ស្រី

 ដោយ អាំង ជូលាន

 អក្សរខ្មែរដែលមានមកទល់សព្វថ្ងៃនេះ ដើមឡើយខ្ចីមកពីឥណ្ឌា។ ខ្ចីនោះសោត គឺខ្ចីប្រព័ន្ធអក្សរទាំងដុលតែម្តង ពោលគឺប្រព័ន្ធព្យញ្ជនៈនិងប្រពន្ធ័ស្រៈ ដោយឥតមានប៉ះពាល់ថែមថយអ្វីទាំងអស់។ ដូច្នោះហើយជៀសពុំផុតទេ ដែលអក្សរខ្លះខ្ចីមកលើស ដោយសារមាត់ខ្មែរក្នុងភាសាខ្មែរពុំត្រូវការ ហើយផ្ទុយទៅវិញមានសម្លេងខ្លះខ្មែរត្រូវការអក្សរយក មកសម្គាល់ តែដោយសារឥណ្ឌាឥតមាន  សម្លេងនោះ អក្សរដែលខ្មែរខ្ចីមកក៏ពុំមាន។ និយាយនេះគឺនៅសម័យបុរាណ។ ខ្ញុំសូមជូនឧទាហរណ៍មួយនៅសម័យថ្មីយើងនេះដើម្បីងាយយល់។ ពាក្យបារាំងថា  Son បើឲ្យខ្មែរអាន គឺអានថា “សុង” ឃើញថា “ស” ត្រូវនឹង “ S ” ដូច្នោះមែន ពុំមានខុសអ្វីឡើយ។ តែបើបារាំងថា  Cheval ខ្មែរអានថា “សឺវ៉ាល់” មានន័យថា “ Ch” ក៏ខ្មែរនៅតែទុកថាជា “ S ” ដដែល ព្រោះមាត់ខ្មែរមានតែ “ S ” ម៉្យាងនេះ។

ឥឡូវចូរយើងត្រឡប់ថយក្រោយទៅបុរាណកាល។ ចំពោះពពួក “ស” ឬ “ S ”  ឥណ្ឌាមានពុំត្រឹមតែ២ដូចបារាំងប៉ុណ្ណោះទេ គឺមានដល់ទៅ៣ ដោយរបៀបគួចមាត់ ឬគ្រលាស់អណ្តាត ថានោះខុសៗគ្នា។ “ស” ទី១ មានមករហូតដល់សព្វថ្ងៃនេះ។ “ស” ទី២និងទី៣  មានប្រើរហូតដល់ស.វ.ទី១៧  (ពីមុនមក គេសរសេរជា ឞ និង ឝ) តែផុតអំពីនោះមកក៏បោះបង់ចោលទៅ ព្រោះយ៉ាងណាក៏សម្លេងអាននោះចេញមកជា “ស” តែម៉្យាង។

ខ្ញុំសូមយកពាក្យខ្មែរ៣ ដែលខ្ចីមកពីសំស្ក្រឹតមកបង្ហាញ។ ពាក្យដែលសព្វថ្ងៃសរសេរជា “សូន្យ” កាលមុនសរសេរជា “ឝូន្យ” ឲ្យត្រូវតាមអក្ខរាវិរុទ្ធសំស្ក្រឹត។ ពាក្យសព្វថ្ងៃថា “អាសាធ” កាលមុនសរសេរជា “អឞាធ” តម្រូវទៅតាមសំស្ក្រឹតដូចគ្នា។ ឯពាក្យដែលពីមុនសរសេរជា “សភា” សព្វថ្ងៃក៏នៅតែសរសេរ “សភា” ដដែល ត្បិត “ស”  នេះពុំបាត់បង់ទៅណាទេ ដោយសារត្រូវនឹងមាត់ខ្មែរទាំងស្រុង។

ពីមុនមក ប្រសិនបើយើងរក្សាទុកបានទាំង៣ដូចសៀមគេរក្សាបាននោះ គឺជាការប្រសើរ។ ប៉ុន្តែការដែលបោះបង់ចោល ឞ  និង ឝ នោះក៏មិនអាចចាត់ទុកថាខុសដែរ ពីព្រោះខ្មែរគ្មានសម្លេងទាំង២នោះ។ ហេតុនេះសព្វថ្ងៃសរសេរថា “សូន្យ”, “អាសាធ”, “សភា” បែបនេះ គឺប្រក្រតីជាធម្មតា។

និយាយវែងឆ្ងាយបន្តិចមកនេះ គឺដើម្បីបើកផ្លូវចូលមកប្រធានបទអំពីពាក្យ “ស្រី” ដែលខ្ចីមកពីសំស្ក្រឹតហើយក្លាយមកជាបែបនេះ។ អក្ខរាវិរុទ្ធ “ស្រី” របៀបនេះគ្មានទេក្នុងសំស្ក្រឹត។ សំស្ក្រឹតមានពាក្យមួយថា “ស្ត្រី” ដូចយើងស្គាល់ន័យស្រាប់។ យើងឃើញថា ក្នុងពាក្យនេះ ព្យញ្ជនៈ៣ផ្តុំនៅជាមួយគ្នាក្នុងព្យាង្គតែមួយ គឺ ស, ត និង រ។ មាត់ខ្មែរ បើនិយាយធម្មតា ពុំអាចថាបានឡើយ ព្រោះព្យាង្គខ្មែរអាចមានតែព្យញ្ជនៈ១ទោលតែឯង ឬ២ជាន់គ្នាប៉ុណ្ណោះ (បើសៀមផង ព្យញ្ជនៈមិនអាចត្រួតលើគ្នាបានទេ)។ ហេតុនេះ “ស្ត្រី”  ក្លាយមកជា “ស្រី”  (មនុស្សស្រី, ភេទស្រី) ជាធម្មតា ត្បិតនេះជាមាត់ខ្មែរ។

មានពាក្យសំស្ក្រឹតមួយទៀត ឥតពាក់ព័ន្ធអ្វីដ៏តិចតួចសោះឡើយជាមួយ  ស្ត្រី  >  ស្រី   (“ស្ត្រី” ទៅជា “ស្រី”) អម្បាញ់មិញនេះ។ ពាក្យនោះគឺ  “ឝ្រី” ដែលប្រែមកបានច្រើនយ៉ាង តែដែលអាចសង្ខេបមកថាសំដៅទៅលើអ្វីដែលប្រសើរ, ដែលមានតម្លៃ, ដែលជាមង្គល។ ដោយសារមានន័យជាមង្គលដូច្នោះ គេច្រើនដាក់ជាឈ្មោះ ឬយកទៅភ្ជាប់នឹងឈ្មោះ មិនថាឈ្មោះមនុស្ស, ភូមិស្រុក, រាជធានី, បូជ នីយដ្ឋាន, គម្ពីរសាស្ត្រា ឬអ្វីទៀតឡើយ។ យោងតាមសេចក្តីពន្យល់ពីលើមក ឃើញថាជាការធម្មតាទេដែល “ឝ្រី ” ក៏សព្វថ្ងៃសរសេរមកជា  “ ស្រី” ដែរ តែពុំទាក់ទងអ្វីជាមួយភេទមនុស្សទាល់តែសោះ។

តទៅនេះជាឱទាហរណ៍ (ដើម្បីងាយស្រួល ខ្ញុំសរសេរអក្សរ “ស” តែម៉្យាង)៖

- ព្រះនាមព្រះរាជា៖ ស្រីឥន្ទ្រវម៌, ស្រីសុគន្ធបទ, ស្រីសូរិយោពម៌៘

- ឈ្មោះរាស្ត្រសាមញ្ញសព្វថ្ងៃក៏នៅសល់ខ្លះដែរ ដូចជា ស្រី បណ្តូល, ស្រី អំណត់ ជាដើម។

- ព្រះនាមព្រះពុទ្ធអង្គដែលឈ្នះលើមារ៖ ស្រីអារ្យមេត្រីយ៍។

- ពាក្យហៅព្រះពុទ្ធអង្គ៖ ព្រះជិនស្រី។

- ឈ្មោះប្រទេស, រាជធានី, បុរី៖ ស្រីលង្កា, ស្រីយសោធរ (អង្គរ ), ស្រីវិជ័យ (នៅកោះស៊ូម៉ាត្រា), ស្រីល្វោ (នៅប្រទេសថៃឡង់ដ៍)...

- ឈ្មោះបូជនីយដ្ឋាន៖ ស្រីសិក្ខារេស្វរ (ប្រាសាទព្រះវិហារ), ស្រីសូរ្យបវ៌ត (ភ្នំជីសូរ្យ), ស្រីភទ្រេស្វរ (ប្រាសាទវត្តភូ)...

- ឈ្មោះកម្រងភាសិត៖ ស្រីហិតោបទេស...

មកដល់ត្រឹមនេះ យើងឃើញថា ពាក្យដែលខ្មែរសព្វថ្ងៃសរសេរជា “ស្រី” បើដកយកមកតែមួយម៉ាត់ដាច់ចេញពីឃ្លា ឬក្រុមពាក្យអ្វីមួយ ឃើញពុំអាចដឹងថាសំដៅលើអ្វីទេ ព្រោះអាចជា “ស្ត្រី” ឬជា  “ឝ្រី ”។ តែប្រការនេះពុំដែលចោទជាបញ្ហាអ្វីទាំងអស់ ព្រោះក្នុងការនិយាយឬសរសេរ មិនដែលមានពាក្យអ្វីមួយដាច់តែឯងឡើយ គឺតែងមានវគ្គ, មានឃ្លាជានិច្ច។ បញ្ហាដែលមានខ្លះ គឺចាប់ផ្តើមមាននៅបច្ចុប្បន្ន ដោយសារចាប់ពីស.វ.ទី២០មក មានការបញ្ចូលពាក្យបាលី  សិរី  ~  សេរី  មកប្រើ ដោយពុំមានតម្រូវការអ្វីពិតប្រាកដទេ ព្រោះពាក្យនេះត្រូវនឹងសំស្ក្រឹត “ឝ្រី ” ដែលខ្មែរធ្លាប់ប្រើជាយូរយាមកដដែលជាដដែល។ ដូច្នេះហើយ “ស្រីមង្គល” ក៏ឥឡូវច្រើនតែគេសរសេរ “សិរីមង្គល”, “ស្រីសួស្តី” ក្លាយទៅជា “សិរីសួស្តី”៘ ខ្ញុំពុំមែនពោលថាជាការខុសអ្វីទេ តែបើយកពាក្យក្នុងចម្រៀងនគររាជ ដែលជាភ្លេងជាតិទៅកែ ហាក់ដូចពុំមែនជាការគួរ (“...ឲ្យបានរុងរឿងដោយជ័យមង្គលស្រីសួស្តី...”)។ ឬមួយក៏ការកែនោះបណ្តាលមកពីមិនយល់ ឬភ្លេច? មកពីដូច្នេះមែនក៏អាចស្មានបាន ព្រោះមានប្រការមួយទៀតដែលគួរយកមកបង្ហាញបន្តិច។

នៅសម័យកណ្តាល អាណាចក្រសៀមរីកកាន់តែធំទៅៗ។ ថ្វីត្បិតតែសៀមនៅតែទទួលឥទ្ធិពលវប្បធម៌ខ្មែរតទៅទៀត ការជះឥទ្ធិពលមកលើខ្មែរវិញក៏មានច្រើនដែរ ក្នុងនោះរាប់បញ្ចូលទាំងក្នុងវិស័យភាសាផង។ ឧទាហរណ៍៖ វត្ថុដែលខ្មែរធ្លាប់ហៅថា “បាយស្រី” សព្វថ្ងៃនេះក្លាយទៅជា “បាយសី” ស្ទើរតែទូទៅហើយ លើកលែងតែនៅតំបន់ខាងជើងខ្លះ។ នេះមកពីអានតាមមាត់សៀម។ សៀមសរសេរនោះត្រឹមត្រូវ មាន “ រ ” ជាធម្មតា ពោលគឺ  ศรี  ព្រោះនិយាយពីលើមកហើយថា អក្សរសៀមឥតមានផ្ញើជើងទេ។ ថ្វីត្បិតតែមាន “ រ ” ក៏សៀមពុំអានដែរ (គឺគេអានថា “ស៊ី” ដោយមានលើកសម្លេងឡើងចុះ)។ នេះជាលក្ខណៈ មាត់, សម្តី, សម្លេង ... នៃជាតិនីមួយៗ។ ចាប់ពីស.វ.ទី២០មក ជាពិសេស ពាក្យ “សី្រ ” >  “ឝ្រី ” នេះ ខ្មែរនិយមយកមកដាក់ឈ្មោះមនុស្សដូចជំនាន់បុរាណដែរ តែលើកនេះនិយមថាតាមសៀម (ថាជាម៉ូតក៏បានដែរ) រហូតអាចពោលថា  ជាទូទៅអ្នកដែលដាក់ឈ្មោះទាំងនោះឲ្យកូនសព្វថ្ងៃលែងយល់ ឬពុំបានគិតរកន័យដើមទៅហើយ។ ឧទាហរណ៍៖ ស្រីចន្ទ្រ > ស៊ីចាន់, ស្រីតេជ > ស៊ីដេត, ស្រីនេត្រ > ស៊ីណែត, ស្រីនាថ > ស៊ីណាត ...។

សង្ខេបមក ពាក្យដែលខ្ចីពីគេ តែងតែទទួលការបត់បែនតាមមាត់ជាតិអ្នកខ្ចីនោះជាធម្មតា ពុំថាភាសាណា ឬភាសាណាឡើយ។ តែពាក្យ “ស្រី”ស្ថិតនៅក្នុងករណីមួយពិសេសខុសគេបន្តិច ដោយសារធ្លាប់ប្រើស្រួលមកបានជាងមួយពាន់ឆ្នាំមែន តែនៅសតវត្សមុននេះបន្តិចមានឥទ្ធិពលសៀមមកលាយឡំផង ជាពិសេសនៅស.វ.ទី២០ យើងយកពាក្យបាលីមកដណ្តប់លើពាក្យចាស់នោះទៅទៀត។

ខាងក្រោមនេះជាឧទាហរណ៍បន្តិចបន្តួចស្រង់មកពីសិលាចារឹក៖

-  រូបលេខ១៖ ឝ្រីសូយ៌្យវម៌្មទេវ (ព្រះបាទសូរ្យវរ្ម័នទី១)

-  រូបលេខ២៖ ឝ្រីធរណីន្ទ្រវាម៌្មទេវ (ព្រះបាទធរណីន្ទ្រវរ្ម័នទី១)

-  រូបលេខ៣៖ ឝ្រីឥន្ទ្របណ្ទិត (កវីម្នាក់ដែលបានទុកស្លោកនៅមេទ្វារប្រាសាទបាទជុំ)

-  រូបលេខ៤៖ ឝ្រីជយកេត្រ (ឈ្មោះប្រាសាទមួយនៅខេត្តបាត់ដំបង ដែលក្លាយមកជា “បាសែត”)

-  រូបលេខ៥៖   កម្រតេងជគត្រឝវីម៌្មេឝរ្វ (ព្រះនាមទេពភេទប្រុសមួយអង្គ)

                   កម្រតេងជគត្រឝវីម៌្មេឝរ្វី (ព្រះនាមទេពភេទស្រីមួយអង្គ)

                   កម្រតេងជគត្រឝីធម្មទ៌េវ (ព្រះនាមទេពភេទបុ្រសមួយអង្គ)

                   វ្រះកម្រតេងអញឝ្រីធម៌្មសេនាបតិន្ទ្របណ្ទិតគិតស្ឋាប (ឈ្មោះអ្នកសាងប្រតិមាទាំង៣ខាងលើនេះ)