ដោយ ព្រឿន សុភី និង អាន សុភត្រា
នៅជំពូក២ លេខរៀងទី៦៦ មាននិយាយរួចមកហើយអំពីរឿងរាមកេរ្តិ៍និងឥទ្ធិពលនៅក្នុងកិច្ចពិធី ដោយលើកយកតំបន់ខាងកើតក្រុងភ្នំពេញ ត្រើយខាងជើងទន្លេធំ ពោលគឺ
សហគមន៍វត្តស្វាយអណ្តែតមកជាឧទាហរណ៍។ នៅទីនេះយើងខ្ញុំគ្រាន់តែរំឭកឡើងវិញបន្តិចអំពីទំនៀមអ្នកស្រុកនៅទីនោះ។ វត្តស្វាយអណ្តែតមានវង់ល្ខោនខោលមួយក្រុមដែលតែងលេងថ្វាយ «អស់លោក» ជាទៀងទាត់រាល់ឆ្នាំ។ ក្នុងក្រុមល្ខោននោះ អ្នកលេងសុទ្ធសឹងជាមនុស្សប្រុស ទោះបីសម្តែងជាតួអង្គស្រីក៏ប្រុសជាអ្នកដើរតួដែរ។ ដោយសារឥទ្ធិពលនៃរឿងរាមកេរ្តិ៍នេះហើយ បានជាវត្តនេះមានអ្នកតាល្បីល្បាញមួយឈ្មោះ «អ្នកតាកំហែង» ដែលជាឈ្មោះតួអង្គហនុមាន ហើយគេសង់ខ្ទមនៅចំពីមុខរោងល្ខោនតែម្តង ដែលសឲ្យឃើញអំពីសារៈសំខាន់នៃហនុមាននេះ។ តួអង្គសំខាន់មួយទៀត គឺ «ក្រុងទសមុខ» មានន័យថា «មុខដប់» សម្តៅទៅក្រុងវៃរាពណ៍។ ដូចយើងដឹងហើយថា បើគិតជារឿងរាមកេរ្តិ៍ទាំមូល ទសមុខជាតួអង្គអាក្រក់ ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ណាស់ ដែលអ្នកស្រុកជើងវត្តស្វាយអណ្តែតបែរជាគោរពបូជាក្រុងរាពណ៍នេះក្នុងរូបភាពជាអ្នកតាដូចហនុមានដែរ ហើយហៅថា «អ្នកតាទសមុខ»។ កាលពីមុនខ្ទមអ្នកតាទសមុខនេះស្ថិតនៅប្របច្រាំងទន្លេខាងត្បូងវត្តស្វាយអណ្តែត។ ក្រោយមកច្រាំងទន្លេក៏បាក់ ដោយទាំងខ្ទមអ្នកតានោះចូលទន្លេអស់ទៅ។ បើនិយាយដល់អ្នកនិទានរឿងរាមកេរ្តិ៍ម្នាក់ គឺលោកតា ផ្កា សយ (ដែលលោកពី ប៊ុន្និនធ្លាប់បានស្រាវជ្រាវប្រាស្រ័យនិងគាត់ជាច្រើនដង) គេតែងសង្កេតឃើញថា កាលណាគាត់និទានដល់ឈុតរលាយក្រុងលង្កា ហើយយក្សវៃរាពណ៍ត្រូវស្លាប់នឹងសព្រះរាម គាត់តែងរលីងរលោងទឹកភ្នែកដោយអាណិតតួអង្គយក្ស។ នេះសឲ្យឃើញថារឿងរាមកេរ្តិ៍ជ្រួតជ្រាបក្នុងជម្រៅចិត្តគាត់ ហើយតួអង្គយក្សក្នុងគំនិតរបស់គាត់ ក៏ដូចជាមនុស្សក្នុង
សហគមន៍ដែលពោលខាងលើ គឺប្រហែលពុំមែនអាក្រក់ទាំងស្រុងដែរ ផ្ទុយទៅវិញគេហាក់ដូចជាគោរពខ្លាំងណាស់។
បើយើងក្រឡេកមកមើលត្រើយម្ខាងទន្លេ ផ្ទុយគ្នាពីសហគមន៍វត្តស្វាយអណ្តែត គឺតំបន់កៀនស្វាយ ទាំងនៅវត្តកៀនស្វាយក្នុងផងនិងវត្តកៀនស្វាយក្រៅផង ក៏មានជំនឿប្រហាក់ប្រហែលគ្នានេះដែរ គឺគេគោរពបូជាអ្នកតាកំហែង និងអ្នកតាទសមុខ ហើយតែងធ្វើពិធីឡើងអ្នកតាទាំងពីរជាទៀងទាត់រាល់ឆ្នាំដូចគ្នា។
ចំណុចខុសគ្នាមួយរវាងសហគមន៍ទាំងពីរគឺយើងសង្កេតឃើញថាមុខខ្មុកដំណាងក្រុងទស
មុខនៅវត្តស្វាយអណ្តែតគេលាបពណ៌មាស (រូបលេខ១-២) ឯខ្មុកទសមុខនៅវត្តកៀនស្វាយក្រៅវិញគេលាបពណ៌បៃតង (រូបលេខ៣-៤)។ កាលពីមុន ដើម្បីធ្វើមុខខ្មុកក្រុងទសមុខ គេត្រូវរៀបចំគ្រឿងរណ្តាប់បូជាផ្សេងៗផង ហើយពុំតែប៉ុណ្ណោះគេថែមទាំងមានបញ្ចុះឈាមមាន់ និងសក់ព្រាយជាមួយខ្មុកនោះទៀត។ មាន់ដែលនិយាយនេះ គឺជាមាន់ជល់ណាដែលពូកែហើយតែងតែជល់ឈ្នះគេ។ ចំណែកឯសក់ព្រាយ គឺសក់ដែលបានពីសពស្រីក្រមុំស្លាប់តៃហោងដូចជាលង់ទឹក, ចងក, រន្ទះបាញ់ជាដើម។ ជំនឿរបៀបនេះ កាលពីមុនគេប្រតិបត្តិជាទូទៅគ្រប់ទីកន្លែង។ សព្វថ្ងៃហាក់ដូចជាសាបរលាបស្ទើរតែអស់ទៅហើយ។
សព្វថ្ងៃនេះ នៅសាលាមធ្យមវិចិត្រសិល្បៈក្តី នៅតាមអង្គការផ្សេងៗដូចជាសមាគមសុវណ្ណភូមិក្តី គេខ្មុកមុខទាំងពីរបែបនេះ (ពណ៌មាសនិងពណ៌បៃតង) ដោយមិនរើសអើងអ្វីឡើយ។ តែមានចំណុចត្រូវបញ្ជាក់ដូចតទៅ ៖ អ្នកខ្លះនិយមហៅមុខខ្មុកថា «ព្រះភក្រ្ដ»។ មុខពណ៌មាស បង្ហាញពីភាពស្ងប់ស្ងាត់ ឧទាហរណ៍ដូចជានៅពេលទសមុខគង់ក្នុងព្រះបរមរាជវាំងជាដើម។ ជួនកាលទៀត ព្រះភក្រ្ដពណ៌មាសនេះលេចឡើងនៅពេលទសមុខកើតសេចក្ដីស្នេហាចាប់ចិត្តប្រតិព័ទ្ធលើស្រីទេពអប្សរមកណាមួយពីឋានសួគ៌ជាដើម។ ពេលនោះ លោកតែងតំណែងខ្លួនក្នុងសភាពពណ៌មាសនេះទៅចែចង់ តាមការនិមិត្តខ្លួនផ្សេងៗ។ ចំណែកឯ មុខពណ៌បៃតងវិញ គឺច្រើនបង្ហាញពីភាពតឹងរឹង បើពុំនោះទេគឺកាចសាហាវខឹងក្រោធ ឧទាហរណ៍ដូចជា ទសមុខស្ថិតក្នុងព្រះសុវណ្ណពន្លាជ័យ ពេលយាងចេញត្រួតពល ចេញច្បាំងនឹងសត្រូវជាដើម។ ម្ល៉ោះហើយ ពេលខ្លះពណ៌របស់ទសមុខប្រែប្រួលទៅតាមកាលៈទេសៈសាច់រឿង។
រូបលេខ៥-៦បង្ហាញពីរូបអ្នកតាកំហែងនិងអ្នកតាទសមុខ ដែលអ្នកស្រុកចំណុះវត្តកៀនស្វាយក្រៅតែងគោរពបូជា ហើយដែលគេតម្កល់នៅក្នុងរោងតែមួយ (រូបលេខ៧)។ កាលពីប្រមាណជាងម្ភៃឆ្នាំមុននេះ នៅពេលឡើងអ្នកតាទសមុខ អ្នកភូមិភូមិធំ, ឃុំភូមិធំ, ស្រុកកៀនស្វាយតែងរាំល្ខោនថ្វាយផង។ ឯល្ខោននោះគឺ «ល្ខោនពោលស្រី» ដែលអ្នករាំទាំងអស់សុទ្ធសឹងជាមនុស្សស្រី លើកលែងតែតួត្លុកម្នាក់ប៉ុណ្ណោះជាមនុស្សប្រុស។ ក្រៅពីរាំថ្វាយអ្នកតាទសមុខ ក្រុមល្ខោននេះតែងរាំរាល់ថ្ងៃសីល។ ដូច្នេះក្នុងមួយខែត្រូវរាំបួនដង។ ក្រៅពីនោះគេរាំនៅថ្ងៃភ្ជុំធំ និងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ។ ក្រុមល្ខោនពោលស្រីនេះ សព្វថ្ងៃលែងមានទៀតហើយ នៅសល់តែរោងល្ខោន (រូបលេខ៨) និងអ្នករាំខ្លះៗ និងអ្នកស្រុកដែលនៅចងចាំប៉ុណ្ណោះ។
ចំណុចត្រង់ថាក្រុមល្ខោនដែលត្រើយម្ខាងសុទ្ធតែជាប្រុស ឯត្រើយម្ខាងទៀតសុទ្ធតែជាស្រី ប្រហែលជាមានន័យអ្វីមួយវែងឆ្ងាយហើយ គឺថាដើម្បីយល់រឿងល្ខោនខោលនៅតំបន់ទាំង
មូល គេត្រូវពិនិត្យទំនៀមទាំងសងខាង។ យើងខ្ញុំយល់ថាប្រការនេះពុំមែនជាការចៃដន្យឡើយ តែការវិភាគវែងឆ្ងាយយើងខ្ញុំពុំទាន់អាចធ្វើក្នុងពេលនេះនៅឡើយទេ សូមទុកពេលលើកមកនិយាយនៅលើកក្រោយៗទៀត។
ចំពោះដំណើរការកិច្ចពិធីឡើងអ្នកតាទាំងពីរនេះ យើងខ្ញុំសូមមិនអធិប្បាយវែងឆ្ងាយអ្វីទេ គឺថាគេតែងធ្វើនៅកំឡុងខែបុស្សនិងខែមាឃ (រវាងខែមករា-កុម្ភៈ) នៅខ្ទមអ្នកតានោះតែម្តង ក្នុងរយៈពេលមួយថ្ងៃកន្លះដោយមានរៀបចំគ្រឿងរណ្តាប់បូជាផ្សេងៗ និងមានលេងភ្លេងថ្វាយផង (រូបលេខ៩-១០)។ អ្វីដែលគួរសម្គាល់ គឺឡើងអ្នកតានៅពេលនោះអ្នកស្រុកឥត
មាននិមន្តព្រះសង្ឃមកទេ មានន័យថាកិច្ចទាំងមូលពុំទាក់ទងនឹងព្រះពុទ្ធសាសនាឡើយ (រូបលេខ១១) ថ្វីដ្បិតតែមណ្ឌលទាំងពីរជាទីវត្ត។ ឯគោលបំណងនៃពិធីមិនខុសពីឡើងអ្នកតាទូទៅឡើយ គឺដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសូមឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ដើម្បីប្រកបកសិកម្ម។
រឿងដែលជាទីចាប់អារម្មណ៍របស់យើងនៅទីនេះ គឺថាបើយើងក្រឡេកមើលភូមិសាស្ត្រ តំបន់ទាំងពីរស្ថិតនៅត្រើយទន្លេម្ខាងម្នាក់ទល់មុខគ្នា។ បើមើលផែនទីពីលើអាកាស (Google Maps) (រូបលេខ១២) ឃើញថាតំបន់ទាំងពីរនៅជិតគ្នាបង្កើយ គ្រាន់តែខណ្ឌ
ចែកគ្នាជាពីរដោយទន្លេប៉ុណ្ណោះ។ អ្នកស្រុកគោរពអ្នកតាកំហែងនិងអ្នកតាទសមុខដូចគ្នា ហើយតែងធ្វើពិធីឡើងអ្នកតាទាំងពីរ ដោយមានរាំល្ខោនរឿងរាមកេរ្តិ៍ថ្វាយដូចគ្នា។ ចំណុចដែលខុសគ្នាគឺត្រង់វត្តស្វាយអណ្តែតគេរាំល្ខោនខោល ហើយអ្នករាំសុទ្ធតែប្រុស ឯខាងវត្តកៀនស្វាយក្នុងគេរាំល្ខោនពោលស្រី ដោយមានអ្នករាំសុទ្ធតែស្រី។
រូបលេខ១២
បើយើងពិចារណាបន្តិចទៅឃើញថាតាមពិតទៅតំបន់ទាំងពីរសឹងតែអាចរាប់ចូលថាជាសហគមន៍តែមួយ ដែលមានទំនៀមដូចគ្នាក៏សឹងបាន ប៉ុន្តែដោយសារតែទន្លេដែលជាបាតុភូតធម្មជាតិនេះហើយដែលខណ្ឌចែកទឹកដីទាំងពីរឲ្យដាច់ពីគ្នា ហើយដែលធ្វើឲ្យមានអ្វីហាក់មើលទៅផ្ទុយគ្នាខ្លះៗ។ ប៉ុន្តែភាពផ្ទុយគ្នានេះគឺជាគំនិតដែលសហគមន៍ទាំងពីរបំពេញឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។