ឧបមា

ដោយ អាំង ជូលាន

 ពាក្យសំស្ក្រឹត “ឧបមា” មានន័យថា “ការប្រៀបធៀប”។ ចាស់ ៗពីមុនមកចូលចិត្តយកឧបមានេះមកប្រើណាស់ ដើម្បីប្រដូចចរិតឬស្ថានភាពមនុស្ស, ឬស្ថានភាពសង្គម...ទៅនឹងអ្វីៗដែលគាត់សង្កេតឃើញក្នុងធម្មជាតិ។ ធម្មជាតិជាប្រភពធំណាស់នៃពាក្យឧបមាទាំងអម្បាលម៉ាន។ ចាស់ៗជំនាន់នោះឃើញអ្វីៗ មានសត្វ, រុក្ខជាតិ, វត្ថុ ឬបាតុភូតផ្សេងៗក្នុងនោះហើយ ពុំគ្រាន់តែឃើញហើយចប់ប៉ុណ្ណោះទេ ព្រោះគាត់ពុំព្រងើយឲ្យក្បាលនៅស្ពឹក។ គាត់ពិចារណាយកអ្វីដែលឃើញនោះមកប្រៀបធៀបនឹងរឿងសង្គម។

យើងស្គាល់ហើយច្បាប់នានា ដែលចាស់បុរាណលើកឡើងដើម្បីប្រៀនប្រដៅមនុស្ស។ ក្នុងចំណោមពពួកច្បាប់ចាស់ដែលយើងនៅស្គាល់ មាន ”ច្បាប់កូនចៅ” មួយដែរ ដែលសម្បូណ៌ពាក្យឧបមា។ ច្បាប់នេះប្រហែលលើកឡើងនៅស.វ.ទី១៦។ អ្នកគ្រូ ពៅ សាវរស បានយក មកវែកញែកពិភាក្សាល្អិតល្អន់ក្នុងអត្ថបទមួយចុះក្នុងទស្សនាវដ្តី Bulletin de l’Ecole Français d’Extrarême-Orient នៅឆ្នាំ១៩៧៧។

តទៅនេះជាសម្រង់យ៉ាងខ្លី គឺកាត់យកតែ៤ល្បះមកប៉ុណ្ណោះ (ច្បាប់ទាំងមូលមាន៧១ល្បះ) ដើម្បីជាឱទាហរណ៍នៃ “ឧបមា” ដែលគេយករុក្ខជាតិមកប្រៀបធៀបនឹងមនុស្ស (សូមមើលរូបលេខ១-៥ផង) ៖

(...) លោកថាល្វាផង        សម្បកក្រៅហោង     ភ្លឺផ្លេកយល់យង់

       រីឯក្នុងផ្លែ               សឹងតែមមង់           ក្រាស់ក្រៃនៅក្នុង

                                  នេះហោងលោកថា។

    អ្នកមួយចែចូវ             រអែរអូវ                 វៀចវេរឫស្យា

    បញ្ចើចបញ្ចើរ              ពាក្យពើមាយា        ដូចកលផ្លែល្វា

                                  ល្អល្អះតែក្រៅ។

    មួយដូចខ្នុរណាំង          សម្បកស្គោកស្គាំង    បន្លាច្រូងនៅ    

    ឯក្នុងសឹងក្លែប            ក្រអែបផ្អែមទៅ       ទាល់ក្នុងឥតសៅ

                                  រសសឹងពិសា។

    រីអ្នកមានធម៌            សប្បុរសមានអាថ៌       លោកផ្ទឹមឧបមា    

    ដូចខ្នុរក្លិនក្លែប           ក្រអែបពិសា            ក្រៅក្រាស់បន្លា

                                 មោះក្នុងផ្អែមក្រៃ។ (...)