ដោយ អាំង ជូលាន
ពាក្យជាចំណងជើងនេះ ខ្មែរឬនរណាផ្សេងទៀតដែលចេះខ្មែរសុទ្ធសឹងយល់ស្រាប់ហើយ គឺច្រើនសម្តៅទៅលើចិត្តដែលមិនដាច់ស្រេច ឬអាចខ្លាំងជាងនោះទៅទៀត គឺស្ថានភាពចិត្តដែលញាំញីគិតអ្វីក៏មិនឃើញ។
ពាក្យ «វិល» និង «វល់» មានន័យប្រហាក់ប្រហែលគ្នា ហើយឲ្យយើងគិតថាអ្វីដែលវិលឬ វល់នោះមិនបែកចេញឬរសាត់អណ្តែតទៅទីណាផ្សេងឡើយ គឺនៅក្រឡឹងតែមួយកន្លែងឬមួយដុប។ ពាក្យនីមួយៗនេះមានកម្លាយផ្សេងៗតទៅទៀត ដែលចេញតែពីគំនិតដើមតែមួយដូចគ្នា ៖
វិល > ខ្វិល ៖ ឧ. «មិនទៅណាទៅណី នៅខ្វិលតែមួយកន្លែង»។
វិល > បង្វិល ៖ ធ្វើឲ្យវិល (ចលនានោះជាដំកង់ មិនទៅណាផុតពីកន្លែងមួយឡើយ)។
វិល > កង្វិល ~ ក្រវិល ៖ ឧ. អលង្ការពាក់ត្រចៀកដែលមានរាងជាកង់មូល អាចបង្វិលជុំវិញរន្ធត្រចៀកបាន។
ឯពាក្យ «វល់» ក៏មានកម្លាយផ្សេងៗដែរ ដូចជា ៖
វល់ > រវល់ ៖ ធ្វើអ្វីផ្សេងទៀតមិនកើត ដោយជាប់នឹងរឿងអ្វីមួយ។ ឧ. «ជាប់រវល់»។
វល់ > ខ្វល់ ៖ គិតការអ្វីផ្សេងទៀតមិនកើត ដោយចិត្តផ្តោតជាប់ទៅលើតែរឿងឬបញ្ហាមួយ។ បញ្ហានោះជា «កង្វល់»។ ត្រង់នេះមានករណីពិសេសជាកម្រមួយ គឺថាពាក្យ «កង្វល់» ប្រើនៅក្រៅប្រទេសកម្ពុជាអាចមានន័យវិជ្ជមានថា «ពុំធ្វេសប្រហែស», «ឧស្សាហ៍» (មកពីគំនិតដើមថាខ្វល់ខ្វាយ យកចិត្តទុកដាក់ មិនភ្លេចខ្លួន)។
វល់ > អំពល់ (វ = ព) ៖ មានន័យដូចកង្វល់ដែរ។ ឧ. «នាំឲ្យអំពល់ទុក្ខ» គឺថានាំឲ្យគិតអ្វីទៀតមិនបាន។
ភាសាវិទូ ជាពិសេសផ្នែកខាងសូរ ប្រហែលជាអាចពន្យល់ថាពីដើមទីមក ពាក្យទាំងពីរនេះជាពាក្យតែមួយទេ ដោយសារយើងអាចសង្កេតឃើញថា សម្លេង «អ», «អូ», «អី» អាចឆ្លងគ្នាម្តងៗដែរក្នុងពាក្យខ្មែរ។ ឧ. ហនុមាន > ហុនុមាន; លង្កា > លុង្កា។ ខ្មែរបុរាណ «ចុញ» > ខ្មែរទំនើប «ចេញ»; ខ្មែរបុរាណ «ទុញ» > ខ្មែរទំនើប «ទិញ»។ ត្រង់នេះសូមអ្នកអានកុំគិតពីអក្ខរាវិរុទ្ធ គិតតែពីសម្លេងបានហើយ។ ម្យ៉ាងទៀត នេះគ្រាន់តែជាតម្រុយឲ្យជួយគិតប៉ុណ្ណោះ ដ្បិតខ្ញុំមិនចេះរហូតដល់ហ៊ានអះអាងថាច្បាស់ជាយ៉ាងនោះឡើយ។
យ៉ាងណាក៏ដោយ ទោះបីជាពាក្យទាំងពីរមានដោយឡែកពីគ្នាតាំងតែពីដើមរៀងមក ក៏ខ្មែរយល់ថាដូចគ្នា ទើបបានជាយកមកប្រើភ្ជាប់គ្នានៅពេលខ្លះ ៖ «វិលវល់» សង្កត់ឬបញ្ជាក់ឲ្យកាន់តែច្បាស់លើគំនិតថា ដកឃ្លាឬចេញឲ្យផុតពុំរួចនោះ កាន់តែខ្លាំងឡើងទៅទៀត។
ពេលនេះយើងគួរមើលពាក្យ «ពពិល» ដែលសម្តៅលើវត្ថុសម្រាប់ប្រើក្នុងកិច្ច ដូចយើងស្គាល់ស្រាប់។ នៅទីនេះខ្ញុំគ្មានបំណងវែកញែករឿងកិច្ចឬនិមិត្តរូបនៃកិច្ចអ្វីមួយឡើយ។ មួយវិញទៀត ការសិក្សាជ្រៅជ្រះដែលមានមកក៏ឃើញថាល្អិតល្អន់ហើយដែរ សូម្បីតែក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ ក៏យើងឃើញមានការបង្ហាញពីពពិលនៅជំពូក២, លេខរៀងទី២៣ ដោយនាង លឹម កន្និដ្ឋា រួចហើយ។ កិច្ចដែលយកពពិលមកប្រើនោះ ទោះជាក្នុងពិធីអ្វីក៏គេតែងនិយាយថា «បង្វិលពពិល» ដ្បិតពពិលនោះមិនឲ្យចេញទៅណាផុតពីរង្វង់អ្នកបង្វិលដែលអង្គុយដំកង់ជុំវិញមនុស្សឬវត្ថុដែលជាសាមីឡើយ។ ឯផ្សែងដែលម្នាក់ៗបក់ ក៏ត្រូវឲ្យបក់មកក្នុង សម្តៅឆ្ពោះទៅសាមីដែលនៅកណ្តាលរង្វង់។ មិនតែប៉ុណ្ណោះ នៅទីបញ្ចប់នៃកិច្ច លោកអាចារ្យតែងប្រមូលពពិលទាំងបីមករួមគ្នា ហើយផ្លុំបង្ហុយផ្សែងឆ្ពោះទៅសាមីដែលនៅកណ្តាលនោះ គឺថាមិនឲ្យផ្សែងទៅក្រៅឡើយ (រូបលេខ១-២)។
មុនសម័យអង្គរ សិលាចារិកហៅពពិលថា វល៑វេល៑។ ពាក្យដដែលនេះ នៅសម័យអង្គរសរសេរជា វល៑វ្យល៑ (រូបលេខ៣) ហើយជួនកាលយកពាក្យពីរម៉ាត់នេះមកសរសេរត្រួតគ្នាទៀតផង ៖ វល្វ្យល៑ (រូបលេខ៤)។ យើងដឹងថា ្យ នៅសម័យអង្គរស្មើនឹង ិ ~ ី សព្វថ្ងៃ។ ឃើញថាបើសរសេរតាមសព្វថ្ងៃគឺ «វល់វិល»។
រូបលេខ៣
រូបលេខ៤
ដូចយើងដឹងស្រាប់ ពាក្យខ្មែរដែលដាក់ជិតគ្នាជាគូ ជួនកាលអាចដូរលំដាប់គ្នាបាន ៖ ឪពុកម្តាយ ~ ម្តាយឪពុក; រៀនសូត្រ ~ សូត្ររៀន; តូចធំ ~ ធំតូច។ល។ ដូច្នេះ វិលវល់ ~ វល់វិល (វល៑វ្យល៑) ក៏គ្មានអ្វីប្លែក ហើយវត្ថុដែលសម្តៅពាក្យនេះគឺសម្រាប់ឲ្យបង្វិលដំកង់ឆ្ពោះមកក្នុងដូច្នេះឯង។