ស្រីតែងខ្លួន

ដោយ  ព្រាប  ចាន់ម៉ារ៉ា

ការតាក់តែងកាយជាទម្លាប់ធម្មតារបស់មនុស្ស ជាពិសេសមនុស្សស្រី មិនថាមាន មិនថាក្រ តែបើអ្នកមានជីវភាពធូរធារ ឬអ្នកក្នុងត្រកូលមានយសផង ការយកចិត្តទុកដាក់នោះកាន់តែខ្លាំងទៅទៀត ។ សម្អិតសម្អាងខ្លួនប្រាណនោះ រាប់តាំងពីការផាត់មុខមាត់, លាបប្រេងម្សៅ, ស្លៀកពាក់, ពាក់គ្រឿងអលង្ការសព្វបែបយ៉ាង, ជួនពាក់ជាប់នឹងខ្លួន ជួនកាន់នឹងដៃ។ សូម្បីតែឥរិយាបថនិងកាយវិការផ្សេងៗក៏អាចចាត់ទុកថាជួយសោភ័ណភាពរាងកាយដែរ។ ការធ្វើឲ្យរូបកាយស្រស់ប្រឹមប្រិយតាមបែបផ្សេងៗនេះ គេហៅថា “តែងខ្លួន”,  “សម្អាងកាយ”, “ធ្វើខ្លួន”, “លេងខ្លួន” ខ្លះទៀតនិយាយតាមភាសាបារាំងថា “ម៉ាកាយេ” ជាដើម។ បើពោលតែពីរបស់ដែលយកមកលាបលនលើខ្លួន គឺពីមុនមកគេប្រើតែវត្ថុបានមកពីធម្មជាតិ មានម្សៅរមៀត, ពន្លៃ, សម្បកព្រហូត, សម្បកអំពិល, ខ្លឹមច័ន្ទន៍ ឬក្រចេះ ៘ ចំពោះក្រមួន ឬប្រេងលាបសក់និងមាត់ជាដើមក៏យកពីធម្មជាតិសុទ្ធសាធ។ រីឯការកក់សម្អាតនិងថែទាំសក់ក៏ដូច្នោះដែរ គឺគេប្រើផ្លែក្រូចសើច ឬទឹកក្បុងធ្វើពីរុក្ខជាតិខ្លះ។ ក្រៅពីនោះមានវិធីស្ពុងថែទាំស្បែកដោយប្រើឱសថបានមកពីរុក្ខជាតិ មានប្រទាលជាដើមផង។ សូមជ្រាបថា ការប្រើប្រាស់របស់អស់ទាំងនេះពុំឃើញបង្ករផលរមាស់អ្វីដល់ខុសភាពឡើយ។

បើពោលពីសម័យបុរាណវិញ ប្រហែលជាគេយកចិត្តទុកដាក់ទៅលើសោភ័ណភាពរូបរាងសម្បើមណាស់ ត្បិតមើលតែរូបលេខ១ (ទេពអប្សរនៅអង្គរវត្ត) ទៅក៏យល់ហើយថា ការសម្អិតសម្អាងកាយនោះដល់កម្រិតណា គឺតាំងពីសម្លៀកបំពាក់, គ្រឿងអលង្ការ ស្ទើរតែស្រោចខ្លួន រហូតដល់សក់ក្បាលក៏ផ្ចិតផ្ចង់អស់ពីចិត្តដែរ។ ចម្លាក់បុរាណរបៀបនេះមានច្រើនរាប់រយរាប់ពាន់ទៀត ខ្ញុំមិនអាចយកមកបង្ហាញនៅទីនេះឲ្យអស់ឡើយ ហើយអ្នកខ្លះក៏ធ្លាប់ដឹងឮស្រាប់ហើយដែរ។ របៀបតុបតែងនោះ ជួនកាលធ្វើដោយខ្លួនឯង គ្រាន់តែមានកញ្ចក់មួយសម្រាប់ឆ្លុះមើលប៉ុណ្ណោះ (រូបលេខ២)។ រីឯអ្នកខ្លះទៀតមិនត្រឹមតែស្អិតស្អាងដោយខ្លួនឯងទេ គឺមានអ្នកជួយផ្ចិតផ្ចង់ឲ្យផង ដូចឃើញនៅរូបលេខ៣ មានស្រីម្នាក់អង្គុយកាន់កញ្ចក់ធំមួយឆ្លុះមើលមុខខ្លួន ឯស្រីម្នាក់ទៀតមានគេយកចិត្តទុកដាក់ជួយតុបតែងសក់ឲ្យហើយស្រីនោះទំនងជាមានឋានៈអ្វីគួរសមផងក៏មិនដឹង ត្បិតគ្រាន់តែអង្គុយក៏មានគ្រែខ្ពស់ជាងគេឯងបន្តិចដែរ។ រូបលេខ៤ ក៏ប្រហាក់ប្រហែលគ្នាដែរ គឺការតែងខ្លួនមានគេជួយជ្រោមជ្រែងផង។ នេះនិយាយតែពីរបីម៉ាត់អំពីសម័យបុរាណ។

បើលោតមកសម័យមុននេះរវាង១០០ឆ្នាំយ៉ាងយូរ ក៏ប្រហែលជារបៀបរបបធ្វើខ្លួននោះមិនទាន់បាត់បង់ទៅឯណាដែរ គ្រាន់តែប្រភេទសម្លៀកបំពាក់ ឬរបស់របរផ្សេងៗទំនងជាមានការផ្លាស់ប្តូរពីមុនខ្លះៗប៉ុណ្ណោះ។ ជាឧទាហរណ៍នៅទីនេះ ខ្ញុំលើកយកកាព្យក្នុងល្បះខ្លះស្រង់ចេញពីរឿងភោគកុលកុមារ ដែលតែងដោយព្រះឃ្លាំង នង នៅរវាងឆ្នាំ១៨០៤មកបង្ហាញ៖

 ខុនណាងខ្លួនខ្លះ                    សម្បុរសជ្រះ                     ខ្លះខ្មៅស្រអែម

មុខមាត់ខឹមរឹម                       ញញឹមញញែម                  លាបប្រេងរលែម

                                       រលោងស្ទើរស្រក់។

ខ្លះដោះសណ្តាយ                  មុខស្រស់រីករាយ           យកស្និតសិតសក់

លាបប្រេងផាត់ម្សៅ               មើលទៅកញ្ចក់            ក្រែងខ្លួនអាក្រក់

                                     ប្តីមិនស្រឡាញ់។

នាងខ្លះដោះក្បំ                      ពាក់អាវសសម            សក់វែងខ្មៅខ្មាញ់

ស្លៀកខៀនស្ថានស                ផ្កាស្រកាលេញ            យាងយាសចរចេញ

                                     ពីផ្ទះអាត្មា។

នាងខ្លះដោះញ                     ពាក់អាវព្រែស                  ដណ្តប់កាសាវ៍

ស្លៀកសំពត់ហូល                  ជរបូខៀនផ្កា                      ផាត់ម្សៅគន្ធា

                                             បញ្ចើអង្គអាត្ម។

នាងខ្លះញ៉ែងញ៉ង                  បួងបត់សក់ចង                រូបរាងស្អាតបាត

ថ្ពាល់ម៉ដ្ឋប៉ផូរ                        ស្លៀកហូលសុទ្ធគាត                    ចរចូលប្រាសាទ

                                      ជើងទៀនទិព្វទៅ។

នាងខ្លះមុខមូល                     ថ្ពាល់ម៉ដ្ឋប៉ផូរ                      កាន់ព្រះវិជនី

ពីពាត់ពាក់អាវ                        លាវខ្មៅស្រស់ថ្មី                     ស្លៀកខៀនផុសភ្ញី

                                       វល្លិវាសរចនា។

នាងមួយមុខម៉ដ្ឋ                    ខ្លួនសស្រគត់                      ស្រគំកាយា

ពាក់ពាតអាវលាវ                  ពាក់កាវសោភា            កាន់ព្រះកនិច្ឆា

                                     អង្គុយគង់គាល់។

នាងមួយមុខស្រស់                    កាន់ព្រះសិទ្ធរស         ពាក់អាវលាវពណ៌-

លឿងដូចរមៀត                    ស៊កសៀតផ្កាញ័រ            របៃបញ្ចពណ៌

                                       បួងបត់កេសី។

នាងមួយមុខប៉ែន                   ដោះក្រាលក្បំណែន  កាន់ពានព្រះស្រី

ពាក់អាវលាវខៀវ                   រាងរៀវឥន្ទ្រិយ           ស្លៀកខៀនលេចថ្មី

                                       ផុលផុសសឹងផ្កា។

នាងមួយមុខឈ្មង                  ថ្ពាល់ផូរបំព្រង             ផង់ផាត់សុគន្ធា

ពាក់អាវច្បុចច្បាស់                     ជំទាស់ហត្ថា            កាន់ព្រះភូសា

                                      មាសម័យពន្រាយ។

នាងមួយមុខឈរ                   ផ្អៀងផ្អងថ្ងិចថ្ងរ            អំពើកែក្រាយ

ថ្ពាល់ផូរផាត់ម្សៅ                   ពាក់អាវលាវស្វាយ           ករកាន់ព្រះឆាយ

                                      ព្រះសម្អាងអង្គ។

នាងមួយមុខរាហ៍                   បួងសក់កេសា             ថ្ពាល់ផាត់ផូរផង់

ពាក់អាវដកគាំ                     ស្រគាំបញ្ចង់            បញ្ចើមានទ្រង់

                                  កាន់ពានព្រះស្រី។

នាងមួយមុខដាច់                  ដោះតូចទើបប៉ិច                ស្លៀកខៀនទេសថ្មី

ពាក់អាវក្រហម                     ល្មាក់ល្មមឥន្ទ្រិយ           ស្រគត់ប្រិមប្រិយ

                                     កាន់ពានព្រះពស្ត្រ។

សឹងពាក់ត្រសាល់                  ស្នៀតសក់ផ្កាញ័រ            សឹងដាំត្បូងបុស្ប

ពាក់ចិញ្ចៀនច្រាល                  រន្ទាលស្រៀវស្រស់            សក្តិសមកម្ពស់

                                      កំពុងពេញពាល។

 

ពិនិត្យរឿងរ៉ាវក្នុងកាព្យប៉ុន្មានល្បះនេះហើយ យើងមកមើលរូបគំនូរចាស់ៗនៅរវាងដើមស.វ.ទី២០វិញ ដែលគេគូរតាមសាច់រឿងរាមកេរ្តិ៍ ឬរឿងបុរាណអ្វីផ្សេងៗ យើងតែងឃើញមានឈុតខ្លះបង្ហាញពីការតែងខ្លួនរបស់ស្រីៗ។ នៅរូបលេខ៥ ឃើញថាស្រី៣នាក់កំពុងធ្វើខ្លួន គឺម្នាក់អង្គុយសិតសក់ដោយដៃម្ខាងកាន់កញ្ចក់ឆ្លុះផង ឯម្នាក់ទៀតឈរឆ្លុះកញ្ចក់ផ្អៀងផ្អងមើលរាងកាយទើបនឹងតែងរួច។ នៅរូបលេខ៦ ស្រី២នាក់អង្គុយក្បែរមាត់បង្អួច ស្លៀកពាក់សមសួន មានពានាសំពត់ផ្កាផង ហើយម្នាក់នៅមុខគេមានកាយវិការរស់រវើកណាស់ គឺលើកដៃស្តាំទំនងជាអេះក្បាល ឬធ្វើអ្វីបន្ថែមនៅលើសក់។ រូបលេខ៧ ក៏កាន់តែគាប់ភ្នែកទៅទៀត ស្រី២នាក់នេះតែងខ្លួនស្អាតស្អំសមរាងសមរៅ បណ្តើរគ្នាស្រសង ហាក់ដូចជាកំពុងនិយាយគ្នាលេងផង។ ដូចពោលពីខាងដើមស្រាប់ថា កាយវិការឬឥរិយាបថក៏ជាផ្នែកមួយនៃសោភ័ណភាពរាងកាយដែរ គឺមានស្រីខ្លះតែងខ្លួនល្អល្អះហើយ លុះធ្វើឫកពារញ៉ែងញ៉ង អែនអនថែមទៅ ក៏កាន់តែស្រស់ស្រាយឡើងទៀត (រូបលេខ៨)។ នៅរូបលេខ៩ ស្រីនោះកាន់ឆ័ត្រដើរ ឯរូបលេខ១០-១១ គេតែងខ្លួនស្អាតបាត អង្គុយតម្រៀបគ្នា ហើយនៅនឹងដៃកាន់របស់ផ្សេងៗ មានពាននិងផ្លិតជាដើម។ រូបលេខ១២ ស្រីម្នាក់នោះពាក់អាវដៃវែងជិតខ្លួន ព្រមទាំងពានាស្បៃ និងកាន់ដាវនៅដៃផង។ ចំពោះស្រីៗប៉ុន្មាននាក់នៅរូបលេខ១៣ឯណេះវិញ ឃើញថាលេងខ្លួនសមសួនល្អណាស់ដែរ ហើយកំពុងបរទេះគោឆ្ពោះទៅទីណាមួយ។

មើលរូបពីបុរាណទាំងអម្បាលម៉ាននេះឃើញថាស្រីៗចូលចិត្តតែងខ្លួនស្អាតបាត ស្រស់ ស្រាយណាស់។ ចំពោះសម័យបច្ចុប្បន្ននេះវិញ ខ្ញុំពុំចាំបាច់រៀបរាប់អ្វីទេ ត្បិតយើងមើលឃើញនឹងភ្នែកស្រាប់ ទាំងរបៀបរបប និងគ្រឿងសម្អិតសម្អាងនោះ។