ដោយ លឹម ស៊្រូ
“អភិសេកព្រះ” គេអាចធ្វើជាពិធីមួយពេញមុខដាច់ដោយឡែកតែឯង។ ឧទាហរណ៍ ជួនកាលឧបាសកណាមួយ អាចជាវ ឬឱ្យគេសាងពុទ្ធបដិមាមួយព្រះអង្គដើម្បីយកទៅតម្កល់ក្នុងវត្ត ក្នុងព្រះវិហារក្តី ក្នុងសាលាក្តី។ ជួនកាលទៀត អភិសេកព្រះគ្រាន់តែជាកិច្ចពិធីមួយក្នុងបុណ្យធំអ្វីមួយ។ ឧទាហរណ៍ គេឆ្លៀតអភិសេកព្រះក្នុងពេលបូជាសព ដើម្បីឧទ្ទិសកុសលដែលបានមកឆ្ពោះទៅបុគ្គលដែលស្លាប់នោះ។ នេះពុំនិយាយពីពិធីបញ្ចុះសីមាឆ្លងព្រះវិហារថ្មីផង ត្បិតពិធីនេះតែងតែមានអភិសេកព្រះមិនដែលខាន ដោយសារព្រះវិហារត្រូវតែមានព្រះពុទ្ធរូបផ្សេងៗ ជាអាទិគឺព្រះជីធំទុកតម្កល់។ កិច្ចទាំងអម្បាលមាននោះវែងឆ្ងាយណាស់ រៀបចំឡើងស្ទើរតែមួយយប់ទល់ភ្លឺ ក្នុងនោះពុំត្រឹមតែមានកិច្ចដែលព្រះសង្ឃសូត្រធម៌ពិសេសៗ មានជយន្តោ និងបង្វិលពពិលច្រើនរយជុំប៉ុណ្ណោះទេ គឺតែងមានការសម្តែងរឿងដូចជាល្ខោនដូច្នោះដែរ តែល្ខោននេះជាល្ខោនកិច្ចសាសនា យ៉ាងហោចណាស់ក៏គេស្រង់ពុទ្ធប្រវត្តិត្រង់កន្លែងដែលទាក់ទងនឹងមធុបាយាសមកសម្តែងដែរ។ នៅទីនេះខ្ញុំពុំរៀបរាប់ពីការដាំមធុបាយាស និងការសម្តែងថាយកមកថ្វាយព្រះអង្គនោះទេ (សូមអានជំពូកទី២, លេខរៀង១៣) គឺគ្រាន់តែស្រង់ពាក្យសូត្រពីរ, ពាក្យទី១ ជាពាក្យដែលនាងសុជាតាពោល ឯពាក្យទី២ ជាពាក្យដែលព្រះពុទ្ធអង្គតបទៅនាង។ សម្រង់នេះខ្ញុំកត់មកតាមការប្រាប់ផ្ទាល់មាត់នៃលោកតាអាចារ្យម្នាក់រស់នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។
ខ្ញុំជានាងស្រីសុជាតា ពេលមុនបានបន់ទេវតាអារក្សជ្រៃ
ដោយន័យធ្លាប់ជឿជំនឿថា អារក្សដើមជ្រៃជាទេវតា
នាងបន់ប្រាថ្នាហេតុបីយ៉ាង ហេតុមួយថាបើត្រូវមានប្តី
ចិត្តអន្តិរ្ថិយលាសំណាង ប្រុសចិត្តអាក្រក់កុំជិតខាង
សូមលោកជួយនាងឱ្យផុតទុក្ខ សូមឱ្យប្តីនោះលុះដោយធម៌
មានចិត្តស្មោះសល្អបរិសុទ្ធ ហេតុពីរថាសូមឱ្យបានបុត្រ
ដោយពិតចំហុតកូនប្រុសមុន ហេតុបីសូមជួបតែអ្នកប្រាជ្ញ
ជាអ្នកអង់អាចស្គាល់ទោសគុណ បើបានដូចចិត្តថ្វាយទានមុន
យកមកសងគុណលាបំណន់ នាងសុជាតាបន់ទៅហើយ
មិនបានយូរឡើយនាងស្រីតន់ បានប្តីចិត្តល្អដូចនាងបន់
បានកូនប្រុសមុនដូចចិត្តប៉ង នាងជឿទេវតាអារក្សជ្រៃ
នាងខំកែខៃពេកកន្លង ធ្វើមធុបាយាសល្អហ្មត់ហ្មង
ប៉ុនប៉ងព្រឹកឡើងទូលទៅថ្វាយ លាការបែបន់បំណន់នាង
ដើម្បីភស្តុតាងចិត្តស្រស់ស្រាយ ដោយបានសម្រេចផលទាំងឡាយ
ដែលខ្លួនខ្វល់ខ្វាយពីមុនហោង ទើបនាំទាសីទូលដង្វាយ
បាយាសទៅថ្វាយលាបំណន់ ដល់ហើយនាងចូលដោយសង្វាត
ក្រាបទៀបព្រះបាទថ្វាយអភិវន្ទ ទូលថាខ្ញុំសូមលាបំណន់
ដែលបន់ពីមុនណាម្ចាស់ថ្លៃ។
ព្រះអង្គទ្រង់ឆ្លើយតបថា អាត្មាមិនមែនទេវតាអារក្សជ្រៃ
ជាមនុស្សអ្នកបួសនៅក្នុងព្រៃ រត់ភ័យក្លាចកើតចាស់ឈឺស្លាប់
រកធម៌ត្រាស់ដឹងជាព្រះពុទ្ធ ឆ្លងសង្សារវដ្តឱ្យផុតឆាប់
សម្តែងទេសនាឱ្យសត្វស្តាប់ ថ្លែងប្រាប់ទោសគុណអ្នករាល់គ្នា
បើនាងចង់ថ្វាយដល់អាត្មា ចូរផ្ចង់សច្ចាដោយសទ្ធា
កុំជឿអារក្សខ្មោចអ្នកតា ថាបន់ប្រាថ្នាបានដូចចិត្ត
បារមីដែលនាងសាងមកច្រើនជាតិ ផលនោះមិនឃ្លាតខុសគំនិត
និស្ស័យមានហើយចូរមកជិត ប្រគេនជីវិតតថាគត
មធុបាយាសដែលនាងថ្វាយ ដោះស្រាយអំពីបំណន់ផុត
សទ្ធាជ្រះថ្លាដ៏មោះមុត ព្រះពុទ្ធទ្រង់ឆាន់បានត្រាស់ឆាប់។