ដោយ សោម ប្រពៃ
តាមធម្មតា “បាយអេក” ជាបាយដែលគេដាំឱ្យជ្រាយ ទន់ៗសម្រាប់អ្នកជំងឺ ឬអ្នកមានធ្មេញពុំសូវល្អបរិភោគ។ តែនៅទីនេះខ្ញុំចង់បង្ហាញពីពិធីដាំ “បាយអេក” របស់ជនជាតិព័រ (ជួនកាលហៅច្រឡំថា “សួយ”) ដែលមានភាសានៅក្នុងអម្បូរមន-ខ្មែរ រស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បាយអេកជាបាយសម្រាប់ធ្វើស្រាអេក ដែលជនជាតិព័រប្រើនៅក្នុងពិធី។ ពិធីដែលទាក់ទងនឹងការធ្វើស្រាអេកនោះមានច្រើនដំណាក់កាល ប៉ុន្តែក្នុងទីនេះ ខ្ញុំសូមរៀបរាប់តែពិធីដាំបាយអេកប៉ុណ្ណោះ។
គេត្រូវធ្វើពិធីដាំបាយអេកម្តងក្នុងមួយឆ្នាំ។ ពិធីនោះធ្វើនៅក្នុងខែចេត្រ ដោយជ្រើសរើសយកថ្ងៃណាមួយតាមការស្រុះស្រួលគ្នាពីចាស់ទុំក្នុងភូមិ។ មុនដល់វេលាកំណត់ពិធីដាំបាយអេក គេត្រូវធ្វើពិធី “រកក្របី” (គឺរកឪទិនសម្រាប់ដាក់បាយអេក)ទុកជាមុន។ លុះដល់ពេលត្រូវធ្វើពិធីដាំបាយអេកហើយ គេនាំគ្នាទៅជួបជុំនៅក្នុងរោងសំណំ (រោងសម្រាប់ធ្វើពិធីផ្សេងៗនៅក្នុងភូមិ) ដោយនាំយកអង្ករសម្រូប ដំបែ និងស្រារៀងៗខ្លួន មកផង។ ដំបូងឡើងគេនាំគ្នាសែនព្រេននៅជុំវិញសសរខ្លីមួយដែលនៅចំកណ្តាលរោងសំណំ (រូបលេខ១)។ បន្ទាប់មកគេចាត់ឱ្យស្រីៗចែកគ្នាជាក្រុមៗ យកអង្ករសម្រូបដែលដាក់រួមគ្នានោះទៅដាំបាយតាមក្រុមនីមួយៗនៅក្រៅរោង។ បាយអេកគេមិនដាំក្នុងឆ្នាំងដូចបាយសម្រាប់បរិភោគធម្មតាទេ គឺគេដាំនៅក្នុងក្អម (រូបលេខ២)។ ដំបូងគេដាំទឹកឱ្យពុះ ទើបចាក់អង្ករចូលទៅក្នុងក្អម រួចទុករហូតដល់ពុះម្តងទៀត គេក៏លើកក្អមនោះយកទៅផ្កាប់នៅលើស្លឹកខ្លុងដែលក្រាលនៅលើដី (រូបលេខ៣)។ ពេលផ្កាប់ក្អម គេនាំគ្នាបន់ស្រន់ឱ្យមានទឹកភ្លៀងគ្រប់គ្រាន់និងទទួលបានភោគផលផ្សេងៗក្នុងឆ្នាំខាងមុខ។ ទឹកបាយដែលហៀរចេញមក គេចាត់ទុកថាជាប្រផ្នូលឱ្យដឹងមុន ដូច្នេះគេតែងតែពិនិត្យមើលទឹកបាយនោះ ថាតើឆ្នាំក្រោយមានភ្លៀងតិចឬច្រើន។
លុះជាត់ទឹកចេញអស់ហើយ គេយករងើកភ្លើងខ្លះទៅដាក់ពីលើគូទក្អមដើម្បីផ្ងំមួយស្របក់។ លុះឃើញថាបាយនោះឆ្អិនហើយ គេក៏លើកយកទៅក្នុងរោងវិញ និងបន់ស្រន់ម្តងទៀត ទើបឱ្យស្រីៗជាអ្នករលាក់បាយដាក់ជុំគ្នានៅលើកន្ទេលទុកឱ្យត្រជាក់ (រូបលេខ៤)។ គេយកដំបែមកបុកឱ្យម៉ដ្ឋ រោយច្របល់លាយនឹងបាយឱ្យសព្វ ហើយដួសដាក់ចូលទៅក្នុងឪទិន និងបុកដីដំបូកឱ្យម៉ដ្ឋលាយជាមួយទឹក យកមកបិទមាត់ឪទិននោះឱ្យជិត (រូបលេខ៥-៦)។ បន្ទាប់មកទៀត គេធ្វើពិធីបន់ស្រន់នៅជុំវិញឪទិននោះ (រូបលេខ៧) រួចនាំគ្នាហែទៅរក្សាទុកនៅផ្ទះនរណាម្នាក់ដែលគេដឹងថាបានទទួលផលស្រូវអង្ករច្រើនជាងគេនាឆ្នាំកន្លងមក (រូបលេខ៨)។ បាយអេកនោះនឹងក្លាយទៅជាស្រាអេកក្រោយពីទុកយូរថ្ងៃ ហើយសម្រាប់ធ្វើពិធីនៅថ្ងៃខាងមុខទៀត។