ដោយ អាំង ជូលាន
ពាក្យដែលដាក់ជាចំណងជើងខាងលើនេះមានន័យវែងឆ្ងាយណាស់ គ្រាន់តែពោលភ្លាមទៅយើងអាចនឹកទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលធ្លាប់ប្រោសសត្វ រាប់តាំងពីព្រះពុទ្ធមាតាឡើងទៅ ហើយដែលនៅពេលអនាគតនឹងមានយាងចុះមកប្រោសសត្វទៀត ក្រោមរូបភាពជាព្រះស្រីអារ្យមេត្រីយ៍។ ទីនេះខ្ញុំនឹងពោលតែការដែលមនុស្សប្រោសសត្វតិរច្ឆាន ហើយជាពិសេសទៅទៀត ការដែលមនុស្សប្រោសមនុស្សគ្នាឯង នាសម័យកណ្តាល។
ក្នុងចំណោមអ្នកប្រតិបត្តិសីលសព្វថ្ងៃ មានអ្នកខ្លះឧស្សាហ៍លែងសត្វស្លាបដែលនៅក្នុងទ្រុងឱ្យរួច មានសេរីភាពហើរទៅទីផ្សេងៗតាមចិត្តចង់ (ឧទាហរណ៍ជាក់ស្តែង គឺយើងធ្លាប់ដឹងថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ តែងធ្វើរបៀបនេះនៅថ្ងៃសីល)។ ឱកាសសម្រាប់លែងសត្វមានច្រើនដែរ តែគេនិយមធ្វើច្រើនជាងគេពេលបុណ្យចម្រើនអាយុ ជាពិសេសបុណ្យហៅថា ច័ន្ទសុក្រគិរីសូត្រ។ ដើម្បីឱ្យកុសលផលបុណ្យបានមកដល់សាមីពិធីនោះ គេនិយមលែងសត្វជើងពីរនិងជើងបួនឱ្យរួចខ្លួនចូលព្រៃផុតពីការយារយីរបស់មនុស្ស។ ជួនកាលការប្រោសលែងនោះ ធ្វើឡើងដោយពិតប្រាកដ ពោលគឺទិញសត្វស្លាបទាំងទ្រុងយកមកប្រោសឱ្យហើរទៅទីឆ្ងាយមែន (រូបលេខ១)។ តែជាញឹកញយការប្រោសនេះគ្រាន់តែជាឧបកិច្ចប៉ុណ្ណោះ ត្បិតសត្វខ្លះជាសត្វចិញ្ចឹមតាមផ្ទះ ដូចជាកូនមាន់ជាដើម (រូបលេខ២) ពុំអាចគិតថាកូនមាន់នោះទៅរស់នៅក្នុងព្រៃបានឡើយ។ ម៉្យាងទៀត សត្វខ្លះគឺមនុស្សទៅចាប់ក្នុងពេលដែលវាកំពុងមានសេរីភាពស្រាប់ យកមកធ្វើពិធី ហើយធ្វើជាប្រោសលែងទៅវិញ ជាពិសេសសត្វជើងបួន។ រូបលេខ៣ គឺកង្កែប ឯរូបលេខ៤ គឺបង្កួយ ដែលសន្មតថាជាចតុបាទហាក់ដូចជាសត្វធំៗ មានគោ ក្របី ដំរីជាដើម។ កង្កែបនិងបង្កួយនេះ គឺគេចាប់យកពីព្រៃនៅជិតផ្ទះទេ។
ពោលមកដល់ត្រឹមនេះ គឺសុទ្ធតែជាការប្រោសសត្វលោកដែលត្រឹមតែជាតិរច្ឆាន។ គប្បីជ្រាបថាពីមុនមកគេមានប្រោសសត្វលោកដែលជាមនុស្សទៅទៀត។ នៅសម័យកណ្តាល មនុស្សឬគ្រួសារដែលមាន ខ្ញុំបម្រើ គឺជាការធម្មតា មានពាសពេញនៅប្រទេសកម្ពុជា សូម្បីតែនៅដើមសម័យថ្មីក៏ទាសភាពប្រភេទនេះមានជាទូទៅដែរ។ ដែលហៅថា “ខ្ញុំ” គឺអ្នកដែលនៅបម្រើគេគ្មានកម្រៃអ្វីទាំងអស់ ដោយខ្លួនឬឪពុកម្តាយខ្លួនបានបុលប្រាក់គេ ហើយពុំទាន់មានមធ្យោបយមកលោះ។ ដរាបណាពុំបានលោះ អ្នកនោះនៅជាខ្ញុំគេរហូត ពុំតែប៉ុណ្ណោះ កូនចៅខ្លួនដែលកើតតៗមកនឹងទៅជាខ្ញុំគេនោះដដែល។ ប្រសិនបើម្ចាស់ចិត្តពុំសូវសណ្តោស ឬរហូតដល់វាយដំច្រំធាក់ពុំឈប់ឈរផង ខ្ញុំនោះអាចនឹងទៅនិយាយនឹងនរណាផ្សេងឱ្យយកប្រាក់មកលោះខ្លួនតាមបំណុល ហើយខ្លួនក៏ក្លាយទៅជាខ្ញុំអ្នកថ្មីនោះ ក្នុងក្តីសង្ឃឹមថា គេចិត្តបានជាងអ្នកមុន។
នៅសម័យកណ្តាល ការប្រោសខ្ញុំឱ្យរួចជាអ្នកជា ក៏ជាអំពើកុសលមួយដែលគេនិយមប្រព្រឹត្តដែរ។ យើងមានតឹកតាងតាមសិលាចារឹកជាច្រើន។ ទីនេះខ្ញុំសូមដកស្រង់ផ្នែកមួយនៃសិលារឹក ដែលចុះលេខ IMA 17 នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ អ្នកគ្រូ ពៅ សាវរស បានសិក្សាល្អិតល្អន់រួចមកហើយ (Bulletin de l’Ecole Française d’Extréme Orient, tome LV) ជាការធ្វើឱ្យខ្ញុំងាយស្រួលអាន និងយល់។ ខ្ញុំសូមជូនរូបសិលាចារឹកដើម (រូបលេខ៥) និងចម្លង ជាតួអក្សរថ្មីស្រណុកផ្ទៀងផ្ទាត់នៅទីនេះ ៖
... លុះ នា ១៥៥៤ សក្គ វោក អ្នកខ្សត្រ អាសាទ្ធ បុណ្ណមី ព្រះហស្សមតិ ព៌ារ សាន៌ា ជុំនុំ សឃ័ អ្នក ព្រះ រាជសិលាចារ មហាសឃ័រាជ បុពិត្រ អ្នកសំម្តេច ព្រះ ម្ហាមង្គល បូពិត្រ អ្នកមហា សុមុះ អ្នក សំម្តេច ប្រញានន អ្នក សំម្តេច ព្រះ មោគ្គលាន អ្នក សំម្តេច សូមេត អ្នក សំម្តេច ព្រះ បវរមណិ អ្នក ម្ហាថេរ ឱទ្យៃបញា ជុំនុំ ឯ គ្រហាស សោត មាន ចោវ សគន្ធរាជ ចោវ បញា ទេព្វរាជ អ្នក ធម្ម អ្នក ចោ ភិក្ខ ឥន្ទ្រ អ្នក ចោ ភិក្ខ សមន ចោវ យោស ចោវ សមន នាង សូស រិ ញាត ទាង អម្បាល នេះ ជូយ អនុមោទនា ន្ងិ ចោវ ជេត នូ នាង សូស មាន ចិត្ត្រ សាទ៌្ធា ឱ្យ អា សូស នេះ រ្វច ជា ព្រៃ ស្រលះ ឥត កំតីង លេយ ចោវ ជេត ន្ងា សូស មាន ចិត្ត្រ សាទ៌្ធា នាំ អា សូស នេះ មោក នា ព្រះ ពិស្នុលោក ត ជា ស្ឋាន ជុំនុំ នៃ ទេព្វតា ម្ហាខ្សត្រ ម្ហាព្រំហ្មរសីហ សក្កតិ នូ ទេព្វរាគ បិតរគន្ធ ផោង ស្យិង មោក ជុំនុំ សមុគ្គតា គាប្បិ យេង ខ្ញុំម បំបូស អ្នក សូស នេះ វ្វច ជា ពានាស្រំ សូរេច ថ្វាយ ជា កុលបុត្ត ព្រះ សិសាក្យមុណិ ព្រះ ស្រិរត្នត្រៃ បរំម្ម បូពិត្រ ...
តទៅនេះ ខ្ញុំយកសម្រង់ដដែល ឥតមានកែពាក្យពេចន៍អ្វីទាំងអស់ ប៉ុន្តែសរសេរតាមអក្ខរាវិរុទ្ធបច្ចុប្បន្ន ដើម្បីសម្រួលការអាន ៖
... លុះ នា ១៥៥៤ សក វក នក្សត្រ អាសាធ បូណ៌មី ព្រហស្បតិ៍ពារសារណា ជំនុំសង្ឃ អ្នកព្រះរាជសីលាចារ្យ មហាសង្ឃរាជបពិត្រ អ្នកសម្តេចព្រះមហាមង្គលបពិត្រ អ្នកមហាសមុហ៍ អ្នកសម្តេចពញានន្ទ អ្នកសម្តេចព្រះមោគ្គលាន អ្នកសម្តេចសុមេធ អ្នកសម្តេចព្រះបវរមណី អ្នកមហាថេរឧទ័យបញ្ញា ជំនុំឯគ្រហស្ថសោត មានចៅសុគន្ធរាជ ចៅបញ្ញាទេពរាជ អ្នកធម្ម អ្នកចៅភិក្ខុឥន្ទ្រ អ្នកចៅភិក្ខុសមណ ចៅយស ចៅសមណ នាងសួស្តិ៍ រីញាតិទាំងអម្បាលនេះ ជួយអនុមោទនា នឹងចៅជេដ្ឋ នាងសួស្តិ៍ មានចិត្តសាទ្ធា ឱ្យអាសួស្តិ៍នេះ រួចជាព្រៃស្រឡះ ឥតកំដឹងឡើយ ចៅជេដ្ឋ នាងសួស្តិ៍ មានចិត្តសាទ្ធា នាំអាសួស្តិ៍នេះ មកនាព្រះពិស្ណុលោក ជាស្ថានជំនុំ នៃទេព្តា មហាក្សេត្រ មហាព្រហ្មរ្សិសក្តិ នូវទេពារក្ស បិតរគណផង សឹងមកជំនុំសមុក្តា គប្បីយើងខ្ញុំបំបួសអ្នកសួស្តិ៍នេះ ឱ្យរួចជាពណ៌ាស្រម សូរេច ថ្វាយជាកុលបុត្រ ព្រះស្រីសក្យមុនី ព្រះស្រីរត្នត្រៃ បរមបពិត្រ ...
សង្ខេបមក គឺនៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌ ខែអាសាធ ឆ្នាំវក មហាសករាជ្យ១៥៥៤ (គ.ស.១៦៣២) ចៅជេដ្ឋ និងនាងសួស្តិ៍ យកខ្ញុំរបស់ខ្លួនដែលមានឈ្មោះថា សួស្តិ៍ ដូចគ្នាដែរ មកប្រោសនៅប្រាសាទអង្គរវត្តដែលកាលនោះគេហៅថា ព្រះពិស្ណុលោក។ ការប្រោសឱ្យរួចជា “ព្រៃ” (អ្នកជា) ឥតមានជំពាក់ជំពិន (“កំដឹង”) អ្វីទៀតនោះ គឺធ្វើឡើងក្នុងពិធីជាឱឡារិក ដោយមានព្រះសង្ឃធំៗ ព្រមទាំងឧបសកផងជាសាក្សីដឹងឮ។ មិនត្រឹមតែប្រោសឱ្យផុតបំណុលប៉ុណ្ណោះទេ គឺថែមទាំងបំបួសចៅសួស្តិ៍នៅអង្គរវត្តនោះទៀត (សូមសង្កេតថា កាលមិនទាន់ប្រោស គេហៅអ្នកនោះថា “អាសួស្តិ៍” លុះប្រោសជាអ្នកជាហើយ ចាប់ផ្តើមហៅថា “អ្នកសួស្តិ៍”)។