ដោយ អាំង ជូលាន និង ភឹង តារា
ឈ្មោះនៅចំណងជើងនេះ គឺជាឈ្មោះព្រាហ្មណ៍ម្នាក់ដែលក្លាយទៅជាអ្នកចាប់ពោះ ហើយចេះដាក់ស្នេហ៍ពស់ដែលមានពិស ដោយសារបានរៀនរបៀនសូត្រ និងក្បួនថ្នាំពីសត្វគ្រុឌមួយ។ រឿងនេះមាននៅក្នុងភូរិទត្តជាតក ដែលជាជាតកមួយក្នុងចំណោមជាតក១០ចុងក្រោយ ហៅថា “ទសជាតក”។ បើនិយាយតាមការស្រាវជ្រាវក្នុងវិជ្ជាទំនើបវិញ គឺនៅក្នុងជាតកដែលមានលេខ៥៤៣។
បើនិយាយជាទូទៅ អ្នកស្រុកធម្មតាពុំដែលគិតថានេះជារឿងជាតកអ្វីឡើយ ហើយតែងប្រើពាក្យថា “អាយអម្ពាយ” ឬ “អាយលម្ពាយ” ដើម្បីសំដៅទៅលើគ្រូដែលចេះព្យាបាលអ្នកពស់ចឹកក្នុងលក្ខណៈពិសេសមួយ។ មកទល់នឹងប៉ុន្មានទសវត្សមុននេះ គ្រូអាយអម្ពាយ ហាក់ដូចជាសម្បូណ៌ជាងសព្វថ្ងៃ នៅតាមជនបទ តែក៏ពុំមានន័យថា មាននៅគ្រប់ភូមិស្រុកដែរ គឺអ្នកខ្លះអះអាងថា មាននៅភូមិខ្លួន ឯអ្នកជាច្រើនទៀតនិយាយថា មាននៅភូមិផ្សេងៗ ដែលខ្លួនធ្លាប់ដឹង ឬមួយគ្រាន់តែថា ឮតែគេនិយាយ តែមិនដឹងថាដូចម្តេចប្រាកដ។ អ្នកដែលហាក់ដូចជាដឹងច្បាស់ ហើយរស់នៅតំបន់ខុសៗគ្នា ឬក៏ឆ្ងាយពីគ្នាខ្លាំងផង តែងរៀបរាប់ពីគ្រូអាយអម្ពាយក្នុងរឿងប្រហាក់ប្រហែលគ្នា។ បើសង្ខេបមកគឺថា គ្រូអាយអម្ពាយខុសពីគ្រូមើលជម្ងឺធម្មតាត្រង់ថា មានកាន់ត្រណមពិសេស។ រស់នៅនោះក៏មិនមែនលាយឡំជាមួយអ្នកស្រុកឯទៀតណាស់ណាដែរ គឺគេគ្រាន់តែឃើញមុខម្តងម្កាលប៉ុណ្ណោះ។ មួយវិញទៀតគេនិយាយថា គ្រូអាយអម្ពាយមិនអាចរកស៊ីមានបាន ធូរធា ឬគ្រាន់តែរស់នៅសមរម្យឡើយ គឺហាក់ដូចជារងទំនាយមកថា ត្រូវតែក្រ ហើយគេឯងនឹកឃើញរកតែនៅពេលណាដែលមានគ្រោះថ្នាក់ពស់ចឹកប៉ុណ្ណោះ។
អ្នកភូមិត្រូវតែដឹងថា កាលណាមានគ្រោះថ្នាក់នឹងពស់ ហើយទៅរកគ្រូអាយអម្ពាយជួយស្ដោះ គឺមិនអាចទៅប្រើពាក្យគួរសម ឬកាន់ទៀនធូបទៅរកគ្រូឡើយ ទាល់តែនិយាយសម្លុត ប្រើពាក្យអសុរសខ្លាំងៗ ស្ទើរតែដល់ជេរបញ្ចោជាដើម ទើបគ្រូនោះសុខចិត្តមកតាមព្យាបាលអ្នកជម្ខឺ។ បើពុំដូច្នោះទេ គ្រូនោះធ្វើហី ហាក់ដូចជាមិនដឹង ហើយចូលទៅទទូរភួយដេកធ្វើព្រងើយជាដើម ដោយហេតុថានេះជា “ត្រណម”។ តាមគេនិយាយហាក់ដូចជាការព្យាបាលនោះផ្អែកទៅលើការសូត្ររបៀនអាគមខ្លាំងលើសការទំពាថ្នាំទៅស្តោះលើមុខរបួសទៅទៀត។
ឥឡូវយើងងាកទៅសម័យបុរាណបន្តិច។ យើងឃើញមានគេឆ្លាក់រូបអ្នកដែលចេះលេងនឹងពស់វែកដែរ។ ជំនាន់នោះប្រហែលជាមិនហៅថា អាលម្ពាយ ឬអាយអមយ្ពាដូច្នេះទេក៏មិនដឹង ដ្បិតប្រហែលជារឿងជាតកប្រភេទថេរវាទ មិនទាន់ជ្រួតជ្រាបដល់សង្គមខ្មែរនៅឡើយ។ រូបលេខ១ ជារូបឆ្លាក់ដាច់តែឯង ត្រង់ជើងសសរមួយនៃប្រាសាទបាយ័ន្ត ដែលយើងពុំឃើញមានអ្វីក្រៅពីមនុស្សម្នាក់កំពុងបបោសអង្អែលប្រលែងនឹងពស់វែក ដែលកំពុងងើបក្បាលចេញមកពីជាលអ្វីមួយ។ យើងពុំដឹងថា ក្នុងគំនិតអ្នកឆ្លាក់ មនុស្សនោះកំពុងសូត្ររបៀន ឬក៏ច្រៀង ឬក៏ហួចអ្វីឡើយ តែយ៉ាងណាក៏គេបង្ហាញអ្វីដែលមានពិតនៅក្នុងជីវិតរាល់ថ្ងៃដែរ។ បើនៅរូបលេខ២ ដែលថតនៅបន្ទាយឆ្មារវិញ ហើយដែលមានរូបលេខ៣ជារូបពង្រីក យើងឃើញមនុស្សនិងពស់របៀបគ្នានេះដែរ តែនៅក្នុងទីផ្សារមួយមានមនុស្សប្រសេកប្រសាច។ ការបង្ហាញរបៀបនេះអាចនាំឲ្យនឹកឃើញ ដល់អ្នកខ្លះនៅប្រទេសឥណ្ឌាដែលផ្សាំងពស់ឲ្យរាំពត់ពេនបានតាមសម្លេងខ្លុយរបស់ខ្លួន។ យើងខ្ញុំពុំហានអះអាងថា រូបនៅបន្ទាយឆ្មារបង្ហាញថា មនុស្សនោះផ្លុំខ្លុយឬអត់។ តែទោះជាយ៉ាងណា ឧទាហរណ៍នៅពីរកន្លែងនេះបង្ហាញថា ពីមុនមកមានអ្នកចេះផ្សាំង ឬក៏ធ្វើឲ្យពស់នៅក្រោមឥទ្ធិពលខ្លួនមួយរយៈពេលណា ខ្លីឬវែងដែរ។