ដោយ ហ៊ួន សាវង
អត្ថបទនេះសរសេរឡើងដោយផ្អែកលើការចុះទៅទឹកដីផ្ទាល់ ព្រមទាំងផ្អែកទៅលើសំណេរនិងការពិចារណាដែលមានពីមុនខ្លះៗមកផង ដូចជា ៖
ហ៊ួន សាវង, ២០១៣, “សូមទឹកភ្លៀងនៅភ្នំវល្លិ៍”, កម្រងអត្ថបទក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ, ៨: ១៤២-១៤៣ (ឬជំពូក៧, លេខរៀងទី១៤),
អាន រស្មី, ២០១១, “ភ្នំគិរីវង្គត”, កម្រងអត្ថបទក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ, ៦: ៣៩–៤១ (ឬជំពូក២, លេខរៀងទី៤១),
អាំង ជូលាន, មនុស្សនិងដី, រៃយំ, ភ្នំពេញ ២០០០។
អាំង ជូលាន, ២០១៩, “យាយម៉ៅ”, ព្រឹត្តប័ត្រសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ២: ១-១២។
ចំណុចដែលខ្ញុំចង់លើកឡើងមានបីប្រការ ៖ ទីមួយចង់បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងជំនឿជីវចលនឹងព្រះពុទ្ធសានា, ទី២គឺការវិវឌ្ឍន៍នៃការបង្ហាញរូបសំណាកអ្នកតា, និងទី៣អំពីទួនាទីនៃបាតុភូតដែលហៅថា «យាយម៉ៅ»។
ជួរ «ភ្នំវល្លិ៍» រត់ទទឹងថ្ងៃ ហើយជាទូទៅនៅក្នុងទឹកដីស្រុកដងទង់, ខេត្តកំពត។ តំបន់នេះពុំមានប្រជាជនកកកុញឬក្រាស់ក្រែលឡើយ ហើយពុំសូវមានស្រែច្រើនប៉ុន្មានទេ គឺច្រើនតែជាចំការស្រូវ, ចំការពោត។ល។ កាលពីមុន ស្ថិតទៅប៉ែកខាងត្បូង មានខ្ទមអ្នកតាមួយឈ្មោះថា «អ្នកតាត្រពាំងពីរល្វែង»។ បើទៅប៉ែកខាងជើងវិញ គឺមានអ្នកតាមួយទៀតហៅថា «អ្នកតាភ្នំថ្ម»។ ក្រោយមក គេសាងវត្តនៅទីតាំងត្រពាំងពីរល្វែង ដូច្នេះគេរំកិលអ្នកតានោះឲ្យមកឯបដំបូកមួយនៅទិសឦសាននៃបរិវេណវត្ត (រូបលេខ១)។ គេសង់សាលាបុណ្យមួយ ហើយសរសេរទុកនូវកាលបរិច្ឆេទសម្រាប់ធ្វើ «បុណ្យខួប» ឲ្យត្រូវពេលរៀងរាល់ឆ្នាំ ពោលគឺពីទី១០ដល់ថ្ងៃទី១៣កើតខែជេស្ឋ (រូបលេខ២)។ បុណ្យខួបនេះ គឺចូលក្នុងចំណុចទី១ដែលពោលពីលើមកអម្បាញ់មិញនេះឯង។ បុណ្យនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃនិង១ព្រឹក។ ៣ថ្ងៃដំបូង គេនិមន្តព្រៈសង្ឃទេសន៍មហាជាតិ។ ដូច្នេះ កាលដែលពុំទាន់មានវត្ត គឺគេនិមន្តលោកមកពីទីឆ្ងាយបន្តិចដើម្បីទេសន៍នៅកន្លែងអ្នកតាតែម្តង។ នៅព្រឹកថ្ងៃទី១៣ជេស្ឋជាថ្ងៃបញ្ចប់ គេធ្វើបុណ្យជាមួយអ្នកតាដោយមានបញ្ចូលរូប, ភ្លេងនិងចម្រៀងអន្ទងភូតផ្សេងក្នុងព្រៃ ហើយជាពិសេសនោះគឺគេអន្ទងហៅយាយម៉ៅដែលពុំដែលមានខ្ទមឬរូបអ្វីជាតំណាងនៅទីនេះសោះ ផ្ទុយទៅវិញគឺគេនិយាយថាយាយម៉ៅនៅភ្នំកំចាយដែលកៀកទៅនឹងឆ្នេរសមុទ្រ។ ប្រការឲ្យចាប់អារម្មណ៍ គឺថាគេពុំហៅបុណ្យទាំងមូលថា «ទេសន៍មហាជាតិ». សោះ គឺនិយាយតែពីបុណ្យហៅថា «បុណ្យខួបប្រចាំឆ្នាំ» ដែលហាក់ដូចជាសង្កត់តែទៅលើសូមទឹកភ្លៀងពីអ្នកតា។ រូបលេខ៣បង្ហាញពីព្រះសង្ឃកំពុងទេសន៍មហាជាតិ ឯរូបលេខ៤គឺពុទ្ធបរិស័ទកំពុងកើបខ្សាច់ដើម្បីពូនភ្នំខ្សាច់ក្នុងថ្ងៃបញ្ចប់ដែលគេបន់ស្រន់សូមភ្លៀង។ ត្រង់នេះ យោបល់ខ្ញុំមានដូចតទៅ ៖ បុណ្យនេះ បីថ្ងៃដំបូងជាបុណ្យពុទ្ធសាសនា (ទេសន៍មហាជាតិ) ឯព្រឹកថ្ងៃបញ្ចប់ទើបជារឿងជីវចល (សូមភ្លៀង)។ តែដោយសារពីមុនមកគ្មានវត្តទើបបានជាគេមិនហៅថា «ទេសន៍មហាជាតិ» ដូច្នេះដោយសារកាលនោះ គេហាក់ដូចជាមកជ្រកកោននឹងអ្នកតា។ យ៉ាងណាក៏ប្រការនេះបង្ហាញថា ជីវចលនិងពុទ្ធសាសនាចូលគ្នាល្អណាស់។
តាំងពីឆ្នាំ២០១៥មក បុណ្យសូមភ្លៀង ក៏តែងតែធ្វើនៅកន្លែងអ្នកតាភ្នំថ្មដែរ គឺធ្វើរំលងក្រោយពីបុណ្យនៅអ្នកតាត្រពាំងពីរល្វែងបន្តិច។ ឯរយៈពេល គឺតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។
ដូចពោលមុននេះរួចហើយ នៅកិច្ចចុងក្រោយ គេបញ្ជាន់អ្នកតា។ អ្នកតានោះ បើនៅប៉ែកខាងត្បូងមានឈ្មោះដូចជា «អ្នកតាឈរ» នៅលើភ្នំ, «អ្នកតាដំណាក់អំពិល» នៅចង្កេះភ្នំ, «អ្នកតាឡោ» នៅជើងភ្នំ។ ឯអ្នកតាត្រពាំងពីរល្វែងគឺនៅត្រង់វាលទំនាបមួយក្បែរជើងភ្នំ។ ទាំងនេះជាអ្នកតាដែលមានការរាប់រកពិតប្រាកដពីសំណាក់អ្នកស្រុក។
ថ្មីៗនេះ នៅក្បែរដំបូកត្រពាំងពីរល្វែង មានគេមកសង់រូបសំណាកពីរ មានតូបរៀងៗខ្លួន។ មួយគឺ «អ្នកតាដំបងដែក» (រូបលេខ៥) មួយទៀតជារូប «យាយទេព» (រូបលេខ៦)។ ទាំងពីរនេះហាក់ដូចជាការបង្កើតថ្មីដែលមិនទាក់ទងនឹងប្រពៃណីអ្នកស្រុកអ្វីប៉ុន្មានឡើយ ប៉ុន្តែដែលនិយមធ្វើតាមគ្នាឲ្យដូចគេឯងនៅទីឯទៀត ដោយសារសម័យនេះសំណង់ស៊ីម៉ង់ត៍ងាយធ្វើ ឲ្យតែមានប្រាក់។ ត្រង់នេះឯងដែលខ្ញុំហៅពីខាងលើមកថាជាចំណុចទីពីរ។
បើមើលរូបលេខ៧-៨វិញ យើងឃើញថាតូបនោះធ្វើពីស៊ីម៉ង់ត៍ថ្មីចែសមែន តែអ្នកតានោះគឺដុំថ្មដែលមានតាំងតែពីមុនមក ហើយអ្នកស្រុកពុំហ៊ានដូរផ្លាស់អ្វីទេ។ សូមជ្រាបថាកាលជំនាន់ស៊ីម៉ង់ត៍ពុំទាន់លុកលុយជនបទប៉ុន្មាននោះ អ្នកតាភាគច្រើនបំផុតសុទ្ធសឹងជាដុំថ្ម, បំណែកថ្មបុរាណអ្វីមួយ ឬជាដំបូកកណ្តៀរតែម្តង។ ពុំងាយមានរូបដូចមនុស្សមានដៃជើងឡើយ លើកលែងតែនៅទីប្រជុំជនខ្លះ ឯរោងឬខ្ទមវិញច្រើនតែជាឈើ (សូមអាន ៖ អាំង ជូលាន ២០០០)។
ឯចំណុចទីបីវិញ ទាក់ទងនឹង «យាយម៉ៅ»។ បើមិនបានពិចារណាវែងឆ្ងាយគឺហាក់ដូចជាប្លែកខ្លាំងណាស់ ដែលមានច្រៀងអន្ទងយាយម៉ៅចំៗ តែមិនដែលមានរូបសំណាកដូច្នេះ ដ្បិតនៅពេលជាមួយគ្នានេះ ទៅជាមានរូបមនុស្សសម្រាប់ចូលទៅវិញក្នុងឱកាសសូមភ្លៀងនៅវត្តពីរល្វែង (រូបលេខ៩-១០)។ ដូច្នេះអ្នកតាដំបងដែកនិងយាយទេព (រូបលេខ៥-៦) មានរូបសំណាកតែឥតរូបសំណឹង ឯយាយម៉ៅមានរូបសំណឹងតែឥតរូបសំណាក។ ការច្របូកច្របល់ក្នុងសម័យនេះ ពីមុនមកប្រហែលជាគ្មានទេ តែប្រការដែលយាយម៉ៅគ្មានទីតាំងព្រមទាំងគ្មានរូបសំណាកនោះជាការធម្មតា ។ តែយ៉ាងណាក៏នៅភ្នំវល្លិ៍នេះ គេច្រៀងអន្ទងហៅយាយម៉ៅដែរ។ ក្នុងការអន្ទង គេអាចយល់តាមកាយវិការនៃរូបអ្នករាំថាយាយម៉ៅចូលចិត្តលាបមុខលាបមាត់តែងខ្លួនណាស់ ដោយប្រើផ្កា, ទឹកអប់,ប្រេង,ម្សៅច្រើន។ បើមើលការសិក្សានៃលោកគ្រូអាំង ជូលាន (២០១៩) ឃើញថាប្រការនេះគ្មានអ្វីប្លែកឡើយ ជាពិសេសធ្វើឲ្យយើងយល់ថា នៅឆ្ងាយពីសមុទ្រដូច្នេះ កិច្ចប្រតិបត្តិតែងក្លាយខុសចាកខ្លះៗពីប្រភពជំនឿដើមពិតៗ ពោលគឺឃ្លាងឃ្លាតបន្តិចបន្តួចពីជំនឿនិងកិច្ចប្រតិបត្តិនៃអ្នករស់នៅតាមឆ្នេរនិងតាមកោះ។
ក្នុងអត្ថបទដែលនិយាយពីខាងលើ (ហ៊ួន សាវង ៖ ២០១៣) ខ្ញុំធ្លាប់បានបង្ហាញសម្លេង តែមិនបានកត់ត្រាជាអក្សរ នូវចម្រៀងមួយដែលតាហ៊ីងច្រៀង កាលពីឆ្នាំ២០១០ នៅភ្នំវល្លិ ក្នុងពេលដែលគេអន្ទងហៅយាយម៉ៅ ពេលបុណ្យសូមទឹកភ្លៀង។ ខ្ញុំសូមរំឭកថាពាក្យពេចន៍នោះចែកជា៣ផ្នែក។ នៅផ្នែកទី១ គេយាង «សម្តេចព្រះគ្រូ» ដែលជាគ្រូធំបង្អស់ឲ្យចុះពីលើភ្នំ។ ទី២ហៅថាថា «ស្តេចផ្ទំ» ដែលក្នុងនោះ ពេលចុះមកដល់ក្រោមហើយ គេយាងឲ្យផ្ទំទម្រេតសម្រាកព្រះកាយ។ នៅផ្នែកទី៣ទើបគេអន្ទងយាយម៉ៅឲ្យមកទទួលនិងថែទាំព្រះគ្រូ។
ឥឡូវនេះ ខ្ញុំស្រង់តែពាក្យពេជន៍ត្រង់និយាយពីយាយម៉ៅ (ផ្នែកទី៣) តែប៉ុណ្ណោះយកមកបង្ហាញ ៖
(...) ឱ... ម៉ៅអើយ ស្រីម៉ៅអើយ... អើយ.....! ម៉ៅអើយ... ម៉ៅអើយស្រីម៉ៅ ខ្ញុំអំពាវ... អើយស្រែកហៅ...អើយ...ម៉ៅអើយ... យើងថ្វាយខែឆ្នាំ... អើយ.....! ម៉ៅអើយយើងថ្វាយខែឆ្នាំ...។
ឱ... ម៉ៅអើយ ស្រីម៉ៅអើយ... អើយ...! ម៉ៅអើយ... ម៉ៅអើយស្រីម៉ៅ ត្រូវប្រេង... អើយម្សៅ... ជំទាវស្រីម៉ៅថ្លៃ... ល្អប្លែក អើយ.....! ម៉ៅអើយ... ម៉ៅនាងល្អប្លែកអើយ...។
ឱ... ម៉ៅអើយ...! ម៉ៅអើយ...នៅដល់កំចាយ... ម៉ៅអើយ... ថ្លៃយាងមកដល់ហើយ អើយ...! ម៉ៅអើយ... ថ្លៃយាងមកដល់ហើយ...។
ឱ... ម៉ៅអើយ ម៉ៅអ្នកធ្លាប់មានល្បីអើយ... អើយ...! ម៉ៅអើយ... ម៉ៅអ្នកធ្លាប់មានល្បី... យើងខ្ញុំទាំងប្រុសស្រី... ម៉ៅអើយ... យើងថ្វាយខែឆ្នាំ... អើយ...! ម៉ៅអើយ... យើងថ្វាយខែឆ្នាំអើយ... ។
ឱ... ម៉ៅអើយ ម៉ៅយាងមកឱ្យអាហារអើយ... អើយ.....! ម៉ៅអើយ... យាងមកឱ្យអាហារ... អ្នកនៅ... ឱ! ទីណា ម៉ៅអើយ... ម៉ៅអើយ...
ឱ... ម៉ៅអើយ ម៉ៅយើងសូមសុខសប្បាយ អើយ... អើយ.....! ម៉ៅអើយ... ម៉ៅយើងសូមសុខសប្បាយ អ្នកជិត... ឱអ្នកឆ្ងាយអើយ... ម៉ៅអើយ... ឱ្យសុខសប្បាយទាំងអស់គ្នាអើយ... ម៉ៅអើយឱ្យសុខសប្បាយទាំងអស់គ្នាអើយ (...)។
ក្នុងទំនុកនេះ យើងសង្កេតឃើញមានពាក្យថា «ម៉ៅអើយ ម៉ៅអ្នកមាននៅអាយ» និង «ម៉ៅអើយ ឲ្យអាហារគេសោយផង»។ ដោយហេតុនេះហើយបានជាក្នុងអត្ថបទដដែលនោះ ខ្ញុំបាននិយាយថា ពាក្យមួយចប់ទាំង៣ផ្នែកនោះ ហាក់ដូចជាថា «សម្តេចព្រះគ្រូ» ជាអទិទេពឥណ្ឌាណាមួយ រីឯយាយម៉ៅជាទេពនៅអាយ។ មានន័យអាចឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រខ្មែរពីដំបូងទី កាលដែលពួកអន្តោប្រវេសឥណ្ឌាដែលសុទ្ធសឹងជាមនុស្សប្រុសមកពីនាយ ហើយយកស្រីស្រុកអាយធ្វើជាគូ បង្កើតកូនចៅនិងពង្រីកអារ្យធម៌តរៀងមក។