ដោយ អាំង ជូលាន
អត្ថបទខ្លីនេះគ្មានបំណងអ្វីក្រៅពីជូនឧទាហរណ៍ថ្មីមួយទៀតអំពីជំនឿខ្មែរទៅលើ «ព្រលឹង» ប៉ុណ្ណោះ។ ការរៀបរាប់និងសិក្សាអំពីព្រលឹងដែលមានមក ពុំអាចយកមករាយអស់ឡើយ ដ្បិតមានច្រើនណាស់។ ព្រលឹងទាក់ទងផ្ទាល់ទៅនឹងជីវិត រីឯឆាកជីវិតគឺចាប់ផ្តើមពីកើតទៅចប់នៅស្លាប់។ ដូច្នេះហើយបានជាក្នុងពិធីបូជាសព គេតែងឃើញមាន «ទង់ព្រលឹង» ដ្បិតព្រលឹងត្រូវទៅតាមបុគ្គលដែលនឹងទៅចាប់ជាតិថ្មី។ ការសិក្សាពីសេចក្តីស្លាប់ក៏មានច្រើនដែរហើយ ពុំចាំបាច់រៀបរាប់សាថ្មីទេ។ ត្រង់ប្រការ «ស្លាប់» នេះ ខ្ញុំគ្រាន់តែសូមរំឭកយ៉ាងខ្លីបំផុតថាគេចែកចេញជាពីរយ៉ាង។ ទីមួយគឺស្លាប់ចាស់ធម្មតាមានន័យថាអ្នកនោះបានឆ្លងកាត់ជីវិតតាមវដ្តមួយពីដើមដល់ចប់ គឺថាធ្លាប់ជាក្មេង, ជាមនុស្សពេញវ័យ, ជាចាស់ជរា... ហើយទើបអស់អាយូសជាចុងក្រោយ។ បើកំពុងតែពេញកម្លាំងរាងកាយហើយស្លាប់មិនទាន់បានស្គាល់ចាស់ ដោយប្រការដូចជាគ្រោះថ្នាក់, អត្តឃាតជាដើមនោះ គេចាត់ទុកថាស្លាប់មិនធម្មតា ដោយសារពុំបានឆ្លងដំណាក់ផ្សេងៗខាងលើ។ អ្នកស្រុកនៅច្រើនតំបន់ដែរដែលប្រើពាក្យថា «ស្លាប់តៃហោង» ឯខ្មោចនោះអាចទៅជា «ខ្មោចឆៅ» ដើររាតត្បាតគេឯងឥតរើសមុខ។
ពីមុនមក អ្នកស្រុកមិនយកសពអ្នកស្លាប់តៃហោងមកបូជាឡើយ គឺមានតែកប់ចោលដោយធ្វើកិច្ចបញ្ចៀសផ្សេងៗ។ តែខ្ញុំសង្កេតឃើញថាចាប់ពីប្រមាណ២០ឆ្នាំមកនេះនៅភូមិស្រុកដាច់ស្រយាលជាច្រើនក្នុងតំបន់អង្គរ គេយកសពរបៀបនោះមកបូជាដែរ តែពុំឲ្យពេញមុខដូចសពឯទៀតទេ។ នាបច្ចុប្បន្ន ការបន្ធូរបន្ថយក៏ហាក់ដូចជាកាន់តែវិវឌ្ឍទៅមុខទៀត។ ឧទាហរណ៍មួយយ៉ាងខ្លីដែលខ្ញុំជូនតទៅនេះ ខ្ញុំប្រទះដោយចៃដន្យមួយភ្លែតប៉ុណ្ណោះ ហើយ ក៏ពុំបានសិក្សាអ្វីវែងឆ្ងាយឡើយ តែខ្ញុំយល់ថាគ្រប់គ្រាន់នឹងបញ្ជាក់បន្ថែមអំពីទំនាក់ទំនងរវាងព្រលឹងទៅនឹងការចាប់ជាតិបានត្រឹមត្រូវ ៖
នៅតាមផ្លូវចន្លោះភូមិតានីនិងភូមិស្នាសង្គ្រាម (ស្រុកបន្ទាយស្រី, ខេត្តសៀមរាប)មានកើតគ្រោះថ្នាក់មួយដោយម៉ូតូនិងម៉ូតូបុកគ្នា។ អ្នកស្លាប់ជាអ្នកស្រុកនៅតំបន់នេះឯង ឯម្នាក់ទៀតជាអ្នករលួស (ស្រុកប្រាសាទបាគង) ដែលនៅឆ្ងាយពីនោះគ្រាន់តែរបួស។ អ្នកស្លាប់នោះ គ្រួសារបានធ្វើបុណ្យបូជាប្រមាណកន្លះខែមកហើយ។ ប៉ុន្តែនៅតែមិនអស់ចិត្តដោយសារថាស្លាប់នោះជាស្លាប់តៃហោង។ ដូច្នេះហើយក៏ទៅរកព្រះសង្ឃមួយអង្គនៅវត្តរុនដែលបានធម៌ក្នុងឲ្យគង់ «អង្គុយមើល»។ មើលទៅក៏ឃើញថាព្រលឹងអ្នកស្លាប់មិនទៅណាទេ គឺនៅវិលវល់ តែទីនេះឯង។ ហេតុនេះគ្រួសារក៏និមន្តលោកមកធ្វើកិច្ចឲ្យដាច់ជ្រះស្រឡះ។ នៅរូបលេខ១ យើងឃើញថាមានមនុស្សមួយក្រុមផ្តុំគ្នានៅលើដីមួយក្បែរថ្នល់(រូបលេខ២ជារូបលំអិត) និងមួយក្រុមទៀតនៅលើថ្នល់ ត្រង់ចំណុចដែលកើតគ្រោះថ្នាក់ស្លាប់ (រូបលេខ៣ជារូបលំអិត)។ នៅក្បែរថ្នល់នោះ មានព្រះសង្ឃកំពុងធ្វើកិច្ច ព្រមទាំងមានខ្សែអំបោះតពីទីនោះទៅថ្នល់។ នៅរូបលេខ៤យើងឃើញដបទឹកមួយដែលគេទើបនឹងច្រូចអស់ ប៉ុន្តែមុននោះ គេមានយកចំបើងទៅដុតត្រង់ចំណុចនោះឲ្យអស់ចង្រៃសិន។