ដោយ វ៉ាន់ វី
បងជិះសេះស ស្រីល្អទូលត្រៃ
អង្ស័កប៉ាក់ស្បែ ស្រីដេរឱ្យបង
នាគជិះសេះស ដង្ហែត្រសង
ជើងនាគពាក់កង ហែបងទៅបួស។
ល្បះខាងលើនេះស្រង់ចេញពីបទ «ហែនាគទៅបួស» ដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។ ស្ដាប់បទនេះហើយ គង់នឹកឃើញដល់ទិដ្ឋភាពខ្លះក្នុងកិច្ចហែនាគ។ មានចំណុចមួយគួរយកមកពិចារណា គឺត្រង់កន្លែងកវីរៀបរាប់ថា «ជិះសេះស»។ ដើម្បីយល់ពីចំណុចនេះ យើងគួរក្រឡេកទៅមើលពុទ្ធប្រវត្តិបន្ដិចសិន ៖ ជាធម្មតាព្រះសិទ្ធត្ថ (អនាគតព្រះពុទ្ធអង្គ) មិនដែលបានទតឃើញអ្វីជាការទាស់ព្រះនេត្រឡើយ ដ្បិតគង់នៅតែក្នុងព្រះរាជវាំង។ តែមានថ្ងៃមួយនោះ យាងចេញបានមកក្រៅក៏ទតឃើញស្ថានភាពបួននៃមនុស្សលោក ដែលទេពមកនិម្មិតឲ្យយល់ គឺមនុស្សចាស់មួយ, ឈឺមួយ, ស្លាប់មួយ និងមួយទៀតជាបព្វជិត។ ព្រះអង្អក៏យល់ភ្លាមថាមានតែទៅបួសរកធម៌ទេ ទើបអាចចាកផុតពីវដ្ដសង្សារ។ នាកណ្ដាលយប់អធ្រាត្រមួយ ព្រះអង្គក៏យាងស្ងាត់ៗចេញទៅសាងផ្នួស ដោយគង់លើសេះឈ្មោះកណ្ឋក ហើយមានឆន្នាអាមាត្យអមដំណើរដោយតោងកន្ទុយសេះ។ ទេព្តាក៏មកទ្រជើងសេះនោះដើម្បីឲ្យស្ងាត់កំបាំងយាងចេញបានផុត។ ទាំងព្រះជាយា ទាំងរាហុលកុមារជាបុត្រ ក៏នៅតែលង់លក់ពុំជ្រាបអ្វីទាំងអស់។ មានតែក្រុងមារទេដែលដឹង ហើយចេញមករារាំងផ្លូវព្រះអង្គមិនឱ្យទៅបួស តែយ៉ាងណាក៏ឃាត់ឃាំងពុំឈ្នះ។ លុះដល់មាត់ស្ទឹងអនោមា ព្រះអង្គយាងចុះពីខ្នងពាជី ដោះគ្រឿងអលង្ការ ហើយកាត់ព្រះកេសាដោយទុកតែ២ធ្នាប់ប៉ុណ្ណោះ។ មានតំណាលទៀតថា ព្រះឥន្ទ្រក៏យកព្រះកេសានោះទៅតម្កល់ទុកជាសក្ការបូជានៅឋានត្រៃត្រឹង្ស។ ឯមហាព្រហ្មក៏យាងមកថ្វាយចីពរដល់ព្រះអង្គ។ ព្រះអង្គឱ្យឆន្នាមាត្យនាំអលង្ការនិងសេះត្រឡប់ទៅនគរកបិលពស្តុវិញ។ តែនៅពាក់កណ្ដាលផ្លូវ សេះកណ្ឋកក៏ដាច់ខ្យល់ស្លាប់ទៅ។ តមក ព្រះអង្គទៅសំណាក់រៀននឹងតាបសល្បីៗផង ក៏នៅតែពុំអាចសម្រេចធម៌បាន ទើបយាងស្វែងរកធម៌ដោយអង្គឯង រហូតត្រាស់ជាសព្វញ្ញូ។
រឿងរ៉ាវចេញសាងផ្នួសនេះ ពុទ្ធសាសនិកស្គាល់ដឹងឮជាធម្មតាន ដោយសារនៅក្នុងរឿងដែលហៅថាពុទ្ធប្រវត្តិ។ អ្នកខ្លះអះអាងថា កិច្ចពិធីហែរនាគក្លាយជាទំនៀមមកពីរឿងនេះឯង។ នេះពុំមែនមាននៅតែស្រុកខ្មែរប៉ុណ្ណោះឡើយ នៅស្រុកភូមា, សៀម, លាវ ក៏មានប្រពៃណីនេះស្រដៀងៗគ្នា។ ឧទាហរណ៍ រូបលេខ១ ជាគំនូរលើផ្នែកខាងក្រោមហោជាងនៃវិហារវត្ដហ្លួង ក្នុងខេត្តចម្ប៉ាសាក់ ប្រទេសលាវ។ នៅកណ្ដាល គឺព្រះសិទ្ធត្ថគង់លើសេះសចេញសាងផ្នួស។
បើនិយាយពីស្រុកខ្មែរ ដំណើរចេញបួសនេះមានប្រជាប្រិយភាពខ្លាំងណាស់ សឹងមានជាចម្លាក់លើប្រាសាទថ្ម ខ្លះសាងនៅសម័យកណ្តាល ឯខ្លះទៀតតាំងតែពីរាជ្យព្រះបាទជ័យ វរ្ម័នទី៧មកម៉្លេះ។
នៅប្រាសាទនគរបាជ័យ (ខេត្តកំពង់ចាម) ដែលមានឆ្លាក់ឈុតនេះច្រើនអន្លើ នៅត្រង់ហោជាងខ្លោងទ្វារចូលក៏មាន និងនៅត្រង់ហោជាងតួប្រាង្គកណ្ដាល (កែជាកំពូលចេតិយនៅសម័យកណ្ដាល) ក៏មាន។ រូបលេខ២ ជាហោជាងមួយនៃប្រាង្គកណ្ដាលដែលចែកជាពីរថ្នាក់ មានទេពប្រណម្យចំនួន៧នៅខាងក្រោម និងថ្នាក់ខាងលើមានរូបព្រះសិទ្ធត្ថគង់លើសេះ ហោះឡើង ដោយមានទេពនិករកាន់ក្លស់ហែហម។
នៅប្រាង្គកណ្ដាលនៃប្រាសាទនគរបាជ័យដដែល មានហោជាងមួយទៀត មានផ្ទៃចែកជាបីថ្នាក់។ នៅថ្នាក់ខាងក្រោម មានឆ្លាក់រូបទេពប្រណម្យចំនួន៧។ នៅជួរកណ្ដាល មានរូបព្រះសិទ្ធត្ថទ្រង់កាន់សេះ មានរូបលើកដៃប្រណម្យនៅខាងឆ្វេង ប្រហែលជាឆន្នាមាត្យ និងរូបពីរទៀតនៅខាងស្ដាំ ដៃកាន់ជើងពាន ប្រហែលជាព្រះឥន្ទ្រនិងព្រះព្រហ្ម។ នៅថ្នាក់ខាងលើ ជាឈុតបន្ទាប់ត្រង់កន្លែងព្រះអង្គគង់លើបល្ល័ង្កមួយ យកព្រះខ័នកាត់ផ្នួងព្រះកេសា (រូបលេខ៣)។
ចម្លាក់នៅរូបលេខ១ពុំប្លែកពីចម្លាក់នៅហោងជាងប្រាសាទបន្ទាយធំ (ខេត្តសៀមរាប) ប៉ុន្មានឡើយ គ្រាន់តែមានទេព្តាខ្លះមកហែហមកាន់ក្លស់ និងខ្លះទ្រជើងសេះ (រូបលេខ៤)។
ចម្លាក់ឈុតទាំងនេះប្រហែលមាននៅទីផ្សេងៗទៀត ណាមួយមានចម្លាក់រូបព្រះពុទ្ធមួយចំនួនដែលគេដាប់ ហើយដែលមិនអាចបកស្រាយឈុតឲ្យបានប្រាកដ្ឋឥតសង្ស័យ ដូចជានៅប្រាសាទតានៃជាដើម។
ឯគំនូរនៅតាមវត្ដអារាមនានាក៏មានច្រើនរាប់សឹងពុំអស់។ នៅទីនេះ ខ្ញុំសូមជូនជាឧទាហរណ៍តែបីបួនប៉ុណ្ណោះ ដែលស៊ីគ្នានឹងចម្លាក់នៅខាងលើ។ រូបលេខ៥ ជារូបនៅវត្តពោធិ៍វាល (ខេត្តបាត់ដំបង) ត្រង់កន្លែងព្រះអង្គគង់លើសេះចេញសាងផ្នួស។ រូបនេះបង្ហាញច្បាស់ថា មានទេព្តា១អង្គកាន់មាត់សេះ, ទេព្តា៤អង្គទ្រជើងសេះ, នាយឆន្នតោងកន្ទុយ និងមានទេព្តានានាកាន់ក្លស់អមដំណើរ។ ឯរូបលេខ៦ ជាគំនូរក្នុងវិហារវត្តតាប៉ុន (ខេត្តបាត់ដំបង) ត្រង់កន្លែងមារាធិរាជចេញមកឃាត់។ ចំណែករូបលេខ៧ ជាគំនូរក្នុងវិហារវត្តស្វាយសាច់ភ្នំ (ស្រុកស្រីសន្ធរ, ខេត្តកំពង់ចាម) ត្រង់កន្លែងព្រះសិទ្ធត្ថកាត់ព្រះកេសា និងមានព្រះឥន្ទ្រព្រះព្រហ្មយាងមក។ រូបមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺគំនូរនៅវត្ដសារាវ័នតេជោ (ក្រុងភ្នំពេញ) ដែលជាងបានគូរពីដំណើរចេញសាងផ្នួសនេះដែរ តែមានថែមត្រង់កន្លែងសេះកណ្ឋកដាច់ខ្យល់ស្លាប់នៅតាមផ្លូវ (រូបលេខ៨)។
តាមគំនូរទាំងប៉ុន្មាននេះ ឃើញថាជំនិះរបស់ព្រះសិទ្ធត្ថ គឺគ្មានអ្វីក្រៅពីសេះនោះទេ។ ឯសេះនោះសោត ជាងគំនូរតែងតែគូរជាសេះសទៅទៀត ដ្បិតគេច្រើននិយាយថាតាមពុទ្ធប្រវត្តិ សេះកណ្ឋកជាសេះសដូច្នេះ។
មកដល់ត្រង់នេះ បើចោះយកកិច្ចមួយនៃពិធីបួសនាគមកពិចារណា គង់ឃើញថា វេលាដង្ហែនាគទៅបួស គេច្រើនឱ្យនាគជិះសេះ។ រូបលេខ៩ (© ដាំ គក់) ថតនៅសៀមរាបនាឆ្នាំ២០០១ ។ សេះនោះសោត បើជាសេះសគឺរឹតតែល្អទៅទៀតដូចមាននៅរូបលេខ១០ ថតនៅប្រទេសភូមា (© Youtube)។ ក្នុងតំបន់ខ្លះឬទេសកាលខ្លះដែលខ្សត់សេះ ក៏គង់គេឱ្យនាគជិះគ្រែស្នែងដូចបង្ហាញនៅរូបលេខ១១ នៅស្រុកព្រះនេត្រព្រះ (© Youtube), ឬរថយន្តដូចឃើញនៅរូបលេខ១២ ថតនៅសុរិន្ទ្រកាលពីឆ្នាំ២០១៨ (© Weesuda Khidnunam)។ តំបន់សុរិន្ទ្រនេះជាស្រុកដែលសម្បូណ៌ទៅដោយដំរី។ ដូច្នេះហើយ ជាញឹកញយណាស់ដែរ ដែលគេឲ្យនាគជិះដំរីម្នាក់មួយៗ។ រូបលេខ១៣-១៤ ថតនៅឆ្នាំ២០១៧ (© Pongthorn Thong-iam)។
បើរកអ្វីមិនបាន ក៏មិនត្រូវឲ្យនាគដើរដែរ។ រូបលេខ១៥ ថតនៅបាធាយកាលពីឆ្នាំ១៩៧៤ (©ជឹម ពឿន)។ យើងឃើញថាគេត្រៀមកង់មួយទុកឲ្យនាគអង្គុយលើ ហើយនឹងមានគេបណ្តើរ។
បើគិតតាមការតុបតែងសំអិតសំអាងកាយនៃនាគនីមួយៗ ព្រមទាំងយានជំនិះដែលជាញឹកញាប់ច្រើនឃើញថាជាសេះនោះ ឃើញថាការដែលនិយាយតៗគ្នាថាប្រការនេះជាតម្រាប់តាមពុទ្ធប្រវត្តិ ក៏ដូចជាសមដែរ ដ្បិតក្នុងចម្លាក់និងគំនូរគេបង្ហាញថាកាលព្រះអង្គយាងចេញពីព្រះរាជវាំងនោះ គឺមានព្រះពស្ត្រជាក្សត្រនិងអលង្ការលើព្រះកាយនៅឡើយដែរ។