ដោយ អ៊ូ គង្គា, តូច សុភៈ, សោ ចន្នា, ឆាន់ សុភិនី
អត្ថបទនេះមានការរៀបរាប់សង្ខេបនូវកិច្ចពិធីមួយ។ តែប្រការដែលសំខាន់ គឺយើងខ្ញុំយក
មកបង្ហាញអ្នកអានក្នុងន័យជាសំណួរ ដែលយើងមិនទាន់មានចម្លើយច្បាស់វែងឆ្ងាយ ដើម្បីអ្នកអានបានជាគំនិតជួយពិចារណា។
ជាទូទៅ ក្នុងពិភពអមនុស្សដែលខ្មែរជឿ អមនុស្សនីមួយៗតែងមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែរ។ បើគេនិយាយពី «អ្នកតា» គឺគេនិយាយពីបុព្វការីនៃសហគមន៍កសិករណាមួយ។ បុព្វការីនោះជួនកាលមានពិត តែជាញឹកញយគឺច្រើនប្រឌិត តែយ៉ាងណាក៏តែងភ្ជាប់ខ្លួនទៅនឹងដីកសិកម្មនោះ (ជាពិសេសគឺស្រែ)។ និយាយខ្លីជាសំយោគទៅ គឺថាជាជាមនុស្សជាប់ខ្លួនទៅនឹងដីដែលខ្លួនឯងបានរានមុនគេ ហើយដែលក្រោយមកក្លាយទៅជាដីស្រុក។ ហេតុនេះហើយ នៅពេលបន់ស្រន់អ្នកតា គេតែងតែសូមឲ្យភ្លៀងទៀងទាត់ ហើយបរិបូណ៌ ដ្បិតភ្លៀងជាអាយុជីវិតនៃស្រូវ។ បើគេនិយាយពី «ម្រេញគង្វាល» គឺគេគិតទៅដល់ក្រុមអមនុស្សម្យ៉ាងតូចល្អិតដែលដើរឃ្វាលហ្វូងសត្វព្រៃប្រភេទខ្លះ មានដំរីព្រៃជាអាទិ៍។ បើនិយាយពី «ប្រេត» គេគិតទៅដល់ភូតដែលជាតិមុនជាមនុស្សមានបាបកម្មដោយប្រការណាមួយ ជាមួយព្រះសង្ឃឬវត្តអារាម។ល។
តែជួនកាល មានអមនុស្សដែលហាក់ដូចជាគ្មានបុគ្គលិកលក្ខណៈឬតួនាទីច្បាស់ ឯអ្នកស្រុកវិញហាក់ដូចជាមានចិត្តខ្លាច តែមិនគោរពទេ គ្រាន់តែធ្វើយ៉ាងណាជៀសវាងកុំឲ្យ មានទំនាក់ទំនងគ្នា។ ឧទាហរណ៍ដែលយើងខ្ញុំលើកយកមកទីនេះហៅថា «ស្ក្រាច» (មិនដឹង ថាសរសេរដូចម្តេចឲ្យត្រូវប្រាកដ)។ អមនុស្សនេះមិនដឹងថាគេស្គាល់នៅច្រើនកន្លែងនៅ ប្រទេសកម្ពុជាឬមួយយ៉ាងណា។ បើនៅតំបន់អង្គរដែលយើងខ្ញុំនិយាយនេះ ក៏ប្រទះឃើញតែជនបទមួយចំនួនប៉ុណ្ណោះដែលគេស្គាល់។ ឯស្គាល់នោះសោតក៏គ្រាន់តែស្គាល់ថាតែងឲ្យ ទុក្ខទោសដល់អ្នកស្រុក។ អាក្រក់ដូច្នេះហើយក្តី គេធ្វើហាក់ដូចជាបន់ស្រន់ខ្លះដែរ ដោយសារគេខ្លាច។ តែបើពិនិត្យឲ្យច្បាស់ ការបន់ស្រន់នោះតែងធ្វើឡើងក្នុងកិច្ចបញ្ចៀស, បញ្ជូន, បណ្តេញ។ល។
អ្នកស្រុកនៅភូមិចំបក់ (ឃុំរលួស, ស្រុកប្រាសាទបាគង, ខេត្តសៀមរាប) តែងធ្វើពិធីបញ្ជូន
ស្រ្កាចពីរដងក្នុងមួយឆ្នាំ។ នៅរដូវទឹកទន្លេសាបឡើង (រវាងខែកក្កដា-សីហា) គេបញ្ជូន
ស្ក្រាចទៅទិសខាងជើង លុះដល់រដូវទឹកស្រក (រវាងមិគសិរ-បុស្ស) គេបញ្ជូនទៅខាង ត្បូងវិញ។ ដូច្នេះឃើញថាពិធីនេះពុំមានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេ គឺធ្វើយ៉ាងណា ឲ្យតែត្រូវតាមរដូវនិងអាស្រ័យលើការមូលមតិគ្នារបស់អ្នកស្រុកតែប៉ុណ្ណោះ។ ឯទីតាំងប្រារព្ធក៏ឥតទៀងទាត់ដូចគ្នា ជួនធ្វើនៅសាលាបុណ្យក្នុងភូមិ ជួនធ្វើនៅផ្ទះអ្នកស្រុកណាម្នាក់ដែលមានលទ្ធភាពអាចរៀបចំចម្អិនម្ហូបអាហារនិងគ្រឿងរណ្តាប់ផ្សេងៗបាន។
នៅទីនេះយើងខ្ញុំសូមរៀបរាប់ត្រួសៗពីកិច្ចដែលធ្វើនៅភូមិនេះកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងចំណោមគ្រឿងរណ្តាប់ទាំងប៉ុន្មាន យើងសង្កេតឃើញថាច្រើនតែមានវត្ថុដែលគេតែងប្រើដើម្បីបញ្ជៀសទៅឆ្ងាយ ឧទាហរណ៍ដូចជាបាយសីព្រៃ ហើយជាពិសេសគឺសង្ឃឹកដែលមានរូបរាងជាទូកផ្ទុកសំណែនសម្រាប់បញ្ជៀសអមនុស្សទៅតាមទឹកឲ្យឆ្ងាយពីភូមិស្រុក។ កិច្ចបញ្ជៀសនេះក៏មានពាក់ព័ន្ធនិងអ្នកតាក្នុងភូមិព្រមទាំងអ្នកតាដែលគេមិនសូវរាប់រក តែគេខ្លាច ពោលគឺអ្នកតាគម្លង់នៅប្រាសាទព្រៃមន្ទីរ។ ហេតុនេះហើយបានជានៅក្នុងជមសម្រាប់អ្នកតាគម្លង់នេះ គេឃើញមានពែសម្រាប់ចោលផង (រូបលេខ១)។ ក្នុងសង្ឃឹកចំណីចំណុកសំខាន់ៗមាន «អាកញ្ឆែង» (ក្បាលជ្រូក)១, «អាក្ងក់» (មាន់ស្ងោ)
២, «កន្ទន់បាក់ក» (ចេក) ១ស្និត។ ឯវត្ថុផ្សេងទៀតមានទៀន, ធូប, បាយសីជាដើម (រូបលេខ២)។
កម្មវិធីចាប់ផ្តើមនៅម៉ោង២រសៀល ដោយផ្តើមពីកិច្ចសែនអ្នកតាប្រចាំភូមិ។ កិច្ចនេះធ្វើនៅទិសឦសានផ្ទះអ្នកផ្តើមបុណ្យ (រូបលេខ៣)។ រណ្តាប់សែនត្រង់នេះមានម្ហូបអាហារ ទឹកនិងស្រា។ បន្ទាប់មក គេឲ្យមនុស្ស២នាក់ចាប់សែងសង្ឃឹកបង្វិល៣ជុំ ហើយឲ្យហែចេញពីផ្ទះយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ដ្បិតគេយល់ថាបើពុំដូច្នេះទេ «ស្ក្រាច» នឹងវិលវល់ក្នុងភូមិដ្ឋាននោះ មិនអាចបញ្ជូនទៅឲ្យផុតបានឡើយ។ គេហែសង្ឃឹកតម្រង់ទៅប្រាសាទព្រៃមន្ទីរជាមួយរូបមេមត់និងអ្នកស្រុក ដោយមានភ្លេងលេងនិងត្លុកកំដរផង (រូបលេខ៤-៥)។
ឧបករណ៍ភ្លេងមានដូចជា៖ ស្គរ, ទ្រ, ពីងពាំង (ធ្វើពីកំប៉ុងទឹកដោះគោ)។ ពេលទៅដល់ប្រាសាទព្រៃមន្ទីរ គេដាក់សង្ឃឹកចុះនៅខាងមុខផ្តែររូបព្រះឥន្ទ្រគង់លើដំរីដែលនៅខាងកើតប្រាសាទដើម្បីបន្តកិច្ចពិធី។ ទីនេះ គេរៀបចំដាក់ពែតាគម្លង់, បាយសីព្រៃ និងម្ហូបអាហារខ្លះនៅទីនោះ។ គេដាក់សង្ឃឹកបែរក្បាលតម្រង់ទៅទិសឦសាន រួចទើបអ្នកតាចូលរូបមេមត់។ ឆ្នាំនេះមានអ្នកតាចូលតែ២ប៉ុណ្ណោះ គឺ តាឆុង និងយាយម៉ៅ (រូបលេខ៦-៧)។ នៅតំបន់រលួស តាឆុង តាគង់ និងយាយម៉ៅ គឺជាអ្នកតាចម្បងដែលមានទីអាស្រ័យនៅប្រាសាទបាគង។ តាមធម្មតា តាគម្លង់ដែលតាំងទីនៅប្រាសាទព្រៃមន្ទីរនេះក៏ចូលក្នុងរូបមេមត់ដែរ។ បន្ទាប់មកទៀត គេយកពែតាគម្លង់ បាយសីព្រៃ និងម្ហូបអាហារដាក់សែននៅចំពីមុខផ្តែរ (រូបលេខ៨) រួចហើយហែបន្តដំណើរទៅទៀត ។ គេបន្តហែសង្ឃឹកកាត់តាមភូមិចំបក់ពីដើមភូមិដល់ចុងភូមិ ក្នុងបំណងឲ្យម្ចាស់ផ្ទះទាំងអស់បាន «ស្បះ» (ព្រាច) អង្ករដាក់សង្ឃឹក ដើម្បីឲ្យចង្រៃឧត្បាតទៅឲ្យឆ្ងាយពីភូមិដ្ឋានរបស់ខ្លួន (រូបលេខ៩-១០)។ ម្យ៉ាងទៀត នេះជាឱកាសឲ្យអ្នកស្រុក ចូលប្រាក់កាសដល់ក្រុមដង្ហែសម្រាប់ទូទាត់ការចំណាយពិធីនេះដែរ (រូបលេខ១១)។ នៅពេលដង្ហែ គេមិនឲ្យដាក់សង្ឃឹកចុះនៅលើដីឡើយ ព្រោះវត្ថុនេះជាប់មន្ទិលដោយសាររៀបចំឡើងសម្រាប់ស្ក្រាច ដូច្នេះងាយនឹងបង្ករគ្រោះផ្សេងៗដល់ភូមិស្រុក ពេលណាដែលប៉ះដី។
បន្ទាប់មក គេហែសង្ឃឹកសំដៅមកទិសខាងជើង មកទល់នឹងកន្លែងមួយនៅខាងកើតប្រាសាទបាគង (ខាងមុខសាលាបឋមសិក្សាបាគង) ហើយដែលនៅឆ្ងាយដាច់ពីផ្ទះអ្នកស្រុក។ គេដាក់បាយសម្លនៅគល់ដើមឈើធំមួយ ហើយហៅអ្នកតាផ្សេងៗមកទទួលគ្រឿងសំណែនទាំងនេះ (រូបលេខ១២-១៣)។ ចុងក្រោយបំផុត គេយកបាយសម្លទាំងអស់ចាក់ចូលក្នុងសង្ឃឹក រួមជាមួយពែរូប «ស្ក្រាច» ដែលគេហែតាំងពីភូមិចំបក់នោះផង ហើយហាមមិនឲ្យមនុស្សចាស់ឬក្មេងទៅក្បែរ ឬយករបស់ក្នុងនោះប្រើប្រាស់ឡើយ ដ្បិតដូចបានពោលមកហើយ វត្ថុនេះមានមន្ទិល។ សង្ឃឹកនោះត្រូវបែរក្បាលទៅទិសឦសាន ក្នុងន័យឧបកិច្ចថារបស់ទាំងអស់នេះបានបញ្ជូនទៅផុតពីភូមិអ្នកស្រុក (រូបលេខ១៤)។ រូបលេខ១៥-១៦ បង្ហាញពីផ្លូវត្រាច់ចរនៃក្បួនដង្ហែនេះ។
រូបលេខ១៦
ពីមុនមក កាលណាអ្នកនៅខាងក្រោម (ខាងត្បូង) បញ្ជូនសង្ឃឹកមកខាងជើងបែបនេះ អ្នកភូមិដែលនៅខាងជើងត្រូវរៀបចំធ្វើពិធីបញ្ជូនសង្ឃឹកនេះទៅខាងជើងបន្តទៀត។ ប៉ុន្តែចាប់តាំងពីសម័យខ្មែរក្រហមមកទល់បច្ចុប្បន្ន ទំនៀមនេះភាគច្រើនលែងប្រតិបត្តិទៀតហើយ។
មានសេចក្តីពន្យល់ខ្លះថា «ស្ក្រាច» នេះហាក់នៅជិតដិតនឹងព្រះភូមិតាមផ្ទះ ត្បិតគេជឿថាបើសិនយើងធ្វើឲ្យព្រះភូមិមិនពេញចិត្ត ព្រះភូមិនឹងបើកដៃឲ្យស្ក្រាចនោះមកធ្វើកលដល់មនុស្សឬសត្វក្នុងផ្ទះនោះឈឺឬស្លាប់បាន។ ក្នុងករណីខ្លះទៀត ស្ក្រាចអាចបង្ករព្រឹត្តិការណ៍អាក្រក់ណាមួយនៅក្នុងភូមិ មានដូចជាខ្យល់ព្យុះធ្វើឲ្យបាក់ដើមឈើរលំលើផ្ទះអ្នកស្រុកជាដើម។
សំណួរដែលនិយាយនៅដើមអត្ថបទ ដែលយើងពុំទាន់មានចម្លើយ ហើយដែលយើងសូមឲ្យអ្នកអានជួយពិចារណានោះគឺថា ស្ក្រាចដែលជាអមនុស្សបង្ករឧត្បាតដល់ភូមិស្រុកនេះ តើទាក់ទងអ្វីទៅនិងចលនាទន្លេសាបដែលឡើងនិងស្រកក្នុងមួយឆ្នាំៗ ? ឬមួយទន្លេសាបនេះគ្រាន់តែមាននាទីនាំស្ក្រាចទៅឲ្យឆ្ងាយតាមចលនាឡើងនិងស្រក ?