ដោយ អាំង ជូលាន
ជំនឿលើព្រលឹងពុំមែនមានតែខ្មែរទេ គឺមានជាតិសាសន៍ដទៃច្រើនដែរនៅអាស៊ីអាគ្នេយ៍ ដែលជឿលើរឿងនេះ។ ឯពាក្យហៅនោះខុសៗគ្នា តែយ៉ាងណាក៏ពុំអាចរកពាក្យក្នុងភាសា ដូចជាបារាំង អង់គ្លេសជាដើម មកប្រែពាក្យទាំងនោះឲ្យត្រូវចំន័យបានឡើយ ដោយសារសាសន៍អឺរុបទាំងនោះគ្មានជំនឿប្រភេទនេះ។ មានការសិក្សាច្រើនមកហើយអំពីជំនឿនិងកិច្ចពិធីនានារបស់ខ្មែរ ដែលទាក់ទងទៅនឹងព្រលឹង។ ទីនេះខ្ញុំគ្រាន់តែរំលឹកយ៉ាងខ្លីថា ខ្មែរជឿថា មនុស្សម្នាក់ៗមានព្រលឹងចំនួន១៩។ តែក្នុងនោះមានព្រលឹងខ្លះ ឲ្យតែមានព្រឹត្តិការណ៍អ្វីបន្តិចបន្តួចមិនប្រក្រតី ក៏ចេញពីខ្លួនទៅ។ ឯម្ចាស់រូបនោះពុំដឹងខ្លួនឡើយ តែដោយសារមានហេតុភេទអ្វីចម្លែកខ្លះ ក្រុមញាតិអាចនឹកឃើញថា ប្រហែលជា «ព្រលឹងមិននៅនឹងរូប»។ ដូច្នោះទៅ គេត្រូវនាំគ្នាធ្វើយ៉ាងណាទៅរកព្រលឹងដែលបាត់ ឬវង្វេងទៅនោះ ឲ្យមកចូលក្នុងខ្លួនម្ចាស់វិញ តាមរយៈការសូត្រហៅ, ការបោយ, ការជញ្ជាត់៘
កិច្ចពិធីដែលខ្ញុំនឹងយកមកជម្រាបតទៅនេះ ជាកិច្ចតូចតាចប៉ុណ្ណោះ តែគួរឲ្យចាប់អារម្មណ៍ដែរ ដ្បិតនេះជាកិច្ចទៅរកព្រលឹងមកឲ្យមនុស្សម្នាក់ ដែលត្អើកមិនឈប់។ ជាចៃដន្យទេ ដែលខ្ញុំឃើញគេធ្វើកិច្ចនេះឲ្យមនុស្សប្រុសម្នាក់ដែលត្អើកពុំឈប់រហូតដល់ស្លេកស្លាំងមុខ។ ក្រុមគ្រួសារនោះក៏នាំគ្នារៀបរណ្តាប់ មានបាយព្រលឹង, សម្លៀកបំពាក់អ្នកត្អើក និងមាន់លុងមួយ យកទៅថ្វាយអ្នកតានៅវត្តជិតនោះ។ ឯសាមីខ្លួនមិនទៅទេ គឺរង់ចាំនៅឯផ្ទះ។ នៅរូបលេខ១ យើងពុំឃើញមានមាន់លុងដែលជាតង្វាយទៅអ្នកតានោះទេ ដ្បិតពេលនេះគេថ្វាយរួចហើយ និងកំពុងត្រឡប់មកផ្ទះ ដោយយកបាយព្រលឹងដែលមានបាំងឆត្រពីលើ ព្រមទាំងសម្លៀកបំពាក់នោះមកវិញ។ មកដល់ហើយ គេយកខ្សែកដែលនៅក្នុងផ្តិលបាយព្រលឹង មកពាក់ឲ្យម្ចាស់ខ្លួន (រូបលេខ២-៣) រួចហើយទើបគេយកអំបោះមកកួចព្រលឹង គឺថា គេយកអំបោះមកគ្រវីយោលៗលើដៃដែលត្រូវចងនោះ ហើយរាប់ ១, ២, ៣... រហូតដល់១៩ (ចំនួនព្រលឹងមនុស្សម្នាក់ៗ) ទើបចងកដៃនោះតែម្តង (រូបលេខ៤-៥)។ នៅដំណាក់កាលចុងក្រោយ ទើបគេឲ្យសាមីខ្លួននោះហូបបាយព្រលឹង និងគ្រឿងគ្រៅដែលនៅក្នុងនោះ (រូបលេខ៦-៧)។
របៀបធ្វើកិច្ចនេះគ្មានអ្វីជាចម្លែកឡើយ គឺជាកិច្ចបញ្ចូលព្រលឹងមកក្នុងខ្លួនមនុស្សវិញយ៉ាងសាមញ្ញប៉ុណ្ណោះ តែដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគេយល់ថា ការត្អើកពុំឈប់ យូរពេលវេលាបែបនេះ អាចទាក់ទងនឹងព្រលឹងដែលមិននៅជុំគ្នាក្នុងខ្លួន។