក្យថា «អ្នក», «ម្ចាស់», «ព្រះសោភ័ណ» ដែលមើលតាម
បរិបទទូទៅអាចឲ្យយល់ថាសម្តៅទៅម្តាយ។

និយាយមកនេះ ខ្ញុំគ្មានបំណងបញ្ឆិតបញ្ឆៀងឬក៏អះអាងថាខ្មែរយល់ថាម្តាយមានគុណលើសឪពុកទាល់តែសោះ គឺគ្រាន់តែវិភាគលើពាក្យដែលប្រើនៅក្នុងកាព្យនេះតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ខ្ញុំមានយោបល់បន្តិចដែរ គឺថាពាក្យកាព្យរបៀបនេះ (ជួនកាលគេហៅថា «ល្បា») ច្រើនតែសង្កត់ទៅការដែលម្តាយពពោះកូននៅក្នុងផ្ទៃហើយមានការលំបាកគ្រប់បែបយ៉ាង។ មើលទៅតែល្បះទី៣ក៏ឃើញដែរត្រង់ពាក្យថា «កាលពីកូននៅក្នុងឧទរ»។ មួយវិញទៀត ពាក្យថា «រកម៉ែ» ក៏ប្រើជោកជាំក្នុងភាសាខ្មែរដែរ ដូចយើងដឹងស្រាប់គ្រប់គ្នា គឺថាតែមានការអ្វីភិតភ័យរកគេជួយឬក៏ឈឺអ្វីខ្លាំងក៏ដោយ ក្មេងតែងតែទ្រហ៊ោយំរត់ទៅ «រកម៉ែ»។

        ១. អហំនាមាសិរោរាប                              ឱនកាយបន្ទាបក្រាបវន្ទា
            សូមពោលសម្តែងថ្លែងពណ៌នា                វន្ទាគោរពព្រះគុណថ្លៃ។

        ២. មាតាបិតាបង្កើតកាយ                          មានគុណជ្រៅឆ្ងាយហួសនិស័្សយ
            ធ្ងន់លើសប្រថពីឥតឧបមី                      ខ្ពស់ផុតនិស្ស័យព្រះសុមេរា។

       ៣. កាលពីកូននៅក្នុងឧទរ                         មាតាថ្នមទ្រគ្រងរក្សា
            ប្រសូត្រចេញរួចមកកាលណា                មាតាប្រទានទឹកព្រះក្សេរ។

        ៤. បីបមថ្នមពរលាង                                បញ្ចេញសូរសៀងច្រៀងបំពេ
            បបោសអង្អែលអស់កាយ                      ព្រះមេមានគុណធ្ងន់ជ្រៅឆ្ងាយ។

         ៥. បពិត្រអ្នកមាតាបិតា                            កូននឹកខ្លោចផ្សារពេកអម្បាយ
              តាំងពីកូនកើតមានរូបកាយ                    អ្នកតែងខ្វល់ខ្វាយថែរក្សា។

         ៦. ឱអ្នកម្ចាស់ថ្លៃវិសេសលន់                      អ្នករងទុក្ខធ្ងន់ពន់ពេកណា
             ព្រោះអ្នកបីបមថ្នមស្ងួនភ្ងា                      ពុំអាចពណ៌នាឲ្យអស់បាន។

        ៧. ដូច្នេះកូនសូមផ្គងអញ្ជលី                      លើកហត្ថទាំងពីរបន្ទន់ប្រាណ
              បង្គំមាតាបិតាសូមក្សេមក្សាន្ត                   ទោសខុសប៉ុន្មានសូមប្រណី។

         ៨. ម្ចាស់អើយកាលកូនទ្រហ៊ោយំ                 អ្នកស្ទុះមកថ្នមត្រកងបី
               ច្រៀងបំពេកូនដោយប្រិមប្រិយ                 ដោយពាក្យមេត្រីផ្ដេកស្ងួនភ្ងា។

         ៩. ទឹកមាត់ទឹកមូត្រលាមកផង                    ទាំងគ្រឿងសៅហ្មងផងនានា
                អ្នកកាន់អ្នកចាប់អ្នកប្រវ៉ា                        លាងដោយហត្ថាឥតជិនឆ្អន់។

         ១០. បពិត្រអ្នកម្តាយមានករុណា                  មាតាមានគុណវិសេសលន់
                កូនសូមគោរពព្រះគុណធ្ងន់                     សូមព្រះសោភ័ណបានក្សេមក្សាន្ត។

          ១១. ហេតុនេះកូនសូមឧទ្ទិសផល                 តម្កល់ចេតនាដោយក្លាហាន
                 ទានសីលភាវនាដែលកូនបាន                  សាងធ្វើប៉ុន្មានជូនទៅអ្នក។

          ១២. សូមអ្នកទទួលដោយសោមនស្ស            ចិត្តកូនត្រង់ស្មោះចំពោះជាក់
                  ដូចកូនបានពោលពាក្យសច្ចៈ                    សូមជូនទៅអ្នកគ្រានេះហោង។

           ១៣. ដោយអានុភាពខ្ញុំគោរពគុណ                សូមព្រះមានបុណ្យជួយចម្លង
                  ឆ្លងផុតវាលបីដូចចិត្តប៉ង                         បានរួចរំលងដូចប្រាថ្នា។

           ១៤. ខ្ញុំសូមបានទាន់ព្រះដ៏មានបុណ្យ             ទ្រង់យាងមកលើកព្រះសាសនា
                 ខ្ញុំសូមបានទាន់ព្រះស្រីអារ្យ                      បានស្តាប់ទេសនាដូចចិត្តប៉ង។

           ១៥. ប្រោសអស់មនុស្សសត្វផងទាំងឡាយ      ជលធីវែងឆ្ងាយច្រើនណាស់ហោង
                 បានរួចរំដោះភពភ័យផង                         ជៀសចាករំលងដល់និព្វាន។