ដោយ ខៀវ ច័ន្ទ
ពាក្យថា «សហគមន៍» នៅទីនេះប្រើក្នុងន័យទូទៅថាជាក្រុមមនុស្ស ដែលរស់នៅក្នុងភូមិមួយជាមួយគ្នា ឬក៏ភូមិមួយចំនួនដែលនៅជាប់ៗគ្នា ហើយដែលហាក់ដូចជាផ្សេងពីគ្នាដោយសារតែការកម្រិតព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ នៅផ្នែកខាងកើតនៃតំបន់អង្គរ ក្នុងចំណោមភូមិដែលមានឈ្មោះលេចធ្លោជាងគេ មានភូមិមួយដែលសព្វថ្ងៃសរសេរជា «បង្កោង» ហើយឈ្មោះនេះ អ្នកស្រុកជាទូទៅ ទោះជារស់នៅឆ្ងាយពីនោះល្មមៗក៏តែងតែស្គាល់ ឬធ្លាប់ឮ។ សិលាចារឹកពីស.វ.ទី៩ដែលគេប្រទះឃើញនៅតំបន់រលួសក៏និយាយ ច្រើនកន្លែងពីភូមិនោះ ដោយសរសេរថា «វកោង»។ មិនត្រឹមតែសិលាចារឹកទេដែលធ្វើឲ្យយើងដឹងថាភូមិនោះ ឬក្រុមភូមិម្ដុំនោះមានតាំងពីបុរាណកាល គឺយើងអាចឃើញតឹកតាងរឿងនេះដោយឃើញថា មានសំណល់ឡកុលាលភាជន៍ពីសម័យនោះច្រើន ដែលទើបនឹងខូចខាតជាស្ថាពរក្នុងពេលថ្មីនេះ។
សម្បត្តិមួយដែលជាសម្បត្តិរួមនៃអ្នកស្រុកភូមិបង្កោង គឺត្រពាំងមួយដែលគេហៅថា «ត្រពាំងបឹង»ហើយដែលមានផ្ទៃក្រឡាទំហំប្រមាណមួយហិកតា (រូបលេខ១)។ តម្រុយមួយដែលឲ្យស្មានបានថានេះជាត្រពាំងបុរាណ គឺយើឃើញមានថ្មគោលមួយនៅក្នុងនោះ (រូបលេខ២-៣)។ បើតាមអ្នកខ្លះអះអាង គឺកាលពីមុននេះមានថ្មគោលដល់ទៅពីរ ប៉ុន្តែថ្មមួយទៀតគេលួចបាត់ទៅ ដោយសារនៅលើនោះមានចម្លាក់។
ប្រពៃណីអ្នកស្រុកទាក់ទងនឹងត្រពាំងនេះគួរឲ្យចាប់អារម្មណ៍ក្រៃលែង ដែលខ្ញុំនឹងសង្ខេបដូចតទៅ។ មានតែអ្នកស្រុកភូមិបង្កោងមួយគត់ដែលគេទុកជាម្ចាស់បឹងនោះ មានន័យថាក្រៅពីអ្នកភូមិបង្កោងគ្មាននរណាម្នាកអាចប៉ះពាល់បានទេ។ ឯអ្នកស្រុកផ្ទាល់សោតក៏មិនអាចរកត្រីនៅទីនោះក្រៅពីរយៈពេលមួយដែលគេអនុញ្ញាតបានឡើយ។ ហើយអ្នកដែលគ្រប់គ្រងសព្វថ្ងៃនេះ គឺគណកម្មការមួយដែលមានសមាជិក២៧រូប បូករួមនឹងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិផង។ ក្នុងមួយឆ្នាំគេរើសយកថ្ងៃណាមួយក្នុងខែមាឃ ដែលមនុស្សមួយភូមិតែម្តង រួមគ្នាមករកត្រី។ ថ្ងៃនោះគឺមួយថ្ងៃមុនថ្ងៃ «ឡើងមាឃ»។ជាទូទៅនៅតំបន់អង្គរគេច្រើនឡើងមាឃនៅថ្ងៃ៣កើត (សូមមើលអត្ថបទ ជំពូក២, លេខរៀងទី៥១) ប៉ុន្តែឧទាហរណ៍ជាក់ស្តែងដែលឃើញថ្មីៗនេះ គឺនៅភូមិបង្កោងគេឡើងនៅថ្ងៃ៧រោច ដែលជាការយឺតយ៉ាវហួសធម្មតាបន្តិច។ មុននោះមួយថ្ងៃអ្នកស្រុកនាំគ្នាទៅរកត្រីនៅត្រពាំងនោះដោយកាន់ឧបករណ៍រៀងៗខ្លួនយកទៅជាមួយ។ លុះជួបជុំគ្នានៅមាត់បឹងហើយក៏ពុំទាន់មាននរណាម្នាក់ចុះទៅនេសាទភ្លាមដែរ ដ្បិតក្បួនច្បាប់របស់គេតម្រូវថា ឲ្យចាំទទួលការអនុញ្ញាតិពីមេភូមិ ឬគណកម្មការភូមិជាមុនសិន(រូបលេខ៤)។ ឯឧបករណ៍គេឲ្យប្រើបានតែសំណាញ់ (រូបលេខ៥), អង្រុត (រូបលេខ៦-៨) និងឈ្នាង ប៉ុណ្ណោះ រីឯមង, អួន ឬអញ្ចងជាដើម គឺគេពុំឲ្យប្រើឡើយ។ ពេលដែលរកគឺនាំគ្នារកប្រសេកប្រសាចពេញផ្ទៃបឹង (រូបលេខ៩-១២)។
នៅក្នុងបឹងនោះគេបានដាក់សម្រាស់ពីរកន្លែងរួចជាស្រេចទៅហើយ ដោយប្រើបន្លា, បែកឈើ ឬកូនឈើទុកឲ្យត្រីជ្រកពួន។ ដូច្នេះហើយបានជានៅពេលចុងបញ្ចប់ គេនាំគ្នាទៅហ៊ុមព័ទ្ធសម្រាស់នោះ (រូបលេខ១៣) ដោយសារមានត្រីច្រើនទៅជ្រកផ្តុំគ្នា។
ក្នុងការនេសាទនោះ គ្មាននរណាដៃទទេឡើយ គឺសុទ្ធតែបានត្រីរៀងៗខ្លួន (រូបលេខ១៤-១៦) ដែលចុងបញ្ចប់ទៅគេយកមកបញ្ចូលរួមគ្នា (រូបលេខ១៧-១៨)។ មួយភាគធំគេប្រស់ទុកសម្រាប់ឡើងមាឃនៅថ្ងៃស្អែក (រូបលេខ១៩) ឯមួយភាគតូចគេយកទៅចម្អិនទទួលទានរួមគ្នានៅមាត់បឹង ក្នុងថ្ងៃនោះតែម្តង (រូបលេខ២០-២២)។
តាមស្មានមើលទំនៀមនេះប្រហែលកើតមកពីយូរអង្វែងហើយ ដែលបង្ហាញពីក្បួនច្បាប់ ឬក៏ថាជាវិន័យផ្ទៃក្នុងប្រចាំសហគមន៍ ដែលធ្វើឲ្យរស់ក្នុងលំនឹងមួយបានល្អ។ សហសេវិកដែលចូលរួមស្រាវជ្រាវជាមួយគ្នានេះមាន៖ លោកឯម គឹមស្រ៊ាង, អ៊ូ គង្គា, អាន រស្មី, គា រក្សា, ស៊ុម សុមេធ, តូច សុភៈ, អ្នកស្រី សរ សុធីតា, កញ្ញា សឿន ដាណែត។