ដោយ អាំង ជូលាន និង គង់ វីរៈ
“សុខុមលោក” មានន័យថាលោកទាំងមូលនេះ ដែលគេបង្រួមឲ្យតូចមែនទែននៅទីណាមួយដើម្បីធ្វើកិច្ចពិធី។ ទីនោះអាចជានៅក្នុងផ្ទះ, នៅក្រៅអែបៗនឹងផ្ទះ ឬក៏នៅវាលណាមួយ ដូចជាកណ្តាលស្រែក្នុងខែប្រាំងជាដើម អាស្រ័យតាមទំហំនៃកិច្ចពិធីដែលនឹងត្រូវធ្វើ។ ពីមុនមកការរៀបចំរាជធានីក៏ធ្វើឡើងក្នុងគំនិតថាសុខុមលោកដែរ។ សូម្បីតែសព្វថ្ងៃ ព្រះបរមរាជវាំងដែលស្ថិតនៅខាងត្បូងវាលមេន (មេរុ) ក៏សុទ្ធសឹងតែមានន័យទាំងអស់ ត្បិតជម្ពូទ្វីបស្ថិតនៅខាងត្បូងភ្នំព្រះសុមេរុ។ ឯវាលមេននោះសោត ក៏មិននៅខាងជើងវាំងចំតែម្តងទេ គឺជើងមែន តែអង្កិលនៅខាងកើត មានន័យថាឦសាន ត្បិតទិសនេះជាទិសចាប់ជាតិ (សូមកុំភ្លេចថាតួនាទីធំបង្អស់នៃវាលមេន គឺសម្រាប់បូជាព្រះសព)។ វាលមេននិងព្រះបរមរាជវាំងចតុមុខនោះសោត ក៏សាងឡើងតាមទំនៀមដែលមានជាដំណែលតាំងពីនៅអង្គរធំមក។
តែនៅទីនេះយើងខ្ញុំពុំអាចរៀបរាប់ឲ្យអស់ពីប្រភេទផ្សេងៗនៃសុខុមលោកបានឡើយ តាមស្មានមើលទៅលុះត្រាតែចងក្រងជាសៀវភៅក្រាសមួយទើបអាចសព្វគ្រប់។ មុននឹងយកឧទាហរណ៍តែមួយមកបង្ហាញ យើងខ្ញុំគ្រាន់តែសូមសង្ខេបថា ទីដែលគេធ្វើកិច្ចពិធីនានាពុំសន្មតថាជាទីដែលធម្មតាទេ គឺជាសុខុមលោក ដែលជួនកាលយើងមើលទៅគ្មានអ្វីមកទាក់អារម្មណ៍ឲ្យច្បាស់ តែដែលជួនកាលទៀង យើងឃើញថាមានអ្វីៗស្អេកស្កះគួរឲ្យសង្ស័យរកយល់ន័យ។
ចំពោះឧទាហរណ៍នៃការរៀបចំយ៉ាងសាមញ្ញបំផុតនោះ សូមគិតថា បើយើងនិមន្តព្រះសង្ឃមកធ្វើកិច្ចតូចមួយនៅផ្ទះ មិនថាកិច្ចអ្វីឬកិច្ចអ្វីឡើយ យ៉ាងហោចណាស់យើងត្រូវមានកូនតុមួយតម្កល់ព្រះពុទ្ធរូបតូចក្តីធំក្តីតាមមាន។ បើមានព្រះបដមួយព្យួរនៅពីក្រោយនោះកាន់តែប្រសើរ។ ឯទីដែលព្រះសង្ឃគង់នោះ ទោះជានៅកម្ពស់ស្មើយើងជាឧបាសក ក៏គេតែងក្រាលព្រំ ឬកម្រាលអ្វីទៀត ជាការសន្មតថាខ្ពស់លើសយើង។ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតែងមានបាយស្រីនិងស្លាធម៌ជាដើមមិនដែលខានទេ។ វត្ថុទាំងនេះបើពិចារណាឲ្យមែនទែន គឺមានន័យវែងឆ្ងាយណាស់ ហើយដែលសង្ខេបមកថាជា “រណ្តាប់” ដែលសន្មតថា គេរៀបលោកទាំងមូលនេះឲ្យមានភាពប្រក្រតី ដើម្បីធ្វើកិច្ចទៅមានប្រសិទ្ធភាព។
បើមើលទីបូជាសព ឬទីធ្វើពិធីចម្រើនអាយុនៅជនបទខេត្តសៀមរាប ទើបយើងឃើញសុខុមលោកនេះច្បាស់។ រូបលេខ១ ជាប្លង់ទូទៅនៃទីបូជាសព រីឯរូបលេខ២-៣ ជារូបទីបូជាសពដែលកំពុងរៀបចំតាមដំណាក់កាលផ្សេងៗ។ ដើម្បីបានសុខុមលោកមួយ គេតែងសង់រាជវតិជាកំណត់ ។ ផុតចេញពីបរិវេណរាជវតិទៅ ហាក់ដូចជាគេទុកថា នៅក្រៅកណ្តាប់ចក្រវាឡិ។ រាជវតិនោះតែងមានច្រកឬទ្វារនៅចំកណ្តាលជ្រុងនីមួយៗ (រូបលេខ៤)។ នៅចំកណ្តាលធ្លា គឺ “ភ្នំយោង” (ឬមេន) សម្រាប់តម្កល់ម្ឈូសដុតសព។ ការបូជាសពនៅចំណុចនេះតែម្តង គឺមានន័យថាបុគ្គលដែលបានចែកស្ថាននឹងបានទៅសោយសុខនៅស្ថានជាទីគប្បី ត្បិតភ្នំព្រះសុមេរុជាលំនៅនៃទេពតូចធំនានា។ ឯបងប្អូនញាតិមិត្ត អ្នកស្រុកដែលមកធ្វើបុណ្យនោះក៏មានរោងនៅក្នុងរាជវតិនោះដែរ ដែលច្រើនតែនៅខាងផ្នែកនិរតី ហើយគេតែងបាំងជញ្ជាំងបន្តិចបន្តួចនៅមុមនិរតីនៃរោងនោះ ដើម្បីបង្ហាញថារោងបែរទៅរកឦសាន។ ទីតម្កល់គ្រែអស្នាព្រះ និងទីដែលព្រះសង្ឃគង់ក្នុងរោងនោះក៏ដូចគ្នាដែរ គឺគេតែងរៀបចំឲ្យឃើញថា បែរឆ្ពោះទៅរកទិសឦសាន។ តើនៅផ្នែកឦសានក្នុងបរិវេណរាជវតិនោះមានអ្វី? ម្តុំមុមនេះតែងតែពិសេសលើសគេជានិច្ច។ ក្រៅពីរានទិសធម្មតា គឺមានរានយមរាជ (ខ្លះហៅថារាននឹមរាជ), រានពុទ្ធគុណ, ភ្នំខ្សាច់ ដែលជួនកាលនៅផ្ទាល់ដី ជួនកាលនៅលើរានយមរាជតែម្តង (សូមកុំភ្លេចថា ភ្នំខ្សាច់ក៏ជាសុខុមលោកដែរ)។ រូបលេខ៥-៦ បង្ហាញពីបុណ្យចម្រើនអាយុមួយនៅតំបន់អង្គរ។ ថ្វីត្បិតតែបុណ្យនោះតូចតាចក្តីក៏ឃើញថាមានរបធ្វើអំពីឈើ សន្មតថាជារាជវតិ ព្រមទាំងមានរានយមរាជ និងទង់នៅមុមឦសានដែរ។ នៅលើរានយមរាជនោះមានភ្នំខ្សាច់តូចៗ៥។
បើពោលពីទង់នៅបុណ្យសពភាគច្រើនវិញ កាលណាមានតែមួយ គឺគេដោតនៅមុមឦសាននោះឯង។ បើមាន៤ គឺដោតគ្រប់មុម ហើយចំពោះមុមឦសាន ច្រើនតែឃើញដោតរបៀបខុសគេ គឺថាមិនដោតកប់ដីផ្ទាល់ទេ តែបោះគោល វាយស្នៀត (រូបលេខ៧) ដើម្បីបញ្ឈរទង់នោះ ដោយទុកឬគល់នៅផុតពីដី (ចំពោះអត្ថន័យនៃទង់ សូមអានអត្ថបទនៅជំពូក២, លេខរៀងទី២៥)។
គំនិតដែលថា ទីប្រារឰពិធីនោះពុំមែននៅលោកមនុស្សយើងធម្មតាទេ តែនៅស្ថានដែលជាទីគប្បីនោះ យើងអាចឃើញច្បាស់នៅរូបលេខ៨-៩។ នៅរូបលេខ៨ យើងឃើញថា រូបសត្វដែលគេធ្វើយកមកប្រើក្នុងក្បួនដង្ហែព្រះសពមួយនោះ ពុំមែនជាសត្វមាននៅលើដីយើងនេះទេ។ រីឯរូបសត្វនៅក្បួនដង្ហែព្រះសពនៅរូបលេខ៩ក៏ដូច្នោះដែរ គឺសុទ្ធសឹងជារាជសីនាំមុខបុស្បុកសពហែប្រទក្សិណភ្នំយោង ដែលប្រៀបបាននឹងភ្នំព្រះសុមេរុ។
ដូចបានពោលពីលើមកហើយ យើងខ្ញុំពុំជូនឧទាហរណ៍ច្រើនបែបយ៉ាងឡើយ អំពីសុខុមលោកនេះ គឺគ្រាន់តែសង្ខេបគំនិតមកថា ដើម្បីធ្វើកិច្ចអ្វីមួយ គេត្រូវធ្វើលោកនេះឲ្យមានសណ្តាប់ (ធម៌) ឡើងវិញសិន។ ដូច្នេះហើយបានជាគេរៀបឲ្យឃើញថាមានភ្នំធំនៅកណ្តាលលោក, មានភ្នំជាបរិវារនៅមុម៘ ទាល់តែមានសណ្តាប់ថ្មីឡើងវិញដូច្នោះហើយ ទើបធ្វើកិច្ចទៅសង្ឃឹមថាបានលទ្ធផលល្អដូចប៉ង។