ដោយ អ៊ូ គង្គា, ស៊ឹង ស្រីទូច, វឿន វិបុលសុខុម
ដូចយើងដឹងស្រាប់ ក្នុងកិច្ចបូជាសព គេត្រូវការទង់ព្រលឹងជាចាំបាច់។ បើយើងឃើញតែទង់ដែលសាមញ្ញបំផុត ពោលគឺមានតែក្រណាត់សលាតមួយផ្ទាំង ដោយឥតមានរូបឬអក្សរអ្វីនៅលើនោះ យើងពុំទាន់យល់ន័យនៃទង់ព្រលឹងឡើយ ដូចមានឧទាហរណ៍នៅរូបលេខ១ ដែលគ្រាន់តែឃើញគេយកទង់ព្រលឹងទៅដោតនៅទីបូជា។ ជួនកាល អ្នកខ្លះទទួលឥទ្ធិពលចិន គ្រាន់តែយកសពទៅកប់ដោយគ្មានកិច្ចបូជាអ្វី ក៏ឃើញមានដោតទង់ព្រលឹងសរបៀបនេះដែរ (រូបលេខ២)។
តែមានតំបន់ជាច្រើនដែរ ដែលគេមានគូរនិងសរសេរនៅលើទង់ព្រលឹង។ បើនៅតំបន់អង្គរជាដើមផង គំនូរនិងអក្សរនោះត្រូវតែមានជាចាំបាច់ ដ្បិតទង់ព្រលឹងមិនខុសអ្វីពីអត្តសញ្ញាណប័ណ្ណនៃបុគ្គល (សព) ឡើយ។ ប្រភេទសាមញ្ញបំផុត យើងអាចឃើញនៅរូបលេខ៣ ៖ យើងឃើញមានរូបចេតិយមួយដែលនៅស្ថានលើ ហើយស្ថានលើនេះសម្គាល់ដោយរូបទង់សងខាងដែលមានសត្វហង្សពាំ។ អក្សរខាងក្រោមចេតិយនោះជាឈ្មោះអ្នកស្លាប់ យកមកពង្រីកនៅរូបលេខ៤ ឃើញគេដាក់ថា «ខ្មោចនាងឡង»។
បើលើសពីនោះមកទៀត ដូចជានៅរូបលេខ៥ គេគូររូបចេតិយប្រភេទនេះដែរ ឯអត្តសញ្ញាណមានពីរ។ មើលលើ់រូបលេខ៦ដែលជារូបពង្រីកយើងឃើញមានឈ្មោះសព«លោកគ្រូឡើម្ម អាយុ៣៥ឆ្នាំ (…)» ហើយនៅក្រោមគេបង្អស់មានឈ្មោះអាចារ្យយោគីដែលជាប្រធានធំលើកិច្ចបូជានោះ គឺ «អាចារ្យឥន្ទវិនៃ្យ» (នេះជាឆាយាដែលគ្រូឧបជ្ឈាយ៍ដាក់ឲ្យអាចារ្យកាលពីជំនាន់គាត់បួស)។ បានជាមានអត្តសញ្ញាណនៃយោគីដូច្នេះមកពីភូមិចាស់ៗជាច្រើននៅតំបន់នោះ អ្នកស្រុកតែងជឿថាយោគីដែលប្រតិបត្តិធម៌ដិតដល់ (ហៅថា «បានធម៌») សុទ្ធសឹងតែព្រះយមរាជនិងក្រុមព្រះអង្គស្គាល់ស្រេចទៅហើយ។ ដូច្នេះពេលដែលសពកាន់ទង់ព្រលឹងខ្លួនឯងទៅតាមខ្លួនបង្ហាញទៅយមរាជ មុននឹងចាប់ជាតិជាថ្មីនោះ ព្រះយមរាជឃើញហើយទុកចិត្តថាបុណ្យសពនោះធ្វើបានត្រឹមត្រូវ ដោយសារតែដឹងថាយោគីជានរណានោះឯង។
ឧទាហរណ៍នៅរូបលេខ៧និងរូបលេខ៨ជារូបលម្អិតបញ្ច្រាស់ពីលើនេះបន្តិច គឺគេដាក់ឆាយានៃអាចារ្យយោគីមុន ៖ «ព្រះនា្មព្រម្មាជោត ឲ្យនាម្មធម្មចរោជាចៅបាង្គាបអ្នកប្រាជ្ញ» («ព្រះនាមព្រហ្មជោតិ ឲ្យនាមធម្មចរោ ជាចៅបង្គាប់អ្នកប្រាជ្ញ») រួចទើបដាក់នាមអ្នកស្លាប់ជាបញ្ចប់ ពោលគឺ «ខ្មោចឧបាសក ណាំ ហួរ»។
មានទំនៀមមួយប្លែកបន្តិចនៅតំបន់អង្គរដដែលនេះ គឺគេធ្វើទង់ព្រលឹងដែលមានរូបព្រះអាទិត្យនិងព្រះចន្រ្ទជាសំខាន់។ អំពីសារៈសំខាន់នៃទេពដែលជាភពទាំងពីរនេះ យើងអាចមើលជំពូកលេខ៣, លេខរៀងទី៩និងលេខរៀងទី៥៤ដែរ។ ព្រះចន្រ្ទនិងព្រះអាទិត្យបង្ហាញពីប្រក្រតីភាពនៃពេលវេលា ដែលភ្លឺនិងងងឹតឆ្លាស់គ្នា។ និយាយម្យ៉ាងទៀតថាជា«វដ្ត» ដូចការកើត-ស្លាប់ដែលឆ្លាស់គ្នាគ្មានពេលចប់ដូច្នោះឯង។ ហេតុនេះហើយបានជាព្រះអាទិត្យ និងព្រះចន្រ្ទមកនៅជាប់គ្នាលើទង់ព្រលឹងនៃសពដែលនឹងចាប់ជាតិជាថ្មី។ នៅរូបលេខ៩ ព្រះអាទិត្យមានរូបជារង្វង់មូលនោះងាយយល់ទេ តែរង្វង់ព្រះចន្រ្ទដែលនៅជាប់គ្នា គេសរសេរជាអក្សរ។ មើលរូបលេខ១០ជារូបលម្អិតឃើញគេសរសេរថា «នាមបុគ្គលឈ្មោះយាយរឹមដើរទៅទិសឦសានតាមពន្លឺព្រះចន្ទ»។ ឯឆាយានៃយោគីនោះគឺ«ចន្ទស្ស»។ យោគីដដែលនេះធ្វើកិច្ចឲ្យសពផ្សេងៗទៀតក្នុងកិច្ចបូជារួមគ្នា។ ដូច្នេះទង់ព្រលឹងក៏មានសណ្ឋានតែមួយ គ្រាន់តែឈ្មោះសពទាំងអម្ប៉ាលម៉ានខុសៗគ្នា។ ឧទាហរណ៍នៅរូបលេខ១១-១២ សពនោះឈ្មោះ «អាឡុកលីន»។
នៅក្នុងអារ្យធម៌ខ្មែរ ទិសឦសានជាទិសសំខាន់ពន់ពេក ដ្បិតជាទិសដែលបុគ្គលត្រូវចាប់ជាតិ។ ហេតុនេះហើយបានជាទីព្រះលានបូជាសពនៅសម័យអង្គរធំស្ថិតនៅឦសាននៃព្រះបរមរាជវាំង។ តក្រោយៗមកទៀត ទំនៀមនេះក៏នៅតែមានរហូតដល់សព្វថ្ងៃ។ «វាលមេន» ដែលជាទីបូជាព្រះសពនាបច្ចុប្បន្នក៏ស្ថិតនៅទិសឦសានព្រះបរមរាជវាំងភ្នំពេញដែរ។ ទង់ដែលនិយាយអម្បាញ់មិញនេះបង្ហាញថាសពធ្វើដំណើរតាមព្រះចន្ទ្រសម្តៅទៅទិសឦសាន ដើម្បីឆ្លងទៅព្រះអាទិត្យដែលជាភពនៃពន្លឺ ឬទៅរកជីវិតថ្មី។