ដោយ ស៊ីយ៉ុន សុភារិទ្ធ
យើងរមែងឮគេនិយាយថា “ទន្ទេញដូចសេក” ពោលគឺសំដៅទៅនរណាដែលទន្ទេញអ្វីមួយដដែលៗឱ្យចាំមាត់ ជួនកាលដោយពុំខ្វល់ខ្វាយរកន័យនៃពាក្យដែលទន្ទេញនោះផង។ ប្រការនេះងាយយល់ទេ ព្រោះយើងដឹងស្រាប់ហើយថាសត្វសេកអាចនិយាយត្រាប់មាត់មនុស្សបានមួយឃ្លាៗ តែពុំយល់សេចក្តីអ្វីទាំងអស់។ ប៉ុន្តែខ្ញុំសូមយកពាក្យមួយមកពិចារណាបន្តិច គឺពាក្យបាលីថា “សេក្ខ” ដែលមានឫសជា “សិក្ខ”។ បើសំស្ក្រឹតគឺ “សិក្ស” ប្រែថា “រៀន” អាចទាញយារមកជា “សិក្សា” ដូចយើងដឹងស្រាប់។ បើបំបែកតមកទៀតគឺបានពាក្យ “សៃក្ស” សំដៅទៅលើ “ព្រាហ្មណ៍ក្មេងដែលកំពុងរៀនជាមួយគ្រូ ឬអ្នកដែលទើបនឹងចាប់ផ្តើមទន្ទេញគម្ពីវេទ”។
ចាប់តាំងពីស.វ.ទី១៤មកខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទជាទូទៅ ហើយកាន់តែខ្ជាប់ខ្ជួនតរៀងមកទៀត។
កូនសិស្សលោក, ពោលគឺក្មេងតូចៗឬជំទង់ដែលនៅវត្តហើយរៀនអក្សរជាមួយព្រះសង្ឃ, កាលពីមុនគេហៅថា “សេក្ខ”ឬ “កូនសេក្ខ” មានន័យថាក្មេងដែលរៀន។ ក្មេងទាំងនោះ មួយភាគធំច្រើនតែនឹងបួសជាសង្ឃមួយរយៈពេល។ ដូច្នោះដែលរៀននោះ គឺរៀនអាន សាស្ត្រាល្បែងផង និងសាស្ត្រាទេសន៍ផង។ ប្រការខាងក្រោយនេះហើយ ដែលតម្រូវឱ្យមានការទន្ទេញទៅមុខបកក្រោយដដែលៗ បើពុំដូច្នោះឃើញថាពុំអាចចងចាំបានឡើយ។
ពាក្យថា “ទន្ទេញដូចសេក” នោះប្រហែលជា “ទន្ទេញដូចសេក្ខ” ទេក៏មិនដឹង។ ទោះជាយ៉ាងណាក៏ការបកស្រាយទាំងពីរបែបនេះសុទ្ធតែមានមូលដ្ឋានដែលយកមកពិចារណាបានទាំងអស់ ខ្ញុំមិនអះអាងថាមកពីខាងណាច្បាស់ប្រាដកទេ។ ភាសាតែងមានល្បិច ត្បិតកើតឡើងពី មនុស្ស។