“ក្តាម” ជាពាក្យមួយតែងឡើងនៅសម័យកណ្តាល ហើយដែលនៅក្នុងពពួកសាស្ត្រាល្បែង។ តែដោយហេតុថាជម្រៅនៃ កាព្យនេះវែងឆ្ងាយហួសការអាន ឬក៏ការសូត្រកម្សាន្តធម្មតា ពោលគឺជាការប្រដៅមនុស្សឲ្យមានការប្រុងប្រយ័ត្នជានិច្ច ការពារល្បិចកលផ្សេងៗដែលអាចនឹងឲ្យទុក្ខទោសដល់ខ្លួននោះ គេបញ្ចូលសាស្ត្រាក្តាមមកក្នុងពពួក “ច្បាប់”។ ច្បាប់ស្ទើរ តែទាំងអស់ ទាំងចាស់ (ឧទាហរណ៍ ច្បាប់ពាក្យចាស់, ច្បាប់កេរ្តិ៍កាល ... ) ទាំងច្បាប់ថ្មីដែលតែងនៅស.វ.ទី១៩និងទី២០ សុទ្ធសឹងតែអ្នកគ្រូ ពៅ សាវរស បានសិក្សាយ៉ាងម៉ត់ចត់ជាទីបំផុត ព្រមទាំងប្រែជាភាសាបរទេស ផ្សព្វផ្សាយទូទៅក្នុង សាកលលោកផង។ អ្នកគ្រូបានសិក្សាសាស្ត្រាក្តាមនៅក្នុង “កម្រងច្បាប់” ដែលផ្សព្វផ្សាយឡើងដោយមជ្ឈមណ្ឌល Cedoreck នៅឆ្នាំ១៩៨៨។ យើងស្រង់ចម្លងយកតែសាស្ត្រាក្តាមមួយគត់អំពីកម្រងនោះមក ជូនអ្នកអានជាទីសណ្តាប់។ ម៉្យាងទៀត បើចង់ជ្រួតជ្រាបអំពីសេចក្តីអធិប្បាយផ្សេងៗ ទាល់តែអានច្បាប់នៅក្នុងកម្រងនោះតែម្តង។
១- ព្រហាមផ្គរធ្ងន់ ផ្គរមិនទុរជន នឹងក្តាមឡើយណា
ដូចកលសាច់ញាតិ សន្តានផងគ្នា ដ្បិតចេញវស្សា
ផ្គរលាក្តាមទៅ។
២- ផ្គរមានមេត្តា ផ្គរផ្តាំក្តាមថា ដ្បិតក្តាមកម្លៅ
ថាវ៉ើយអស់ក្តាម ធ្វើរន្ធឲ្យជ្រៅ ខ្លួនឯងកម្លៅ
ជាសត្វតិរច្ឆាន។
៣- ដ្បិតអញនឹងទៅ អញឲ្យហៅចៅ មកប្រមព្រមាន
ក្រែងអត់នឹងអញ មានភ័យដល់ប្រាណ រិះគិតរកស្ថាន
លំនៅកំបាំង។
៤- រកកៀនរកកោះ កន្លៀតចន្លោះ ប្របខាងត្រពាំង
គិតពីឥឡូវ កុំឲ្យដល់ប្រាំង ក្រែងដីរឹងគាំង
កកាយពុំបាន។
៥- ដ្បិតអញនេះឮ មនុស្សលោកនឹងធ្វើ ក្បាលហងឯងភាន
ថាវាពិសា អាត្មាឯងមាន ខ្លាញ់ពន់ប្រមាណ
វានឹងដុតឆី។
៦- មនុស្សលោកវាថា បុកក្តាមពិសា នឹងអម្ពិលខ្ចី
នឹងស្លឹកសណ្តែក នឹងម្អមលាយថ្មី បុកពុំទាន់ឆី
ស្រក់ទឹកមាត់មុន។
៧- មនុស្សខ្លះវាថា ខែចេញវស្សា ក្តាមរែងខ្លាញ់លន់
ទន្ទឹងតែព្រឹក វាដើរគយគន់ បើវាឃើញរន្ធ
វាជីកយកបាន។
៨- ខ្លះរកជញ្ជាត់ វាថាឯងកាត់ ស្រូវវាជាម្តង
ប្រមប្រាប់កូនចៅ សាច់ញាតិផៅផង កុំឲ្យឃ្នើសឃ្នង
ប្រហែសខ្លួនប្រាណ។
៩- ខ្លួនឯងពាយងាយ ម្តេចហានកកាយ ភ្លឺស្រែជាស្ថាន
លិចទឹកទាល់អស់ ស្រូវលាស់ពុំបាន វានឹងជីកប្រាណ
ជាអាហារវា។
១០- វាយកទៅដុត ខ្លាញ់ឯងរលត់ ទាំងភ្លើងសោះសា
ឆ្អិនស្រេចហើយនៃ មកវៃទំពា ក្រៀបក្រួបមហិមា
ផ្សំនឹងបាយកក។
១១- វាឆីខ្លួនឯង វាថាជាល្បែង ឆ្ងាញ់ដូចគេត្បក
បើឆីទទេ មិនដូចបាយកក វាចង់ទៅរក
មកដុតឆីទៀត។
១២- ចៅឯងរិះរក ត្រពាំងមានថ្ម ចៅយកខ្លួនសៀត
ប្រយ័ត្នឲ្យល្អ ច្រកថ្មចង្អៀត ប្របាំងប្របៀត
កុំឲ្យឃើញខ្លួន។
១៣- ចៅមើលមនុស្សលោក វាដើររកឈ្ងោក រវៀសរត់ពួន
ឲ្យវាកំបាំង ខាងច្រាំងលាក់ខ្លួន កុំឲ្យវាជួន
វាចាប់យកទៅ។
១៤- ហៅអញអាសូរ ជួយរិះគិតគូរ ប្រមប្រាប់ប្រដៅ
ដ្បិតផ្គរនឹងក្តាម នូវមនុស្សក្បាលខ្មៅ វាយកក្តាមទៅ
ដុតឆីបាយលេង។
១៥- ផ្តែផ្តាំស្រេចហើយ ទើបក្តាមឆ្លាស់ឆ្លើយ អ្នកអើយសូមទាន
ស្មើអ្នកអាពុក បង្កើតខ្ញុំបាន ស្មើអ្នកធ្វើស្ថាន
ឲ្យខ្ញុំនៅហោង។
១៦- អះអ្នកប្រដៅ អស់អាថ៌រាក់ជ្រៅ គុណអ្នកមហាថ្លៃ
ឥតអ្វីនឹងសង ម៉្លោះហោងពេកក្រៃ ខ្ញុំចាំពីថ្ងៃ
នេះទៅហោងណា។
១៧- អ្នកអើយអ្នកស្តាប់ អញខ្ញុំនឹងប្រាប់ ឲ្យអ្នកស្តាប់រ៉ា
មានកាលមួយថ្ងៃ ខ្ញុំចរយាត្រា ទៅលេងនៅនា
ថ្លុកមួយធំក្រៃ។
១៨- ពើបពះវាដើរ ងងាសចេញមក ពីព្រៃនោះនៃ
ក្រឡេកឃើញខ្ញុំ លោតច្រាំនឹងក្ស័យ តេជះខ្ញុំវៃ
ខ្ញុំវេះរួចហោង។
១៩- ខ្ញុំពួនក្រោមគល់ រកខ្ញុំពុំយល់ វាស្តាយកន្លង
ថាឱក្តាមធំ ដុតឆីបាយម្តង វាចោរដកទង
ចង់ឆីខ្ញុំណាស់។
២០- លុះចាប់ពុំបាន វាដើរទៅស្ថាន ឯទៀតនានា
ចាប់អស់ក្តាមដាក់ ក្នុងត្រកហើយណា វាចរយាត្រា
ដើរទៅទៀតហោង។
២១- ខ្ញុំមើលទៅយល់ ក្នុងត្រកងងុល កង្កែបក្តាមផង
នៅក្នុងត្រកវា អាត្មាខ្ញុំហោង ក្រែងដូចក្តាមផង
ខ្ញុំគិតអនិច្ចា។
២២- អ្នកអើយខ្ញុំខ្លាច មនុស្សមានអំណាច រអាមរអា
ត្រង់ខ្វារត្រង់ជីក ខ្ញុំខ្លាចណាស់ណា វាមុតអាត្មា
របើកខ្ចាត់ខ្ចាយ។
២៣- បើតែខ្ញុំនៅ ធ្វើរន្ធឲ្យជ្រៅ កុំឲ្យឃើញកាយ
ខុសតែកង្កែប ច្រវែបអន្តរាយ វាមកនៅលាយ
ខូចទាំងជាកាច។
២៤- បើឮភ្លៀងម្តង វាយំរំពង លោតលេងរសាច
វាសើចវាលេង ចិត្តវាមិនខ្លាច វាអាងអំណាច
អ្វីនៅខ្លួនវា។
២៥- មិនរាងមិនចាល គេធ្វើងៀតហាល ដុតឆីពិសា
ខ្លះយកទៅលក់ កាត់ទាំងបាទា ហើយកាត់សិរសា
ទើបវាសំអុះ។
២៦- យកខ្ញីយកម្រេច បង់ខ្ទឹមបន្តិច ប្រហុកបង់ចុះ
យកស្លឹកសគ្រៃ នូវស្ពៃបង់ស្មោះ ហុតឡើងថាឱះ
ពិសាពេកពន់។
២៧- វាឆីខ្លួនឯង វាថាជាល្បែង កង្កែបខ្លាញ់ហើយ
ឆីណាវាមិន ឆ្អែតឆ្អន់សោះឡើយ វាគិតវាគយ
ដើររកទៀតហោង។
២៨- អ្នកអើយឯខ្ញុំ មានដង្កៀបធំ មិនយកខ្ញុំបាន
ខ្ញុំកៀបដៃជាប់ ចង្រៃសាមាន្យ ឲ្យដំបៅប្រាណ
ពិការជាម្តង។
២៩- អ្នកអើយឯខ្ញុំ តែងគិតអារម្ម សព្វថ្ងៃឯងហោង
យល់មនុស្សចង្រៃ ពេកក្រៃកន្លង ខ្ញុំស្អប់ណាស់ហោង
ពេកក្រៃមហិមា។
៣០- ខ្ញុំឃើញវាដើរ ចំអើតភ្នែកមើល ក្រឡេកក្រឡៅ
វាស្រែកហៅគ្នា មករ៉ាចៅរ៉ៅ យកត្រកមកចៅ
អញនឹងដាក់ក្តាម។
៣១- ខ្ញុំឮវាថា ក្នុងអង្គអាត្មា ភិតភ័យអស់ប្រាណ
ខ្ញុំរត់ម្នីម្នា ចូលក្នុងរន្ធបាន វាចោរសាមាន្យ
រកខ្ញុំពុំយល់។
៣២- ប្រសិនតែឃើញ វាយកទៅឆី អស់អង្គអាត្មា
ភ័ព្យមានខ្ញុំចេះ តម្រិះខ្ញុំណា គេចវេះចេញរ៉ា
ខ្ញុំរួចម៉្លេះហោង។
៣៣- រីឯមនុស្សសព្វថ្ងៃ គ្មានបច្ច័យនឹងសីលទាន
ទៅបរលោកនាយគ្មាន នោះសឹងសាប់សូន្យជាម្តង។
៣៤- បើបានសីលនិងទាន នោះសឹងមានឧបនិស្ស័យ
ទៅបរលោកនោះនៃ ពុំលែងឡើយសឹងរាល់គ្នា។
៣៥- ពាក្យនេះខ្ញុំលើកលង ខ្ញុំលើកល្បងតាមប្រាជ្ញា
កុំឲ្យសន្តានថា ខ្ញុំលើកលងទៅឯងហោង។
៣៦- ខ្ញុំលែងលើកហើយ។