ដោយ អាំង ជូលាន
ខ្ទឹមប្រភេទដែលហៅថាខ្ទឹមស្លឹក នៅទីណាក៏មានឃើញគេដាំដែរ ហើយពុំពិបាកដាំដូចខ្ទឹមប្រភេទខ្លះទៀតទេ។ តែយ៉ាងណាក៏ដោយ យ៉ាងហោចណាស់គេត្រូវលើករង ធ្វើដីនោះឲ្យធូរដើម្បីនៅពេលដែលស្រោចទៅ ទឹកនោះមិនដក់នៅយូរ (រូបលេខ១)។ នៅស្រុកភូមិខ្លះគេនិយមដាំលើរានផុតពីដីបន្តិច (រូបលេខ២)។
ខ្ញុំស្លេះរឿងខ្ទឹមត្រឹមនេះសិន ហើយសូមនិយាយពីការប្រើប្រាស់វត្ថុផ្សេងៗម្តង។ កាលពីមុន មកទល់ប្រមាណ៥០ឆ្នាំមុននេះ ការប្រើប្រាស់វត្ថុនានាមិនខ្ជះខ្ជាយដូចបច្ចុប្បន្ននេះទេ។ បើទិញរបស់អ្វីមួយ តែងតែជ្រើសរើសរកអ្វីដែល «ប្រើជាប់»។ រីឯអ្នកផលិតវិញ ក៏ច្រើនផលិតរបស់ដោយប្រើវត្ថុធាតុដែលជាប់បានយូរដែរ។ ឧទាហរណ៍ ផ្នែកផ្សេងៗនៃគ្រឿងយន្តឬក៏វត្ថុអ្វីផ្សេងទៀតដូចជាបំពង់ទឹកជាដើមច្រើនតែជាលោហៈ (ដែក,ស្ពាន់…) មិនមែនជារបស់ជ័រដូចសព្វថ្ងៃនេះទេ។ បើសម្លៀកបំពាក់វិញ ញឹកញាប់ណាស់ដែលប្រទះឃើញមានប៉ះឬស្រេះដោយអំបោះ ដើម្បីប្រើឲ្យបានយូរ គឺថាមិនពាក់បានមួយភ្លែតហើយបោះចោលនោះទេ រហូតដល់មានពាក្យនិយាយសម្តៅទៅអ្នកខ្ជះខ្ជាយថា «កញ្ជើធ្លុះ»។ និយាយឲ្យខ្លីមកគឺថារបស់អ្វីមួយៗដែលធ្វើឬដែលទិញមកគឺត្រូវប្រើឲ្យបានយូរ។ ដូច្នេះហើយក៏កើតមានគំនិតស្រឡាញ់, អាណិត, ស្តាយរបស់ ឬសម្តីនិយាយពីវត្ថុនោះថា «វាធ្លាប់កំសត់កម្រជាមួយ»។ ជាញឹកញាប់ដែរដែលខ្ញុំឮគេនិយាយអំពីរថយន្តដែលធ្លាប់ប្រើបានច្រើនឆ្នាំមកហើយថា «មិនដាច់ចិត្តលក់វាទេ ! វាធ្លាប់កំសត់កម្រជាមួយ»។ សូម្បីតែឡាននោះឧស្សាហ៍ខូចធ្វើឲ្យយើងលំបាក ក៏មិនស្អប់វា បែរជាគិតថាកំសត់កម្រជាមួយទៅវិញ។ លើសពីនេះទៅទៀត ខ្ញុំធ្លាប់ឮគេថា «មិនលក់វាទេ ! ប្រើវារហូតដល់ដាំខ្ទឹម»។ ពាក្យថា «ដាំខ្ទឹម» នៅត្រង់នេះ មិនមែនដាំពិតប្រាកដទេ គឺគ្រាន់តែជាពាក្យនិយាយប្រៀប។ តែគំនិតនោះ បើនិយាយតាមសព្វថ្ងៃ គឺថាទុកប្រើឲ្យអស់លទ្ធភាព ដែលឆ្លុះបង្ហាញពីគំនិតថាមិនខ្ជះខ្ជាយដូចទើបនឹងនិយាយមកនេះ។
ក្រោយមកខ្ញុំបានទៅភូមិមួយដែលមានស្ទឹងហូរកាត់ នៅក្នុងខេត្តឧត្តរមានជ័យ (រូបលេខ៣)។ ដោយសារមានស្ទឹង ការប្រើប្រាស់ទូកមានជាធម្មតានៅទីនោះ។ ខ្ញុំគ្រាន់តែឈប់នៅភូមិនោះរយៈពេលប្រមាណកន្លះម៉ោងប៉ុណ្ណោះ មិនបានមើលអ្វីវែងឆ្ងាយឡើយ។ តែយ៉ាងហោចណាស់ ខ្ញុំបានឃើញទូកមួយចាស់ដែលគេលែងប្រើទៀត ហើយគេយកទៅដាំខ្ទឹម (រូបលេខ៤-៥)។ បើយើងគិតថាទាំងឡានទាំងទូកសុទ្ធសឹងជាយានជំនិះដឹកជញ្ជូនដូចគ្នា ពាក្យដែលនិយាយអំពីឡានខាងលើនេះហាក់ដូចជាពិតជាក់ស្តែងណាស់។
រូបលេខ៣