ដោយ ព្រាប ចាន់ម៉ារ៉ា
នៅរវាងចុងស.វ.ទី១៩និងដើមស.វ.ទី២០ ឃើញមានសេសសល់ព្រះវិហារទាំងឡាយនៅស្រុកខ្មែរ ច្រើនសាងឡើងអំពីឈើ ហើយប្រក់ក្បឿង (រូបលេខ១-៣) ឬខ្លះទៀតជញ្ជាំងរៀបឥដ្ឋបូកបាយអ (រូបលេខ៤-៥)។ ចំពោះឈើគឺគេច្រើនយកមកធ្វើជាសសរ, គ្រឿងគ្រោងដំបូល, ជញ្ជាំង, ទ្វារ, បង្អួច និងពិតានជាដើម។ សសរព្រះវិហារនោះច្រើនធ្វើពីឈើផ្ចឹក, គគីរ, តាត្រាវ, កកោះ, សុក្រំ... ដែលមានអាយុចាស់ រឹងជាប់មាំល្អ ហើយគេត្រាំទឹកត្រពាំងឬស្រះច្រើនខែ ទើបស្រង់មកឈូសលុញឲ្យមូលស្អាត ត្រង់ភ្លឹង និងលាបលនជ័រម្រ័ក្សណ៍ខ្មៅរលោងស្រិល និងខ្លះមានទាំងគូរវាសជាគំនូរទឹបមាស រចនាវិចិត្រទៀតផង។
រូវលេខ១
តទៅនេះខ្ញុំសូមជូនជាឧទាហរណ៍ខ្លះៗអំពីសសរឈើរបស់ព្រះវិហារចាស់ៗ ដែលមានការរចនាលម្អផ្សេងៗ។ ជាទូទៅគេច្រើនធ្វើសសរមូល (រូបលេខ៦-៧) តែក៏មានព្រះវិហារខ្លះគេធ្វើសសរឈើរាងជ្រុងដែរ (រូបលេខ៨)។ រីឯគំនូរលម្អនោះភាគច្រើនជាប្រភេទគំនូរបុក (សូមអានបន្ថែមនៅ ជំពូក៣ អត្ថបទលេខរៀងទី២៩ ដែលខ្ញុំនិយាយអំពី «គំនូរបុក») ទឹបមាស។ ក្បូរក្បាច់ឬរូបផ្សេងៗមានច្រើនបែបច្រើនយ៉ាងណាស់ ដូចជារូបរុក្ខជាតិ វល្លិ៍មានដើម មានទង ស្លឹក ផ្លែ ផ្កាភ្ញីល្អិតៗ (រូបលេខ៩) ឬតួអង្គដូចជា កិន្នរ (រូបលេខ១០-១១), រូបតួអង្គយក្ស (រូបលេខ១២), រូបនាគ (រូបលេខ១៣), រូបតួអង្គទេព ឬសត្វផ្សេងៗក្នុងរឿងទេពកថាជាដើម។ រូបតួអង្គឬឈុតនៃសាច់រឿងបុរាណក្នុងគំនូរនោះច្រើនតែដកស្រង់មកពីរឿងរាមកេរ្តិ៍, រឿងព្រះជិនវង្ស ឬជាតកផ្សេងៗ (រូបលេខ១៤)។ កន្លែងខ្លះទៀត សូម្បីតែក្បាលសសរ ធ្នឹម ពិតាន... ក៏សឹងមានគំនូរទឹបមាសលម្អបែបសិល្បៈជាទីត្រកាលភ្នែកផង និងបង្ហាញពីការយកចិត្តទុកដាក់ផ្ចិតផ្ចង់ និងឲ្យតម្លៃខ្ពង់ខ្ពស់ទៅលើសំណង់ជាទីសក្ការៈដែលកើតចេញពីកម្លាំងសទ្ធានិងទ្រព្យធនរបស់អ្នកស្រុកនោះផង (រូបលេខ១៥)។ មិនតែប៉ុណ្ណោះ គំនូរទឹបមាសនៅលើសសរព្រះវិហារខ្លះទៀត មានសរសេរអក្សរចារឹកទុកជាពត៌មានឬកាលបរិច្ឆេទផ្សេងៗ ដែលអាចឲ្យយើងដឹងពីអាយុកាលគំនូរឬសំណង់នានានោះខ្លះដែរ ឧទាហរណ៍នៅផ្នែកខាងក្រោមរូបលេខ១១និង១២នៃគំនូរលើសសរព្រះវិហារវត្តស្វាយសាច់ភ្នំ (នៅស្រុកស្រីសន្ធរ) មានចារឹកអក្សរថា ...ព្រះសាសនាបាន២៤៥៤... (ត្រូវនឹងគ.ស.១៩១០) ហើយរូបលេខ១៦នៃគំនូរលើសសរព្រះវិហារវត្តចតុមុខារាម ហៅវត្តចុងព្រែក (នៅរកាកោង) មានចារឹកអក្សរថា ...ពុទ្ធសករាជកន្លងទៅបាន២៤៦៧ព្រះវស្សា... (ត្រូវនឹងគ.ស.១៩២៣)។ល។
រូវលេខ៨
មកដល់ដើមស.វ.ទី២១នេះ អ្វីៗមានការប្រែប្រួលខ្លះទៅតាមសម័យកាលថ្មី ម្ល៉ោះហើយវត្តអារាមជាច្រើនក៏មានការប្រែប្រួលតាមចិត្តគំនិតមនុស្សទាំងពួងដែរ។ ក្នុងនោះសំណង់ចាស់ៗនៅតាមវត្តខ្លះត្រូវគេរុះរើចោលដើម្បីសាងថ្មី ពិសេសគេនិយមសាងអំពីស៊ីម៉ងត៍ ហើយមានទំហំធំៗ ខ្ពស់ៗ និងគូរឬលាបថ្នាំពណ៌ស្រស់ឆើតឆាយផង។ ដោយសារការនិយមចូលចិត្តបែបថ្មីនេះហើយ ទើបព្រះវិហារជាច្រើនត្រូវគេរើរុះចោល ទោះបីជាសំណង់នោះនៅរឹងមាំប្រើការបានជាធម្មតាក៏ដោយ។ សំណង់ខ្លះទៀតគ្រាន់តែជួសជុលកែលម្អខ្លះៗទៅក៏បន្តប្រើប្រាស់មរតកដូនតានោះឲ្យនៅគង់វង្សបានអង្វែងទៅមុខយ៉ាងណាក្តី ក៏គេនៅតែមានចិត្តចង់រុះរើសាងសង់ថ្មីតាមគ្នាដែរ។ មានព្រះវិហារវត្តខ្លះគេមិនរុះចោលទាំងស្រុងទេ គឺគេរើដំបូលនិងគ្រឿងគ្រោងឈើចេញ កោសជញ្ជាំង គាស់ឥដ្ឋកម្រាលចាស់ចោលជាដើម ហើយកែថែមថយដោយប្រើសម្ភារៈបែបថ្មីវិញ (រូបលេខ១៧) ឬរហូតដល់លុបគំនូរចាស់ៗចេញ ដោយយល់ថាទ្រុឌទ្រោមឬចាស់ហួសសម័យក៏មាន។
រូវលេខ១៧
បើនិយាយតែអំពីសសរឈើដែលនៅល្អៗ រឹងមាំ និងមានគំនូរទឹបមាសភ្លឺផ្លេកប្រណីតៗខ្លះគឺបន្ទាប់ពីគេរុះរើព្រះវិហារចាស់នោះចោលហើយ គេដកយកចេញ (រូបលេខ១៨)។ សសរខ្លះគេយកទៅកែច្នៃសាងជាព្រះបដិមាផ្សេងៗ តែក៏មានសសរខ្លះគេទុកចោលលែងប្រើការអ្វីតែម្តង (រូបលេ១៩)។ មានសសរខ្លះទៀតគេយកទៅអារច្រៀកជាបន្ទះឈើតូចៗ ប្រើការធ្វើជារោងឬតូបផ្សេងៗវិញក៏មានដែរ (រូបលេខ២០-២១)។ តាមពិតសសរនៅតាមព្រះវិហារដែលមានអាយុកាលរវាងមួយសតវត្សឬលើសពីនោះផង គឺខ្លះនៅមានគុណភាពជាប់រឹងមាំល្អណាស់ ដ្បិតសុទ្ធតែធ្វើពីប្រភេទឈើល្អៗដូចពោលពីខាងលើមកស្រាប់ ហើយគេសម្រិតសម្រាំងត្រឹមត្រូវទាំងចំណាស់ឈើ ទាំងគុណភាពឈើ ទាំងបច្ចេកទេសការពារពុកផុយ ការពារកណ្ដៀរឬមេស៊ីជាដើមហើយ។
ប៉ុន្មានឆ្នាំមកនេះ កាងារអភិរក្ស ថែទាំ ជួសជុលមរតកវប្បធម៌ ប្រវត្តិសាស្ត្រ ទាំងខាងប្រាសាទបុរាណ ទាំងខាងសំណង់ក្នុងវត្តអារាម និងសំណង់ផ្សេងៗ ចាប់ផ្តើមមានការយកចិត្តទុកដាក់ជាបណ្តើរៗ តាមបែបបច្ចេកទេសយ៉ាងល្អ។ ឧទាហរណ៍ព្រះវិហារវត្តមហាលាភ (រូបលេខ២២-២៣) និងព្រះវិហារវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ក្នុងខេត្តកំពង់ចាម (រូបលេខ២៤) សុទ្ធតែមានសសរឈើនិងគំនូរទឹបមាសល្អស្រស់ត្រកាលតាំងពីឆ្នាំ១៩១០ ព្រមទាំងមានការជួសជុលនៅទីផ្សេងៗជាហូរហែទៀត (សូមអានបន្ថែមនៅ ជំពូក៣ អត្ថបទលេខរៀងទី៦០ និយាយអំពី «ជួសជុល»)។ ដូច្នេះប្រសិនបើមានគំនិតចង់ថែរក្សា
កេរមរតកដូនតារបស់ខ្លួននៅតាមតំបន់នានានោះ គឺទាំងព្រះសង្ឃ ទាំងគណៈកម្មការវត្ត ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងអាជ្ញាធរផ្សេងៗ ព្រមទាំងសប្បុរសជនទាំងឡាយ ពិតជាអាចចូលរួមចំណែកលើកតម្លៃ និងរក្សាការពារសម្បត្តិវប្បធម៌ ដែលជាស្នាដៃនិងជាបុណ្យកុសលរបស់បុព្វការីជនខ្លួនទាំងនោះ ឲ្យនៅគង់វង្សតទៅមុខទៀតបាន។
រូវលេខ២២