ដោយ អាំង ជូលាន
ក្នុងទស្សនវិទ្យាឥណ្ឌា មិនថាក្នុងលិទ្ធិព្រាហ្មណ៍ ឬព្រះពុទ្ធសាសនាឡើយ ពាក្យសំស្ក្រឹតថា សំសារ សំដៅទៅលើចលនាកើត-ស្លាប់ ដែលវិលដូចកង់ ហើយដែលពុំចេះចប់។ ពាក្យ សំសារ ~ សង្សារ នេះជាពាក្យតែមួយទេ (ដូចជា សំក្រាន្ត ~ សង្ក្រាន, សំឃាត ~ សង្ឃាត ជាដើម)។ តែចំពោះខ្មែរ កាលណាឮពាក្យថា “សង្សារ” ហើយ ពុំដែលគិតទៅទស្សនវិទ្យា ឬសាសនាអ្វីឡើយ គឺឲ្យន័យជាស្វ័យប្រវត្តិថា ដៃគូដែលមនុស្សម្នាក់ស្រឡាញ់ តែដែលពុំមែនឬពុំទាន់បានមកជាប្តីឬជាប្រពន្ធ។ ដូច្នេះមើលមួយភ្លែតទៅ “សង្សារ” ក្នុងន័យខាងក្រោយនេះ ហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីសោះទៅនឹងន័យដើម។ ដើម្បីធ្វើឲ្យគិតទៅន័យដើម ទាល់តែនិយាយថា “វាលវដ្តសង្សារ” ឬយ៉ាងហោចណាស់ក៏ “វដ្តសង្សារ” ដែរ។
ចុះហេតុដូចម្តេចបានជាចលនាវិលកើតវិលស្លាប់មិនចេះចប់ ទៅជាមានន័យថា គូកំណាន់ចិត្តទៅវិញ? ត្រង់នេះ យើងត្រូវមកគិតពាក្យបាលី សង្ខារ ដែលជាពាក្យតែមួយជាមួយគ្នានឹងសំស្ក្រឹត សង្សារ នោះឯង។ ចំពោះខ្មែរសព្វថ្ងៃ តែកាលណានិយាយថា “សង្ខារ” គឺគេតែងគិតទៅដល់ន័យទស្សនវិទ្យា ឬសាសនាភ្លាម។ ទោះបីជាគិតមិនដល់ទៅថាជាចលនាកើត-ស្លាប់ដូចកង់វិលដែលគ្មានទីបញ្ចប់ ក៏គង់គិតថា “ជីវិត” ដែរ ហើយជាពិសេស គឺជីវិតដែលអស់ ដូចមានពាក្យថា “អស់សង្ខារ”, “រលត់សង្ខារ”, “សង្ខារមិនទៀង” ជាដើម។ ត្រង់ន័យថា ជីវិតរហូតដល់ផុតនោះហើយ ដែលខ្មែរចាប់អារម្មណ៍។
ឥឡូវដល់ពេលដែលត្រូវនិយាយពីរឿងស្នេហាម្តង។ កាលណាមនុស្សម្នាក់ស្រឡាញ់ម្នាក់ទៀតចង់បានមករស់នៅជាមួយគ្នារហូតដល់ថ្ងៃបញ្ចប់ គេតែងនិយាយថា ចង់បានមកជា “គូជីវិត”។ យើងឃើញអម្បាញ់មិញហើយថា ពាក្យបាលី “សង្ខារ” រួញមកនៅក្នុងគំនិតខ្មែរជាទូទៅថា “ជីវិត” ហើយម៉្យាងទៀត បាលីថា “សង្ខារ” គឺជាពាក្យដែលសំស្ក្រឹតថា “សង្សារ” នោះឯង។ ដូច្នេះ “គូជីវិត” គឺជា “គូសង្ខារ” គ្រាន់តែគេមិនយកពាក្យបាលីមកប្រើដូច្នេះឡើយ គឺតែងតែយកសំស្ក្រឹតមកប្រើ។ មានន័យថា គូសង្សារ = គូជីវិត ដ្បិត “សង្សារ = សង្ខារ = ជីវិត ”។