ដោយ អ៊ូ គង្គា និង ភិន សំណាង
នៅប្រទេសកម្ពុជាទាំងមូល ពិធីសុំទឹកភ្លៀងមានធ្វើនៅគ្រប់ទិសទី គ្រាន់តែរបៀបធ្វើជួនកាលខុសគ្នាបន្តិចបន្តួចពីតំបន់មួយទៅតំបន់មួយ ឬក៏ជួនកាលទៀតខុសគ្នាខ្លាំង។ យ៉ាងណាក៏ដោយ បើយើងវិភាគមើលន័យនៃកិច្ចនីមួយៗនោះ យើងអាចយល់បានជាធម្មតាថាគោលបំណងមានតែមួយទេ គឺសូមឲ្យភ្លៀងបង្អុរមក។
នៅលេខរៀងទី៤១ក្នុងជំពូក២ដដែលនេះ លោក អាន រស្មី មានបង្ហាញពីពិធីមួយដែលមានបញ្ចូលរឿងជាដកផងពុទ្ធប្រវត្តិផង នៅតំបន់ភ្នំវល្លិ ក្នុងខេត្តកំពត។ នេះជាឧទាហរណ៍ប្លែកមួយ។
មានឧទាហរណ៍ប្លែកមួយទៀត ដែលយើងឃើញតាមការសិក្សានៃលោក សាម ច័ន្ទវីរៈ ក្នុងលេខរៀងទី៣៤។ កិច្ចនោះផ្អែកទាំងស្រុងទៅលើទីតាំង គឺថាយកប្រាសាទនាគព័ន្ធជាមូលដ្ឋានគំនិត ដ្បិតប្រាសាទនេះពាក់ព័ន្ធច្បាស់ក្រឡែតនឹងទឹក កាលពីបុរាណកាល។
រីឯការសិក្សាយើងខ្ញុំដែលយកមកបង្ហាញពេលនេះ កើតឡើងពីការពិនិត្យនៅបុរាណស្ថានអង្គរដូចគ្នា គឺនៅប្រាសាទលាក់នាង (ជាប់ខាងជើងភ្នំបូក) នៅភូមិស្រែចង្ហូតប៉ុន្តែនិមិត្តរូបឬគំនិតផ្សេងៗដែលអ្នកស្រុកយកមកបង្ហាញក្នុងកិច្ចវិញ ស្រដៀងគ្នាខ្លាំងទៅពិធីសុំទឹកភ្លៀងនៅភូមិមួយចំនួនក្នុងស្រុកព្រៃឈរ, ខេត្តកំពង់ចាម ដែលលោកជី រដ្ឋា, ស៊ុន ចាន់ដឹប និង ហួត សំណាង មានបង្ហាញរៀបរាប់ក្បោះក្បាយនៅលេខរៀងទី៦៧។ តាមពិតទៅ «ក្រុមសិក្សាសង្គម» នៃអាជ្ញាធរអប្សរាបានចងក្រងពិធីនេះជារបាយការណ៍សង្ខេបខ្លះៗមកហើយកាលពីជាង១០ឆ្នាំមុន។
ការសង្កេតចុះទៅដល់មូលដ្ឋានរបស់យើងធ្វើឡើងនៅថ្ងៃទី២២-២៣ខែសីហាឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ៧-៨ រោចខែស្រាពណ៍។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទតែម្តង។ ថ្វីដ្បិតតែកាលបរិច្ឆេទធ្វើឥតមានកំណត់ទៀងទាត់ គឺថាអាស្រ័យលើការមូលមតិគ្នាក្នុងភូមិតែប៉ុណ្ណោះក្តី គេអាចគិតថាការជ្រើសរើសពេលហាក់ដូចជាមិនត្រូវនឹងរដូវស្រែដ្បិតជាធម្មតាពេលនោះចូលពាក់កណ្តាលរដូវទៅហើយ។ ហេតុផលគឺមកពីនៅឆ្នាំនោះការសម្រេចចិត្តមានការរអាក់រអួលស្ទើរតែខានមិនបានធ្វើ ដោយសារខ្វះខាតថវិកា។ ជាសំណាងល្អ ព្រះសង្ឃមួយអង្គគង់នៅសហរដ្ឋអាមេរិកដែលកាលមុនធ្លាប់គង់នៅវត្តរុនបានបរិច្ចាគប្រាក់ផ្គត់ផ្គង់កម្មវិធីឲ្យដំណើរការបន្តបានវិញ។ ហេតុនោះហើយ ទើបបានជាឆ្នាំនេះមានការជ្រោមជ្រែងច្រើនពីវត្តរុន តាំងពីការតម្លើងរោងបុណ្យ និងការរៀបចំនៅបរិវេណនោះផង។
កិច្ចទាំងអម្បាលម៉ានធ្វើនៅខាងកើត កៀកទៅនឹងជើងខឿនយ៉ាងខ្ពស់នៃប្រាសាទនេះ។ ងាកផុតពីនោះទៅខាងជើងបន្តិច (គេចាត់ទុកថានៅទិសឦសាននៃប្រាសាទ) គេរៀបចំរាជវតិមួយមានភ្នំខ្សាច់៥នៅកណ្តាល។ នៅមុមឦសាននៃរាជវតិ គេឃើញមានរាន៣ ដែលក្នុងចំណោមនោះមានរានយមរាជ។ នៅថ្ងៃទីមួយ គេធ្វើកិច្ចបួងសួងនិងបំបួសភ្នំខ្សាច់ (រូបលេខ១)។
រូបលេខ១
ក្នុងថ្ងៃទីពីរ នៅចំខាងកើតប្រាសាទ គេសូនខ្សាច់ធ្វើជាស្រះ ដែលក្នុងនោះមានពពួកសត្វដែលរស់នៅក្នុងទឹកដូចជាក្រពើ, កន្ធាយ, ត្រី, អន្ទង់, ក្តាម, កង្កែបជាដើម (រូបលេខ២-៤)។ មិនតែប៉ុណ្ណោះ ក្នុងស្រះនេះគេយករុក្ខជាតិដែលដុះក្នុងទឹកដូចជាឈូកនឹងភ្លង់មកដាំព្រមទាំងស្ទូងស្រូវខ្លះផង ហាក់ចង់បង្ហាញថាទីនេះពោរពេញទៅដោយរុក្ខជាតិផ្សេងៗ ជាពិសេសមានស្រូវដុះពេញ (រូបទី៥-៦)។
នៅថ្ងៃទីពីរដដែល មនុស្សស្រីមួយក្រុមឡើងចូលទៅក្នុងប្រាសាទច្រៀងថ្វាយទៅទេពអ្វីមួយក្នុងប្រាសាទនោះ។ គេបានរៀបចំជាស្រេចនូវគ្រឿងរណ្តាប់នានាដូចជាទៀន,ធូប, បាយសី, ចំណីអាហារនិងស្រាស (រូបលេខ៧)។ គេច្រៀងបណ្តើរ ជះទឹកដាក់គ្នាបណ្តើរបន់ស្រន់សូមឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងភូមិ។ បន្ទាប់មក គេច្រៀងត្រុដិដង្ហែចេញពីប្រាសាទសំដៅ មករោងបុណ្យវិញ (រូបលេខ៨)។ ក្នុងពេលហែនេះ អ្នកខ្លះធ្វើត្រាប់សម្លេងកង្កែបស្រែកពេលមានភ្លៀងធ្លាក់។ គេប្រាប់យើងថាពីមុនមក នៅត្រឹមនេះ គេមានកិច្ចបញ្ចូលរូបអ្នកតានៅពីមុខប្រាសាទ តែកិច្ចនេះលែងមានតាំងពីសម័យខ្មែរក្រហមមក។ លុះដល់ថ្ងៃត្រង់គេនាំគ្នាដើរប្រទក្សិណជុំវិញប្រាសាទ៣ជុំ ទើបផ្សឹកភ្នំខ្សាច់។ រួចហើយ គេនិមន្តព្រះសង្ឃ១៤ អង្គគង់ឈរជុំវិញស្រះ។ មួយអង្គគង់នៅកណ្តាលស្រះសូត្រ «មហាមេឃ [សូត្រ]» ដែលជាឈ្មោះគម្ពីរមួយមាននិយាយទាក់ទងនឹងការសុំទឹកភ្លៀង (រូបលេខ៩-១០)។ សូមបញ្ជាក់ថានៅកិច្ចចុងក្រោយនៃពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធក៏មានសូត្រមហាមេឃដែរ។ ពេលដែលព្រះសង្ឃកំពុងសូត្រ អ្នកស្រុកចូលរួមជះទឹកដាក់គ្នាឧបកិច្ចថាភ្លៀងធ្លាក់មក និងស្រោចស្រង់ទឹកលើព្រះសង្ឃដែលគង់ក្នុងស្រះនិម្មិតនោះ។ ក្រោយមក គេសន្មតថាទឹកពេញស្រះហើយ ទើបគេលើកព្រះសង្ឃចេញពីស្រះនិម្មិតនោះម្តងមួយអង្គៗ (រូបទី១១-១២)។ កិច្ចពិធីទាំងអស់បញ្ចប់នៅថ្ងៃត្រង់ក្នុងថ្ងៃទីពីរ។ ប្រពៃណីនិម្មិតស្រះមានរូបសត្វអាចមានការប្រតិបត្តិតាំងពីបុរាណ។ ចម្លាក់នៅសម័យបុរាណខ្លះក៏មានចម្លាក់បង្ហាញអំពីទឹក, រុក្ខជាតិនិងសត្វដែលរស់នៅក្នុងទឹកដែរ។ ឧទាហរណ៍នេះ យើងអាចឃើញតាមបុរាណស្ថានមួយចំនួន ដូចជានៅពើងឥសីលើភ្នំគូលែនមានជប់សំខាន់មួយដែលមានចម្លាក់សត្វ។ ក្នុងនោះមានសត្វរស់ក្នុងទឹកជាច្រើនដែលគេឆ្លាក់ដាច់ៗពីគ្នា ដូចជា (រូបលេខ១៣)។
ចម្លាក់ស្រដៀងគ្នានេះក៏ប្រទះឃើញនៅត្រពាំងខ្នារក្នុងតំបន់កោះកេរ្តិ៍ដែរ។ ទីនោះមានចម្លាក់លិង្គ ទេពនិករ និងសត្វរស់នៅក្នុងទឹកជាច្រើនក្នុងបរិវេណត្រពាំងខ្នារ (រូបលេខ១៤-១៦)។ ចម្លាក់ទីនេះមានការសិក្សាក្បោះក្បាយអំពីលោក ប៉ូ និមល, ត្រពាំងខ្នារ និងបរិដ្ឋានជុំវិញ (រមណីយដ្ឋានកោះកេរ្តិ៍) ក្នុងឆ្នាំ២០១៥។