ដោយ ព្រាប ចាន់ម៉ារ៉ា
ក្នុងកិច្ចពិធីតាមទំនៀមខ្មែរ យើងតែងឃើញអាចារ្យសូត្រប្រកាសទេវតា គឺអំពាវនាវសូម យាងអញ្ជើញអស់ទេពនិករ យក្ស គន្ធព្វ នាគ និងអារក្ស អ្នកតា យាយទេព បង់បទផងទាំងពួង ឲ្យមកចូលរួមទទួលយកតង្វាយក្រយាបូជាថ្វាយផ្សេងៗ។ សូម្បីតែក្នុងពិធីបុណ្យអ្វីមួយដែលមានព្រះសង្ឃចម្រើនព្រះបរិត្ត ក៏គង់តែមានយាងទេពនិករទាំងឡាយនោះឲ្យ មកស្តាប់ព្រះធម៌ដែរ។ ទំនុកសូត្រនោះអាចខុសៗគ្នាខ្លះ តាមទំនៀមពីតំបន់មួយទៅតំបន់មួយ ឬខុសគ្នាពីពិធីមួយទៅពិធីមួយទៀត ហើយក៏អាចខុសគ្នារវាងក្បួនច្បាប់និងចំណាំរបស់អាចារ្យមួយរូប ទៅអាចារ្យមួយរូបផ្សេងទៀត។ នៅក្នុងពាក្យសូត្រនោះ ជួនកាលយើងឮគេសូមយាងអញ្ជើញទេពរក្សាលោកធាតុឬចក្រវាលនៅទិសទាំង៤ ដែលយើងហៅថា «លោកបាល» ជារឿយៗ។
បើយកពាក្យសូត្រប្រកាសទេវតាក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង ដូចជាព្រះរាជពិធីត្រស្តិសង្ក្រាន្ត ឬច្រត់ព្រះន័ង្គលជាដើម គឺយើងឃើញមានវគ្គខ្លះគេសូត្រអញ្ជើញលោក បាលទាំង៤ទិសថា ៖
« ...សូមអារាធនាអញ្ជើញអស់ទេវតា មហាមហៃស័ក្ខទាំងមួយម៉ឺនលោកធាតុ គឺព្រះបាទធតរដ្ឋមហារាជ ដ៏មានអំណាចជាម្ចាស់អស់គន្ធព្វផងទាំងឡាយ ស្តេចស្ថិតនៅឰដ៏ទិសបូព៌, សូមអារាធនាអញ្ជើញព្រះបាទវិរុឡ្ហកមហារាជ ដ៏មានអំណាចជាម្ចាស់លើពួកកុម្ភ័ណ្ឌផងទាំងឡាយ ស្តេចស្ថិតនៅឰដ៏ទិសទក្សិណ, សូមអារាធនាអញ្ជើញព្រះបាទវិរូបក្ខមហារាជ ដ៏មានអំណាចជាម្ចាស់លើនាគទាំងឡាយ ស្តេចស្ថិតនៅឰដ៏ទិសបស្ចិម,សូមអារាធនាអញ្ជើញព្រះបាទវេស្សវ័ណមហារាជ ដ៏មានអំណាចជាម្ចាស់លើអស់យក្សទាំងឡាយជាបរិពារ ស្តេចស្ថិតនៅឰដ៏ទិសឧត្តរ... »។
រីឯព្រះបរិត្តដែលស្វាធ្យាយដោយព្រះសង្ឃវិញក៏មិនខុសពីខាងលើឡើយ ដូចមានបទបាលី និងសម្រាយខ្លះមកថា ៖
« បុរិមទិសំ ធតរដ្ឋោ ស្តេចធតរដ្ឋ នៅរក្សាខាងបរិមទិស,
ទក្ខិណេន វិរុល្ហកោ ស្តេចវិរុឡ្ហក នៅរក្សាខាងទក្ខិណទិស,
បច្ឆិមេន វិរូបក្ខោ ស្តេចវិរូបក្ខ នៅរក្សាខាងបច្ឆិមទិស,
កុវេរោ ឧត្តរំ ទិសំ ស្តេចកុវេរៈ នៅរក្សាខាងឧត្តរទិស
ចត្តារោ តេ មហារាជា លោកបាលា យសស្សិនោ »
មហារាជទាំងឡាយ៤នោះ សុទ្ធតែមានយស ជាអ្នករក្សានូវលោក តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច មហារាជទាំងឡាយនោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឲ្យមានរោគផង ឲ្យមានសេចក្តីសុខផង »។ល។
លោកបាលទាំង៤អង្គខាងលើនេះគេចាត់ទុកថា ជាស្ដេចទេវតាធំចម្បងក្នុងស្ថានចាតុម្មហា រាជិកា ដែលជាសួគ៌ជាន់ទី១ គឺ១.ព្រះបាទធតរដ្ឋ នៅទិសខាងកើត, ២.ព្រះបាទវិរុឡ្ហក នៅ ទិសខាងត្បូង, ៣.ព្រះបាទវិរូបក្ខ នៅទិសខាងលិច, ព្រះបាទកុវេរ (ឬព្រះវេស្សវ័ណ) នៅ ទិសខាងជើង។ តើលោកបាលនៅក្នុងចម្លាក់នៅសម័យបុរាណ និងក្នុងគំនូរសម័យក្រោយៗ មក ព្រមទាំងក្នុងកិច្ចពិធីផ្សេងនៃប្រពៃណីខ្មែរមានបង្ហាញយ៉ាងដូចម្តេចខ្លះ? ខាងក្រោមនេះខ្ញុំសូមបង្ហាញរូបជាឧទាហរណ៍ខ្លះៗ ក្នុងចម្លាក់ថ្ម, ចម្លាក់ឈើ, គំនូរ និងសកម្មភាពដែលគេធ្វើជាកិច្ចក្នុងពិធីខ្លះៗ។ នៅលើចម្លាក់ថ្មតាមប្រាសាទមួយចំនួនមានបង្ហាញអំពីតួអង្គលោកបាលទាំង៤ មានរូបរាងជាមនុស្សហើយច្រើនឃើញក្នុងឈុតហោះទ្រជើងសេះកណ្ឋក គ្រាដែលព្រះសិទ្ធាថ៌យាងចេញទៅសាងផ្នួស។ ឧទាហរណ៍ រូបលេខ១ ជាចម្លាក់លើហោជាងនៅប្រាសាទនាគព័ន្ធចុងស.វ.ទី១២។ រូបលេខ២ជាចម្លាក់លើហោជាងនៅប្រាសាទនគរបាជ័យខេត្តកំពង់ចាមសាងឡើងនាចុងស.វ.ទី១២ និងមានឆ្លាក់បន្ថែមនៅស.វ.ទី១៦។ល។ ឈុតមួយទៀតគឺលោកបាលទាំង៤កាន់បាត្រយកមកថ្វាយព្រះពុទ្ធអង្គ(រូបលេខ៣ ជាចម្លាក់លើផ្ទាំងថ្មរាងជាស្លឹកសីមា ស.វ.ទី១២ សព្វថ្ងៃដាក់តាំងនៅសារមន្ទីរជាតិ ភ្នំពេញ)។
បើយើងមើលមកសម័យថ្មីនេះវិញ ខ្ញុំសូមជូនឧទាហរណ៍មួយ ជាចម្លាក់ឈើនៅលើហោជាងទាំង៤ទិសនៃមណ្ឌបស្ថិតនៅលំហកណ្តាលសារមន្ទីរជាតិ សាងឡើងនៅរវាងឆ្នាំ១៩១៨- ១៩ (រូបលេខ៤)។ នៅលើផ្ទៃហោជាងទាំង៤ទិសនោះគឺ ៖ រូបលេខ៥ ជាព្រះបាទធតរដ្ឋ នៅទិសខាងកើត, រូបលេខ៦ ជាព្រះបាទវិរុឡ្ហក នៅទិសខាងត្បូង, រូបលេខ៧ ជាព្រះបាទវិរូបក្ខ នៅទិសខាងលិច, និងរូបលេខ៨ ជាព្រះបាទកុវេរ នៅទិសខាងជើង។
ចំពោះគំនូរតាមព្រះវិហារ ឬសាលាឆាន់នៅក្នុងវត្តជាច្រើន យើងតែងឃើញមានគេគូររឿងពុទ្ធប្រវត្តិ ហើយជារឿយៗមានបង្ហាញអំពីលោកបាលទាំង៤ហោះទ្រជើងសេះហែហមព្រះសិទ្ធាថ៌យាងចេញសាងផ្នួស (រូបលេខ៩-១០)។ រូបគំនូរទាំងអស់នោះគឺដូចគ្នាទៅនឹងចម្លាក់នៅសម័យបុរាណដែលនិយាយពីខាងលើដែរ។ រូបគំនូរខ្លះទៀតបង្ហាញអំពីលោកបាលទាំង៤យកបាត្រមកថ្វាយព្រះពុទ្ធអង្គ ហើយការគូររូបតួអង្គនោះតែងមានឥរិយាបថខុសៗគ្នាខ្លះ (រូបលេខ១១-១៣)។
ឥឡូវយើងមកមើលកិច្ចពិធីផ្សេងៗក្នុងទំនៀម ដែលបង្ហាញពីលោកបាលទាំង៤ម្តង។ ខ្ញុំពុំដឹងប្រាកដថាមានពិធីអ្វីច្រើនខ្លះទេ ដែលគេសម្តែងឲ្យឃើញលោកបាលទាំងនោះ ប៉ុន្តែអ្វីដែលតែងតែឃើញជារឿយៗ គឺពិធីអភិសេកព្រះ។ ពិធីអភិសេកព្រះពុទ្ធរូបថ្មីនៅតាមតំបន់ជាច្រើន តែងមានកិច្ចតាមលំដាប់លំដោយហូរហែ ហើយក្នុងនោះយើងឃើញមានកិច្ចមួយគេត្រូវចម្អិនមធុបាយាស (សូមអានអត្ថបទលេខរៀងទី១៣ក្នុងជំពូក២នៃវែបសាយរបស់យើងខ្ញុំនេះ ឬនៅសៀវភៅលេខ២)។ កិច្ចនេះមានក្មេងស្រីព្រហ្មចារី៤នាក់ អង្គុយបកស្រូវដំណើបនឹងដៃផ្ទាល់ ហើយយកទៅដាក់ដាំបាយមធុបាយាស ដោយលាយនឹងទឹកឃ្មុំ ទឹកដោះគោជាដើមហើយមានចាស់ៗជួយជ្រោមជ្រែងផង។ ក្នុងកិច្ចនោះ យើងសង្កេតឃើញមានក្មេងប្រុស៤នាក់កាន់ដំបងនិងឆ័ត្ររៀងៗខ្លួន ដើរក្រឡឹងជុំវិញក្រឡាពិធី(រូបលេខ ១៤)។ ត្រង់នេះយើងយកទៅប្រៀបនឹងគំនូរខ្លះនៅតាមព្រះវិហារក៏ឃើញមានបង្ហាញដែរ គឺគេនិយាយថាគ្រាដែលនាងសុជាតាចម្អិនមធុបាយាសនោះ មានទេពនិករទាំងឡាយយាង មកជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យការងារនេះបានសម្រេចដោយប្រពៃ ដ្បិតមធុបាយាសនោះឯងដែលនឹងជួយឲ្យព្រះពុទ្ធអង្គមានថាមពលគ្រប់គ្រាន់ក្នុងការស្មឹងស្មាធិរកធម៌ត្រាស់ដឹងបានជាប្រាកដ។ ដូច្នោះហើយ នៅវេលានោះមានទាំងលោកបាលទាំង៤ទិស យាងមក ជួយថែរក្សាការពារកុំឲ្យមានមារសត្រូវឯណាមកបៀតបៀន បង្កក្តីអន្តរាយឬរំខានកិច្ចចម្អិនមធុបាយាសនោះបានឡើយ (រូបលេខ១៥ជាគំនូរដើមស.វ.ទី២០ ក្នុងវិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល និងរូបលេខ១៦ ជាគំនូរដើមស.វ.ទី២០ ក្នុងវិហារវត្តសូរិយា ខេត្តពោធិសាត់)។
រូបលេខ១១
ចុងបញ្ចប់នេះ ខ្ញុំសូមនិយាយអំពីពិធីនៅក្នុងព្រះបរមរាជវាំងបន្តិច។ ព្រះរាជពិធីមានច្រើនទៅតាមខែឬទៅតាមរដូវកាលមានកំណត់ក្នុងប្រក្រតិទិន ហើយក្នុងនោះមានព្រះរាជពិធីត្រស្តិសង្ក្រាន្តធ្វើឡើងពុំដែលខាននៅវេលាដាច់ខែផល្គុន ដើម្បីបណ្តេញឧបទ្រពចង្រៃ និងបង្កក់ប្រសិទ្ធិព្រះបរមរាជវាំងក៏ដូចជាព្រះនគរទាំងមូល។ ពិធីនេះសំខាន់គឺព្រះសង្ឃសូត្រ ភាណយក្ស ដែលជាធម៌ទូន្មានប្រៀបប្រដៅពពួកយក្ស ខ្មោច ព្រាយទាំងឡាយឲ្យមានចិត្តស្លូតបូត កុំបៀតបៀន ហើយឲ្យចេះថែរក្សាមនុស្សលោក។ ពិធីនេះផ្តើមឡើងដោយធ្វើកិច្ចអញ្ចើញទេពនិករនិងលោកបាលទាំង៤ទិស ឲ្យយាងមកជួបជុំគ្នាក្នុងក្រឡាពិធី ពោលគឺនៅព្រះទីន័ងទេវាវិនិច្ឆ័យ និងរង់ចាំស្តាប់ព្រះធម៌ផង។ គ្រានោះយើងតែងឃើញមានព្រះសង្ឃមួយអង្គឈរសូត្រប្រកាសទេវតា ហើយមានបុរស៤រូប ដើរតួជាលោកបាលទាំង៤ទិស យាងមកធ្វើកិច្ចឆ្លងឆ្លើយជាមួយនឹងព្រះសង្ឃខាងលើ (រូបលេខ១៧-១៩) បន្ទាប់មកព្រះរាជពិធីក៏ប្រព្រឹត្តតាមលំដាប់លំដោយតរៀងទៅ។
កិច្ចពិធីផ្សេងៗក្នុងទំនៀមខ្មែរគឺជាការវេញបញ្ចូលធ្លុងគ្នាយ៉ាងរឹងមាំរវាងទំនៀមបែបជីវចលជាជំនឿដើម បូកផ្សំនឹងទំនៀមបែបព្រាហ្មណ៍ ព្រមទាំងពុទ្ធសាសនាមហាយាននិងថេរវាទ ផង ដែលជាមរតករាប់សតវត្សមកហើយក្នុងសង្គមខ្មែរនេះ។ ដូច្នោះហើយក្នុងសិល្បៈខ្មែរពីបុរាណកាលរៀងដរាបមក គឺហាក់ដូចជាមានការយកចិត្តទុកដាក់ ទៅដល់លោកបាលទាំង៤ទិសនោះដែរ។ ទាំងនេះគឺក្នុងគំនិតថា លោកធាតុយើងទាំងមូលមានទេពនិករ និងអមនុស្សផ្សេងៗច្រើន ហើយក៏មានទេពប្រចាំទិសធំៗទាំង៤ ដែលមាននាទីមើលថែរក្សាការពារដែនចក្រវាលនេះ កុំឲ្យមានភ័យក្តីអន្តរាយផ្សេងៗមកបៀតបៀននោះឯង។