ដោយ ព្រាប ចាន់ម៉ារ៉ា
អាវផាយ (រាជស័ព្ទហៅថា «ព្រះភូសាផាយ») ជាអាវវែងរលុងស្រុងដល់ជង្គង់ឬដល់ស្មងជើង ដៃវែង ចំហមុខ ពុំមានដាក់ឡេវទេ ច្រើនធ្វើពីសំពត់ស្បៃ មានពណ៌ផ្សេងៗ ប៉ាក់ផ្កាឬឌិន ហើយមានចំនៅជាយខាងក្រោម ខាងមុខ ចុងដៃ ព្រមទាំងប៉ាននៅលើដៃអាវដោយកំណាត់សំពត់ពណ៌និងមានរចនាជាក្បាច់លម្អផ្សេងៗ។ អាវផាយប្រើសម្រាប់ពាក់គ្របពីលើអាវធម្មតា (ពិសេសពាក់លើអាវកត្រង់) របស់មនុស្សប្រុស នៅក្នុងពិធីតាមប្រពៃណី ឬក្នុងពិធីជាផ្លូវការផ្សេងៗ។ គេធ្វើអាវនេះឲ្យមានពណ៌ មានក្បាច់រចនា និងគុណភាពកំណាត់សំពត់ទៅតាមកម្រិតបុណ្យសក្តិ ឋានៈ កិត្តិយសរបស់មនុស្សនានា។
ព្រះភូសាផាយសម្រាប់ព្រះមហាក្សត្រ សឹងតែត្បាញពីសូត្រ មានប៉ាក់ផ្កា ប៉ាក់ឌិន និងរចនាល្អពិចិត្រប្រណីតពណ៌មាសភ្លឺផ្លេក សម្រាប់ព្រះអង្គ ទ្រង់គ្រឿងក្នុងព្រះរាជពិធីរាជាភិសេកឡើងសោយរាជ្យ (រូបលេខ១៖
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ឆ្នាំ១៨៦៦, រូបលេខ២-៣៖ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ឆ្នាំ១៩៥៥)។ បើក្នុងព្រះ រាជពិធីជាមង្គលផ្សេងៗព្រះមហាក្សត្រច្រើនសម្អាងអង្គទ្រង់ព្រះភូសា ផាយពណ៌លឿង និងមានប៉ាក់ដិន ឬបន្តក់ផ្កាពណ៌មាស (រូបលេខ៤៖ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងពិធីបុណ្យទទួលព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធពីប្រទេសស្រីលង្កា ឆ្នាំ១៩៥៧, រូបលេខ៥៖ គំនូរចាស់ក្នុងព្រះវិហារវត្តខ្លះ គូរអំពីការចែកព្រះសារីរិកធាតុក្រោយពីធ្វើពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពព្រះពុទ្ធអង្គបន្ទាប់ពីចូលព្រះបរិនិព្វានទៅ ហើយក្នុងនោះគេគូរអំពីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងពិធីបុណ្យទទួលព្រះសារីរិកធាតុឆ្នាំ១៩៥៧ ហាក់ ដូចជាបានយាងទៅទទួលព្រះសារីរិកធាតុផ្ទាល់នៅក្នុងពិធីបុណ្យថ្វាយព្រះភ្លើងកាលពីគ្រាព្រះពុទ្ធអង្គទើបនឹងចូលព្រះបរិនិព្វានដូច្នោះដែរ, រូបលេខ៦៖ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ធ្វើជាស្តេច មាឃក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទសវត្ស១៩៦០)។ ក្នុងពិធីបុណ្យធំៗដូច្នេះ សម័យក្រោយៗមកនេះព្រះករុណាច្រើនទ្រង់ព្រះភូសាផាយពណ៌លឿង តែបើតាមទំនៀមរវាងដើមស.វ.ទី១៧មានរៀបរាប់ ថា ឲ្យប្រើពណ៌តាមថ្ងៃ។ ចំពោះពិធីផ្លូវការ មានបុណ្យជាតិឬទទួលភ្ញៀវប្រមុខរដ្ឋជាដើម ព្រះអង្គទ្រង់ព្រះភូសាផាយពណ៌លឿងឬក្រហម មាន ផ្កាបន្តក់ៗពណ៌មាស មានរចនាចំជាយ ចំចុងដៃ និងប៉ានដើមដៃយ៉ាងល្អឯក (រូបលេខ៧៖ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស, រូបលេខ៨-៩៖ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្ត សីហនុ ប្រហែលឆ្នាំ១៩៤៦, រូបលេខ១០៖ គំនូរចាស់ក្នុងព្រះវិហារវត្តទួលព្រះពន្លា នៅ ស្រុកពញាក្រែក ខេត្តកពង់ចាម ឆ្នាំ១៩៥៨)។ តែបើក្នុងព្រះរាជពិធី បុណ្យថ្វាយព្រះភ្លើងព្រះរបមសពនៃព្រះមហាក្សត្រ ឬសម្តេចព្រះសង្ឃរាជ ឬមួយព្រះរាជវង្សធំៗវិញ គឺព្រះភូសានោះពណ៌ស មានប៉ាក់រចនាបន្តក់និងចំជាយពណ៌មាស (រូបលេ១១៖ ព្រះករុណាព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ មុនីវង្ស ឆ្នាំ១៩២៨)។ រីឯសេនាបតី នាម៉ឺន សព្វមុខមន្ត្រីនានាដែលប្រើអាវផាយក្នុងព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពក៏សុទ្ធសឹងតែពណ៌សដូច្នោះដែរ (រូបលេខ១២-១៤)។ ចំពោះព្រះរាជពិធី ខ្លះដែលមានអ្នកជាព្រះរាជតំណាង ដូចយ៉ាងបុណ្យច្រត់ព្រះនង្គ័លជាដើម គឺតែងមានស្តេចមាឃទ្រង់ព្រះភូសាផាយពណ៌លឿង ឬមួយពណ៌ស មានប៉ាក់ផ្កាលើផ្ទៃ ចំជាយនិងចំចុងដៃអាវ ព្រមទាំងប៉ានដៃ អាវពណ៌មាសជាដើម (រូបលេខ១៥-១៦)។
អាវផាយសម្រាប់ព្រាហ្មណ៍បារគូ ដែលជាអ្នកធ្វើកិច្ចពិធីផ្សេងៗក្នុងព្រះបរមរាជវាំង តែងតែមានពណ៌ សជានិច្ច និងមានចំនៅតាមជាយនិងដៃអាវជាពណ៌មាស ប្រើនៅគ្រប់ព្រះរាជពិធីទាំងអស់ (រូបលេខ ១៧៖ បារគូថ្វាយទឹកស័ង្ខព្រះកុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រិយានី ឆ្នាំ១៩៥៥, រូបលេខ១៨-១៩៖ បារគូសម័យបច្ចុប្បន្ន)។ រីឯព្រះរាជវង្សានុវង្សដែលមានមុខនាទី និងសេនាបតី នាម៉ឺន មន្ត្រីធំៗតែងមានអាវផាយពណ៌ ចំក្បាច់រចនានៅជាយនិងប៉ានដៃអាវទៅតាមបណ្តាសក្តិសម្រាប់ប្រើក្នុងព្រះរាជពិធីផ្សេងៗ ឬក្នុងពិធីមុខការធំៗ ពិសេសក្នុងព្រះបរមរាជវាំង (រូបលេខ២០៖ ឧកញ៉ាវាំង ឬចៅហ្វាវាំង ឆ្នាំ១៩២៨, រូបលេខ២១៖ ព្រះរាជវង្សានុវង្សនិងនាម៉ឺនធំៗ ក្នុងព្រះរាជវាំងឆ្នាំ១៩៥៦, រូបលេខ២២៖ ចៅហ្វាវាំង ពាក់អាវផាយក្នុងក្បួនហែព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ឆ្នាំ២០០៤)។ ចំពោះអាវផាយសម្រាប់លោកអាចារ្យក្នុងពិធីធំដុំ គេច្រើនប្រើ ពណ៌ក្រហម (រូបលេខ២៣-២៤)។ នៅក្នុងពិធីមង្គលការក៏តែងឃើញមានលោកអាចារ្យពាក់អាវផាយក្នុងការធ្វើកិច្ចផ្សេងៗ ហើយកូនកម្លោះគេតែងឲ្យពាក់អាវផាយនៅពេលធ្វើកិច្ចសំពះផ្តឹម (រូបលេខ២៥ -២៦) និងតោងស្បៃកូនក្រមុំចូលក្នុង (រូបលេខ២៧)។
នៅក្នុងឱកាសខ្លះគេតែងតម្រូវឲ្យមានប្រើឯកសណ្ឋានបញ្ជាក់ពីឋានៈ ពីមុខនាទី ឬជាកិត្តិយសជាដើម។ នៅសម័យមុនៗអ្នកមានភារកិច្ចខាងតុលាការ តែងមានឯកសណ្ឋានប្រើអាវផាយពណ៌ផ្សេងៗគ្របពីលើអាវធម្មតា និងពាក់មួកប្រពាតទៅតាមមុខងារនិងឋានៈរបស់ខ្លួន នៅពេលមានការជំនុំក្តីជាដើម (រូបលេខ២៨)។ ក្នុងពិធីទទួលសញ្ញាបត្រឬគ្រឿងឥស្សរិយយសផ្សេងៗដែលគេចាត់ទុកថាជាឱកាសធំដុំ សំខាន់ មានកិត្តិយស។ល។ គឺតែងមានអាវផាយពណ៌នានា មានចំជាយ និងប៉ានដៃទៅតាមការកំណត់និងកម្រិតថ្នាក់ផ្សេងៗគ្នាច្រើនយ៉ាង (រូបលេខ២៩)។
នៅស្រុកខ្មែរមានប្រើអាវផាយរបៀបនេះយូរយារតាំងពីរាប់សតវត្សមុនមកម្ល៉េះ ហើយនៅទីនេះខ្ញុំសូមបង្ហាញភស្តុតាងជាឧទាហរណ៍ខ្លះៗ។ បើមើលទៅចម្លាក់នៅតាមប្រាសាទបុរាណមួយចំនួន យើងនឹងឃើញមានរូបមនុស្សពាក់អាវវែងបែបនេះជាច្រើន ដូចយ៉ាងចម្លាក់នៅប្រាសាទបាយ័ន្ត ស.វ.ទី១២ជា ដើម៖ នៅរូបលេខ៣០ យើងឃើញមានមនុស្សប្រុសម្នាក់អង្គុយក្នុងរយាងលើខ្នងដំរី មានពាក់អាវផាយវែង តែដៃអាវនោះខ្លី។ នៅរូបលេខ៣១ មានមនុស្សប្រុសជាច្រើនបែបជាទាហានពាក់អាវវែងស្រុងដល់ជង្គង់ និងរូបលេខ៣២ ជាចម្លាក់បង្ហាញពីក្បួនហែវត្ថុជាទីសក្ការៈ (ប្រហែលជាព្រះភ្លើង) ហើយមានមនុស្សប្រុសខ្លះពាក់អាវផាយវែងៗនេះដែរ។ ក្បួនហែដែលមានបុរសពាក់អាវផាយរបៀបនេះក៏នៅតែមានជាធម្មតាក្នុងព្រះរាជពិធីផ្សេងៗតាមទំនៀមព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន (រូបលេខ៣៣)។ បើយើងពិនិត្យមើលមកសម័យក្រោយៗពីនោះទៀត ពោលគឺក្នុងសម័យកណ្តាលក៏ឃើញថាគេប្រើអាវផាយក្នុងពិធីធំៗជាធម្មតាដែរ។ ក្នុងក្បួនប្រាប្ដាភិសេក ឆ្នាំ១៦១៣ មាននិយាយច្រើនដងពីព្រះរាជាត្រូវទ្រង់ព្រះភូសាផាយ និងព្រាហ្មណ៍បុរោហិត ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីនានា ពាក់អាវផាយជាពណ៌ផ្សេងៗទៅតាមកិច្ចពិធី និងតាមបណ្តាសក្ដិរៀងៗខ្លួន (រូបលេខ៣៤) ហើយជួនកាលមានប្រើអាវផាយពណ៌ទៅតាមថ្ងៃនីមួយៗផង (រូបលេខ៣៥៖ ក្បួនសុខាភិសេក ឆ្នាំ១៦២៩)។ រីឯសម័យសព្វថ្ងៃនេះក៏យើងនៅតែឃើញមានប្រើអាវផាយដដែលទៅតាមកិច្ចពិធីជាប្រពៃណីខ្លះ ទាំងក្នុងព្រះបរមរាជវាំង ទាំងនៅតាមបណ្តាស្រុកភូមិនានា។
រូបលេខ៣៥
សរុបសេចក្តីទៅ អាវផាយមានប្រើតាំងតែពីសម័យបុរាណព្រេងនាយរហូតមកដល់បច្ចុប្បន្ន។ អាវនេះមានពណ៌និងការតុបតែងរចនាទៅតាមឋានៈ បុណ្យសក្ដិ កិត្តិយស និងតាមប្រភេទកិច្ចពិធីតូចធំនានាច្រើនយ៉ាង។ អាវផាយជារបស់ក្នុងទំនៀមខ្មែរប្រើក្នុងឱកាសដែលមានភាពជាឱឡារិកទៀតផង។