ពិចារណា

ដោយ អាំង ជូលាន

 ពាក្យសំស្ក្រឹតថា  វិចារណា ដែលមានន័យថា “គិតវែងឆ្ងាយ, ស្រាវជ្រាវរុករកដោយគំនិត...” នោះ មានប្រើនៅក្នុងភាសាខ្មែរបុរាណជាធម្មតា។ ឧទាហរណ៍ នៅក្នុងសិលាចារឹកប្រាសាទបន្ទាយស្រីលេខ K. 569 ដែលចារនៅដើមស.វ.ទី១៤ មាននិយាយថា ៖

 

ប្រេវិចារណាសំន្វរសត្យាសត្យ

ដែលអាចប្រែមកថា “ប្រើឲ្យទៅស្រាវជ្រាវសួរនាំដើម្បីឲ្យដឹងថាអ្វីជាពាក្យពិត អ្វីជាពាក្យមិនពិត” (ត្រង់នេះសិលាចារឹកនិយាយពីក្តីក្តាំមួយអំពីរឿងដីធ្លី)។

ក្រោយមកពាក្យនេះក្លាយមកជា ពិចារណា ដោយអក្សរ “វ” វិវឌ្ឍមកជា “ព” ជាធម្មតា រីឯន័យជាទូទៅក៏គ្មានខុសអ្វីពីមុនដែរ។ ចម្លែកបន្តិចតែពាក្យមួយនៅក្នុងសិលាចារឹកវត្តរំលក លេខ K.27 (ដែលអ្នកគ្រូពៅ សាវរស បានសិក្សាល្អិតល្អន់នៅក្នុងទស្សនាវដ្តី  Bulletin de l’Ecole Française d’Extrême-orient លេខ៧០)ចារនៅចុងស.វ.ទី១៦ឬដើម ស.វ.ទី១៧ (យ៉ាងណាក៏ក្រោយពេលរលំបន្ទាយលង្វែកបន្តិចហើយដែរ) ដែលថា ៖

 

តេច្ចខែមាគ្ឃករាំពើងនិងសាងសេមា។ កពីចារនាថ្មហ១

សរសេរតាមអក្ខរាវិរុទ្ធសព្វថ្ងៃគឺ “ដាច់ខែមាឃក៏រំពឹងនិងសាងសីមា។ ក៏ពិចារណាថ្ម១”។  ដើម្បីឲ្យងាយយល់ ទាល់តែខ្ញុំនិយាយពីបរិបទទូទៅបន្តិច ៖ មានពុទ្ធសាសនិកម្នាក់ដែលមកពីប្រទេសសៀម ឬក៏ប្រហែលជាជាតិសៀមដែលចេះខ្មែរទៀតផង មកប្រទេសកម្ពុជាដើម្បីសាងអ្វីផ្សេងៗ ក្នុងនោះមានគម្រោងសាងព្រះវិហារមួយ។ ព្រះវិហារនោះសាងមិនទាន់បានចប់ផង ក៏មានចម្បាំងរាំងជល់បង្ករដោយព្រះនរេសដែលមកពីអយុធ្យាដើម្បីកម្ទេចបន្ទាយលង្វែក។ ដូច្នោះហើយ អ្នកដែលសាងព្រះវិហារនោះក៏បែកខ្ញែកគ្នាអស់ ទាល់តែសភាពការណ៍ស្រាកស្រានបន្តិចទៅវិញទើបបន្តការងារនោះទៅមុខទៀត។ ដំណាក់កាលចុងបង្អស់គឺសាងសីមាដើម្បីនឹងបញ្ចុះឆ្លង។ ត្រង់នេះហើយដែលសិលាចារឹកនិយាយថា លុះមកដល់ដាច់ខែមាឃក៏នាំគ្នាគិតគូរថានឹងឆ្លាក់សីមា។ តែគឺផ្នែកទីពីរនៃឃ្លានោះ ដែលដូចជាចម្លែកខ្លាំង ដ្បិតគេនិយាយថា “ពិចារណាថ្ម”។ ត្រង់នេះ ខ្ញុំសូមបែរទៅសម័យបុរាណជាងនោះទៅទៀតបន្តិច ហើយក្រឡេកទៅមើលពាក្យថា ស្វេង ដែលសព្វថ្ងៃយើងសរសេរថា “ស្វែង”។

នៅសិលាចារឹកលេខ K.262 (ស.វ.ទី១០)មានពាក្យថា ៖

 

ស្វេងបិត្យង

ដាក់ជាអក្ខរាវិរុទ្ធសព្វថ្ងៃគឺ “ស្វែងបិដឹង” មានន័យថា “ស្វែងដើម្បីដឹងរឿង”។ បរិបទទូទៅនៅទីនេះគឺ តុលាការកំពុងស៊ើបរកហេតុផលពីការដកបង្គោលរបងដីមួយ។ “ស្វែង”នៅទីនេះអាចមានន័យថា “ស្វែងយល់” ពោលគឺ ត្រិះរិះដើម្បីដេញរកហេតុ។ ត្រូវគិតថាពាក្យ “ស្វែង” ក្លាយមកពីពាក្យថា “វែង”។ ដូច្នេះគំនិតនោះគឺថា ធ្វើអ្វីដោយត្រិះរិះវែងឆ្ងាយ ពោលគឺមិនមែនទៅតាមសន្ទុះចិត្តភ្លាមៗដោយមិនបានគិតនោះឡើយ។

ឯសិលាចារឹក K. 292 (ស.វ.ទី១១) វិញ មានឃ្លាថា ៖

បន្ទ្វលបិប្រេយេងទៅនាតឆ្ងាយបិមានវត៌្តមានតឮស្វេងបិត្យងវស្តុតវ្យក្ត

អក្ខរាវិរុទ្ធសព្វថ្ងៃគឺ “បន្ទូលបិប្រើយើងទៅនាដ៏ឆ្ងាយបិមានវត៌មានដ៏ឮស្វែងបិដឹងភស្តុតវ្យក្ត”។ ឃ្លានេះស្រង់ពីពាក្យស្បថដែលអ្នករាជការមួយក្រុមសូត្រសម្តែងស្វាមីភក្តិចំពោះព្រះបាទសូរ្យវរ្ម័នទី១។ នៅទីនេះគេនិយាយថា “[បើព្រះរាជា] ត្រាស់បង្គាប់ប្រើយើងឲ្យទៅទីឆ្ងាយដើម្បីបានពត៌មានដែល [ព្រះអង្គបាន] ឮ [គេទូល ហើយឲ្យ] ស្វែងដើម្បីដឹងរឿងនោះល្អិតល្អន់”។ ត្រង់នេះពាក្យថា ស្វេង (ស្វែង) មានន័យដូចគ្នានឹងនៅខាងលើដែរ គឺថា “ស្វែងយល់”។

តែប្រការដែលចម្លែកបន្តិច គឺសិលាចារឹក K.245 និយាយថា ៖

 

ស្វេងថ្មោ

ដែលសព្វថ្ងៃត្រូវសរសេរថា “ស្វែងថ្ម” មានន័យថា “ស្វែងរកថ្ម” ដ្បិតបរិបទនៅទីនេះគឺគេត្រិះរិះរកថ្មដែលគេយល់ថា ត្រឹមត្រូវសមរម្យតាមក្បួនច្បាប់ ដើម្បីសាងសិវលិង្គមួយ។

លុះយកពាក្យខាងលើថា “ពិចារណាថ្ម” មកផ្គូផ្គុំជាមួយពាក្យថា “ស្វែងថ្ម”នេះ ទើបយើងអាចយល់ន័យ “ពិចារណា” នោះច្បាស់ ពោលគឺត្រិះរិះវែងឆ្ងាយរកថ្មដែលត្រឹមត្រូវសម្រាប់យកមកសាងសីមាវត្ត ដូចនិយាយខាងលើ។