ដោយ អាំង ជូលាន
ជាធម្មតា ក្រោយពីចូលឆ្នាំហើយប្រមាណពីរអាទិត្យជាដើម អ្នកស្រុកទូទៅនៅតំបន់អង្គរតែងមានបុណ្យម៉្យាងហៅថា «ឆ្លងចេត្រ»។ មានមនុស្សច្រើនណាស់ដែលជាអ្នកក្រៅ ហើយពុំយល់ពីអត្ថន័យនៃពិធីនេះ តែងឆ្ងល់ថា ឆ្លងយ៉ាងម៉េចទៀត បើទើបនឹងឆ្លងឆ្នាំហើយថ្មីៗប្រមាណពីរអាទិត្យមុននេះសោះ? អ្នកខ្លះទៀតរហូតដល់ទៅគិតថា អ្នកស្រុកនៅឯណេះរវីរវល់តែនឹងធ្វើបុណ្យសប្បាយ ចប់មួយហើយចូលមួយទៀត។ នេះមកពីមិនយល់ ឯបុព្វហេតុដែលធ្វើឲ្យមិនយល់នោះ មកអំពីមានពាក្យថា «ចេត្រ» ក្នុងបុណ្យនេះ ដ្បិតធម្មតាមានពាក្យថា «ខែចេត្រចូលឆ្នាំ» ម៉្លោះហើយឮថា «ឆ្លងចេត្រ» ក៏យល់ថាឆ្លងឆ្នាំម្តងទៀត។ តាមពិតទៅ បើបានទៅមើលពិធីនេះនៅភូមិណាមួយតែម្តងក៏នឹងយល់ថា ឆ្នាំ ចំពោះអ្នកស្រុកអាចថាមានពីរក៏សឹងថាបាន។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោលគឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួនផង។ រីឯឆ្នាំដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឲ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន។ ដូច្នេះហើយបានជាថ្ងៃដែលរើសយក មកធ្វើបុណ្យឆ្លងចេត្រនោះតែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរជាមួយគ្នា ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា ថ្ងៃណាដាច់ណាត់ ខុសមួយថ្ងៃក៏ពុំបាននោះឡើយ។ «ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ បើគិតតាមប្រតិទិនឲ្យមែនទែននោះ មិនមែនមានន័យថាធ្វើនៅដាច់ខែចេត្រ ចូលទៅថ្ងៃមួយកើតខែពិសាខនោះឡើយ ធ្វើខុសពីពេលនោះមួយអាទិត្យ ពីរអាទិត្យក៏បាន ដ្បិតន័យពិតប្រាកដ គឺចប់រដូវធ្វើស្រែមួយជាស្ថាពរហើយ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម។
ខ្ញុំសូមលើកឧទាហរណ៍តូចមួយដែលពុំអធឹកអធំប៉ុន្មានទេ ព្រោះគេតែងធ្វើនៅតាម សហគមន៍របស់គេរៀងៗខ្លួន។ ឧទាហរណ៍នេះលើកឡើងពីបុណ្យឆ្លងចេត្រនៅភូមិធ្លក ស្រុកបន្ទាយស្រី នៅថ្ងៃ៣កើត ខែពិសាខ ក្នុងគ.ស.២០០៦។ ភូមិនេះមានអ្នកតាមួយឈ្មោះ «តាដោក» ដែលមានដុំថ្មមួយជាដំណាងនៅក្នុងខ្ទម ដែលបង្ហាញនៅរូបលេខ១។ បើមើលទិដ្ឋភាពទូទៅនៅរូបលេខ២ ខ្ទមតាដោកនៅចុងខាងស្តាំ ឯរោងដែលនៅកណ្តាលរូបនោះ គឺរោងបុណ្យតែម្តង។ ខ្ញុំនឹងមិនរៀបរាប់វែងឆ្ងាយអំពីកិច្ចផ្សេងៗដែលធ្វើជាបន្តបន្ទាប់ក្នុងបុណ្យនោះ មានប្រុងពលីនិងអ្វីៗផ្សេងទៀតជាដើមទេ ព្រោះនៅទីនេះខ្ញុំចង់ពន្យល់តែន័យនៃបុណ្យប៉ុណ្ណោះ គ្រាន់តែសូមបញ្ជាក់ថា គេធ្វើនៅទីនោះដោយសារអ្នកតារបស់គេនៅទីនោះ។ ម៉្យាងទៀតយើងដឹងហើយថា បានជាមានជំនឿអ្នកតានៅប្រទេសកម្ពុជា គឺមកពីមានកសិកម្ម ជាពិសេសទៅទៀតគឺកសិកម្មស្រូវ។ ទោះជាយ៉ាងនេះក្តីក៏គេមាននិមន្តព្រះសង្ឃពីវត្តមកដែរ (រូបលេខ៣)។
រោងបុណ្យនោះស្ថិតក្នុងរាជវ័តិមួយ ហើយបើយើងមើលទៅមុមឦសាននៃរាជវ័តិនោះ យើងឃើញគេពូនភ្នំខ្សាច់ (រូបលេខ៤) ដូចគ្នានឹងភ្នំខ្សាច់ដែលគេពូននៅពេលចូលឆ្នាំកន្លងមកពេលថ្មីៗនៅតាមវត្តដែរ។ ចំណុចនេះបញ្ជាក់ពីវដ្តស្រូវមួយដែលចប់ទៅ ហើយវដ្តថ្មីមួយទៀតចូលមកដល់ មិនខុសពីការឆ្លងឆ្នាំតាមប្រតិទិនឡើយ។ រីឯនៅក្រៅរាជវ័តិវិញ ពោលគឺនៅចំមុខខ្ទមអ្នកតាតែម្តងមានភ្នំខ្សាច់មួយទៀត ដែលជាភ្នំខ្សាច់ទោល (រូបលេខ៥)។ ភ្នំខ្សាច់នេះមិនបញ្ជាក់ពីចប់វដ្តចាស់ចូលវដ្តថ្មីឡើយ តែច្បាស់ជាពូនឡើងក្នុងគំនិតថា ភោគផលស្រូវក្នុងរដូវស្រែដែលនឹងមកដល់នេះ នឹងបរិបូណ៌ពេញលេញ (ការពូនភ្នំតូចឬធំក្នុងគំនិតថាឲ្យបានភោគផលពេញលេញនោះតែងមានជាធម្មតា ឧទាហរណ៍ ក្នុងការពូនភ្នំស្រូវក៏ដូចគ្នាដែរ មិនខុសពីការដែលគេនាំគ្នាពូនភ្នំធំមួយនៅស.វ.ទី១៥ ត្រង់កន្លែងដែលសព្វថ្ងៃហៅថា «ភ្នំពេញ» នោះឡើយ ហើយពាក្យថា «ពេញ» នៅទីនេះ គឺក្នុងគំនិតថា «បរិបូណ៌» នេះឯងហើយ ទោះជាក្រោយមកកើតរឿងព្រេងពន្យល់ថាអ្វីផ្សេងពីនេះក៏ដោយ)។ កន្លែងដែលបញ្ជាក់ច្បាស់ថាឆ្លងចេត្រនេះជាបុណ្យដើមរដូវធ្វើស្រែ អាចមើលឃើញស្តែងនៅរូបលេខ៦ គឺថាគេយកស្រូវពូជមកដាក់ជិតថ្មអ្នកតាក្នុងខ្ទមនោះ ដើម្បីទទួលការបង្កក់ប្រសិទ្ធិឲ្យពូជដែលយកទៅសាបព្រួសនោះចេញជាភោគផលបរិបូណ៌ឡើង។ ដោយសារវាសនាអ្នកស្រុកជាប់ជាមួយគ្នាក្នុងរឿងកសិកម្មដូច្នេះហើយ បានជាសង្គមកិច្ចក្នុងពេលធ្វើបុណ្យនេះសំខាន់ណាស់ ទោះបីភូមិធ្លក គ្រាន់តែជាភូមិតូចមួយក៏ដោយ (សូមមើលរូបលេខ៧-៨)។