សាត្រាប្រណិធាន

ដោយ  ព្រាប  ចាន់ម៉ារ៉ា

នៅអត្ថបទជំពូកទី៤ លេខរៀងទី៤២ លោកអ្នកអានធ្លាប់បានឃើញខ្លះហើយអំពីការស្បថសច្ចា ពិសេសចំពោះអ្នកបម្រើរាជការសម័យបុរាណ។  នៅទីនេះខ្ញុំសូមបង្ហាញពាក្យស្បថក្នុង «សាត្រាប្រណិធាន» ឆ្នាំ១៩០៦  សម្រាប់សូត្រឲ្យគូក្តីដែលមានវិវាទនឹងគ្នាថាតាម  ព្រមទាំងអ្នកជាសាក្សីក៏ត្រូវស្បថជាបន្ទាប់ដូចគ្នានោះដែរ។  ការស្បថនេះធ្វើឡើងតែក្នុងករណីណាដែលជំនុំទៅឃើញថាកាត់ពុំកើត  ដោយខ្វះភស្តុតាង ឬដោយពុំច្បាស់ក្នុងចិត្តថា  អ្នកណាខុស អ្នកណាត្រូវ។  ទំនុកនោះ វែងឆ្ងាយគួរសម  គឺគេអញ្ជើញអស់ទេពនិករ,  ខ្មោច,  ព្រាយ,  អារក្ស,  អ្នកតាពីគ្រប់ទិសទីមកជាសាក្សី  ស្តាប់ទៅគួរព្រឺ គួរខ្លាចខ្លាំងណាស់  ទោះជឿ ពុំជឿ  អ្នកដែលប្រព្រឹត្តខុសគង់នឹងតក់ស្លុតស្រយុតចិត្តអាណិតខ្លួនពុំលែងឡើយ។  រូបលេខ១-៩ ជាសំណៅដើម  ហើយខាងក្រោមនេះ ជាសេចក្តីក្នុងសាត្រាប្រណិធាន ដែលខ្ញុំយកមកសម្រួលជាអក្ខរាវិរុទ្ធបច្ចុប្បន្នខ្លះ  ដើម្បីឲ្យអ្នកអានងាយមើល  តែពាក្យពេចន៍ ខ្ញុំទុកនៅដដែល ឥតមានកែកុនអ្វីឡើយ។

 

សាត្រាប្រណិធាន

        ចុល្លសករាជ ១២៦៨  ឆ្នាំមមី  អដ្ឋស័ក  ត្រូវនឹងឆ្នាំ១៩០៦

ហ្លួងអន្ជិត  ហេម  បានពិនិត្យ  តម្រង់សេចក្តី  និងអក្សរ

ម៉ឺនពិនិត្យអក្សរ  សេង  សរសេរសាត្រាប្រណិធាននេះត្រឹមត្រូវជូនលោកមហាសង្ឃរាជ ហ្គេដុង ក្រុងបារីស។

 

អ្នកក្តីស្បថផ្ទាល់ខ្លួន

១-  អហំនមា  មិសិរសា  សុសម្ពុទ្ធោ  តិលោកានំ  អហំវិសុទ្ធោ  នមសមានោ  សំឃវរំ

២-  សព្ពេទេវា  តិរិវនា  សក្កេកាមំ  ចអន្តលិ  ក្ខេវិមានំ  មហារាជិ  ភូមខេត្តេ

៣-  មេរុរាជា  រុក្ខាទេវា  តរុទ្ទានាគេ  កាលយមោ  ឥន្ទោព្រហ្មេ  សុណន្តុតេ  អធិដ្ឋានា។

៤-  អហំរីខ្ញុំ                លើកករប្រណម្យ                      ដាក់លើសិរសា

បង្គំព្រះពុទ្ធ                ជាម្កុដលោកា             ព្រះធម៌សម្មា             

                              ព្រះសង្ឃសាវ័ក។

៥-  បង្គំព្រះស្រី           អារ្យអង្គមេត្រី             ពង្សពុទ្ធិចក្រ

ព្រះយម្ភូមិន្ទ               ព្រះឥន្ទ្រទ្រង់សក្តិ                      ព្រះព្រហ្មវរភក្ត្រ                    

                             ព្រះយមរាជា។

៦-  បង្គំព្រះនារាយណ៍    ព្រះភិរុណព្រះពាយ           ធរណីគង្គា

ព្រះចតុលោកបាល       ព្រះកាលទេវា             ព្រះសូរ្យចន្ទ្រា            

                             ព្រមព្រះពៃស្រពណ៍។

៧-  អញ្ជើញទេព្តា         ទាំងឆកាមា                វចរសាយសព្វ

ទាំងទេពគិរី                នាទីភូមិភព                ថេរថិតនៅគ្រប់                    

                             រុក្ខាកាសស្ថាន។

៨-  ទោះទេពនិករ       គ្រុឌវិទ្យាធរ                នៅហេម្បូពាន្ត

អារក្សតូចធំ              មកជុំនាស្ថាន              នេះជាប្រធាន            

                            សាក្សីយើងខ្ញុំ។

៩-  អញ្ជើញអារក្ស     ក្លាងមឿងសិទ្ធិសក្តិ           រុងរឿងជាធំ

មេសរភ្នំបទ             ព្រះធាតុបាភ្នំ              រាជទ្រព្យឧត្តម           

                           ឧត្តុង្គមានជ័យ។

១០- អញ្ជើញមេសរ      វិហារសំណ                នូវក្រាំងពន្លៃ

បន្លាស់ពាក់ព្រ័ត្រ        សំរឹទ្ធិជ័យ                      មេសរស្បាតស្បៃ                   

                            កោះកំពង់រាប។

១១- បរមីឆោមជ្រែក   ពញាឮលង្វែក            ជាំរាយជាំជាប           

តាំងស្តុកឈូកក្រាយ    ក្រងលាយព្រៃច្រាប           ត្រពាំងបោះអាប                  

                            កោះចិនបាធាយ។

១២- ភ្នំត្រប់ភ្នំដិល       ព្រៃត្រើយត្រងិល                ពាក់ព្រ័ត្រតាំងស្នាយ

ភ្នំត្រោកជើងព្រៃ        បាជ័យបារាយ           ចតុលោកភូមិស្វាយ   

                            ភ្នំកំពង់លែង។

១៣- មេសរត្នោតជុំ     កោះកំញ៉ានធំ             ព្រែកព្រាមពាមត្រែង

ពាមផាត់សន្តាយ       ជ្រោយក្រាយភ្នំត្បែង       ស្ទឹងស្ទោងជីក្រែង                 

ជាំប្រំាងព្រៃក្តី។

១៤- មេសរសន្ទុក       ជីសូរ្យព្រៃស្រុក            ភ្នំក្បាលដំរី

ជាំឈើទាលា              ព្រៃចារភ្នំជី                 ព្រហ្មសាទរស្រី          

                              ព្រះឥន្ទ្រអាធារ។

១៥- ចុងឃ្នៀសភ្នំក្រោម          ព្រែកបន្ទាយជោម              ព្រែកបន្ទាយទ្វារ

ភ្នំព្រះអូរឆាយ            បារាយទឹកថ្លា             មហាសៀកឫទ្ធា                    

                             លលេបក់ដង។

១៦- ភ្នំបូកបាខែង      ស្ពានទិព្វស្ពានត្រែង      ត្នោតព្រះដំបង

បាណន់វត្តឯក            ពាមខ្ញែកភ្នំថ្ពង            បរិបូណ៌ខ្លុងត្រង        

                              ពោធិ៍សត្វកំរែង។

១៧- ព្រៃថ្ងពានជាំង    ភ្នំខ្ជោលត្រពាំង                      ចន្ទចារត្រាត្រែង

កៀនកំពង់ថ្ម              ស្រីសរអូរវែង              បែកចានតាំងស្លែង     

                             ព្រៃក្តាត់ព្រៃក្តួច។

១៨- មេសរព្រៃព្រាល      ភ្នំជ្រាវឱរ៉ាល់               តាកែវក្រលួច 

ក្រឡាញ់ជើងតួន          ព្រៃពួនព្រៃពួច                ភ្នំស្រង់ភ្នំស្រួច           

                               បឹងជ្រោងត្បូងឃ្មុំ។

១៩- ខ្មួញខ្មែរលើលាំង     ជ្រៃជួរត្រពាំង             កោងកោះបាភ្នំ

ភ្នំជើងមេដែង             ទូកវែងស្វាយជ្រំ                      ពាមរាំងជ្រោយខ្សុំ      

                               បឹងផ្សោតភូមិក្រួ។

២០- ល្វាឯមកៀនស្វាយ    ដីឥដ្ឋបន្ទាយ                      ដែកវិហារសួគ៌

ព្រះជ្រៃក្រគរ                  នូវរកាជួរ                   ច្រកជ្រោយសម្បួរ                 

                                 សម្បូណ៌សម្បុក។

២១- ក្រចេះកញ្ជរ       ខ្ពបស្នែងព្រៃឈរ                      ព្រៃឆៀងវាលផុត

មហាសៀកកំបោរ       នូវឫស្សីស្រុក              វត្តព្រះបួនមុខ           

                            ភ្នំពេញដូនស្តើង។

២២- មេសរបាទី        បាដែងព្រៃក្តី            ព្រៃបាក់កាំភ្លើង

ព្រះស្ទឹងចាស់ស្តៅ       ថ្អូហៅភ្នំត្រើង             សំពោងភ្នំភ្លើង           

                            នូវព្រះត្រពាំង។

២៣- អញ្ជើញអារក្ស    មេសរបាសាក់            បាសានស្រុកទ្រាំង

គុះស្រែននោង            ស្វាយកោងបូពាំង                      ពពាលថ្មបំាង            

                           នូវបន្ទាយមាស។

២៤- មេសរកំពត                   កំពង់សោមសោត             មេបានបញឆ្ពាស       

កោះកំពង់ត្រុំ              កៀនកំពង់ទ្រាស                      បឹងព្រួលស្វាយមាស  

កោះខ្សាច់កណ្តាល។

២៥- កោះស្នាកៀនឃ្លាំង     ព្រែកពាមជីលាំង              មណ្ឌបផ្ទះវាល

ព្រែកមាត់ក្រសះ              ភូមិផ្ទះកណ្តាល                  ព្រៃញាតដីច្រាល                  

                                 ពាមព្រែកបង្កង។

២៦- នូវជ្រោយចង្វា       ខ្សាច់ខ្ទររកា                កោងកោះដំបង

នូវកំពង់ចាម              ព្រែកពាមជីកង           បឹងផ្ទោលបឹងត្រង      

                              កោះខ្សាច់បីពៃ។

២៧- មេសរព្រែកឯង     កោះទុងកោះត្រែង         មាត់ជ្រូកបាក់ដៃ

ភ្នំគុជ្ជរោ                   នូវពោធិ៍ហាន់ជ័យ           កោះទុងកោះរៃ                    

                              កោះអណ្តែតខ្ញូង។

២៨- ពីជ្រោយមេត្រី       ខ្សាច់ភ្នំដំរី                  ព្រែកប្រសព្វឆ្លូង                   

ពាមក្តាតបាតខ្ទះ          ព្រៃព្រះអណ្តូង              ពាមព្រែកប្រលូង                  

                               ថ្មរៀបខ្សាត់ត្បា។

២៩- មេសរផ្កាយម្រេច      មាន់ហើររំលេច         នូវបឹងចំណារ            

ពាមទេរកោះទ្រង់       កំពង់ក្រូចឆ្មារ               តាំងគោកចម្ការ                    

                            លើលេចកោះប្រែង។

៣០- រអាងព្រៃបុះ       លាវជ្រោយត្រសុះ           ក្រនូលថ្នាំងកែង

ប្រាសាទកោះត្នោត     កោះពោតកោះពែង           កោះក្ទម្ពស្ទឹងត្រែង     

                            ស្ទឹងត្រង់បាក់ក។

៣១- សុពណ៌កាឡី     នគរស្លាប់ប្តី                ស្រុកស្រីសន្ធរ

នូវវាលប្រសិល           ថ្មដិលថ្មស                 ធ្មេញសេះពាមរ                   

                            ថ្មសិង្ហព្រះលាន។

៣២- តេជះយើងរក    អញ្ជើញមូលមក          សព្វគ្រប់កុំខាន

ជួបជុំជួយស្តាប់          សាសព្ទប្រណិធាន       ជាតិជាពេជ្រញាណ   

                            យើងខ្ញុំសច្ចា។

៣៣- ដ្បិតពាក្យអ្នកក្តី       ទាំងពីរស្រដី               ដណ្តើមឈ្នះគ្នា

អស់ទាំងយើងខ្ញុំ             ជំនុំឃើញជា                ទញ់ទាល់ប្រាជ្ញា                   

                                នឹងកាត់ពុំបាន។

៣៤- ទើបនាំមកស្បថ    តាមដោយនូវបទ                      វិន័យបុរាណ

បើអ្នកឯណា                 មុសាវាទហាន             ស្បថទៅបំពាន          

                              បំពោកយកឈ្នះ។

៣៥- សូមអស់ទេព្តា    អារក្សនានា                ដែលមានតេជះ

បំផ្លិចបំផ្លាញ              ឲ្យលាញស្រឡះ                      ឲ្យភ្លើងឆេះផ្ទះ           

                            រន្ទះបាញ់ប្រាណ។

៣៦- ព្រាត់ម្តាយឪពុក   ព្រាត់ស្រែព្រាត់ស្រុក           ព្រាត់ធនព្រាត់ធាន

ព្រាត់កូនព្រាត់ចៅ       ព្រាត់ផៅសន្តាន                      រន្ទះបាញ់ប្រាណ                  

                            ក្សិណក្ស័យបង់បាត់។

៣៧- ព្រាត់កូនប្រពន្ធ       ថ្លោះខូចសក្តិបុណ្យ           វិនាសខ្ចាយខ្ចាត់

ត្រូវនឹងសាហាស់               នៃព្រះមហាក្សត្រ              ដើរគោកឲ្យសត្វ                   

                                 សាហាវហិង្សា។

៣៨- ជល់ជាន់ចាក់ព្រេច        ឲ្យល្អិតល្អោចខ្ទេច               អស់អង្គរូប                

ទោះដើរឯទូក                   ឲ្យភ្លូកដោយមហា                      ព្យុះសង្ឃរា                

                                 លិចលង់អន្តរាយ។

៣៩- ទោះបីស្លាប់ទៅ       ឲ្យទៅកើតនៅ            នានរកនាយ   

រងកម្មនៅនា               ចតុរាបាយ                 ក្នុងជ្រាំជ្រៅឆ្ងាយ                  

                               រូបរងវេទនា។

៤០- ទោះបីរដោះ          ពីនរកនោះ                ទៅកើតជាតិណា

កុំឲ្យប្រទះ                     នឹងព្រះពុទ្ធា               ឲ្យទៅកើតជា            

                               ប្រេតសត្វតិរច្ឆាន។

៤១- ទោះមកកើតជា   មនុស្សវិញក្តីណា                      ខ្សត់ខ្សោយសន្តាន

ជាខ្ញុំបម្រើ                  គេប្រើឥតក្សាន្ត                      កុំឲ្យគេមាន               

                             ប្រណីមេត្តា។

៤២- មួយសោតបើអ្នក    ណាកាចអប្បលក្ខណ៍          ពាក្យពុំសក្តិយា          

ចិត្តចោរទុច្ចរិត            គន់គិតព្លីការ              លន់តួស្មាលា            

                              ពីព្រះប្រណិធាន។

៤៣- នេះបើទេព្តា                 ណាយកស្មាលា                 មេត្តាប្រោសប្រាណ

ឲ្យទេពនោះស្រុត                   ច្យុតចាកស្ថាន              ទៅបង្កើតប្រាណ                  

                                      ក្នុងមហាអវីចី។

៤៤- បពិត្រទេព្តា                   បើអ្នកឯណា                      ស្លូតត្រង់សេចក្តី

សូមអស់អារក្ស                     ទេព្រក្សភពត្រៃ                      ទោះមេសរក្តី             

                                          ចម្រើនពរា។

៤៥- ឲ្យភ័ព្វសម្បត្តិ      សម្បូណ៌សុវត្ថិ            តិរេកគណនា

ថេរថិតយឺនយូរ         បរិបូណ៌ទីឃា                      យុយឺនព្រមប្រា                     

                          កដកាលនេះម្តង។

៤៦- លុះលែងជាតិទៅ  ផលនាំសំដៅ              ដូចចិត្តបំណង

ឲ្យបានសម្បត្តិ            តុសិតឥតហ្មង            មានបរិវារផង            

                          ច្រៀងរាំបម្រើ។

៤៧- នីរអស់ទុក្ខភ័យ   ឧបទ្រពចង្រៃ             បាបពៀរអំពើ 

អំពីបុព្វជាតិ               ស្អាងស្អាតប្រសើរ           ប្រសិនណាបើ           

                             អ្នកនោះចេតនា។

៤៨- ដូចម្តេចឲ្យបាន   ដូចចិត្តចំណាន            បំណងប្រាថ្នា

ទោះបីចង់បាន           និព្វានក្តីណា              ឲ្យបានដូចជា            

                               គំនិតប៉ុនប៉ង។

 -  ត្រូវឲ្យអ្នកដែលស្បថថាតាមអាជ្ញាកណ្តាល៣ដង៖

សូមពិតសូមឆុតៗ  ក្រៃចំហុត  ដូចចិត្តបំណង  ចំពោះថ្មីៗ  កុំបីផ្សូរផ្សង  ឲ្យអស់មនុស្សផង  រាងចាលរអា។

បើខ្ញុំវៀចឲ្យត្រូវតាមពាក្យបណ្តាសា  ស្មាលាកុំឲ្យរួច  បើខ្ញុំត្រង់ឲ្យចម្រើនដូចព្រះពរនេះ។