រកស៊ី

 ដោយ អាំង ជូលាន

  វត្ថុ, រុក្ខជាតិ, សត្វខ្លះ ខូចឬស្លាប់ទៅមិនមែនសុទ្ធតែបត់បង់អស់រលីងឡើយ ជួនកាលកប់នៅក្នុងថ្ម ក្នុងស្រទាប់ណាមួយ ដោយក្លាយទៅជាថ្មដែរ តែនៅរក្សាស្រទាប់រូបរាងដើម។ នៅតាមសារមន្ទីរដែលគេតាំងសំណល់ពីបុរេប្រវត្តិសាស្ត្រ យើងអាចឃើញសំណល់របៀបនេះ ជួនកាលជាស្លឹកឈើ ដែលទៅជាថ្ម ហើយកប់ក្នុងស្រទាប់ថ្ម ឬជួនកាលជាត្រី ឬសត្វប្រភេទខ្យងជាដើម។ សំណល់ប្រភេទនេះពាក្យអង់គ្លេសហៅថា Fossil (ខ្មែរមានបង្កើតពាក្យថ្មីដែរថា «បាសាណីភូត»)។ ដោយសារសំណល់ជាថ្មនោះឯង បានជាបុរេប្រវត្តិវិទូអាចយល់ពីធម្មជាតិក្នុងសម័យកាលយូរអង្វែងណាស់មកហើយបានខ្លះៗ។ ឧទាហរណ៍ រុក្ខជាតិប្រភេទប៉ប្រក គេដឹងថាជាពូជមានចំណាស់ខ្លាំងណាស់ ត្បិតគេតែងប្រទះឃើញមែកនិងស្លឹកក្រុមប្រភេទនោះជាញឹកញាប់នៅក្នុងថ្ម ហើយដែលខ្លួនវាក៏ក្លាយទៅជាថ្មដែរ។ សត្វសមុទ្រប្រភេទខ្យងធំៗក៏ដូចគ្នា។

នៅទីនេះខ្ញុំសូមជូនឧទាហរណ៍នៃសំណល់ពីបុរេប្រវត្តិ តាំងតែពីសម័យណាមួយដែលខ្ញុំយល់ថាចាស់ខ្លាំងណាស់ដែរ តែពុំមែនជាវត្ថុ ឬសត្វ ឬរុក្ខជាតិ ឬមនុស្សឡើយ។ សំណល់ប្រភេទនេះពុំអាចមើលនឹងភ្នែកឃើញទេ ត្បិតជាសំណល់ពាក្យនិយាយ ដែលនៅទ្រឹងពុំវិវឌ្ឍន៍ទៅណា។ ពាក្យយកមកបង្ហាញជាឧទាហរណ៍នេះ គឺ «រកស៊ី»។

ចូរយើងរកយល់គំនិតដើមតាមពាក្យមួយម៉ាត់ៗ ៖ «រក» + «ស៊ី»។ ស្តាប់ភ្លាមទៅ យើងអាចប្រមើលឃើញមនុស្ស ឬក្រុមមនុស្សដើរបេះបោច, ខ្វះកកាយ រកអ្វីៗនៅក្នុងធម្មជាតិដើម្បីសម្រន់ពោះដែលឃ្លាន។ ក្រៅអំពីរុក្ខជាតិ អ្នកទាំងនោះសម្លាប់សត្វតូចឬធំដើម្បីយកមកធ្វើអាហារដែរ។ «រកស៊ី» នោះជាសកម្មភាពដែលស្រូបយកពេលច្រើនបំផុតក្នុងមួយថ្ងៃៗ ក្រៅពីពេលដេកនិងសម្រាកបន្តិចបន្តួចនៅពេលដែលហត់នឿយខ្លាំង។ បើធ្វេសប្រហែស គង់នឹងអត់ឃ្លាន ដាច់ពោះពុំខាន។ នេះពុំនិយាយវែងឆ្ងាយរហូតដល់ទៅសម័យដែលមនុស្សពុំទាន់ប្រើភ្លើងដើម្បីចម្អិនអាហារ ដោយសារពុំទាន់ចេះបញ្ឆោះភ្លើងនោះផង គឺទៅឆ្ងាយត្រឹមតែជំនាន់ដែលមនុស្សពុំទាន់ចេះធ្វើកសិកម្មប៉ុណ្ណោះ។ ពុំទាន់ចេះធ្វើកសិកម្មមានន័យថា ពុំទាន់ចេះដាំដុះ ដូច្នេះគឺគ្មានមធ្យោបាយរក្សាភោគផលទុកជាស្បៀងរាប់ខែ, រាប់អាទិត្យ ឬរាប់ថ្ងៃនោះទេ។ ដូច្នេះការ «រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក» ជាការធម្មតា រីឯក្រុមមនុស្សក៏ត្រូវតែចល័តរហូត ដោយសារត្រូវ «រកស៊ី»។ «ស៊ី» កន្លែងនេះបានមួយភ្លែតអស់ ក៏ត្រូវទៅ «រក» កន្លែងនោះផ្សេងទៀត។ បើពោលជាទូទៅប្រហែលជាមកដល់យុគលោហៈ ទើបសហគមន៍មនុស្សអាចតាំងទីលំនៅមួយកន្លែងៗបានយូរ ត្បិតអំពីនោះមក កសិកម្មរីកចម្រើនជាងមុន ដោយសារឧបករណ៍លោហៈមានប្រសិទ្ធភាពជាងឧបករណ៍ថ្ម។ កាលណាមានចម្ការ គឺលែងដើរត្រាច់ចរប្តូរទីកន្លែងរាល់ថ្ងៃហើយ ទោះបីជានៅតែត្រូវរកផលិតផលក្នុងព្រៃក៏គង់មានភូមិករជាលំនៅដែរ។ លុះក្រោយមកទៀត សហគមន៍មនុស្សមួយចំនួនចេះធ្វើស្រែ (ស្រែ គឺចម្ការស្រូវដែលត្រូវការឲ្យទឹកលិចមួយរយៈពេលក្នុងមួយរដូវៗ) ឯលំនៅស្ថានក៏កាន់តែមានលំនឹងខ្លាំងជាងមុន តែទោះបីជាមានមធ្យោបាយទុកដាក់ស្បៀងសម្រាប់ទទួលទានបានមួយរយៈពេលវែងឬខ្លី ក៏ពាក្យ «រកស៊ី» នៅតែប្រើ ថ្វីត្បិតតែលែងកកាយធរណី, បេះបោច, ចាប់សត្វ មិនស្គាល់ពេលល្ហែដូចមុនទៀតហើយក៏ដោយ។ តាមពិត សង្គមវិវឌ្ឍន៍មកដល់ដំណាក់កាលមួយដែលមនុស្សមានសកម្មភាពដទៃទៀតក្រៅអំពីការ «រកស៊ី» នោះ ឧទាហរណ៍ មានការរៀនសូត្រ, មានសិប្បកម្ម, មានលម្ហែ ធ្វើបុណ្យទាន៘ ឯពាក្យ «រកស៊ី» គិតតាមន័យដើមដំបូងនោះ លែងត្រូវនឹងការវិវឌ្ឍន៍សង្គមនោះហើយ តែគេមិនបេះបង់ទៅណា ហាក់ដូចជាពាក្យនោះទៅជាប់នឹងស្រទាប់ថ្មតាំងពីសម័យបុរេប្រវត្តិមកដែរ។ មិនតែប៉ុណ្ណោះ ក្រោយមកខ្មែរមានពាក្យថា «របររកស៊ី» ទៀតផង។ តាមពិតពាក្យថា “របរ” គឺក្លាយមកពីពាក្យ «រក» នោះឯង ត្បិតសរសេរ “រក” មែនពិត តែមាត់និយាយថា «រ» ដូច្នោះហើយទើបក្លាយទៅជា «របរ»។