ចាប់ជាតិ

ដោយ ភឹង តារា និង ឯម គឹមស្រៀង

ក្នុងចំណោមពិធីឆ្លងវ័យទាំងអម្បាលម៉ាន ពិធីដែលទាក់ទងនឹងសពវែងឆ្ងាយជាងគេ ហើយអាចខុសគ្នាខ្លាំងពី តំបន់មួយទៅតំបន់មួយក្នុងប្រទេសកម្ពុជា ពុំថាតែរវាងខ្មែរនិងសាសន៍ដទៃឡើយ សូម្បីតែរវាងខ្មែរនិងខ្មែរក៏អាចខុសគ្នាច្រើន។ ជាទូទៅគេយល់ថា សពត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗមុននឹងបានស្ងប់ហើយទៅចាប់ជាតិថ្មីបាន។ ខ្ញុំពុំរ៉ាយរ៉ាប់របៀបផ្សេងៗគ្នាទាំងនោះទេ គឺសូមយកតែទំនៀមដែលមានជាទូទៅនៅជនបទតំបន់អង្គរ។ បើយកការវិភាគពិចារណាមកសារុបឲ្យខ្លី គឺថាទីមួយ កិច្ចទាំងអម្បាលម៉ាន ទាក់ទងនឹងស្រទាប់ជំនឿទាំងបីធំៗរបស់ខ្មែរដែលរាយមកគឺជំនឿជីវចល,ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា រីឯទីពីរគឺថាកិច្ចទាំងនោះធ្វើឡើងក្នុងពីរដំណាក់កាលធំៗ។ នៅដំណាក់កាលទីមួយ គេយកសពដែលទើបនឹងស្លាប់នោះទៅកប់សិនក្នុងរយៈពេលយ៉ាងហោចណាស់ក៏មួយឆ្នាំដែរដើម្បីឲ្យ “ព្រះធរណីឱប”។ រយៈពេលនេះគ្រប់គ្រាន់នឹងឲ្យសាច់រលាយចេញអស់ពីខ្លួន ហើយទើបគេ “លើកសព” ពោលគឺគាស់យកឆ្អឹងមកបូជា ដែលជាដំណាក់កាលធំទីពីរ។

ដំណាក់កាលចុងក្រោយនេះតែងតែធំធេង ហើយក្នុងនោះគេឃើញទំនៀមដែលជាមរតកព្រហ្មញ្ញសាសនានៅអង្គរច្រើនណាស់។ គោលបំណងនៃការបូជាសពគឺធ្វើយ៉ាងណាឲ្យអ្នកដែលស្លាប់បានទៅចាប់ជាតិនៅស្ថានដ៏គប្បីឬដ៏ប្រសើរ។ ហេតុនេះហើយបានជាមុមឦសានឬក៏លំហប៉ែកឦសាននែរាជវតិតែងតែមានរានយមរាជ, ភ្នំខ្សាច់ដែលគេពូនផ្ចិតផ្ចង់ដើម្បីបំបួសនៅពេលបូជាហើយ (រូបលេខ១-៤) ដែលខុសពីមុមឬជ្រុងដទៃទៀត ត្បិតទិសឦសានជាទិសដែលសពចេញទៅចាប់ជាតិ។ មិនតែប៉ុណ្ណោះទេ បើទង់មានតែមួយគឺគេដោតនៅជ្រុងឦសាន តែបើមាននៅគ្រប់ជ្រុងក៏ច្រើនឃើញថាទង់នៅជ្រុងឦសានច្រើនតែខុសគេ គឺថាគេមិនដោតកប់ទៅក្នុងដីផ្ទាល់ដូចនៅបីជ្រុងទៀតឡើយ តែគេឲ្យ

គល់ដងទង់នោះនៅផុតពីដី ដោយប្រើបង្គោលជាឃ្នៀប។ នៅរូបលេខ៥យើងឃើញថាគេយកដែកបីមកដោតដងទង់នៅចន្លោះបង្គោលពីរ ដើម្បីឲ្យគល់នោះផុតនៅលើដី មានន័យថាសពទៅចាប់ជាតិនៅស្ថានលើ។

តែនៅទីនេះខ្ញុំយកតែផ្នែកខាងចុងនែកិច្ចមួយនៅចុងក្រោយគេបង្អស់ហៅថា “ប្រែរូប” មកនិយាយ ៖

ប្រែរូបមានន័យថារូបនោះទៅជារូបផ្សេង លែងទាក់ទងនឹងរូបមុនទៀតហើយ។ ពេលដែលប្រែរួច ក្រុមគ្រួសារសពយកធាតុមកលាងនឹងទឹកដូង(រូបលេខ៦) មានទាំងតុបតែងធាតុនោះដោយលាបទឹកអប់ប្រេងម្ស៉ៅជាដើមផង (រូបលេខ៧)។ ផុតពីនោះភ្លាមមក កន្សែងដែលក្នុងនោះមានធាតុទើបតែលាងសម្អិតសម្អាងនោះ គេយោលធ្វើជាអង្រឹង ហើយបំពេធាតុដូចជាបំពេទារកពិតៗដូច្នោះឯង (រូបលេខ៨)។ ត្រង់នេះសូមកុំយល់ថាគេបំពេសព តែត្រូវជ្រាបថាគេបំពេទារកដែលគេឧបកិច្ចថាទើបនឹងចាប់ជាតិ(រូបលេខ៩)។ នៅជំពូកទី៧, លេខរៀងទី១៦ អ្នកអានអាចឃើញថា អ្នកយោលនឹងអ្នកបំពេនោះស្រងូតស្រងាត់ ខ្លះស្រក់ទឹកភែ្នកទៀតផង ដោយសារនឹ កស្រណោះថា អំណើះត ទៅអ្នកស្លាប់នោះដាច់ផុតចេញពីខ្លួនជាស្ថាពរ។