“ធុំក្លិនម្ហ៊ិសៗ”

 ដោយ ស៊ីយ៉ុន សុភារិទ្ធ

 ភាសាទាំងអស់នៅលើលោកនេះដែលកើតឡើង មិនថាភាសាណាឬភាសាណាទេ គឺមានតួនាទីដំបូងបង្អស់សម្រាប់ឱ្យស្តាប់គ្នាយល់។ តែយើងដឹងថាមនុស្សដែលប្រើប្រាស់តែងតែពង្រីកភាសារបស់ខ្លួនឱ្យផុតពីតួនាទីជាមូលដ្ឋាននោះទៅទៀត ត្បិតភាសាពុំខុសអ្វីពីរូបរាងកាយមនុស្សឡើយ គឺគេតែងតែខ្វាយខ្វល់រឿងសោភ័ណភាពផង។ ដូច្នេះហើយបានជាមានកំណាព្យ គឺការពោលមានចុងជួន។ ទោះជាសម្រាយក៏គេអាច “លែបខាយ”, “លេងសម្តី”, “លេងវោហារ”... រហូតដល់ទៅមានងារដាក់នៅពីមុខឈ្មោះផ្ទាល់ខ្លួន មាន“សន្ធរវោហា រម៉ុក” ដែលយើងច្រើនស្គាល់ថា “សន្ធរម៉ុក” ជាដើម។ ការលេងពាក្យនោះក៏មានច្រើនបែបច្រើនសន្ថានទៀត ជួនកាលគេលេងជាបែបកំប្លែង ប៉ុន្តែកំប្លែងដែលថ្លៃថ្នូរនោះគឺស្តាប់ទៅ រករិះគន់ ឬចាប់ថ្នាក់ពុំបាន។

វោហារបែបចុងក្រោយនេះប្រហែលជាមានរាប់រយ ឬរាប់ពាន់នៅក្នុងភាសាខ្មែរ។ នៅទីនេះខ្ញុំលើកឧទាហរណ៍តែមួយប៉ុណ្ណោះ យកមកពិចារណា គឺពាក្យថា “ម្ហ៊ិស”។ ខ្មែរឬបរទេសដែលចេះភាសាខ្មែរច្បាស់ យល់ហើយថា ក្លិន “ម្ហ៊ិស” នោះធុំរបៀបម្តេច។ បើនិយាយឱ្យខ្លី ក្លិនរបៀបជាញើសដែលស្ងួត ហើយមានញើសបន្ថែមមកទៀតច្រើនដង។ ពាក្យនេះខ្ញុំយល់ថាប្រហែលជាលេងសម្តីជាមួយពាក្យសំស្ក្រឹតថា “មហិស” ដែលប្រែថា “ក្របី” ត្បិតក្របីជាសត្វដែលរនៀលនឹងភក់ ហើយយើងតែងតែសង្កេតឃើញថាមានសត្វស្លាបដូចជាសារិកាជាដើមមកទំ ដើម្បីចឹកសត្វល្អិតឬក្រមរនៅលើខ្លួន។ ទោះបីជាពុំមានសត្វធំ ក៏ពេលក្របីដើរយើងឃើញពពួកសត្វល្អិត ដូចជាមមង់តែងរោមហើរតាម។ ប្រការនេះពុំសូវឃើញនៅលើពាហនៈដទៃដូចជាសត្វគោជាដើមឡើយ។ ម៉្យាងទៀត ពាក្យថាក្របីនេះ គេតែងថាឱ្យនរណាមួយដែលគម្រីងគម្រាំង ពុំសូវសម្អាតខ្លួនជាដើម ឧទាហរណ៍ “អាក្របី!”។ នេះហើយដែលខ្ញុំជឿថា “ម្ហ៊ិស” ដែលជាក្លិននេះ ជាប់ទៅជាមួយ “មហិស” ដែលមានន័យថាជាក្របីនោះឯង ត្បិតពេលខ្លះយើងឮគេនិយាយថា “ធុំក្លិនដូចក្របី”។