ដោយ ខៀវ ចាន់
តាត្រាវដែលឈ្មោះរុក្ខវិទ្យាហៅថា Fagraea fragrans ស្ថិតនៅក្នុងចំណោមដើមឈើមួយក្រុមតូច ដែលគេយកមកប្រើប្រាស់ក្នុងភាពសក្ការៈ ឬស្ទើរតែអាចពោលថាយ៉ាងដូច្នេះ។ គឺជាឈើមានដើមធំ (រូបលេខ១-២) សាច់ស្រាយពណ៌ស និងខ្លឹមពណ៌លឿង។ ឯផ្កាក៏ពណ៌លឿង ហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់ដូចខ្លឹមនោះដែរ (រូបលេខ៣)។ ផ្កានោះរូបរាងប្រហាក់ប្រហែលនឹងផ្កាត្រកួន តែល្អិតតូចខ្លាំងណាស់ ហើយនៅផ្តុំគ្នាជាចង្កោម។ រីឯផ្លែ គឺតូចៗដូចផ្លែសង្ឃ័រ ពេលទុំទៅឡើងក្រហម។
អ្នកខ្លះហៅតាត្រាវថា “ឈើព្រះ” ត្បិតគេនិយមយកទៅឆ្លាក់ជាព្រះពុទ្ធរូប ដោយសារ តាត្រាវ លុះចាស់ត្រឹមត្រូវទៅ ពុំងាយនឹងពុកផុយដូចឈើដទៃឡើយ។ ទំនៀមយកឈើតាត្រាវនេះឆ្លាក់ជាបដិមាប្រហែលមានជាយូរលង់មកហើយ។ មានព្រះពុទ្ធរូបនៅសម័យកណ្តាលមួយចំនួននៅតាមទីផ្សេងៗនៃប្រទេសយើង ដែលអាចឃើញនៅឡើយ មានឧទាហណ៍នៅរូបលេខ៤ជាដើម។ សព្វថ្ងៃនេះទំនៀមឆ្លាក់ព្រះពីតាត្រាវក៏ពុំទាន់បាត់បង់សូន្យដែរ។ រូបលេខ៥-៦ បង្ហាញពីព្រះពុទ្ធរូបធ្វើពីឈើតាត្រាវ ដែលគេតម្កល់នៅលើគ្រែអាស្នាមួយដើម្បីអភិសេក។ ម៉្យាងទៀត ឈើតាត្រាវពេលដុតទៅឆេះសុះទាល់តែអស់ គ្មានសល់កម្ទេចធ្យូងអ្វីឡើយ ឯអណ្តាតភ្លើងនោះក៏សន្ធោសន្ធៅជាងភ្លើងធម្មតា។ ដោយប្រការនេះផង ហើយដោយសារគេគោរពឈើតាត្រាវនេះស្រាប់ផង គេតែងប្រើឈើតាត្រាវជាឧសនៅក្នុងពិធីផ្សេងៗ។ ឧទាហណ៍ សម្រាប់ដាំមធុបាយាសពេលអភិសេកព្រះ, សម្រាប់ដុតម្ឈូសជាឧបកិច្ចឱ្យមនុស្សណាម្នាក់ ដែលគេចម្រើនអាយុឱ្យ, ស្លថ្នាំសម្រាប់ធ្វើធ្មេញក្នុងពិធីឆ្លងវ័យនានា (រូបលេខ៧)។
បើជនជាតិកួយវិញក៏គោរពដើមតាត្រាវនោះខ្លាំងដែរ។ យើងដឹងថាកួយជាអ្នកស្លដែក រហូតមកដល់ដើមស.វ.ទី២០នេះ។ គេស្លរ៉ែថ្មឱ្យទៅជាដែកនៅក្នុងជើងក្រានពិសេសមួយ ដែលគេហៅថាសន្លុង។ មុមទាំង៤នៃសន្លុងនោះមានបោះបង្គោលឈើ ពោលគឺឈើតាត្រាវនិងកកោះដែលគេយល់ថាជាគូនឹងគ្នា។ ឈើកកោះនោះហៅថា“ឈើចាស់ទុំ” រីឯឈើតាត្រាវដែលជាគូ ហៅថា“ឈើក្រមុំមានប្ញទ្ធិ”។