ដោយ អាន រស្មី និង សួង សុខរ៉ូ
ដូចមាននិយាយនៅក្នុងអត្ថបទលេខ៦១ នៃជំពូកទី៦ រួចមកហើយថាជីវិតរស់នៅរបស់មនុស្សខ្មែរជាន់មុនផ្សារភ្ជាប់ជាមួយជំនឿមាំទាំណាស់។ ក្នុងកិច្ចការរកស៊ីចិញ្ចឹមជីវិត, ដំណើរផ្លូវជិតឆ្ងាយ និងកិច្ចការអ្វីៗដទៃទៀតមិនថាធំដុំ ឬតូចតាចកំប៉ិកកំប៉ុកធម្មតាទេ គេតែងមើលក្បួនមើលតម្រាមុនធ្វើការនោះ គឺថាគេមិនចេះតែធ្វើអ្វីតាមចិត្តឡើយ រហូតដល់មានពាក្យនិយាយថា «ខ្មែរមិនចោលក្បួន…» ទៀតផង។ សូម្បីតែសត្វចិញ្ចឹមក្នុងផ្ទះ ក៏មានក្បួនតម្រាទាយលក្ខណ៍ កាច-ជា របស់វាដែរ ដ្បិតសត្វទាំងនោះនឹងឲ្យជោគមង្គលឬចង្រៃឧត្បាតដល់ម្ចាស់ផ្ទះវិញ។
ក្នុងចំណោមសត្វចិញ្ចឹមក្នុងផ្ទះទាំងអស់ គោនិងក្របីគឺជាសត្វដែលទុកថាសំខាន់ និងចាំបាច់ណាស់ចំពោះអ្នកស្រែចម្ការ ដ្បិតកាលមុនមានគ្រឿងយន្ត គេត្រូវពឹងផ្អែកជាចម្បងលើកម្លាំងគោក្របីនេះហើយ ក្នុងការភ្ជួររាស់ដឹកជញ្ជូនផ្សេងៗ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងការជ្រើសរើសយកគោ ឬក្របីថ្មីមកចិញ្ចឹមក្នុងផ្ទះ អ្នកដែលប្រកាន់តាមក្បួនបុរាណ គេត្រូវគិតគូរសម្បើមណាស់ គឺថាគេមិនអាចចេះតែទិញយកមកស្រេចតែចិត្តទេ គេត្រូវពិនិត្យលក្ខណៈរបស់វាជាមុនសិន ពិសេសមើលលើផ្នែកត្រង់ក, ក្រចក និងក្រយៅ (ខ្លះហៅក្រវិល) ដូចមានពាក្យថា «ទឹមនឹងក បរនឹងក្រចក»។ ក្រចកគឺជាកន្លែងសំខាន់ដែលអ្នកទិញត្រូវពិនិត្យមើលខានមិនបាន។ ក្រៅពីនេះ មានស្លោកខ្លះទៀតពោលឲ្យដឹងពីលក្ខណៈល្អអាក្រក់របស់គោ និងក្របីថា ៖
គោ
ឆ្នើមឆ្នក ស-ក្រចក ជ្រលក់កន្ទុយ។ គោបែបនេះមិនសូវជាទេ ពោលគឺគេមិនសូវទិញប្រើឡើយ។ បើមានគេទិញ ក៏ទិញក្នុងតម្លៃថោកដែរ។
គោក្រយៅ៥ស្នែង សម្បតិចូលឯងមិនបាច់រក ជាដើម។ ជាដើម។
ក្របី
-៣ដោះប្រលោះខ្មោច ក្បាលសំពោច ស្នែងដងព្រោម កន្ទុយទាំ ក្រអៀនដំដី។
នេះជាស្លោកបង្អាប់ក្របីដែលមានលក្ខណៈមិនល្អ ដែលគេគួរចៀស។ មានពាក្យមួយទៀតដែលអ្នកជួញក្របី តែងនិយាយយ៉ាងខ្លីថា «មើលដោះ មើលដាង»។ ពាក្យនេះបង្ហាញថា អ្នកទិញក្របីត្រូវពិនិត្យមើលជាពិសេសត្រង់ «ដោះ» និង «ដាង»។ ជាធម្មតាក្របីមានក្បាលដោះបួន។ បើក្របីណាមានក្បាលដោះតែ៣ ឬមានរហូតដល់ប្រាំ ក្របីនោះមានជាប់ត្រណម ពោលគឺម្ចាស់ពុំអាចលក់ចេញបានទេ ត្រូវតែចិញ្ចឹមទុក បើលក់ចេញនឹងនាំចង្រៃដល់ម្ចាស់នោះ។ ចំណែកឯដាងគឺពណ៌ឆ្នូតសត្រង់ពោះ ទ្រូង និងឆ្នូតលើក្រចក។ ឧទាហរណ៍ ជាធម្មតាក្រចកក្របីពណ៌ខ្មៅទាំងអស់ ស្រាប់តែមានក្រចកណាមួយមានឆ្នូតស ឬសសុទ្ធតែម្តង បែបនេះហៅថា «ដាង»។ បើក្របីណាមានដាង គេយល់ថាពុំជាឡើយ តែងឲ្យទុក្ខទោសដល់អ្នកទិញយកទៅចិញ្ចឹម។
នៅទីនេះយើងសូមលើកយកក្បួនមើលក្រយៅគោ ឬហៅមួយបែបទៀតថា «ក្បួនភេសន្តា» មកនិយាយ ដោយផាត់ក្របីចោលសិន។ អ្នករកស៊ីជួញគោ ឬអ្នកចង់បានគោថ្មីមកទុកផ្ទះ តែងនាំនរណាម្នាក់ដែលចេះមើលគោទៅជាមួយ។ អ្នកនោះគេច្រើនហៅគាត់ថា «គ្រូគោ» ឬ «ហ្មគោ»។ ក្រៅពីមើលលើរូបរាង, ឆ្អឹង, សម្បុរ, ធ្មេញ, ភាពរហ័សរហួន និងអាយុរបស់គោ គេត្រូវពិនិត្យជាចាំបាច់លើក្រយៅរបស់វា ដ្បិតក្រយៅនោះហើយដែលនាំឲ្យចម្រុងចម្រើន ឬទុក្ខទោសចង្រៃផ្សេងៗ។
ក្បួនដែលរៀបរាប់នៅខាងក្រោមនេះ គឺជាពិសោធន៍របស់ «ហ្មគោ» បីនាក់ ដែលរស់នៅកន្លែងទីទៃពីគ្នាស្រឡះ។ អ្នកទី១ឈ្មោះ លើម លំ អាយុ៦៩ឆ្នាំ រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ គាត់ធ្លាប់ជាឈ្មួញដើរទិញគោយកមកប្រើ និងលក់បន្ត (សូមមើលរូបថតគាត់នៅរូបលេខ១)។ អ្នកទី២ឈ្មោះ សៀង សុខា អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រូបថតលេខ២)។ ឯអ្នកទី៣គឺអាចារ្យ យឿន យាន អាយុ៤៨ឆ្នាំ រស់នៅភូមិ ត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប (រូបថតលេខ៣)។
១. ក្បួនរបស់លោកពូ លើម លំ
យើងបានស្នើឲ្យបុរសម្នាក់ឈ្មោះ ហាន់ ពន្លក គូររូបគោមួយនៅលើក្រដាស (រូបលេខ៤) និងបានយករូបនោះទៅឲ្យលោកពូ លើម លំ ដៅទីតាំងក្រយៅនីមួយដែលអាចមានពិតនៅលើគោមែនទែន ហើយឲ្យគាត់ប្រាប់ឈ្មោះក្រយៅទាំងនោះ និងពាក្យទំនាយ«ជា» ឬ «មិនជា»។ ពាក្យទំនាយនោះគេនិយាយម្យ៉ាងទៀតថា «ឆ្លើយ»។ សូមមើលសេចក្តីដែលយើងស្រង់ចម្លងឡើងវិញក្នុងតារាង (រួមនិងសេចក្តីពន្យល់បន្ថែម) ហើយត្រឡប់ទៅមើលចំណុចនីមួយក្នុងគំនូរ ដើម្បីងាយយល់ ៖
រូបលេខ៤
សូមបញ្ជាក់ថាត្រង់ឈ្មោះក្រយៅដែលឥតមាន «ឆ្លើយ» ថាជាឬពុំជា គឺក្រយៅទាំងនេះឥតមានចំណោទអ្វីចំពោះម្ចាស់ឬអ្នកទិញឡើយ ពោលគឺគេអាចទិញ-លក់បានធម្មតា។ ប៉ុន្តែបើក្រយៅនោះឆ្លើយថា «មិនជា» អ្នកទិញនឹងរារែក ពុំនោះគឺទាល់តែលក់ថោកណាស់ទើបគេទិញយកទៅ «កាន់» (ពាក្យនេះមានន័យសម្តៅថា ប្រើ)។ បើក្រយៅនោះឆ្លើយថា «ទោសធំ» ដាច់ខាតគេត្រូវតែចៀសវាងការទិញ-លក់ ដ្បិតចង្រៃខ្លាំងណាស់។ លោកពូ លើម លំ រំឭកពីអ្នកភូមិម្នាក់លក់គោក្រយៅក្វាន់ធាក់ ក្រោយមកអ្នកនោះក៏រងគ្រោះថ្នាក់បាក់ដៃ២ដងដោយប្រការចៃដន្យពីរផ្សេងគ្នា។
២. ក្បួនរបស់លោកពូ សៀង សុខា
កាលពីមុន គាត់ធ្លាប់មានក្បួនភេសន្តា១តមកពីឪពុក ប៉ុន្តែក្រោយមកដោយមានគ្រោះភ្លើងឆេះផ្ទះ ក្បួននោះក៏វិនាសបាត់ទៅ។ ដោយសារតែថ្នឹកនឹងរឿងនេះយូរឆ្នាំហើយ ទោះបីបាត់ក្បួនទៅក្តី ក៏លោកពូនៅចាំសព្វគ្រប់។ លោកពូ សៀង សុខា ហៅក្បួននេះថា «ក្បួនបំភ័យតា» ដោយសារមានរឿងនិយាយថា មានក្រុមឈ្មួញចង់ទិញគោពីតាម្នាក់ ប៉ុន្តែតាម្ចាស់គោនោះមិនព្រមលក់ឲ្យ។ ក្រុមឈ្មួញបែកគំនិតគូររូបគោនិងដាក់ក្រយៅគោមានទាំងល្អ មានទាំងចង្រៃ យកមកបង្ហាញតា ដើម្បីបំភ័យតាឲ្យព្រមលក់គោនោះចេញ។ នេះហើយជាហេតុដែលក្បួននេះឈ្មោះ «បំភ័យតា»។
ដូចគ្នាដែរ យើងបានយករូបគំនូរគោ១សន្លឹក (រូបលេខ៥) ឲ្យលោកពូជួយដៅទីតាំង និងប្រាប់ឈ្មោះក្រយៅ ព្រមទាំងទំនាយនីមួយៗនោះផង។ អ្វីដែលខុសគ្នាពីក្បួនមុន គឺថាលោកពូមិនប្រើពាក្យ «ជា» ឬ «មិនជា» ទេ ប៉ុន្តែប្រើពាក្យថា «យកបាន» ឬ «យកអត់បាន» ទៅវិញ។ ដូច្នេះយើងសូមរក្សាពាក្យដើមរបស់គាត់។ ខាងក្រោមនេះ គឺជាសម្រង់ក្បួនបានពីលោកពូ សៀង សុខា ៖
រូបលេខ៥
៣. ក្បួនរបស់អាចារ្យ យឿន យាន
សេចក្តីនៅខាងក្រោម ចម្លងចេញពីទំព័រមួយ នៅក្នុងក្រាំង «ហៅព្រលិងកោរជុក»របស់អាចារ្យយាន។ ក្រាំងនោះចាស់ តគ្នាមកបួនជំនាន់ហើយ ពោលគឺចាប់ពីគ្រូដើមឈ្មោះ ឌិន និងបន្ទាប់មកធ្លាក់លើដៃគ្រូឈ្មោះឡាច ហើយតមកទៀតគឺគ្រូឈ្មោះ ស៊ត និងសូត្រ (គ្រូទាំងពីរនេះជាសិស្សរួមជំនាន់គ្នា) និងចុងក្រោយបានដល់អាចារ្យយាននេះឯង។ អក្សរដើមនៅក្នុងក្រាំងនោះនៅព្រាលៗ ហើយរលុបដោយអន្លើ អានមិនស្រួលឡើយ។ កន្លែងខ្លះទៀតមានស្នាមទឹកប៉ិចពណ៌ខៀវនិងក្រហម គូសត្រួតពីលើស្នាមអក្សរចាស់នាពេលក្រោយមកទៀត (សូមមើលរូបលេខ៦)។ បើសិនជាឲ្យយើងអាន ដោយគ្មានជំនួយពីអាចារ្យយាយ ប្រហែលជាយើងត្រូវចំណាយពេលយូរ។ ប៉ុន្តែដោយសារចេះចាំស្ទាត់ នឹងមានពិសោធន៍យូរឆ្នាំ អាចារ្យយាន ចំណាំពាក្យ និងកាត់យល់បានច្រើន។ យ៉ាងណាក៏ដោយ ក៏នៅមានកន្លែងខ្លះដែលរលុបបាត់ ហើយយើងមើលពុំរួចតែម្តង។
រូបលេខ៦
គេទុកគោដូចជាទ្រព្យ។ អ្នកខ្លះហៅគោថា «ទ្រព្យ» ដូច្នេះតែម្តង ហើយគេតែងឮឈ្មួញគោ អួតគ្នាទៅវិញទៅមកពីទ្រព្យដែលគេទិញចូល។ ដោយសារគេទុកវាជាទ្រព្យដូច្នេះ ទើបពេលគេ ទិញគោថ្មីចូលផ្ទះ គេត្រូវពិនិត្យប្រយ័ត្នប្រយែងខ្លាំងណាស់។ គោណាដែលបើប្រើមិនស្រួល គេច្បាស់ជាទុកមិនបានយូរទេ។ តែបើប្រើស្រួលវិញ គេស្រលាញ់និងចិញ្ចឹមវាទុកចិញ្ចឹមដល់វាចាស់ងាប់ឯង។ នៅពេលវាងាប់ ជួនកាលអ្នកខ្លះនិមន្តព្រះសង្ឃមកបង្សុកូលឲ្យទៀតផង ដ្បិតវាជាសមាជិកគ្រួសារ និងជាកម្លាំងក្នុងការងារស្រែចម្ការរហូតមក។
ជាធម្មតាឈ្មួញទិញគោតែងតែចង់បានតម្លៃថោក ដូច្នេះឈ្មួញតែងបង្អាប់គោនោះដោយលើកតែពីក្រយៅដែលពុំជា ដើម្បីឲ្យម្ចាស់គោលក់ចុះថោកជាងធម្មតា ទោះបីគោនោះមានលក្ខណៈរូបរាងល្អឥតខ្ចោះយ៉ាងណាក៏ដោយ។ តាមពិតទៅ គោមួយក្បាលៗមិនដែលមានក្រយៅសព្វគ្រប់ដូចក្នុងក្បួនចែងទេ គឺខ្លះមានពីរ ជួនមានបី ឬច្រើនណាស់មានដល់បួនតែប៉ុណ្ណោះ។ ចំពោះក្រយៅដែលល្អខ្លាំង និងក្រយៅចង្រៃធំ (ដូចជាក្រយៅ ជាន់លិច, ធាក់លែង…) មនុស្សទូទៅងាយចំណាំស្ទើរគ្រប់គ្នា មិនចំពោះតែឈ្មួញទិញគោទេ។ បើគោណាមានក្រយៅចង្រៃធំហើយ ច្បាស់ណាស់ថាគេត្រូវចៀសដាច់ខាត។ ទោះបើគោមានក្រយៅល្អផង ចង្រៃផង អ្នកទិញក៏នៅតែរារែកដែរ ដ្បិតគេជឿថាក្រយៅល្អទប់មិនឈ្នះក្រយៅចង្រៃឡើយ។ យ៉ាងណាក៏ដោយ បើវាមិនមែនជាក្រយៅចង្រៃធំទេ គេនៅតែមានផ្លូវអាចទិញ-លក់បាន ដោយការធ្វើឧបកិច្ចមួយចំនួន។
+ ឧបកិច្ច
ដូចឃើញមកពីខាងលើ គោដែលមានក្រយៅពុំជា នាំចង្រៃ២បែប ៖ ទី១គឺនាំចង្រៃឲ្យអ្នកទិញ និងទី២គឺឲ្យចង្រៃទៅម្ចាស់បើហ៊ានលក់គោនោះ។ ដូច្នេះ ដើម្បីឲ្យភាគីទាំងសងខាងអាចរួចខ្លួនបាន ម្ចាស់គោនិងឈ្មួញនាំគ្នាធ្វើកល ដោយច្រើនតែតែលក់គោ២ផ្គួបគ្នាពោលគឺគោដែលមានក្រយៅពុំជាផង ជាមួយនិងគោល្អផង ។ ពេលនោះ ម្ចាស់ធ្វើពុតនិយាយថាមិនលក់គោមានក្រយៅចង្រៃទេ គឺលក់តែ១ តែតាមពិតតម្លៃនោះជាតម្លៃសម្រាប់គោ២នោះឯង។
មានឧបាយមួយទៀតគឺម្ចាស់គោកាត់រោមបន្តិចត្រង់ក្រយៅពុំជា យកមកខ្ចប់ក្នុងអ្វីមួយ ឬដាក់ក្នុងដន្លាប់ជាដើម ហើយយកទៅកប់ក្នុងដីក្រោមជណ្តើរ ឬក្បែរសសរកន្លោងផ្ទះ ឬក៏ កប់ក្នុងក្រោលគោតែម្តង ហើយពុតជានិយាយ ៖ «អញលក់តែគោ មិនបានលក់ក្រយៅទេ »។
ល្បិចម្យ៉ាងទៀតដែលគេតែងធ្វើញឹកញាប់ដើម្បីអាចលក់គោនោះបានគឺ គេយកវាទៅចងចោលនៅវាលឆ្ងាយពីផ្ទះ។ ឯម្ចាស់គោនិងឈ្មួញ និយាយចរចារតម្លៃគ្នា និងប្រគល់ប្រាក់ឲ្យស្រេចនៅឯផ្ទះ។ រួចមក ទើបអ្នកទិញដើរទៅដឹកគោនោះយកទៅបាត់ដោយឥតឲ្យដំណឹងអ្វីឡើយ។ ឯម្ចាស់គោវិញ ពេលក្រោយនោះបន្តិច ក៏ធ្វើកលជាដើររកគោ ហើយដើរនិយាយប្រាប់អ្នកជិតខាងថាបាត់គោរកមិនឃើញ។ អ្នកជិតខាងនោះសោត ទោះបីដឹងក៏ត្រូវធ្វើជាមិនដឹង។ ចំណែកឈ្មួញដែលទិញនោះ មុនពេលដឹកចូលក្នុងផ្ទះ ត្រូវឲ្យនាងប្រពន្ធជាមេផ្ទះចាក់ទឹកប្រោះព្រំនៅមុខទ្វាររបងផ្ទះ រួចទើបដឹកគោនោះចូលក្រោល។
+ ករណីលើកលែង
ចំពោះកូនគោនៅតូចអាយុក្រោមពីរឆ្នាំ គេអាចទិញ-លក់វាដោយមិនខ្វល់ពិបាកមើលក្រយៅទេ គឺថាឥតមានទុក្ខទោសអ្វីដល់ម្ចាស់ ឬឈ្មួញឡើយ។ បើសិនជាគោមេចិញ្ចឹមក្នុងផ្ទះហើយកើតកូនមក គេហៅកូននោះថា «កូនក្រោល»។ គោនោះ ឥតមានចោទជាបញ្ហាអ្វីទាំងអស់ទោះជាវាមានក្រយ៉ៅអ្វីជាប់ខ្លួនក៏ដោយ ម្ចាស់ចិញ្ចឹមជាសុខសប្បាយធម្មតា លើកលែង តែពេលចង់លក់ ទើបឈ្មួញត្រូវគិត។
ក្បួនភេសន្តា ឬក្បួនទំនាយអំពីក្រយៅគោនេះមានឥទ្ធិពលទៅលើលក្ខណៈរបស់មនុស្សខ្លះដែរ ពោលគឺគេប្រៀបក្រយៅខ្លះទៅមនុស្ស។ ឧទាហរណ៍ នៅក្នុងសម្លោកមនុស្ស មានល្បះ១ពោលថា ៖
សាច់ជ្រាយភ្នែកជ្រូកច្រើនឥតគិត
ក្រយៅគោលិឍ
កដូចពស់វែកភ្នែកទទ្សាយ
មុខក្រាយច្រើនក្រពីព្រោះបៀ។
ក្រយៅគោលិឍ គឺនៅត្រង់កន្លែងដែលអណ្តាតគោលិតឆ្វេងស្តាំ។ បើក្រយៅគោលិឍលើខ្លួនមនុស្សវិញ គឺរោមដែលដុះច្រើនហើយគួចនៅម្តុំត្រង់បោះដៃផុត។ គេអាចហៅក្រយៅនេះម្យ៉ាងទៀតថា «ក្រយៅអន្លុងខ្មោច»។ បើចំលើមនុស្សស្រីវិញ គេថាស្រីនោះអភ័ព្វសម្បើមណាស់ បើមិនមានរឿងទាស់ទែងដល់លះលែងប្តី ក៏ប្តីនោះត្រូវស្លាប់ចោលឲ្យមេម៉ាយដែរ។
បើក្រយៅក្រឡេកញញឹម គឺស្ថិតនៅត្រង់ចុងកន្ទុយភ្នែក។ ក្រយៅនេះល្អណាស់។ ចំពោះមនុស្សវិញ គេយល់ថាជាអ្នកមានស្នេហ៍មុខ បើញញឹមដាក់នរណា ឬចែចង់នរណាហើយ ងាយគេដោយតាម។
មួយទៀត គឺក្រយៅជាន់លិច។ មានពាក្យចាស់ជេរស្តីកូនចៅប្រុសៗ ដូច្នេះថា «អាក្រយៅជាន់លិច ខំរកប្រពន្ធគេល្អឲ្យវាអណ្តែតវាមិនចង់ វាចង់ទៅតែលិច »។ល៕