ដោយ សាន់ ស៊ីថុន
តាមធម្មតា កាលណាយើងឮគេនិយាយពី “ច្រត់ព្រះន័ង្គល” យើងតែងនឹកដល់ព្រះរាជពិធីដែលព្រះបរមរាជវាំងរៀបចំធ្វើ នាខែពិសាខ នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើរាល់ឆ្នាំនៅវាលព្រះមេរុ)។ ន័យនៃពិធីនេះ គឺព្រះរាជា ឬមួយអ្នកតំណាងព្រះអង្គភ្ជួរស្រែឲ្យមានគន្លងមុនគេជាតម្រុយឲ្យរាស្រ្តប្រជាទូទៅធ្វើតាមជាក្រោយ។ ប៉ុន្តែទំនៀមនានាតែងមានប្លែកៗពីតំបន់មួយទៅតំបន់មួយ។ នៅតំបន់សម្បូណ៌ព្រៃគុក (ខេត្តកំពង់ធំ) អ្នកស្រុកមានប្រារឰពិធីបើករដូវធ្វើស្រែ ហើយហៅពិធីនេះថា “ច្រត់ព្រះន័ង្គល” ដូច្នេះតែម្តង ថ្វីត្បិតតែក្នុងនោះគេពុំឃើញមានន័ង្គល ឬកាយវិការអ្វីអាចសម្គាល់ថាជាការច្រត់នោះឡើយ។ ពិធីនេះធ្វើនៅក្នុងខែពិសាខដូចគ្នា តែពុំមានកំណត់ថ្ងៃប្រាកដទេ គ្រាន់តែគេនិយមរើសយកថ្ងៃអង្គារ ឬថ្ងៃសៅរ៍។ រីឯទីកន្លែងធ្វើគឺនៅរោងអ្នកតាចាស់ស្រុក ហើយបន្តទៅដល់ទីស្រែនានា។ នៅថ្ងៃនោះ អ្នកស្រុកទៅដកដើមសណ្តែកព្រៃកាន់យករៀងៗខ្លួនមកជុំគ្នា (រូប លេខ១)។ គេយកដើមនោះ ទៅដោតមួយគូៗជុំវិញខ្ទមអ្នកតាជា បណ្តោះអាសន្ន ដោយនិយាយថាដាំ “ដើមព្រះភូមិ” (រូបលេខ២)។ រីឯអាចារ្យនិងអ្នកជំនួយខ្លះ រៀបចំសែនពែច្រើនបែបយ៉ាង និងរណ្តាប់មួយចំនួនទៀត មានរទេះគោ, រទេះក្របី, ដំរី, សេះ, មាន់ឆ្កាង ៘ ដែលក្រោយមកគេនឹងនាំគ្នាដង្ហែបញ្ជូនទៅទីស្រែណាមួយនៅទិសខាងត្បូង (រូប លេខ៣-៥)។ គេសន្មត់ថារណ្តាប់ទាំងនោះជាក្បួនទ័ពសម្រាប់យកទៅប្រយុទ្ធបណ្តេញខ្មោចព្រៃនានាកុំឲ្យមករាតត្បាតភូមិស្រុក។ នៅក្នុងខ្ទមអ្នកតាវិញ អ្នកស្រុកយកព្រលឹងស្រូវរៀងៗខ្លួនមកតម្រៀបគ្នាមួយរយៈពេលធ្វើពិធី។ ព្រលឹង ស្រូវនោះ គឺភាជន៍អ្វីមួយជាផ្តិល, ល្អី ឬកញ្ជ្រែងជាដើម ដែលគេមានដោតធូប និងជាពិសេសមានដោតលាជពត់ជារង្វង់ (រូប លេខ៦)។ លុះចប់ពិធីនោះទៅ គេយកព្រលឹងស្រូវទៅផ្ទះរៀងៗខ្លួន។ ជាមួយគ្នានោះ គេដកយកដើមសណ្តែកព្រៃមួយដើមៗអំពីគូរបស់វាមកផ្គួបជាមួយព្រលឹងស្រូវអម្បាញ់មិញ ហើយដោតបាច់នោះនៅតាមទីសមរម្យណាមួយ ដូចជាក្នុងច្រមដែលគេចងផ្អោបនឹងសសរជាដើម (រូបលេខ៧)។ ដើមសណ្តែកព្រៃដែលនៅសល់មួយដើមៗទៀតជុំវិញខ្ទមអ្នកតានោះ គេយកទៅដោត នៅមុខទឹកដែលហូរចូលស្រែ (រូបលេខ៨) ឬនៅកណ្តាលស្រែក៏បានដែរ (រូបលេខ៩) ត្បិតដើមនេះជានិមិត្តរូបនៃព្រលឹងស្រូវដែរ។ កិច្ចសំខាន់ៗពុំទាន់ចប់ត្រឹមនេះទេ គឺគេមានកិច្ចមួយទៀតហៅថា “ដុះកំអែលថ្ម”។ ដើម្បីធ្វើនោះ គឺមានមនុស្សមួយក្រុមតូចនាំគ្នាទៅកន្លែងខ្ទមអ្នកតាមួយផ្សេងទៀត ស្ថិតនៅខាងកើតជាប់នឹងប្រាសាទសម្បូណ៌ព្រៃគុក (រូបលេខ១០)។ ទីនោះមានផ្ទាំងថ្មច្រើន ត្បិតនៅក្នុងបរិវេណប្រាសាទ។ គេស្រោចទឹកលើផ្ទាំងថ្មណាមួយឲ្យសើម ល្មមនឹងយកឥដ្ឋទៅដុសលើនោះដើម្បីបានជាកំអែល (រូបលេខ ១១)។ គេយកកំអែលថ្មនេះមកចឺមលើថ្ងាសក្មេងៗ (រូបលេខ១២-១៣)។ ខ្ញុំពុំហ៊ានបកស្រាយថាកិច្ចនេះមានន័យថាអ្វីឡើយ គ្រាន់តែឮអ្នកស្រុកថាធ្វើនេះដើម្បីស្រណុក សុខសប្បាយផុតចាកពីជម្ងឺដង្កាត់ផ្សេងៗ។
ទំនៀមទាក់ទងនឹងកសិកម្មនៅតំបន់នេះពុំមែនមានតែប៉ុណ្ណេះឡើយ តែនៅទីនេះគឺខ្ញុំសង្ខេបឲ្យបានខ្លីបំផុត នូវកិច្ចដែលអ្នកស្រុកហៅថា “ច្រត់ព្រះន័ង្គល” ប៉ុណ្ណោះ។ យ៉ាងណាក៏ខ្ញុំនៅសង្ស័យថា កិច្ចទាក់ទងនឹងព្រលឹងស្រូវនៅមុខអ្នកតាចាស់ស្រុក ជាកិច្ចមួយមានន័យដាច់តែឯង រីឯកិច្ចដុសកំអែលថ្មនៅមុខអ្នកតាក្នុងបរិវេណប្រាសាទ ជាកិច្ចមួយទៀត តែអ្នកស្រុកយកមកធ្វើជាបន្តបន្ទាប់គ្នាតែមួយពេល ត្បិតន័យរួមជាការចំរុងចម្រើនដូចគ្នា គ្រាន់តែមួយសម្រាប់ស្រូវ មួយទៀតសម្រាប់មនុស្ស។