ដោយ មៀន សុវណ្ណា / នាង សុវណ្ណតារ៉ា
នៅជំពូក៣ លេខរៀងទី៣៩ មាននិយាយម្តងរួចមកហើយអំពីល្ខោនព្រះរាជទ្រព្យ។ ក្នុងនោះ អ្នកនិពន្ធនិយាយក្បោះក្បាយពីសាវតារនិងការវិវឌ្ឍន៍ឈ្មោះល្ខោន, ដំណើរការចូលហាត់រៀន និងការសម្តែងជាដើម។ ចំណែកអត្ថបទលេខ៤២ ក្នុងជំពូកដដែលក៏មាននិយាយអំពីប្រពៃណីរបាំ ឬល្ខោនយោងតាមសិលាចារឹក និងចម្លាក់នៅតាមប្រាសាទបុរាណនានា។ ក្រៅពីនេះ អត្ថបទលេខ៤៤ ក៏មាននិយាយបង្ហាញខ្លះៗអំពីការស្លៀកពាក់ឲ្យអ្នករបាំ ដោយធៀបរូបបច្ចុប្បន្នជាមួយចម្លាក់បុរាណ។
រីឯក្នុងអត្ថបទនេះវិញ យើងខ្ញុំគ្រាន់តែរំឭកឡើងវិញពីគំនិតយល់ឃើញទៅលើមូលដ្ឋានក្បាច់នីមួយៗប៉ុណ្ណោះ។ អ្នកខ្លះធ្លាប់ឮហើយថាក្បាច់មូលដ្ឋាននៃល្ខោនព្រះរាជទ្រព្យជាការប្រៀបធៀបទៅនឹងវដ្តនៃរុក្ខជាតិ ពោលគឺចាប់ពីពេលចេញពន្លកស្លឹករហូតដល់ផ្លែទុំជ្រុះ។ ទ្រឹស្តីនេះទំនងជាចេញដំបូងបង្អស់ពីការយល់ឃើញផ្ទាល់នៃព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល ដ្បិតលោកបានតែងសៀវភៅមួយអំពី «របាំខ្មែរ» ចេញផ្សាយនៅឆ្នាំ ២០០១។ ក្នុងសៀវភៅនោះ យើងឃើញមានការសរសេររៀបរាប់បង្ហាញក្បាច់មូលដ្ឋានទាំងនោះដូចជា ៖ ក្បាច់ដុះពន្លក (រូបលេខ១), ចេញត្រួយ (រូបលេខ២), ស្លឹក (រូបលេខ៣), មែក (រូបលេខ៤), ផ្កា (រូបលេខ៥), ក្តិប (រូបលេខ៦), ផ្លែចាស់ (រូបលេខ៧) និង ផ្លែទុំជ្រុះ (រូបលេខ៨)។ ក្រោយមកគេបានយកទ្រឹស្តីនេះមកបញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតបឋមជាផ្លូវការរបស់ក្រសួងអប់រំទៀតផង។
អ្នកស្រាវជ្រាវខ្លះទៀតដូចជា លោក Paul Cravath ជាដើម ក៏យល់ថាក្បាច់មូលដ្ឋានគ្រឹះក្នុងរបាំបុរាណទំនងស្រង់ឬច្នៃចេញពីដំណើរវដ្តនៃរុក្ខជាតិដែរ។ ប៉ុន្តែចំពោះលោក ក្បាច់ធំមានតែ៤ប៉ុណ្ណោះ គឺ ដុះពន្លក, ស្លឹក, ផ្កា និងផ្លែ (សូមអានសៀវភៅ Earth in Flower ចេញផ្សាយក្នុងឆ្នាំ២០១៧)។
នៅទីនេះ យើងគួរជម្រាបបញ្ជាក់ដែរថា គំនិតយល់ឃើញរបៀបនេះទើបតែមានចាប់ពីជំនាន់ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល ប៉ុណ្ណោះ ដ្បិតអ្នករាំល្ខោនហ្លួងជាន់មុនដែលរៀនពីគ្រូមុនៗមកទៀត ពុំដែលដឹងឬឮពីទ្រឹស្តីនេះទេ។ ដូច្នេះសូមបញ្ជាក់ម្តងទៀតថា នេះជាការបកស្រាយនៃសិល្បករជំនាន់ថ្មី ដែលយើងខ្ញុំពុំមានសមត្ថភាពវិនិច្ឆ័យថាខុសឬត្រូវឡើយ។
ជាទ្រឹស្តីនិងតាមការសង្កេត ក្នុងការរាំក្បាច់បុរាណ អ្នករាំតែងចាប់ផ្តើមដោយចេញពីក្បាច់ពន្លក, ត្រួយ, និងស្លឹក (រូបលេខ៩-១០) ហើយបញ្ចប់ដោយក្បាច់ផ្លែ, ផ្កា, ទុំ និងជ្រុះ (រូបលេខ១១-១២)។ ក្រៅពីនេះ នៅមានក្បាច់ដទៃទៀតដែលគេច្នៃពីក្បាច់មូលដ្ឋានឲ្យស្របទៅតាមកាយវិការក្នុងដំណើររឿង ដូចជា ក្បាច់ដើរ (រូបលេខ១៣), ក្បាច់ហោះ (រូបលេខ១៤) ជាដើ ម។ គេនៅមានក្បាច់បំបែកដទៃទៀតដើម្បីបង្ហាញពីអារម្មណ៍តួអង្គអ្នករាំប្រាប់ទៅអ្នកមើលឲ្យយល់ និងឲ្យស្របទៅតាមខ្លឹមសារចម្រៀង។ ឧទាហរណ៍ ប្រសិនជាអ្នករបាំចង់បង្ហាញ ឬនិយាយពីខ្លួនឯងផ្ទាល់ សម្តៅថា «ខ្ញុំ» គឺដំបូងត្រូវយកដៃជីបរាងជាក្បាច់ «ត្រួយ» មកដាក់នៅត្រឹមចុងដង្ហើម មានន័យប្រដូចទៅនឹងរុក្ខជាតិ ដែលមានជីវិតកំពុងចាប់ផ្តើមចេញពន្លក (រូបលេខ១៥)។ ឧទាហរណ៍មួយទៀត បើសិនជាតួអង្គមានចេតនា «ចង់បានផ្កាមួយទង» នោះអ្នករាំប្រើភាសាក្បាច់ដោយយកដៃឆ្វេងត្រាប់ដូចជារាងផ្កា ហើយដៃស្តាំចង្អុលទៅផ្កានោះ (រូបលេខ១៦)។ បើជាការសម្តែងរឿងបុរាណណាមួយផង គេមានក្បាច់ដទៃទៀតដែលតម្រូវឲ្យអ្នករាំបង្ហាញក្បាច់ឬកាយវិការតាមទំនុកចម្រៀងដូចជា យំ, សើច, ស្រឡាញ់, លួងលោម និងខឹងជាដើម។ លើសពីនេះទៅទៀត ក្បាច់ដែលជាមូលដ្ឋាននីមួយៗទាំងនោះ ត្រូវមានរបៀបរាំខុសគ្នាដែរក្នុងចំណោមតួអង្គនីមួយៗដូចជា តួនាង, តួនាយរោង និងតួយក្ស។