ដោយ អាន សុភត្រា / អាំង ជូលាន
នៅក្នុង បណ្តាញពត៌មានវប្បធម៌ខ្មែរ នេះ មានអត្ថបទជាច្រើនដែលបង្ហាញថារឿងរាមកេរ្តិ៍ចាក់ឬសជ្រៅទៅក្នុងវប្បធម៌ខ្មែរតាំងតែពីយូរយារមកហើយ។ បើនិយាយតែពីសម័យថ្មី យើងឃើញថាមានតំបន់មួយនៅខាងកើតជាប់នឹងក្រុងភ្នំពេញ, សងខាងទន្លេធំ, ដែលមានក្រុមល្ខោនសម្តែងតែរឿងរាមកេរ្តិ៍មួយមុខជាប់ជាទំនៀមមក។ ការសម្តែងនោះសោតក៏មិនគ្រាន់តែឲ្យមនុស្សម្នាកំសាលសប្បាយរីករាយប៉ុណ្ណោះទេ គឺមានលក្ខណៈជាកិច្ចពិធីផង។ សូមអាននៅជំពូក២ ៖
- លេខរៀង៦៦ ៖ រឿងរាមកេរ្តិ៍និងឥទ្ធិពលនៅក្នុងកិច្ចពិធី
- លេខរៀង៦៩ ៖ ល្ខោនខោល ៖ មរតករស់នៃសហគមន៍ស្វាយអណ្តែត
- លេខរៀង៧២ ៖ រាមកេរ្តិ៍ និងសហគមន៍ពីរនៅសងខាងទន្លេធំ
នៅទីនេះយើងខ្ញុំមានបំណងពីរ។ ទីមួយគឺជូនឧទាហរណ៍ថ្មីមួយទៀត បន្ថែមលើទិន្នន័យអត្ថបទទាំង៣ខាងលើ។ ទីពីរគឺបង្ហាញពីការរលាយចូលគ្នានូវរឿងរាមកេរ្តិ៍នឹងទំនៀមអ្នកស្រុកទាក់ទងនឹងកសិកម្ម។ ភូមិសាស្ត្រដែលខ្ញុំនឹងលើកមកនិយាយនេះ គឺត្រើយខាងកើតទន្លេធំ។ តំបន់នោះមានផ្ទៃធំមួយមានលក្ខណៈជាបឹង មានន័យថាដែលលិចទឹកជាប្រចាំ។ បើនៅរដូវវស្សាផង គឺទឹកសាយវាល។ បឹងនោះឈ្មោះហៅថា «វាលសំណាប» (រូបលេខ១)។ ទីណាដែលទឹកមិនលិចទើបជាភូមិ។ ក្នុងចំណោមនោះ មានភូមិមួយឈ្មោះ «បារ៉ុង» និងមួយទៀតឈ្មោះ «ខ្នោការ» ដែលសុទ្ធតែមានវត្តរៀងៗខ្លួន។ នៅតំបន់នេះ សត្វពាហនៈដែលអ្នកស្រុកប្រើមិនសូវមានគោទេ គឺគេនិយមតែក្របី ដោយសារភូមិសាស្ត្រនៅឯនេះជាដីដែលទឹកដក់ឬទឹកលិចច្រើនដូចទើបនឹងពោលមក។ កសិករណាក៏ប្រើក្របី។ និយាយឲ្យខ្លីមក គឺជាតម្រូវការនៃប្រភេទស្រែដែលបត់បែនទៅតាមទឹកដីវាលសំណាបនេះ។ សារៈសំខាន់នៃក្របីធ្វើឲ្យវគ្គមួយនៃរឿងរាមកេរ្តិ៍កាន់តែលេចធ្លោច្បាស់ក្នុងការចងចាំនៃអ្នកស្រុក។ វគ្គនោះទាក់ទងនឹង «ទូភី» ដែលជាតួអង្គសំខាន់មួយនៃឈុតដែលយើងខ្ញុំសូមសង្ខេបដូចតទៅ ៖
១. ភូមិសាស្ត្រស្រុកនិងឈុតទូភីនៃរឿងរាមកេរ្តិ៍
មានស្ដេចក្របីមួយមានឫទ្ធានុភាពលើអស់ក្របីទាំងពួង ហើយមានក្របីមេរាប់ពាន់ជាប្រពន្ធ។ កាលបើក្របីមេណាមួយកើតកូនមកឈ្មោល ក្របីបាជាឪពុកនេះតែងវ័ធនឹងស្នែងសម្លាប់ចោលភ្លាម បើកូនក្របីនោះជាញីវិញទើបទុកឲ្យរស់រានមានជីវិត។ នៅគ្រាមួយ មេក្របីមួយនោះមានផ្ទៃពោះគ្រប់ខែ ក៏លបទៅកើតកូននៅក្នុងព្រៃជ្រៅស្ងាត់ជ្រងំពុំឲ្យនរណាដឹង ដោយខ្លាចក្រែងកូនដែលនឹងកើតមកនោះជាឈ្មោល។ លុះសម្រាលមកក៏ឃើញថាជាឈ្មោលមែន។ មេក្របីឲ្យឈ្មោះកូនថា «ទូភី» ហើយលាក់កូនទុកនៅទីនោះដើម្បីឲ្យរួចផុតពីការសម្លាប់របស់ឪពុក។ លុះទូភីធំឡើងចម្រើនវ័យរហូតដល់ឡើងក មួយថ្ងៃស៊ីស្មៅអស់៣វាល ផឹកទឹកអស់៣បឹង។ ទូភីប្រឹងហ្វឹកហាត់រៀនប្រយុទ្ធនិងការពារខ្លួនជាទៀងទាត់។ បើវ័ធអ្វីមួយហើយ គឺមិនដែលខុសឡើយ។ ឧទាហរណ៍ ពេលមួយនោះ ទូភីបោលបុកក្បាលនឹងដើមក្រសាំងមួយដែលមានផ្លែរាប់ពាន់។ ពេលផ្លែទាំងនោះកំពុងធ្លាក់មក ទូភីយកស្នែងវ័ធត្រូវទាំងអស់ ឥតមានផ្លែណាមួយធ្លាក់ដល់ដីទាន់ឡើយ។
ថ្ងៃមួយទូភីកើតក្ដីមន្ទិលចង់ដឹងពីប្រវត្តិរបស់ខ្លួន ក៏និយាយទៅម្តាយថាខ្លួនចង់ជួបបាខ្លាំងណាស់។ មេក្របីជាម្ដាយក៏រៀបរាប់រឿងរ៉ាវទាំងអស់ឲ្យកូនដឹងព្រមទាំងប្រាប់ពីទីដែលបាក្របីរស់នៅផង។ ដឹងដូច្នោះហើយទូភីក៏លបលួចទៅរកជួបបា។ លុះបានជួបភ្លាម បាក្របីក៏ស្ទុះមកវ័ធបោលបុកទូភីមួយរំពេច។ ប៉ុន្តែ
ទូភីពុំបណ្តែតបណ្តោយខ្លួនឡើយ គឺការពារខ្លួន ហើយសម្រុកបោលបុកទៅលើបាវិញឲ្យញញើតដែរ គ្រាន់តែពុំបញ្ចេញស្នៀតឲ្យអស់ ដោយពុំចង់ឲ្យបារងគ្រោះធ្ងន់ធ្ងរ។ ពេលទូភីវ័ធស្នែង បាក្របីក៏យកស្នែងរង តែដោយកម្លាំងកូនខ្លាំងជាង ទើបធ្វើឲ្យបាក្របីនោះបាក់កស្លាប់ទៅ នៅទីបញ្ចប់។
សព្វថ្ងៃអ្នកស្រុកនៅតំបន់វាលសំណាប ជាពិសេសនៅភូមិបារ៉ុងនិងភូមិខ្នោការស្គាល់ឈុតទូភីក្នុងរឿងរាមកេរ្តិ៍នេះច្រើនគ្នានៅឡើយ។ ប្រការដែលគួរឲ្យចាប់អារម្មណ៍ គឺគេពន្យល់ឈ្មោះភូមិទាំងពីរដោយយកឈុតនេះមកពន្យល់។ គេថាពីដំបូងឡើង ឈ្មោះភូមិជា «កូនការ» ទេ តែក្រោយមកក៏ក្លាយជា «ខ្នោការ» ដ្បិតពេលដែលបាក្របីវ័ធស្នែងមក ទូភីជាកូនបញ្ចេញក្បាច់គ្រប់យ៉ាងដើម្បីការពារខ្លួន[1]។ រីឯឈ្មោះដែលក្លាយមកជា «បារ៉ុង» វិញ កាលពីដំបូងគឺឈ្មោះ «បារង» ដោយសារពេលដែលកូនវ័ធស្នែងមក បាក៏យកស្នែងរង។ អ្នកស្រុកពន្យល់ថា បានជាគេច្រើននិយាយភ្ជាប់ឈ្មោះភូមិទាំងពីរជាមួយគ្នា គឺមកពីមានពាក្យពីមុនមកថា «កូនការ - បារង»។ គេថាបារ៉ុងជាទីដែលបាក្របីនោះរស់នៅ ប៉ុន្តែកាលដែលប្រយុទ្ធគ្នាជាមួយកូន គឺប្រយុទ្ធនៅឯខ្នោការ ត្រង់ទីតាំងវត្តសព្វថ្ងៃ។ ហេតុដូច្នេះហើយ បានជានៅមុខព្រះវិហារវត្តខ្នោការ គេសាងរូបក្របីពីរ មានឥរិយាបទខុសគ្នា (រូបលេខ២-៤)។ ពុំតែប៉ុណ្ណោះ នៅក្នុងឈ្មោះទូកងពីរនៃវត្តនេះ គេឃើញមានពាក្យថា «កូនការមហាលូន...» នៅឈ្មោះទូកមួយ (រូបលេខ៥) និងពាក្យ «បារមីកូនការ...» ក្នុងឈ្មោះទូកមួយទៀត។ នៅចម្ងាយប្រមាណ៤គ.ម.ពីវត្តបារ៉ុង មានព្រៃមួយហៅថា «ព្រៃ
ចាំពួន»។ គេនិយាយថានៅទីនោះហើយដែលក្របីមេព្រមទាំងទូភីជាកូនកើតមកហើយរស់នៅ កាលមុនទៅជួបបាក្របី។
២. ល្បែងបំបោលក្របី
និយាយថា «ល្បែង» នៅត្រង់នេះត្រូវតែមួយផ្នែកប៉ុណ្ណោះ មិនខុសអ្វីពីហៅត្រុដិថាជាល្បែង[2] ឬក៏ចាត់ទុកល្ខោនខោលថាជាទស្សនីយភាពកំសាលសុទ្ធសាធដែរ។ តាមពិត គឺជាល្បែងដែលមានលក្ខណៈជាកិច្ចពិធីជាមួយគ្នានៅក្នុងនោះ។ ដោយសារក្របីជាពាហនៈសំខាន់នៅតំបន់នេះដូចបាននិយាយពីលើមកហើយ ទើបបានជារាល់ឆ្នាំអ្នកស្រុកលេង «បំបោលក្របី»។ លើកនេះក្របីឥតទាក់ទងអ្វីនឹងរឿងរាមកេរ្តិ៍ឡើយ គឺទាក់ទងតែនឹងស្រែ។ ដូច្នេះហើយបានជានាទីនៃអ្នកតាលេចធ្លោឡើង។ បំបោលនេះពុំមែនប្រណាំងយកឈ្នះចាញ់អ្វីទាំងអស់ តែជាឱកាសឲ្យគេភ្ជាប់ជំនឿជីវចលទៅនឹងព្រះពុទ្ធសាសនា ដ្បិតទីជាចុងខ្សែនៃការបំបោល គឺម្ខាងជាខ្ទមលំនៅ «លោកតាព្រះស្រុក» ឯម្ខាងទៀតគឺ «វិហារបំណន់» នៃវត្តវិហារសួគ៌[3] ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិទាំងពីរខាងលើ។ ពុំមែនតែភូមិពីរនេះទេ ភូមិផ្សេងៗទៀតនៅតំបន់នោះក៏មករួមលេងជាមួយគ្នា។ គ្រួសារភាគច្រើនជ្រើសរើសយកក្របីតែមួយ ហើយសម្លឹងមើលអាណាមួយដែលស្វាហាប់ជាងគេ ប៉ុន្តែគ្រួសារខ្លះដែលមានធនធានច្រើន អាចយកក្របីរហូតដល់៥ក្បាលទៅចូលរួមបំបោលក៏មាន។
ប្រការដែលគួរឲ្យភ្ញាក់ផ្អើលបន្តិច គឺគេលេងបំបោលនោះនៅពេលព្រលឹមថ្ងៃភ្ជុំបិណ្ឌតែម្តង ពោលគឺថ្ងៃ១៥រោចខែភទ្របទ។ ហេតុអ្វីបានជាគេលេងនៅថ្ងៃនោះ ? ត្រង់នេះយើងខ្ញុំពុំទាន់មានចម្លើយទេ គ្រាន់តែសង្កេតថាប៉ះចំថ្ងៃនោះមែន ប៉ុន្តែដោយសារគេលេងនៅពេលព្រលឹមដូច្នេះ ផុតទៅគេមានពេលទៅធ្វើបុណ្យរាប់បាត្រជាធម្មតា[4]។
នៅចុងរសៀលមុននោះមួយថ្ងៃ (ថ្ងៃទី១៤រោច) ម្ចាស់ក្របីខ្លះមកអុជធូបបួងសួងនៅក្នុងព្រះវិហារបំណន់ សុំសេចក្ដីសុខចៀសវាងហេតុភេទផ្សេងៗក្នុងពេលបំបោលក្របី។ សូមបញ្ជាក់ថាសក្ការៈពិសេសនៃវិហារនេះស្ថិតនៅលើព្រះពុទ្ធរូបមួយអង្គ ដែលអ្នកស្រុកហៅថា «ព្រះអង្គគង់ឈរ» (រូបលេខ៦)។ នៅឯខ្ទមលោកតាព្រះស្រុកវិញក៏ដូចគ្នា គឺថាអ្នកនោះក៏មកអុជធូបឲ្យហើយជាមុនដែរ (រូបលេខ៧-៨)។ បើពុំបានបំពេញកិច្ចនេះពីល្ងាច គេអាចចាំធ្វើស្អែកឡើងក៏បាន។
លុះព្រឹកឡើងពេលទៀបភ្លឺ ម្ចាស់ក្របីរៀងៗខ្លួនក្រោកពីព្រលឹមស្រូតរូតលាងជំរះរាងកាយក្របីខ្លួនឲ្យបានស្អាតបាតជាមុនសិន។ បន្ទាប់មកគេយកគ្រឿងបំពាក់តែងលំអក្បាលនិងមុខ មានប៉ាក់ឌិនរចនាល្អវិចិត្រមកបំពាក់ឲ្យវា។ ស្នែងក្របីខ្លះរុំព័ទ្ធដោយក្រណាត់មានពណ៌ស្រស់ល្អឆើត។ ជួនកាល គេបញ្ចូលផ្នែកខាងចុងក្នុងស្លង់ធ្វើពីឈើ (រូបលេខ៩)។ នៅជុំវិញក គេពាក់ចង្ក្រង់ឲ្យវា។ អ្នកខ្លះថែមទាំងបាញ់ ទឹកអប់លាបប្រេងម្សៅនិងគ្រឿងក្រអូបដល់ក្របីទៀតផង។
ជាដំបូងគេដឹកក្របីមកជួបជុំគ្នានៅក្បែរព្រះវិហារបំណន់ ហើយអុជធូបបួងសួង(រូបលេខ១០) មុននឹងដឹកវាចេញទៅកាន់ខ្ទមលោកតាព្រះស្រុក ដែលមានទីតាំងនៅចម្ងាយប្រមាណ១គ.ម. ទៅលិច[5]។ នៅរវាងម៉ោង៦ព្រឹក ក្របីទាំងអស់មកជុំគ្នានៅខ្ទម លោកតា (រូបលេខ១១)។ ម្ចាស់ក្របីអុជធូបបួងសួងនៅទីនោះបន្តិចទើបចាប់ដៃគូប្រកួតហើយចាប់ផ្ដើមបំបោលតែម្ដង (រូបលេខ១២-១៤)។
គេបំបោលក្របីពីចំណុចខ្ទមលោកតាទៅដល់ព្រះវិហារបំណន់ (រូបលេខ១៥-១៨)។ ទៅដល់ជុំគ្នា ហើយទើបត្រឡប់មកខ្ទមលោកតាវិញដោយគ្រាន់តែជិះឲ្យក្របីដើរជាធម្មតា។ ដូច្នេះទិសបំបោលនោះសំដៅថាចាប់ពីលោកតាទៅដល់វត្ត ប៉ុន្តែគេធ្វើដដែលៗបីដងទើបសន្មត់ថាចប់។
------------------------------------
[1] ន័យដើមនៃពាក្យ «ការពារ» គឺបញ្ចៀសរាំងរាមិនឲ្យអ្វីមកប៉ះបាន។ សូមគិតទៅពាក្យថា «មាន់ ការកូន» គឺថាមេមាន់រារាំង («ការ») មិនឲ្យអ្វីមកប៉ះ («ពារ») កូនវា។ សូមមើល «ពានវាំង» នៅជំពូក៦, លេខរៀង៥៩។
[2] សូមមើលលេខរៀង៨០នៅជំពូក២ជាមួយគ្នានេះ។
[3] វត្តវិហារសួគ៌មានព្រះវិហារពីរ។ មួយជាវិហារធំ ឯមួយទៀតហៅថា «វិហារបំណន់»។ ក្នុងនោះ «ព្រះអង្គគង់ឈរ» ជាប្រតិមាព្រះពុទ្ធដែលគេជឿបន់ស្រន់ខ្លាំងណាស់។
[4] ការដែលយកកិច្ចមួយផ្សេងស្រឡះមកបញ្ចូលក្នុងពេលបិណ្ឌនេះ យើងអាចឃើញនៅជំពូក២, លេខរៀងទី៩ ៖ «ពិធីសែនដែករបស់ជនជាតិកួយនៅភូមិវាលវែង»។
[5] សព្វថ្ងៃផ្លូវត្រង់ដែលភ្ជាប់អ្នកតាមកវត្តចាក់បេតុងអស់ហើយ ជាហេតុធ្វើឲ្យក្របីឈឺជើងបន្តិចនៅពេលបោល ដ្បិតធ្លាប់តែដើរលើដី ហើយបើជាភក់ផងរិតតែស្រួល។