ដោយ អាន រស្មី
មានអត្ថបទមុនៗធ្លាប់និយាយច្រើនដងមកហើយអំពីកិច្ចនានាទាក់ទងនឹងកសិកម្មស្រូវ។ ទំនៀមនេះមានស្ទើរគ្រប់កន្លែងក្នុងស្រុកខ្មែរ។ បើទោះជាមានឈ្មោះហៅពិធី និង របៀបកិច្ចខុសគ្នាខ្លះៗពីតំបន់មួយទៅតំបន់មួយក្តី ក៏ន័យទូទៅនៃកិច្ចពិធីទាំងនោះមិនឃ្លាតគ្នាណាស់ណាដែរ។ ជាកង្វល់ធំនោះគឺថាធ្វើយ៉ាងណាឲ្យការធ្វើស្រែបានផលច្រើន មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្មម។ អត្ថបទទាក់ទងនឹងការធ្វើស្រែមានច្រើនមកហើយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ (ជំពូកទី២ លេខរៀង២២, ៣៤, ៣៩, ៥១, ៥៤, ៦៧ និងជំពូកទី៧ លេខរៀង១៤)។ ហេតុដែលនាំឲ្យខ្ញុំរៀបរៀងនៅទីនេះទៀត គឺមកពីខ្ញុំសង្កេតឃើញមានកិច្ចប្លែកៗច្រើនដែលមិនធ្លាប់ឃើញនៅកន្លែងដទៃ ហើយដែលគួរឲ្យចាប់អារម្មណ៍។
ជាទូទៅ វដ្តស្រូវនីមួយៗតែងមានពិធី២ គឺមួយសម្រាប់បើករដូវធ្វើស្រែ និងមួយទៀតសម្រាប់បិទនៅពេលដែលប្រមូលផលដាក់ជង្រុកហើយគ្រប់ផ្ទះ។ អត្ថបទនេះនិយាយពីពិធីទី១ ពោលគឺធ្វើនៅដើមវស្សា ដែលជាទម្លាប់នៃអ្នកភូមិចំណារ ក្នុងតំបន់ប្រាសាទសម្បូណ៌ ខេត្តកំពង់ធំ។ គេហៅកិច្ចនោះថា «ច្រត់ព្រះនង្គ័ល» ហើយបើសួរដេញដោលថាអ្វីទៅច្រត់ព្រះនង្គ័ល នោះគេនិយាយយ៉ាងខ្លីថា «ឆ្លងឆ្នាំ» ដ្បិតអ្នកស្រុកច្រើនភ្ជាប់រដូវថ្មីនៃកសិកម្មទៅនឹងឆ្នាំថ្មី។ មានមនុស្សចាស់ពីរបីនាក់ ជាអ្នកដឹកនាំធ្វើកិច្ច ហើយក្នុងគ្រានោះគេហៅគាត់ថា «ចៅមឿង»។ នៅមុនពិធីមកដល់ ចាស់ៗទាំងនោះ តែងចាត់ចែងរៀបចំកិច្ចបញ្ជាន់រូបស្នងអ្នកតា ដើម្បីសួរនាំរកពេលាល្អ។ ជាការសង្កេតគេតែងរើសរកមិនឲ្យហួសថ្ងៃ៥កើតខែពិសាខ ពោលគឺធ្វើយ៉ាងណាឲ្យបានខាងដើមខ្នើតខែពិសាខ។ នៅថ្ងៃនោះ អ្នកស្រុកមកមូលផ្តុំគ្នា នៅមុខខ្ទមអ្នកតាដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិ (រូបលេខ១)។ គេយករណ្តាប់ផ្សេងៗមកជាមួយផងមានដូចជានំអន្សមផ្អាវ នំនាល ចេក ទៀនធូប ខ្សែអំបោះ ពូជស្រូវ និងលាជដែលគេដោតក្រងនឹងចំរៀកឬស្សីហើយឧបកិច្ចហៅថា «កួរស្រូវ» (រូបលេខ២)។ វត្ថុតាងឲ្យកួរស្រូវនេះគេត្រូវធ្វើយ៉ាងណាឲ្យចុងទន់សំយ៉ុងចុះក្រោម ដើម្បីប្រដូចទៅនឹងកួរស្រូវពិតដែលមានផ្លែច្រើនល្អធ្ងន់ឱនដាក់គ្រាប់។ ជួនកាលដើម្បីឲ្យកោងខ្លាំងទៅទៀត គេយកដុំម្សៅអង្ករមកបិតភ្ជាប់នឹងចុងបន្ទោះឬស្សីនោះថែមទៀត (រូបលេខ៣)។ បើមិនដូច្នេះទេ គេទាញពត់ផ្នែកខាងចុងស្រួចនៃកួរស្រូវនោះទៅដោតភ្ជាប់នឹងនំនាល, អន្សម ឬផ្លែចេក ដើម្បីឲ្យមើលឃើញកោងងរឱនចុះក្រោមដូចឃើញនៅរូបលេខ៤-៥ ។ នៅរូបលេខ៦ យើងឃើញគេយករណ្តាប់តាងឲ្យកួរស្រូវ ដាក់ក្នុងខ្ទមអ្នកតា ហើយនៅក្បែរនោះមានតោកមួយជាគ្រឿងកាន់របស់រូបស្នងដែលត្រៀមសម្រាប់កិច្ចបញ្ជាន់រូបអ្នកតា។ ឯរណ្តាប់មួយទៀតជាពូជស្រូវ មានលាយឡំគ្រាប់ដំណាំផ្សេងៗទៀតដូចជាពោត, ល្ហុង, ននោង, ត្រឡាច, ឃ្លោក,ត្រសក់ និងល្ពៅជាដើម ដែលគេយកមកពីផ្ទះគ្រប់គ្នា មកចាក់ក្នុងចានដែកមួយរួមគ្នាដាក់នៅមុខខ្ទមអ្នកតា (រូបលេខ៧-៨)។
ដល់ថ្ងៃជ្រេបន្តិច ក្រុមចៅមឿងចាប់ផ្តើមសែនប្រាប់អ្នកតានៅក្នុងខ្ទម ដោយរៀបស្លាធម៌និងសំណែនដាក់ក្នុងកន្ទោងស្លឹកចេកជាដង្វាយ ហើយច្រូចស្រាបណ្តើរនិយាយកិច្ចបណ្តើរ។ ដំណាលគ្នានោះ អ្នកស្រុកយកក្រមារៀងៗខ្លួនមកលាតត្រដាងហាលជាប់ៗគ្នាផ្ទាល់ដីនៅលើលានមុខខ្ទមអ្នកតា ឧបកិច្ចជាដីស្រែរៀងៗខ្លួន (រូបលេខ៩)។ ស្រែណាដែលមានត្រពាំងនៅជាប់ គេយកមួកមកដាក់ជាសម្គាល់ ដូចឃើញនៅរូបលេខ១០។ បន្ទាប់មកទើបគេអញ្ជើញរូបស្នងឲ្យមកកាន់តោកដែលមានអុជទៀនឆេះស្រេច ដើម្បីបញ្ជាន់អ្នកតា និងអញ្ជើញអ្នកតានោះឲ្យមកធ្វើជាអធិបតី។ បញ្ជាន់នេះឥតមានលេងភ្លេងអ្វីទាំងអស់។ នៅរូបលេខ១១និង១២ យើងឃើញស្ត្រីស្នងរូបអ្នកតាម្នាក់មានបង់ក្រមា ចាប់បារយកស្រូវពីក្នុងចានដែកបាចព្រោះទៅលើផ្ទៃក្រមាដែលដំណាងស្រែ។ ចំណែកអ្នកស្រុកនៅជុំវិញនោះចំាសង្កេតមើលថាតើលើក្រមារបស់ខ្លួនមានគ្រាប់ស្រូវច្រើនឬតិច ព្រោះនេះជាការរំពឹងផលស្រូវពេលខាងមុខ។ គួរសង្កេតថានៅរូបលេខ១៣ យើងឃើញស្ត្រីម្នាក់កំពុងមូរកន្ទេលដែលគ្របលើក្រមារបស់គាត់ឲ្យចេញផុត ដើម្បីឲ្យស្រូវដែលអ្នកតាបាចសាចមកធ្លាក់លើក្រមាគាត់បានច្រើន។
បន្ទាប់ពីកិច្ចព្រោះស្រូវជាដំបូងរួចហើយ ក្រុមចៅមឿងចាប់ព្រោះបន្តរហូតទាល់តែអស់ស្រូវពីក្នុងចានដែក និងទាល់តែឃើញថាស្រូវរាយសព្វលើផ្ទៃក្រមាទាំងអស់ (រូបលេខ១៤-១៥)។ រូបលេខ១៦-១៧ បង្ហាញពីម្ចាស់ស្រែប្រមូលវេចគ្រាប់ស្រូវនិងគ្រាប់ដំណាំផ្សេងទៀតនៅលើក្រមារៀងៗខ្លួន។ គ្រាប់ស្រូវដែលប្រមូលបានមកនេះ គេយកមួយភាគមកធ្វើជាដង្វាយអ្នកតាវិញ ដោយចាក់គរជាពំនូកមួយនៅក្នុងខ្ទម ដូចបង្ហាញរូបលេខ១៨។ ឯគ្រាប់ស្រូវមួយចំណែកទៀត រួមទាំងវត្ថុតាងឲ្យកួរស្រូវ គេយកមកផ្ទះ ដាក់ក្នុងច្រមសសរកន្លោងផ្ទះ និង សសរជង្រុកស្រូវ (រូបលេខ១៩)។ នៅពេលដាក់នោះ គេ សូត្រហៅព្រលឹងស្រូវនោះដោយពាក្យផ្សេងៗតាមទំនងរៀងៗខ្លួន។ ហេតុនេះហើយទើបយើងឃើញមានអំបោះសម្រាប់ចងកួចព្រលឹងស្រូវជាប់នឹងកួរស្រូវផង ដូចឃើញក្នុងរូបលេខ៤ មុននេះ។ ខ្ញុំធ្លាប់ឮដូនចាស់ម្នាក់រស់នៅភូមិក្បែរនោះសូត្រហៅព្រលឹងស្រូវដូច្នេះថា
អើៗមកណានាងប្រពៃ មកពីរូងពីរាមពីពាមទន្លេពីកោះរំពេពីថ្មអណ្តែត មកពពូនពពាយដូចផ្លែល្ពាក់
ពពូនពពាក់ដូចផ្លែល្វា មកទាំងអស់គ្នីគ្នាណា មកចូលស្រែយើង។
បន្ទាប់មកចៅមឿងយកទឹកមកចាក់ស្រោចឲ្យសើមជោកលើថ្មអ្នកតា ដោយឧបកិច្ចថានេះជាភ្លៀងធ្លាក់មកលើដីភូមិបានជោកជាំ បានទឹកបរិបូណ៌ធ្វើស្រែចំការ (រូបលេខ២០)។
កិច្ចចុងក្រោយជាបញ្ចប់ហៅថា «បញ្ចូន»។ កិច្ចនេះ គេរៀបចំពែដាក់សំណែនមានបង្អែមចង្អាបនំចំណីផ្សេងៗបញ្ចូនឲ្យពួកអមនុស្សនានាដែលគេយល់ថាអាចបង្កជម្ងឺដំកាត់ដល់មនុស្សសត្វក្នុងភូមិ (រូបលេខ២១)។
បើយកទំនៀមដែលបានរៀបរាប់នេះធៀបនឹងពិធីដែលមានឈ្មោះដូចគ្នាថា «ច្រត់ព្រះនង្គ័ល»នៅជំពូក២លេខរៀងទី២២ ឃើញថាន័យធំដូចគ្នា តែក្នុងនោះមានកិច្ចច្រើនដែលខុសគ្នា បើទោះបីជាភូមិសម្បូណ៌និង ភូមិចំណារ នៅក្បែរគ្នាបង្កើយក៏ដោយ។