ដោយ អាំង ជូលាន
ម្ចាស់កាព្យឃ្លោងឃ្លាដែលនឹងបង្ហាញខាងក្រោមនេះ យើងពុំដឹងថាជានរណាទេ តែតាមមើលទៅមនុស្សម្នាចេះតែចម្លងតាមគ្នាពីមួយទៅមួយ រហូតដល់មានមួយច្បាប់ដែលគេចម្លងនៅឆ្នាំ១៩៥៤ហើយរក្សាទុកនៅក្រុមទំនៀមទម្លាប់ខ្មែរ។ អ្នកចម្លងនោះធ្វើការប៉ាន់ស្មានថា ប្រហែលជាច្បាប់ដើមចារនៅរវាងព.ស.២៤៥២ ត្រូវនឹងគ.ស.១៩០៨។ ចំណែកឯចំណងជើងដើមវិញក៏យើងពុំដឹងថាជាអ្វីប្រាកដ ប៉ុន្តែដោយការចារនោះធ្វើឡើងនៅថ្ងៃសុក្រ ដូចមានបញ្ជាក់នៅដើមល្បះដូច្នោះ គេក៏នាំគ្នាហៅថា «សាស្ត្រាថ្ងៃសុក្រ» ដូច្នេះទៅ។
សេចក្តីនៅក្នុងកាព្យនេះ បើគិតជាអក្សរសាស្ត្រគឺយើងអាចបញ្ចូលទៅក្នុងប្រភេទច្បាប់ ពោលគឺច្បាប់ទូន្មានអប់រំមនុស្ស ហើយក្នុងនោះមានការរិះគន់ធ្ងន់ៗទៅលើជនភ្លើតភ្លើន ភ្លេចកំណើតឈ្លក់នឹងអបាយមុខជាដើម ស្តាប់មើលទៅជារបៀបរំលឹកបែបបណ្ដាំក្រមង៉ុយដែរ។ ខ្ញុំយកមកបង្ហាញនៅទីនេះដើម្បីគ្រាន់តែជាទីពិចារណាថា ក្បួនប្រដែប្រដៅដែលបាត់បង់ទៅប្រហែលជាមានរាប់សិប គ្រាន់តែខ្លះបានមកដល់ដៃយើង ហើយប្រហែលជាមួយចំនួនធំទៀតនោះបាត់បង់ជាស្ថាពរទៅហើយ។
បទពាក្យ៧
ថ្ងៃសុក្រពេញបូណ៌មីខែភទ្របទ នៅក្នុងកំណត់ព្រះវស្សា
ឆ្នាំឆ្លូវត្រីស័កនក្សត្រា សាសនាពីរពាន់បួនរយផ្លាយ។
នឹងថ្លែងពីរដ្ឋរាជបូរី ក្នុងដែនផែនដីនគរអាយ
កកើតអស្ចារ្យជនទាំងឡាយ ក្លែងក្លាយទាំងគ្រប់សព្វសេចក្ដី។
តាំងតែអ្នកឆ្ងាយគេចូលមក នៅក្នុងគោកធ្លករាជបូរី
កកើតជាហេតុភេទផែនដី ទាំងមនុស្សប្រុសស្រីប្រែចិន្ដា។
បែរបែកបោះបង់បែបបុរាណ គ្រប់ប្រាណពុំមានតាមមាត្រា
សឹកត្រេកដោយទ្រព្យគ្រប់រូបបា ពុំមានអ្នកណាតាមសណ្ដាប់។
ទាំងនេះហេតុតែភេទសីមា ព្រះពុទ្ធសាសនាប្រែក្រឡាប់
បណ្ដាលក្នុងចិត្តងងិតអ័ព្ទ យកខុសជាគាប់ក្រឡាប់ប្រែ។
អ្នកប្រាជ្ញប្រាប់ទៅខ្លៅមិនតាម មិនដោយទំនៀមទំនងខ្មែរ
ចចេសចិត្តឯងអាងពូកែ ត្បិតតែមានគេមកនៅថ្មី។
ខ្លះអាងខ្លួនឯងមានមាសប្រាក់ មានបុណ្យមានស័កិ្តជាមន្រ្តី
ហើយកើតធំចិត្តធំសម្តី ឥតបីឥតបើនឹងគណនា។
តម្កើងខ្លួនឯងឲ្យគេខ្លាច ពាក្យកោងប៉ោងកាចទាំងឫកពា
មិនកោតមិនខ្លាចចាស់ព្រឹទ្ធា អាងមានទ្រព្យាជាទីពឹង។
ខ្លះអាងខ្លួនឯងមានចំណេះ ប្រាជ្ញាវៃចេះជជែករឹង
ចចេសយកឈ្នះឈ្លោះទទឹង មិនមានរំពឹងគិតខុសត្រូវ។
មានទ្រព្យគាប់ចិត្តស្បិតធ្វើបុណ្យ ភ្លាំងភ្លើភ្លេចគុណម៉ែគុណឪ
គិតតែធ្វើស្រែនិងលក់ស្រូវ ឯផ្លូវទៅសួគ៌មិននឹកសោះ។
នេះហើយជាកម្មអកុសល មកផ្ដល់ឲ្យគ្មានបុណ្យឡើងសោះ
បើខាងស៊ីផឹកនឹកទាំងអស់ នោះទើបស្រូចស្រស់គិតរាល់ថ្ងៃ។
ខ្លះមានបុណ្យស័ក្តិមើលងាយសង្ឃ ព្រោះអាងថាអង្គឯងថ្កើនក្រៃ
សំពះព្រះសង្ឃក្រៃងថោកដៃ ឆ្មើងឆ្មៃវិស័យដូចក្រៅសាសន៍។
មានបុណ្យប៉ុណ្ណឹងប្រឹងក្រអើត ចំកោងស្ទួយស្ទើតទើសអាកាស
ចង់ធំតែខ្លួនគ្មានគិតខ្មាស ចោលសង្ឃបង់សាសន៍ថ្លៃឧត្តម។
ជួនកាលត្រូវការដើរចូលវត្ត ពាក់មួកបាំងឆ័ត្រធ្វើរម្យទម
ចូលក្នុងអារាមគា្មនអារម្មណ៍ អាងខ្លួនជាធំប៉ុណ្ណេះឯង។
អ្នកកើយនេះហើយលោភោ ទោសោមោហោនាំវង្វេង
បង្វែរនាំចិត្តឥតគិតក្រែង នេះហៅវង្វែងក្នុងសាសនា។
មនុស្សលោកឥឡូវក្រៅក្រមក្រឹត្យ កើតមានប្រុស្តចិត្តបីប្រការ
ចិត្តមួយមិនខ្លាចគ្រូអាចារ្យ ចិត្តមួយសោតណាមិនខ្លាចចាស់។
ចិត្តមួយមិនខ្លាចម៉ែឪឯង ឥតកោតឥតក្រែងរែងក្រឡាស់
ត្រឡាប់ត្រឡប់គ្រប់សព្វសាសន៍ រាល់រូបរាល់រាស្រ្តសឹងវង្វែង។
វិលវល់ក្នុងចិត្តគិតវីវរ ព្រោះភេទនគរកើតហេតុព្រេង
ទើបមានអកុសលដូច្នេះឯង ខ្លាចក្លែងវង្វែងវរចិន្តា។
នេះហៅប្រែរាជប្រែស័ករាជ សិស្សសោតមិនខ្លាចគ្រូអាចារ្យ
ឯកូនមិនខ្លាចអ្នកមេបា រីឯភរិយាមិនខ្លាចប្ដី។
កង្កែបមិនចង់ខ្លាចពោះវែក សត្វក្អែកចង់ជល់នឹងដំរី
ដើមចេកប្រុងជល់នឹងក្របី រីត្រីចង់ជល់នឹងបព្វតា។
ហេតុភេទយ៉ាងនេះកើតមានមក នាំឲ្យជនយកជាកិរិយា
សឹងចោលសណ្ដាប់ច្បាប់មាត្រា ទើបលោកឧបមាដូច្នេះនៃ។
គោស្រុកទៅចូលឯហ្វូងស្វា ឯឆ្មាបង់ផ្ទះទៅពឹងព្រៃ
មច្ឆាចោលបឹងទៅពឹងជ្រៃ ក្របីចោលត្រាញ់ស្រលាញ់ត្រែង។
យកជាពុំនាក់នៃអាត្មា ភ្លើងឆេះកាលណាទើបស្វះស្វែង
ភ្លើងឆាបរោលរាលដល់ខ្លួនឯង ទើបចោលបឹងត្រែងមករកត្រាញ់។
រាជហង្សហើរបង់ចោលសម្បុក ហើយទៅយកកុកជាសំឡាញ់
ដល់មានព្រានព្រៃគេបរបាញ់ កុកសសស្រាញ់ហើរចោលហង្ស។
ម្ល៉ោះហើយសំនឹងអសារសូន្យ អន្តរាយខូចខ្លួនវិនាសបង់
ព្រោះព្រើលគំនិតចិត្តគិតចង់ សប្បាយទើបបង់ពីសម្បុក។
លង់លុះមានភ័យដូច្នេះឯង ទើបបានហើរស្វែងរកទីសុខ
រកទៅរកមកបានតែទុក្ខ ព្រោះបង់សម្បុកស្ថានអាត្មា។
ហៃនែអស់ជនទាំងឡាយយើយ អ្នកអើយនេះហើយហៅឧបមា
ឧបម័យឲ្យដឹងហេតុគ្រប់គ្នា ការរងវេទនាជាប្រាកដ។
ព្រោះជនមានចិត្តជាវិបល្លាស សាងអកុសលក្រាស់ដោយសន្មតិ
លោកខឹងវង្វេងជាបែបបទ កំណត់ឥតក្រែងស្ថានអវីចី។
គ្មាននឹងរលឹកទៅស្ថាននាយ គិតតែសប្បាយនៅលោកិយ
ចង់បានចង់មានហួសពេកខ្មី មានអ្វីអួតនឹងឥតគណនា។
មានគោអួតគោពូកែគាប់ មានទ្រព្យអួតទ្រព្យប្រសើរជា
ចេះគូរអួតគូរឥតគណនា ចេះបៀអួតបៀឥតបើស្ដី។
មានកូនអួតកូនដោយដំណើរ មានក្លើអួតក្លើដោយមេត្រី
មានសេះអួតសេះឲ្យបានល្បី មានអីអួតនឹងឲ្យបានខ្ពស់។
អ្នកណាដូច្នោះនោះលោកថា វឹងស៊ុងមនុស្សមហាឆោតហួស
សឹងលុះអំណាចខ្លៅជ្រុលជ្រួស ពីព្រោះមិនត្រូវគន្លងឡើយ។
ហៃអ្នកទាំងឡាយចូរស្អាងចិត្ត ស្អាងកាយប្រព្រឹត្តទៅអ្នកកើយ
ត្បិតព្រះសាសនាជិតដល់ហើយ កុំធ្វើតោះតើយគួរឲ្យប្រឹង។
ធ្វើបុណ្យធ្វើទានកុំរៀនខ្លៅ កុំកាចឃោរឃៅឆោតឆាប់ខឹង
ធ្វើចិត្តឲ្យធ្ងន់ទន់ទើបនឹង បានជាពុំនឹងទៅស្ថាននាយ។
សេចក្ដីនេះក្រែងអស់អ្នកផង ពុំដឹងទំនងការសម្ទាយ
នូវអស់កិច្ចការផងទាំងឡាយ នៃនគរអាយកើតកូនខ្ចី។
កូនមួយជាប្អូនមួយជាបង ដើរត្រេចត្រសងសាងបារមី
ឯអស់មហាជនទាំងប្រុសស្រី បានដឹងសេចក្ដីនៃសុក្ខំ។
ផ្គរលាន់ឯបូព៌ឮកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពឹសឡើងពងកុំពូលភ្នំ ក្អែកសសម្ងំក្នុងគុម្ពត្រែង។
ពោធិ៍ព្រឹក្សរាបគល់ពុំចាក់ឫស ពស់វែកត្រាំពិសផ្ដាំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង រាជហង្សហើរស្វែងកាច់សម្បុក។
ពពេចក្រាបពងក្រោមគង្គា ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយប្រឹងរើសទុក ចំណេរទៅមុខទើបដឹងខ្លួន។
ស្វាក្រិសក្រញឹងប្រឹងហក់គុន លុះឃើញសេះលុនទើបរត់ពួន
កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក។
កុកសាប់រកស៊ីកណ្ដាលត្រាញ់ សស្រាក់សស្រាញ់មិនមានភ្លឹក
សីហនាទគគាតជាពន្លឹក ចាប់ត្រីរាល់ព្រឹកគ្មានមេតា។
ខ្លាញីរកស៊ីក្នុងសំសាន លាក់ប្រាណសំអានចាំសាសនា
លុះដល់ផ្គរលាន់៤ទិសា ទើបខ្លាយាត្រាពីក្នុងព្រៃ។
ឲ្យអស់មហាជនស្រាយចំណោទ ដែលខ្ញុំចែងចោទអាថ៌សេចក្ដី
បើអ្នកឯណាប្រាជ្ញាវៃ ទើបដឹងសេចក្ដីនៃបញ្ហា។
រីឯគោស្រុកនិងកុកស សព្វថ្ងៃឱបអរស្រលាញ់គ្នា
ធ្វើហាក់ដូចមិត្តចិត្តស្នេហា តែចិត្តគំនិតគិតទីទៃ។
ឯកុកនិងខ្លានៅដោយខ្លួន មិនទាន់ជួបជួនគ្នាឡើយនៃ
តែជួបកាលណាអស្ចារ្យក្រៃ សព្វសាសន៍ទីទៃភ័យមិនខាន។
ត្បិតអ្នកទាំងពីរសឹងកាចក្តាត់ អួតអាងអាវុធតែរាល់ប្រាណ
មានរិទ្ធិចេស្ដាពន់ប្រមាណ សឹងកាចហៅហ៊ានឥតឧបមា។
ឥឡូវខ្ញុំសួរអ្នកទាំងឡាយ ស្ម័គ្រចិត្តស្ម័គ្រកាយទៅខាងណា
ជាស្ម័គ្រខាងកុកឬខាងខ្លា អ្នកមានប្រាជ្ញាទើបថាត្រូវ
ឯមនុស្សវិងស៊ុងអាវាសែ ឃើញតែគេខ្ពស់ដូច្នេះកូវ
ម្ល៉ោះហើយផ្ដេកខ្លួនចូលចិត្តទៅ អែបអបនែបនៅផ្ញើអាត្មា។
នេះហើយសង្រ្គាមសករាជថ្មី អ្នកល្បីនិងល្បីល្បងចេស្ដា
ឯត្រង់ឈ្នះចាញ់មិនហ៊ានថា តែនឹងឧបមាដូច្នោះនៃ។
កង្កែបខ្លួនតូចទាបទេតើ ផ្ទឹមម្ដេចឲ្យស្មើនិងដំរី
កង្កែបនៅតែដោយរូងដី ផ្ទឹមស្ដេចរាជសីហ៍មានគុហា។
អំពិលអំពែកតូចមួយមេញ ម្ដេចឡើយគិតផ្ចាញ់ព្រះចន្ទ្រា
សត្វចាបខ្លួនតូចឥតគណនា ម្ដេចឡើយពុះពារជល់នឹងមាន់។
រីសោតកុកសាប់អប្បវង្សា ម្ដេចមកប្រាថ្នាហង្សសោភ័ណ
សំណស្លលាយកាឡៃស្ពាន់ ផ្ទឹមម្ដេចសុវណ្ណមាសចរណៃ។
ដូច្នេះអ្នកកើយចូរអ្នកគិត រំពឹងក្នុងចិត្តកុំសង្ស័យ
ធម្មតាឯខ្លាធ្លាប់នៅព្រៃ កន្ទុយវែងវៃបំពេនទុក។
ឥឡូវខ្លាដឹងដំណឹងជាក់ ថាគោមកស្ម័គ្រភាក់និងកុក
វិស័យឯខ្លាទន្សាស្រុក ដឹងហើយកើតទុក្ខឥតឧបមា។
ផ្គរលាន់ឯជើងភ្លើងឆេះទឹក ឆេះដើមពោធិ៍ព្រឹក្សព្រៃបព្វតា
លុះដល់រសៀលព្រះសូរិយា ទើបខ្លាយាត្រាលត់ភ្លើងព្រៃ។
ហៃអស់មហាជនទាំងឡាយអើយ អ្នកកើយដឹងហើយគួររំពៃ
រំពឹងរកស្ថានខ្លួនទីទៃ រវាសរវៃឲ្យឆាប់រ៉ា។
សេចក្ដីនេះមានមែនពិតហើយ អ្នកកើយកុំតុញទាល់ប្រាជ្ញា
រឿងនេះអ្នកប្រាជ្ញលោកឧបមា ឲ្យអ្នករាល់គ្នាគិតឲ្យយល់។
សាសនា២៤០០ផ្លាយ តាមដោយទំនាយព្រះទសពល
អ្នកបុណ្យចាប់ផ្ទៃក្នុងមណ្ឌល កើតកោលាហលខ្វល់ចំពាក់។
កើតកាប់លួចប្លន់ក្នុងនគរ សង្គ្រាមវឹកវរគ្មានទីភាក់
គ្មានទីអាស្រ័យជាពំនាក់ ពំនឹងពឹងពាក់អាត្មាឡើយ។
អ្នកកើយឮហើយគួរភាវនា ធ្វើបុណ្យគ្រប់គ្នាកុំកន្តើយ
សីលទានភាវនាធ្វើឲ្យហើយ ទើបអ្នកបានស្បើយពីទុក្ខភ័យ។
ការនេះអ្នកប្រាជ្ញអាចប្រាយប្រាប់ ឲ្យអ្នកផងស្ដាប់ហើយរវៃ
រវាសសាងមគ្គផលប្រពៃ ដើម្បីឲ្យទាន់ព្រះស្រីអារ្យ។
ហៃអស់មហាជនផងទាំងឡាយ កុំភ្លើតភ្លើនកាយភ្លេចមាតា
ភ្លេចភ្លាំងគុណគ្រូគុណអាចារ្យ ទាំងគុណបិតានិងគុណបង។
តែភ្លេចសឹងភ្លាត់ក្ដីប្រាថ្នា ភ្លេចនេះហៅមហាខុសពេកហោង
អ្នកណាធ្វើតាមដោយគន្លង នេះហោងនឹងបានដូចប្រាថ្នា។
ឥឡូវនេះនឹងបង្អស់ស្លេះ បញ្ឈប់ប៉ុណ្ណេះពុំចរចា
សង្ខេបសេចក្ដីនៃប្រស្នា សូរេចប្រការម្ល៉េះឯងហោង។
ចម្លងចប់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៥៤
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ