ដោយ ព្រាប ចាន់ម៉ារ៉ា
ជនជាតិកួយនៅតំបន់វាលវែងក្នុងខេត្តកំពង់ធំ ជាសហគមន៍មួយធំគ្រាន់បើដែរ។ បើសង្កេតមើលទៅ កួយនៅទីនេះ ហាក់ដូចជាមានរបៀបរបបរស់នៅដូចខ្មែរច្រើន ពិសេសក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា។ គេមានពិធីមួយចំនួនធ្វើតាមបែបខ្មែរ ដូចជារៀបការ, បុណ្យចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌ៘ ប៉ុន្តែគួរឱ្យកត់សម្គាល់ថា សហគមន៍កួយមួយនេះ ទោះបីជាកាត់តាមខ្មែរច្រើនក៏ដោយ ក៏គេនៅមានទំនៀមដើមខ្លះៗ តួយ៉ាងភាសានិងពិធីសំខាន់ៗ ប្រចាំស្រុករបស់គេ។
បើយកតែពិធីបុណ្យ “សយវេរ” (ប្រែជាខ្មែរថា “កន្ទុយវេរ” មានន័យថា ចុងបញ្ចប់នៃការដាក់វេនគ្នាក្នុងការ ប្រមូលផលស្រូវ) មកពិនិត្យ ឃើញថាជាពិធីបុណ្យធំតាមប្រពៃណីកួយ។ ពិធីនេះគេធ្វើឡើងដើម្បីសុំខមាទានទោសដល់ “នាងប្រពៃ” (ស្រូវ) នូវអ្វីដែលគេធ្វើខុសកន្លងមក ហើយត្រេកអរចំពោះភោគផលដែលបានមកនាពេលនេះ និងសូម ថ្វាយចំពោះអ្នកតា ម្ចាស់ទឹកម្ចាស់ដីសូមឱ្យភោគផលទាំងឡាយកាន់តែប្រសើរឡើងនៅឆ្នាំក្រោយទៀត។ បុណ្យនេះមាន កិច្ចពិធីច្រើនបែប ច្រើនយ៉ាងតាមរបៀបខ្មែរខ្លះ តាមទំនៀមកួយខ្លះ។
នៅទីនេះខ្ញុំមិនរៀបរាប់ពីពិធីនោះទាំងមូលទេ គឺខ្ញុំគ្រាន់តែលើកយកល្បែង “ប្រវាយកួយ” ដែលជាចំណែក មួយនៃពិធីបុណ្យមកបង្ហាញត្រួសៗប៉ុណ្ណោះ។
ដើម្បីលេងប្រវាយកួយត្រូវមានខែល២ រាងទ្រវែងសម្រាប់ពាក់ស្រោបការពារក្បាលនិងខ្លួន។ ខែលនេះធ្វើពីវល្លិ ម៉្យាងដែលអ្នកស្រុកនៅទីនោះហៅថា “ឆ្នួ” (ស្រដៀងនឹងរពាក់ដែរ) យកមកត្បាញឱ្យមានរាងស្រដៀងទៅនឹងជុចដាក់ ជ្រូក ហើយមានប្រឡោះនៅផ្នែកម្ខាងសម្រាប់ដាក់ដៃចេញមកក្រៅ (រូបលេខ១)។ ជាមួយគ្នានោះគេត្រូវមានរំពាត់ធ្វើពី ដើមឆ្នួចំនួន៣កំណាត់ប្រវែងប្រហែល១ម. ដែលគេចងភ្ជាប់គ្នាជាបាច់។ មានស្គរ២ប្រវែងប្រហែល៧តឹក ពាសដោយ ស្បែកគោនៅលើមុខទាំងពីរខាង។ ស្គរនេះគេវាយដោយអន្លូងនៅមុខម្ខាង និងមុខម្ខាងទៀតគេទះដោយដៃ (រូបលេខ២)។ នៅពេលលេងល្បែងនេះ មានមនុស្សប្រុសរាងចំណាស់២នាក់វាយស្គរទាំង២បញ្ចើចជាចង្វាក់ ធ្វើឱ្យអ្នក ដែលត្រូវលេង (ប្រុស២នាក់) ចាប់ខែលនិងរំពាត់ដើរចូលទៅកណ្តាលចំណោមមនុស្ស នៅមុខរោងពិធីបុណ្យ ហើយធ្វើកាយវិការទំនងជារាំបន្តិច ចេញក្បាច់គុនបន្តិច (រូបលេខ៣)។
បន្ទាប់មកគេពាក់ខែលពីលើក្បាលស្រោប មកដល់ក្រោមចង្កេះបន្តិច ហើយស៊កដៃស្តាំចេញមកក្រៅតាមប្រឡោះ និងកាន់រំពាត់ចូលទៅប្រយុទ្ធគ្នាជាមួយនឹងដៃគូ (រូបលេខ៤)។ នៅពេល ប្រវាយគ្នានោះ ម្នាក់ៗសុទ្ធតែចេញក្បាច់ទៅតាមទេពកោសល្យរៀងៗខ្លួន ព្រមទាំងរកល្បិច វាយនិងគេចកុំឱ្យរំពាត់ត្រូវចំខ្លួន ដោយបង្វែយ៉ាងណាឱ្យរំពាត់នោះត្រូវប៉ះតែលើខែលប៉ុណ្ណោះ (រូបលេខ៥-៦)។ អ្នកខ្លះចេះហក់លោតទៅត្រង់នេះបន្តិច ត្រង់នោះបន្តិច ធ្វើឱ្យដៃគូរបស់ខ្លួនភាន់ភាំងរកស្មានមិនត្រូវ។
ចំពោះអ្នកភ្លេងវិញ បើកាលណាគូប្រយុទ្ធស្វិតស្វិញខ្លាំង គេក៏ខំប្រឹងវាយស្គរឱ្យកាន់តែរន្ថើនដែរ (រូបលេខ៧)។ ក្នុងពេលលេងនោះ ជួនកាលមានអ្នកឈរមើលខ្លះចូលទៅឡកចាក់ក្បាច់ គេចចុះគេចឡើងពីរំពាត់ដែលគេវាយគ្នានោះ (រូបលេខ៨)។ រីឯអ្នកឯទៀត បើកាលណាឃើញគេលេងដូច្នោះ ក៏នាំគ្នាហ៊ោរកញ្ច្រៀវទះដៃធ្វើឱ្យពិធីនោះកាន់តែសកម្មឡើងថែមទៀត។