ដោយ រឹម ទិត្យបញ្ញា
នៅក្នុងគម្ពីរទសជាតក ពោលគឺគម្ពីរដែលនិយាយអំពីជាតិទាំង១០ចុងក្រោយរបស់ព្រះពុទ្ធអង្គក្នុងពេលបំពេញបារមីមុននឹងបានត្រាស់ មានរឿងមួយហៅថា «ព្រះមហោសថ» ឬ «មហោសថជាតក» ស្ថិតនៅក្នុងជាតិទី៥។ កាលនោះព្រះសម្មាសម្ពុទ្ធយោនយកកំណើតជាមហោសថបណ្ឌិត បំពេញ«បញ្ញាបារមី»។នៅប្រទេសកម្ពុជា យើងពុំឃើញមានសេសសល់គំនូរជាតកចាស់ៗនៅតាមវត្តមុនចុងស.វ.ទី១៩ឡើយ។ ប៉ុន្តែបើនៅប្រទេសជិតខាងដូចជាសៀមជាដើមវិញយើងឃើញថាគេថែរក្សាបានគំនូរចាស់ៗជាងនៅខ្មែរច្រើន។
នៅតាមជញ្ជាំងព្រះវិហារវត្តខ្មែរ គេច្រើនឃើញមានគំនូរពុទ្ធប្បវត្តិ និងគំនូរជាតក។ គេតែងចែកជាពីរផ្នែកដាច់ពីគ្នា ដោយទុកឲ្យពុទ្ធប្រវត្តិនៅជួរផ្ទាំងលើ ឯផ្នែកខាងក្រោមជារឿង «ទសជាតក»។ ជាក់ស្តែងនៅរូបលេខ១ យើងឃើញគំនូរមួយផ្ទាំងធំនៅលើជញ្ជាំងព្រះវិហារវត្តស៊ីសុវត្ថិរតនារាម ហៅវត្ត «ជ្រោយតាកែវ» (នៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល) ដែលសាងឡើងដោយព្រះករុណាព្រះបាទស៊ីសុវត្ថិនាដើមស.វ.ទី២០។ ផ្នែកខាងលើជាគំនូរបឋមសម្ពោធិ (នៅក្នុងពុទ្ធប្រវត្តិ) និយាយពី «នាកាលកាឡុទាយីអាមាត្យ រាជទូតព្រះបាទស្រីសុទ្ធោទន នាំបរិវារ១០០នាក់ទៅនិមន្តព្រះពុទ្ធចូលនគរ តែចូលទៅបបួសទាំងអស់»។ ផ្នែកក្រោម២ផ្ទាំង និយាយរឿងវេសន្តរជាតក។ ផ្នែកខាងឆ្វេងខាងលើបង្ហាញឈុតមួយក្នុងកណ្ឌមហាពន និងកណ្ឌកុមារបារនៅផ្នែកខាងក្រោម។ ចំណែកផ្នែកខាងស្តាំខាងលើបង្ហាញជូជកកណ្ឌ ឯខាងក្រោមគឺចូឡពន។
ក្នុងការជ្រើសរើសយកឈុតណាមួយក្នុងសាច់រឿងមកបង្ហាញជាគំនូរ យើងសង្កេតឃើញថានៅតាមវត្តនានា រឿងទាំងឡាយនៅក្នុងទសជាតក ជាងគំនូរហាក់ដូចជាដឹងឬយល់ស្របគ្នាថាត្រូវបង្ហាញឈុតនេះ ឬឈុតនោះដែលជាឈុតសំខាន់។ បើទោះបីជាបច្ចេកទេសគូរ ឬការលំអរថែមថយឲ្យខុសគ្នាតាមរបៀបរៀងខ្លួនក៏ដោយ ក៏ឃើញថាភាគច្រើននិទានបង្ហាញត្រង់ឈុតឬសាច់រឿងតែមួយ។ លើកលែងតែរឿង «មហោសថជាតក» ដែលឃើញថាចាប់តាំងពីទសវត្សរ៍១៩៨០មក ជាងគំនូរហាក់ដូចជាមិនស្របគ្នាត្រង់ឈុតដែលត្រូវយកមកគូរបង្ហាញលើជញ្ជាំងឡើយ។
ដំបូងបង្អស់យើងសង្កេតនៅព្រះវិហារវត្តកំពង់ត្រឡាចលើ (ភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង) កសាងឆ្នាំ១៨៨៥ គឺចុងស.វ.ទី១៩។ ប៉ុន្តែសូមជម្រាបថា គំនូរដែលឃើញសព្វថ្ងៃគូរនៅដើមស.វ.ទី២០។ គំនូរដែលយើងចាត់ទុកបានថាជាគំនូរបុរាណ នោះខូចខាតរលុបច្រើនណាស់ ព្រោះពុំទាន់ដែលមានការជួសជុល។ គំនូរដែលនិយាយពីព្រះមហោសថជាតកនៅទីនេះ បង្ហាញត្រង់ឈុត «ព្រះមហោសថប្រើបរិពារទៅចាប់នាងបញ្ជាលចន្ទី នន្ទាទេវី សលាកទេវី និងបញ្ចាលចន្ទកុមារដែលភៀសព្រះកាយតាមទូកយកទៅឧបការនគរ» (រូបលេខ២-៤)។ ក្រៅពីនេះ នៅមានឈុតមួយទៀតដែលមើលមិនសូវច្បាស់។ គេនិយាយពី «ព្រះមហោសថទៅតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ត ព្រាហ្មណ៍ឱនរើសកែវមណី ហើយត្រូវព្រះមហោសថចាប់ជ្រមុជក្បាលត្រដុសនឹងដី» (រូបលេខ៥)។ ចំណែកនៅក្នុងព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាមដែលនិយាយមុននេះ គំនូររឿងព្រះមហោសហាក់មានលំនាំតាមវត្តកំពង់ត្រឡាចលើ ពោលគឺបង្ហាញឈុតនីមួយៗដូចគ្នា ដូចឃើញនៅរូបលេខ៦។ ក្រៅពីនេះ នៅតាមវត្តចាស់ៗដទៃទៀត ច្រើនតែយកតែ១ ឈុតមកបង្ហាញ គឺត្រង់ឈុតព្រះមហោសថតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ដដោយទម្លាក់ កែវមណីនៅលើចុងជើងហើយឲ្យអាចារ្យកេវដ្ដព្រាហ្មណ៍ឱនរើស ដូចឥរិយាបទគោរពព្រះមហោសថ ដូចឃើញនៅរូបលេខ៧ (គំនូរនៅលើហប់ខ្យល់ផ្នែកខាងឆ្វេងព្រះជីវ៍ នៅវត្តវារិន្ទ សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ ចុងស.វ.ទី១៩), រូបលេខ៨ (ព្រះមហោសថផ្ចាញ់កេវដ្ដព្រាហ្មណ៍និងស្ដេចចុឡណីនៅក្នុងរូងឧម្មង្គ, គំនូរលើហប់ខ្យល់ខាងក្រោយព្រះជីវ៍វត្តពិភទ្ទរង្សី ហៅ «ចិនដំដែកខាងជើង» រាជធានីភ្នំពេញចុងស.វ.ទី១៩), រូបលេខ៩ (កាលព្រះមហោសថចេញតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ដព្រាហ្មណ៍, គំនូរនៅលើជើងសសរវិហារវត្តមុនីសាគរ, រាជធានីភ្នំពេញ ចុងស.វ.១៩)។ ដូច្នេះយើងឃើញថាគំនូរនៅតាមព្រះវិហារបុរាណចន្លោះចុងស.វ.ទី១៩ និងមកទល់ស.វ.ទី២០ ការបង្ហាញពីព្រះមហោសថជាតកហាក់មានលក្ខណៈរួមមួយ។ លើកលែងតែវត្តមុនីសាគរ ក្នុងខណ្ឌច្បារអំពៅ ដែលឃើញថាមានរបៀបផ្សេងពីគេ។ ទី១ គឺគេស្រង់យកត្រង់ឈុត «ព្រះមហោថសសុំផ្លែពុទ្រានាងអមរា» (រូបលេខ១០), ឯទី២ គឺថាគំនូរសក្ការទូទៅ គេច្រើនគូរនៅលើជញ្ជាំងឬតាមចន្លោះបង្អួចមានកម្ពស់ល្មមសមរម្យផុតពីផ្លូវមនុស្ស។ ប្លែកតែវត្តនេះដែលយករឿងព្រះមហោសថមកគូរនៅជ្រុងជើងសសរទៅវិញ។
ចាប់ពីពាក់កណ្តាលស.វ.ទី២០ រហូតមកសព្វថ្ងៃ ការបង្ហាញរឿងព្រះមហោសថមានលក្ខណៈប្លែកៗគ្នា ពោលគឺមិនដូចកាលពីបុរាណទេ។ យូរៗម្តងទើបប្រទះគំនូរមួយផ្ទាំងនៅវត្តណាមួយ ដែលហាក់ដូចជានៅយកលំនាំគំនិតពីបុរាណ។ ឧ. វត្តកោះទាវស្រុកកោះធំ ជាប្រភេទគំនូរសម័យនៅរវាងទសវត្សរ៍១៩៥០ បង្ហាញត្រង់ឈុត «ព្រះមហោសថផ្ចាញ់អាចារ្យកេវដ្តព្រាហ្មណ៍ដោយបញ្ញា» (រូបលេខ១១)។ គំនូរសម័យថ្មីទាំងឡាយដែលគូរនៅរវាងទសវត្ស១៩៥០-៦០ ច្រើនតែបង្ហាញត្រង់ឈុត «ព្រះមហោសថផ្ចាញ់អាចារ្យទាំង៤នាក់ ឬព្រះមហោសថផ្ចាញ់ព្រះបាទចុឡណីជាមួយអចារ្យកេវដ្ដព្រាហ្មណ៍ក្នុងរូងឧម្មង្គ» ដែលជានិម្មិតរូបនៃប្រាជ្ញាបារមី ដូចឃើញនៅរូបលេខ១២ (គំនូរមហោសថជាតកក្នុងវិហារវត្តព្រែកហ្លួងខេត្តបាត់ដំបង ឆ្នាំ១៩៦៦), រូបលេខ១៣ (ព្រះវិហារវត្តអង្គរខាងជើងខេត្តសៀមរាបឆ្នាំ១៩៥៦), រូបលេខ១៤ (គំនូរលើហប់ខ្យល់សាលាឆាន់វត្តក្ដីចារ្យខេត្តកំពង់ធំឆ្នាំ១៩៥៦), រូបលេខ១៥ (លើហប់ខ្យល់សាលាឆាន់វត្តសំបួរមាសរាជធានីភ្នំពេញ ឆ្នាំ១៩៦៤)។
ចាប់ពីទសវត្សរ៍១៩៨០មក គំនូររឿងមហោសថជាតកច្រើនគូរតាមទម្លាប់រៀងៗខ្លួន។ វត្តខ្លះរើសយកត្រង់ឈុតព្រះហោសថជួបនាងអមរាតាមផ្លូវ (រូបលេខ១៦) ។ វត្តខ្លះទៀតឃើញលើកយកត្រង់ឈុតព្រះមហោសថប្រឹក្សាជាមួយព្រះបាទវិទេហរាជ (រូបលេខ១៧, គំនូរលើពិដានវិហារវត្តព្រៃបាំងខេត្តព្រៃវែងឆ្នាំ១៩៨៦)។
ជាសារុបមក ចាប់តាំងពីឆ្នាំ១៩៨០មក គំនូររឿងមហោសថជាតកមិនមានឯកភាពក្នុងការបង្ហាញឈុតណាមួយ ដែលក្តោបសាច់រឿងជាឈុតតាងឲ្យប្រធានរឿងទាំងមូលឡើយ។