ដោយ អាំង ជូលាន
ជាប្រពៃណីរៀងមក តែកាលណាមានបុណ្យទានអ្វីសំខាន់ៗ គេតែងឃើញមាន “ល្បែង” ផ្សេងៗដូចជា ល្ខោនគ្រប់ប្រភេទ ឬទស្សនីយភាពអ្វីទៀតច្រើនបែបយ៉ាង។ ក្នុងនោះតែងឃើញមានចំបាប់ ឬបង្ហាញពីការប៉ិនប្រសប់ ក្នុងការប្រើរាងកាយ ដែលហៅជាទូទៅថាប៉ាហ៊ី។ ប្រពៃណីល្បែងទាំងនេះមានតាំងពីយូរយារមកហើយ មិនថាលេង សម្រាប់តែរាស្ត្រសាមញ្ញប៉ុណ្ណោះទេ គឺអភិជនក៏និយម ទស្សនាដែរ។ ជួនកាលព្រះរាជាក៏យាងចេញមកទតកម្សាន្តនៅមុខប្រជាជន ហើយក្នុងករណីចាំបាច់តែងប្រទានរង្វាន់ដល់អ្នកឈ្នះ។ រីឯអ្នកចាញ់តែងប្រទានរង្វាន់បន្តិចបន្តួចដែរ ដើម្បីកុំឱ្យអ្នកនោះតូចចិត្ត។ រូបលេខ១ ជាគំនូរក្នុងព្រះវិហារវត្តកំពង់ត្រឡាយបង្ហាញពីល្បែងខ្លះៗ។ ក្នុងនោះយើង ឃើញមាន ស្រីយោលទោង, សួព្រ័ត្រ។ រីឯនៅលើដីវិញ ឃើញមានល្ខោនព្រះរាជទ្រព្យ ហើយថែមទាំងមានគុនដំបង (ឬលំពែង) ផង។ រូបលេខ២ គឺជារូបពង្រីក។ រូបលេខ៣បង្ហាញពីទេពកោសល្យក្នុងការពត់ខ្លួនគ្រប់បែបយ៉ាង ដូចជាដេកនៅលើដែកគោល, យកក្បាលដាំចុះក្រោមនៅលើបង្គោលខ្ពស់, ការទម្លាក់ខ្លួនតៗតាមប្រឡោះកង៘ រូបលេខ៤ ជារូបពង្រីក បង្ហាញពីចំបាប់។
បើយើងលោតទៅសម័យមុនឆ្ងាយពីនោះទៅទៀត យើងអាចយកចម្លាក់នៅជញ្ជាំងប្រាសាទ បាយ័ន្ត (ចុងស.វ.ទី១២-ដើមស.វ.ទី១៣) មកជាឧទាហរណ៍។ រូបលេខ៥ ជាទិដ្ឋភាពទូទៅនៃល្បែងនានាដែលគេសម្តែងឡើង ដោយមានអ្នកធំមកទស្សនាផង (រូបដែលនៅឆ្វេងខាងក្រោម)។ ផ្នែកខាងក្រោមនៅកណ្តាល គឺមនុស្សដេកយកជើងឡើង លើបង្វិលកង់រទេះ។ រូបលេខ៦ ថ្វីត្បិតតែចម្លាក់នោះឆ្លាក់ពុំទាន់ចប់ ក៏យើងយល់ថា ជាមនុស្សសួព្រ័ត្រ (ចូរប្រៀបធៀបទៅ នឹងរូបលេខ១)។ រូបលេខ៧ ពង្រីកបង្ហាញពីមនុស្សម្នាក់មានកម្លាំងមាំមួនអាចឱ្យក្មេងឈរលើក្បាល ព្រមទាំងក្មេង២នាក់ ទៀតឈរលើដៃទាំងសងខាង។ ចំពោះរូបលេខ៨វិញងាយយល់ទេ ថាមនុស្សមួយគូៗនៅសងខាងកំពុងបោកចំបាប់។ ឯនៅចំកណ្តាលប៉ែកខាងក្រោម មួយគូនោះប្រយុទ្ធគ្នាស្រុតខ្លួនមកដល់ដី។ រីឯមនុស្សដែលមានមាឌធំជាងគេមួយគូនៅ ចំកណ្តាល ប្រហែលជាល្បងលើកទម្ងន់អ្វីមួយឱ្យបានយូរបំផុត។ ប្រសិនបើការបកស្រាយនោះត្រឹមត្រូវ មានន័យថានរណា ម្នាក់ទ្រាំលែងបាន ហើយទម្លាក់ទម្ងន់នោះមកមុន ជាអ្នកចាញ់គេ។ រូបលេខ៩ បានមកពីប្រាសាទកោះកេរ្តិ៍ (ស.វ.ទី១០) ហើយជា បំណែករូបអ្នកចំបាប់មួយគូកំពុងប្រឡងនឹងគ្នា។